''របប​ក្រុងភ្នំពេញ​តាម​ធ្វើទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ​ដែល​ឈឺឆ្អាល​រឿង​សង្គម​ជាច្រើន​អង្គ''

ដោយ ម៉ៅ សុធានី
2021-10-02
Share
''របប​ក្រុងភ្នំពេញ​តាម​ធ្វើទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ​ដែល​ឈឺឆ្អាល​រឿង​សង្គម​ជាច្រើន​អង្គ'' ព្រះតេជព្រះគុណ លួន សុវ៉ាត (ពាក់​កម្រង​ផ្កា) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​និមន្ត​ចេញ​ពី​បន្ទប់​សវនាការ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​វត្ត​សាមគ្គីរង្ស៊ី នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA

ព្រះសង្ឃ​ជាច្រើន​អង្គ​ដែល​ដែល​តែង​ឈឺឆ្អាល​បញ្ហា​សង្គម នយោបាយ និង​ធនធានធម្មជាតិ កំពុង​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ជា​បន្ត​បន្ទាប់ពី​សំណាក់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​។ ព្រះសង្ឃ​មួយចំនួន រិះគន់​ថា របប​លោក ហ៊ុន សែន កាន់តែ​លែង​ស្គាល់​បុណ្យ​បាប ដោយ​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍ តាម​ធ្វើទុក្ខបុកម្នេញ​សូម្បីតែ​ព្រះសង្ឃ។ ប៉ុន្តែ​តំណាង​គណបក្ស​កាន់អំណាច ថ្លែង​ការពារ​ទង្វើ​របស់​អាជ្ញាធរ​ថា ជា​ការ​អនុវត្ត​ច្បាប់។

រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​មិន​បាន​បន្ធូរដៃ​ក្នុង​ការ​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​នោះ​ទេ។ អ្នកណា​ក៏ដោយ​ឱ្យ​តែ​ហ៊ាន​បញ្ចេញមតិ​រិះគន់ មិន​ថា​ជា​សែស្រឡាយ​រាជវង្ស បញ្ញវន្ត សកម្មជន​នយោបាយ សកម្មជន​សង្គម​ស៊ីវិល ពលរដ្ឋ​សាមញ្ញ និង​រហូតដល់​ព្រះសង្ឃ​ផង តែងតែ​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់បែប​យ៉ាងដូច​ជា​ការ​ចាប់​ដាក់​ពន្ធនាគារ ការ​បាញ់​សម្លាប់ និង​រត់​ភៀសខ្លួន​រស់នៅ​ក្រៅប្រទេស​បែកបាក់​គ្រួសារ​ជាដើម។ ជាក់ស្តែង​មួយ​រយៈ​ចុងក្រោយ​នេះ អាជ្ញាធរ និង​តុលាការ​របប​ក្រុងភ្នំពេញ បាន​ចេញ​ដីកា​តាម​ចាប់​ព្រះសង្ឃ​ជាច្រើន​អង្គ​ដាក់​ពន្ធនាគារ ដោយសារ​ព្រះ​ភិក្ខុសង្ឃ​ទាំងនោះ ចូលរួម​ឈឺឆ្អាល​បញ្ហា​សង្គម នយោបាយ និង​ធនធានធម្មជាតិ។

ព្រះសង្ឃ​មួយ​អង្គ​គង់នៅ​ប្រទេស​កាណាដា (Canada) គឺ​ព្រះតេជព្រះគុណ នូ សុធា មាន​ថេរដីកា​ថា ការ​យាយី និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ​ជា​ហូរហែ​មកនេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញថា របប​លោក ហ៊ុន សែន កាន់តែ​ផ្ដាច់ការ​ដោយ​បង្ក្រាប​មិន​រើសមុខ​ចំពោះ​អ្នកណា​ដែល​ចង់​ឲ្យ​សង្គម​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស៖ «គាត់​មិន​លើកលែង​សូម្បី​ព្រះសង្ឃ ខណៈ​ព្រះសង្ឃ​នៅ​ឯ​នាយ​សមុទ្រ​រហូតដល់​កាណាដា អាមេរិក ក៏​គេ​មិន​លើកលែង​។ អាហ្នឹង​គឺ​របប​ផ្ដាច់ការ គេ​មាន​ចេតនា​ធ្វើ​អ៊ីចឹង។ សម្រាប់​យើង​មិន​មាន​បញ្ហា​អី​ទេ ប៉ុន្តែ​គេ​ធ្វើ​ដើម្បី​ឲ្យ​អ្នក​នៅក្នុង​ប្រទេស មាន​បងប្អូន ភ័យខ្លាច និង​តក់ស្លុត។ របប​លោក ហ៊ុន សែន នេះ មាន​គេ​ហៅ​ថា របប​តិរច្ឆាន គឺ​វា​មិន​ខុស​ទេ ព្រោះ​អត់​មាន​មនុស្សធម៌ អត់​មាន​គុណធម៌ វា​អត់​មាន​ស្អី ដែល​លោក ហ៊ុន សែន និយាយ​អួតខ្លួន​ថា ជា​អ្នក​គុណធម៌​មិន​មាន​ទេ»

ព្រះ​ភិក្ខុ នូ សុធា ទើបតែ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​កំបាំង​មុខ​ឲ្យ​ជាប់ពន្ធនាគារ ១៨​ខែ និង​ចេញ​ដីកា​តាម ចាប់​ព្រះ​កាយ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​រិះគន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញ​ការ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ-១៩។

ព្រះអង្គ​ខក​ព្រះទ័យ​ចំពោះ​ស្ថាប័ន​គណៈសង្ឃ​នាយក​នៅ​កម្ពុជា​ដែល​ទន់ខ្សោយ​និង​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​របប​លោក ហ៊ុន សែន មិន​អាច​ការពារ​ព្រះសង្ឃ​ដូចគ្នា​បាន​។ ព្រះតេជព្រះគុណ នូ សុធា ជំរុញ​ឲ្យ​ស្ថាប័ន​គ្រប់គ្រង​សង្ឃ ពង្រឹង​តួនាទី​ឲ្យ​រឹងមាំ​និង​ឯករាជ្យ​ដើម្បី​កុំ​ឲ្យ​របប​លោក ហ៊ុន សែន លូកដៃ​ធ្វើបាប​ព្រះសង្ឃ​តាម​អំពើ​ចិត្ត និង​កុំ​ឲ្យ​បាត់បង់​តម្លៃ​ព្រះពុទ្ធសាសនា​។ ព្រះភិក្ខុ​រូប​នេះ ក៏​ផ្តល់​ឱវាទ​ដល់​លោក ហ៊ុន សែន ឲ្យ​បញ្ឈប់​សាង​អំពើ​បាប ឬ​អំពើ​រំលោភសិទ្ធិ​មនុស្ស​តទៅទៀត ហើយ​ងាក​មក​បំពេញ​អំពើ​ល្អ​វិញ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គមជាតិ​ផង និង​សម្រាប់​ខ្លួនឯង​ទៅ​អនាគតជាតិ​ផង ព្រោះ​លោក​មាន​វ័យ​ចំណាស់​ខ្លាំង​ទៅ​ហើយ៖ «លោក ហ៊ុន សែន ចំណាស់​នេះ​ទៅ​ហើយ គួរតែ​ផ្តល់​អ្វី​ដែល​ជា​អំពើ​ល្អ​ដល់​កុលបុត្រ​ខ្មែរ ហើយ​អ្វី​ដែល​ល្អ​សម្រាប់​ឲ្យ​វង្ស​ត្រកូល​របស់​ខ្លួន ហើយ​ឈប់​ប្រព្រឹត្ត​អ្វី​ដែល​ជា​អកុសលធម៌។ សូម​ឲ្យ​គាត់​ងាក​មក​រក​ផ្លូវត្រូវ ជាពិសេស​សូម​ឲ្យ ចរចា​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​ឲ្យ​ខ្មែរ​និង​ខ្មែរ​រួបរួម​គ្នា​បាន​សេចក្តី​សុខ​ផង កុំ​ឲ្យ​បែកបាក់​គ្នា​តទៅទៀត»

ជាមួយគ្នា​នេះ ព្រះសង្ឃ​មួយ​អង្គ​ទៀត គឺ​ព្រះតេជព្រះគុណ បូរ បេត កំពុង​ភៀស​ព្រះ​កាយ​នៅ​ប្រទេស​ថៃ ដើម្បី​គេច​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ ក្រោយ​ចូលរួម​តវ៉ា​ដោយ​សន្តិវិធី​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន​។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា លោក ហ៊ុន សែន មិនមែន​ជា​ពុទ្ធសាសនិក​ដ៏​ស្មោះត្រង់​នោះ​ទេ ព្រោះ​នៅ​ពីក្រោយ​ការ​ធ្វើ​បុណ្យ​ដើម្បី​មុខមាត់​ផ្ទាល់ខ្លួន​នោះ លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ពុករលួយ​និង​តែង​ប្រើ​វិធី​អាក្រក់​គ្រប់បែបយ៉ាង​ដើម្បី​កម្ទេច​អ្នកណា​ដែល​ឈឺឆ្អាល​បញ្ហា​សង្គម នយោបាយ និង​ការពារ​ធនធានធម្មជាតិ ដើម្បី​រក្សា​អំណាច​តាម​បែប​ផ្ដាច់ការ៖ «អំពើ​ដែល​លោក ហ៊ុន សែន ធ្វើ​មក​លើ​ព្រះសង្ឃ​ទាំង​ចាប់​ព្រះសង្ឃ​ដាក់គុក ទាំង​មានការ​ស្លាប់​ព្រះសង្ឃ​ខ្លះ​ដូចជា​លោកគ្រូ សំ ប៊ុនធឿន ស្លាប់​ដោយសារ​រឿង​នយោបាយ​ផង ទាំង​ព្រះសង្ឃ​ដែល​រត់​ភៀសខ្លួន​ចេញ​ក្រៅ​នោះ គឺជា​រឿង​មួយ​ដែល​មិនអាច​គេច​ផុត​ពី​អំពើ​បាប​ទេ ព្រោះ​ធ្វើបាប​អ្នកមាន​សីល អ្នក​ស្រលាញ់​សង្គម​ជាតិ​។ ព្រះសង្ឃ​ល្អៗ​នៅក្នុង​សង្គម​កម្ពុជា​ដែល​ខំប្រឹង​ជួយ​សាសនា​ជួយ​សង្គមជាតិ​របស់​យើង បែរជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​បែប​នេះ បាប​ធ្ងន់​ណាស់​។ បើ​និយាយ​តាម​ព្រះពុទ្ធសាសនា ពេល​គាត់​ស្លាប់​ទៅ គេច​មិន​ផុត​ពី​នរក​ទេ។ បើ​និយាយ​អំពី​ទោស​បច្ចុប្បន្ន​វិញ បើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាក់​ពី​ដំណែង គេច​ពី​គុក​អត់​រួច​ទេ»

ក្រៅពី​ព្រះអង្គ នូ សុធា និង​ព្រះអង្គ បូរ បេត ក៏​មាន​ព្រះសង្ឃ​មួយ​ចំនួន​ទៀត​កំពុង​ប្រឈម​នូវ​ការ​តាម​យាយី​និង​ការ​តាម​ចាប់​ព្រះ​កាយ​ដែរ ដូចជា ព្រះអង្គ ប៊ុត ប៊ុនតិញ ព្រះអង្គ លួន សុវ៉ាត និង​ព្រះអង្គ ស៊ឹម សុវណ្ណឌី ជាដើម​។ ចំណែក​សង្ឃ​មួយចំនួន​ទៀត ដែល​មិន​បាន​ភៀស​ព្រះ​កាយ​ទៅ​ក្រៅប្រទេស​នោះ អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​ចាប់​ផ្សឹក និង​បញ្ចូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស រួមមាន​៖​ព្រះ​ភិក្ខុ កើត សារ៉ាយ ពាក់ព័ន្ធ​នឹង​គម្រោង​រៀបចំ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម និង​ព្រះសង្ឃ​ខ្មែរក្រោម​ព្រះ​ភិក្ខុ ប៉ាង សុដា ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា រារាំង​វិធានការ​បង្ការ​ជំងឺ​កូវីដ-១៩។ ព្រះសង្ឃ​ទាំងនេះ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​ងារ​សង្គម ការពារ​សិទ្ធិមនុស្ស អំពើ​មនុស្សធម៌ និង​ការពារ​ធនធានធម្មជាតិ​ជាដើម​។ កិច្ច​ខំ​ប្រឹងប្រែង​របស់​ព្រះសង្ឃ​មួយចំនួន​ដូចជា​ព្រះអង្គ ប៊ុត ប៊ុនតិញ និង​ព្រះអង្គ លួន សុវ៉ាត ជាដើម ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ និង​ទទួល​បាន​ពានរង្វាន់​ទៀត​ផង​។ ទោះបីជា​យ៉ាងនេះ​ក្តី ព្រះអង្គ នៅតែ ក្លាយជា​គោលដៅ​នៃ​ការ​គំរាមកំហែង ការ​ធ្វើទុក្ខបុកម្នេញ និង​បង្ខូច​កេរ្តិ៍ឈ្មោះ​ដដែល។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​ថា ចំណាត់ការ​របស់​សមត្ថកិច្ច និង​តុលាការ​កន្លងមក គឺជា​ការអនុវត្ត​ច្បាប់ មិនមែន​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ ឬ​រំលោភ​សិទ្ធិមនុស្ស​ដូច​ការចោទប្រកាន់​នោះ​ទេ​។ លោក​អះអាង​ថា ប្រសិនបើ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​មួយចំនួន ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​មិន​លើស​ពី​ព្រំដែន​កំណត់​នៃ​ច្បាប់​ទេ គឺ​មិន​មាន​បញ្ហា​ដល់​ខ្លួន​ឡើយ៖ «នៅក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​មាន​មតិផ្ទុយ បើ​មាន​មតិ អាហ្នឹង​ដែល​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​។ ប៉ុន្តែ​ការ​បញ្ចេញមតិ​វា​ត្រូវ​មាន​ការទទួលខុសត្រូវ បើ​បញ្ចេញមតិ​រំលោភបំពាន​លើ​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នកដទៃ ឬក៏​បញ្ចេញមតិ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម និង​សន្តិសុខ​ជាតិ គឺ​អាហ្នឹង​មិនមែន​ជា​សិទ្ធិ​បញ្ចេញមតិ​ទេ​។ អាហ្នឹង​មាន​ច្បាស់​ហើយ​មាត្រា​៣១ មាត្រា ៤១ ជំពូក​ទី​៣​នៃ​រដ្ឋធម្មនុញ្ញ»

ផ្ទុយ​ពី​ការ​លើកឡើង​នេះ មន្ត្រី​សិទ្ធិមនុស្ស​មើលឃើញ​ថា សកម្មភាព និង​ការ​បញ្ចេញ​មតិ​របស់​ព្រះសង្ឃ​ទាំងនេះ គឺ​ស្ថិត​ក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​ជាតិ និង​អន្តរជាតិ ដែល​មិន​គួរ​ទទួលរង​ការ​ផ្ដន្ទាទោស​នោះ​ទេ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថ្លែង​ថា ព្រះសង្ឃ ក៏​ជា​ពលរដ្ឋ​ហើយ​មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​ងារ​សង្គម នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​ស្របតាម​រដ្ឋធម្មនុញ្ញ​។​លោក​បន្ត​ថា ការ​អនុវត្ត​ច្បាប់​ទៅ លើ​ព្រះសង្ឃ​ដែល​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ទាំងនេះ គឺជា​ការ​ធ្វើទុក្ខបុកម្នេញ៖ «ខ្ញុំ​យល់ថា ការប្រើប្រាស់​ច្បាប់​ចាត់វិធានការ​ទៅលើ​ក្រុម​សកម្មជន​សង្ឃ​ក្តី សកម្មជន​សង្គម​ឬក៏​សកម្មជន​នយោបាយ​ទាំងអស់​នេះ​ក្តី វា​ជា​វិធានការ​មួយ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​ទាំងអស់​នេះ មិនមែន​ជា​ការអនុវត្ត​ច្បាប់​អ្វី​ទេ ព្រោះ​ការអនុវត្ត​ច្បាប់​ទាំងអស់​នេះ វា​មិន​សមស្រប​នឹង​ការប្រើប្រាស់​នូវ​សិទ្ធិ​សេរីភាព​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ទេ​។ ការ​ប្រើប្រាស់​ច្បាប់​បែប​ហ្នឹងហើយ ដែល​យើង​ឃើញ​ថា តែង​រង​នូវ​ការរិះគន់ រង​ការ​ដាក់​សម្ពាធ​នានា​ពី​សហគមន៍​អន្តរជាតិ​កន្លងមក ក៏ដូចជា​ថ្មីៗ​នេះ​ដែរ»

ព្រះសង្ឃ និង​មន្ត្រី​សិទ្ធិមនុស្ស អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន លុបចោល​ការចោទប្រកាន់​មិន​ត្រឹមត្រូវ និង​ដោះលែង​ព្រះសង្ឃ​ដែល​កំពុង​ជាប់ឃុំ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ មន្ត្រី​សិទ្ធិមនុស្ស យល់ថា ការ​ចាប់ និង​ការចោទប្រកាន់​លើ​ព្រះសង្ឃ​ដែល​គួរ​ឲ្យ​គោរព​ទាំងនេះ គ្មាន​ផល​ចំណេញ​ឡើយ ពោល​គឺ​កាន់តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ការ​ជឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល