HRW អំពាវនាវ​ដល់​អឺរ៉ុប​ឱ្យ​ថ្កោលទោស​អំពើ​រំលោភសិទ្ធិមនុស្ស​នៅកម្ពុជា នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) លើកទី១៣

ដោយ ម៉ៅ សុធានី
2021-11-24
Share
HRW អំពាវនាវ​ដល់​អឺរ៉ុប​ឱ្យ​ថ្កោលទោស​អំពើ​រំលោភសិទ្ធិមនុស្ស​នៅកម្ពុជា នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលចូលរួមទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០២១។
រូប៖ HRW/AP

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ​(Human​ Rights​ Watch)​​អំពាវនាវ​​ដល់​​សហភាព​អឺរ៉ុប និង​រដ្ឋសមាជិក​នៃ​តំបន់នេះ ឱ្យ​ថ្កោលទោស​រដ្ឋាភិបាល​​កម្ពុជា​​ឱ្យបាន​ខ្លាំងក្លា​ចំពោះ​ការណ៍​ដែល​កម្ពុជា​មិនព្រម​អើពើ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​ស្របតាម​កាតព្វកិច្ច​របស់​ខ្លួន​ក្រោមច្បាប់​អន្តរជាតិ។ ការអំពាវនាវនេះ ធ្វើឡើង​នៅ១ថ្ងៃ មុនពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​កំពូល អាស៊ី-អឺរ៉ុប ឬ (ASEM) លើកទី១៣ ចាប់ពី​ថ្ងៃទី២៥ ដល់​ថ្ងៃទី២៦ ខែវិច្ឆិកា តាមប្រព័ន្ធ​វីដេអូ។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ គូសបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ថា សហភាព​អឺរ៉ុប និង​រដ្ឋសមាជិក គួរលើក​យក​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ធ្វើជា​របៀបវារៈ​ស្នូល​នៅក្នុង​កិច្ចសន្ទនា​រវាង​សហភាពអឺរ៉ុប និង​តំបន់​អាស៊ីអាគ្នេយ៍។ អង្គការ​នេះ​ផ្តល់អំណះអំណាង​ថា សហភាព​អឺរ៉ុប​មិនគួរ​លើកយក​តែ​បញ្ហា​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​(Myanmar)​​ឬ​​ភូមា​(Burma)​​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ​គួរ​ផ្តោតលើ​បញ្ហា​រំលោភសិទ្ធិមនុស្ស​ជាប្រព័ន្ធ​ដែល​កំពុង​កើតមានឡើង​នៅ​គ្រប់ទីកន្លែង​ទាំងអស់។ អង្គការ​នេះ សង្កត់ធ្ងន់​ថា ការផ្តោត​លើ​បញ្ហា​នៅ​ភូមា ​គឺជា​រឿង​ត្រឹមត្រូវ។ ក៏ប៉ុន្តែ​ទន្ទឹមនឹងនេះ ក្រុមមេដឹកនាំ​សហភាពអឺរ៉ុប និង​រដ្ឋសមាជិក ក៏​មិនគួរ​អនុញ្ញាត​ឱ្យ​កម្ពុជា​រួចខ្លួន​ពី​រឿងរ៉ាវ​រំលោភបំពាន​សិទ្ធិមនុស្ស​នោះទេ។ អង្គការ​នេះ បាន​រំឮកឡើងវិញ​ពី​ការណ៍​ដែល​សហភាព​អឺរ៉ុប​បាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ២០ភាគរយ ពី​កម្ពុជា ដោយសារ​តែ​រកឃើញ​ថា មាន​ការរំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជាប្រព័ន្ធ ក្រោយ​ការរម្លាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ចុងឆ្នាំ២០១៧។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ពន្យល់ថា ការលើកឡើង​ពីបញ្ហា​នេះ​មក​ធ្វើជា​របៀបវារៈ មិនមែន​ជា​អ្វី​ដែល​លោក ហ៊ុន សែន ចង់ឃើញ​នោះទេ ក៏ប៉ុន្តែ ក្រោយពី​លោក​បាន​​ដឹកនាំ​បែប​ផ្តាច់ការ​អស់រយៈពេល​ជាង ៣៦ឆ្នាំ​មក ការថ្កោលទោស​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នេះ គឺជា​អ្វី​ដែល​លោក ហ៊ុន សែន សមនឹង​ទទួលបាន។

វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជាលោក កុយ គួង ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​រឿងនេះ​បានទេ គិតត្រឹម​យប់​ថ្ងៃទី២៤ ខែវិច្ឆិកា។ លោក កុយ គួង ក៏​មិនឆ្លើយតប​នឹង​សំណួរ​របស់វិទ្យុអាស៊ីសេរី កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា តាម​បណ្តាញសង្គម តេឡេក្រាម (Telegram) ថាតើ​​ក្នុងនាម​ជា​ម្ចាស់ផ្ទះ កម្ពុជា​នឹង​អញ្ជើញ​មេដឹកនាំ​រដ្ឋប្រហារ​យោធា លោក មីន អ៊ុងហ្លាំង (Min Aung Hlaing) ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល​នេះ ដែរឬទេ។ យ៉ាងណា​នៅក្នុង​កិច្ចប្រជុំអាស៊ាន​កន្លងមក ក្រុមមេដឹកនាំ​អាស៊ាន​បាន​សម្រេចចិត្ត​មិន​អនុញ្ញាត​ឱ្យ​មេដឹកនាំ​របបសឹក​យោធា លោក មីន អ៊ុងហ្លាំង ធ្វើជា​តំណាង​របស់​ប្រទេស​ភូមា ចូលរួម​នៅក្នុង​កិច្ចប្រជុំ​របស់​ខ្លួន​ជាបន្តបន្ទាប់។

សារព័ត៌មាន​ PBS ថៃ បាន​រាយការណ៍​ជា​ភាសាអង់គ្លេស​ដោយ​ពុំ​ដកស្រង់​ប្រភព​ថា កម្ពុជា​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល ASEM នេះ មិន​បាន​អញ្ជើញ​មេដឹកនាំ​រដ្ឋប្រហារ​យោធា លោក មីន អ៊ុងហ្លាំង ឱ្យ​ចូលរួម​នៅក្នុង​កិច្ចប្រជុំនេះទេ ដោយ​ផ្អែកតាម​សេចក្តីសម្រេច​របស់​អាស៊ាន​កាលពី​ថ្ងៃទី១៥ ខែតុលា ដែល​បាន​សម្រេច​អញ្ជើញ​មន្ត្រីជាន់ខ្ពស់​ភូមា​មិនមែន​ជាអ្នកនយោបាយ​ជំនួសវិញ។ សារព័ត៌មាន​ថៃ​ដដែលនេះ ចុះផ្សាយថា ផ្អែកតាម​សេចក្តីថ្លែងការណ៍​របស់​កម្ពុជា​ជាម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​នេះ ដែល​ខ្លួនបាន​ទទួល ក្រុមមេដឹកនាំ ASEM សម្តែង​ក្តីបារម្ភ​យ៉ាងខ្លាំង​ជុំវិញ​ស្ថានការណ៍​នៅ​ប្រទេសភូមា។ ក្រុមមេដឹកនាំ​ទាំងនេះ​ក៏គូសបញ្ជាក់​ពី​ការគាំទ្រ​របស់​ពួកគេ​យ៉ាងខ្លាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន ក្នុងការព្យាយាម​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​នេះ។

គណៈកម្មការ​អឺរ៉ុបបញ្ជាក់​ជំហរ​យ៉ាងច្បាស់​ប្រាប់វិទ្យុអាស៊ីសេរី កាលពី​ខែកក្កដា ថា ការអនុញ្ញាត​ឱ្យ​កម្ពុជា​​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​​កិច្ចប្រជុំ​​កំពូល​​អាស៊ី-អឺរ៉ុប ឬASEM លើកទី១៣ តាម​អ៊ីនធឺណិត មិន​មែន​​មាន​ន័យ​ថា អឺរ៉ុប​ទទួលស្គាល់​ថា កម្ពុជា​បាន​ស្តា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​ដែល​កំពុងតែ​ធ្លាក់ចុះ​ដុនដាប​នោះទេ។

កិច្ចប្រជុំ​កំពូលនេះ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើក​កម្ពស់​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​អាស៊ី-អឺរ៉ុប ដើម្បី​លើកកម្ពស់​សន្តិភាព វិបុលភាព​សេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម។ កិច្ចប្រជុំ​កំពូល​នេះ ប្រព្រឹត្ត​ទៅ​រៀងរាល់​ពីរឆ្នាំ​ម្តង ដោយ​ប្ដូរ​វេន​គ្នា​ធ្វើជា​ម្ចាស់ផ្ទះ ម្ដង​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ប្រទេស​ណាមួយ​ជា​រដ្ឋ​សមាជិក​នៅ​អឺរ៉ុប ហើយ​ម្តងទៀត​នៅ​អាស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល