លោក ហ៊ុន សែន គំរាមប្ដឹងមន្ត្រីសិទ្ធិមនុស្សអាដហុក ក្នុងសំណុំរឿងគណបក្សកាន់អំណាចប្ដឹង លោក សុន ឆ័យ

ដោយ ខាន់ លក្ខិណា
2024.02.04
លោក ហ៊ុន សែន គំរាមប្ដឹងមន្ត្រីសិទ្ធិមនុស្សអាដហុក ក្នុងសំណុំរឿងគណបក្សកាន់អំណាចប្ដឹង លោក សុន ឆ័យ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន (ឆ្វេង) និងអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា (ស្ដាំ)
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និងអាដហុក

អតីត​នាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ ហ៊ុន សែន បញ្ជា​ឱ្យ​មេធាវី​គណបក្ស​សិក្សា​ផ្លូវ​ច្បាប់​ប្ដឹង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក លោក​ ស៊ឹង សែនករុណា ចំពោះ​ការ​អត្ថាធិប្បាយ​លើ​សំណុំ​រឿង​គណបក្ស​កាន់​អំណាច​ ប្ដឹង​អតីត​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក​ សុន ឆ័យ​។

មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ​លោក ​ស៊ឹង សែនករុណា ​ដែល​មាន​បទ​ពិសោធ​ យូរ​ឆ្នាំ​ខាង​វិស័យ​សិទ្ធិ​មនុស្ស តែង​តែ​ផ្ដល់​យោបល់​ចង់​ឃើញ​ប្រទេស​កម្ពុជា​មាន​ នីតិ​រដ្ឋ ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរ​ជាតិ។

អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ ហ៊ុន សែន គំរាម​ថា ​លោក​គ្មាន​ការ​យោគ​យល់ ឱ្យ​អ្នក​ដែល​វាយ​ប្រហារ លើ​រូប​លោក ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត​នោះ​ទេ​។

លោក ហ៊ុន សែន ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី ៤​កុម្ភៈ ដោយ​សំដៅ​ដល់​ការ​អត្ថាធិប្បាយ​ពី​ការ​ប្ដឹងផ្ដល់​របស់​បក្ស​កាន់​អំណាច​មក​លើ​រូប​លោក ​សុន ឆ័យ​ ថា​គណបក្ស​ប្រជាជន​កម្ពុជា ​មិន​ផ្ដល់​ឱកាស​ឱ្យ​អ្នក​ដែល​លោក​ចាត់​ទុក​ថា​និយាយ​ប្រមាថ​មើល​ងាយ​គណបក្ស​ត​ទៅ​ទៀត​ទេ ​និង​ថា​ត្រូវ​រក​យុត្តិធម៌​សម្រាប់​គណបក្ស​កាន់​អំណាច​តាម​ផ្លូវ​តុលាការ។

លោក​ ហ៊ុន សែន ​បាន​លើក​ជា​សំណួរ​ថា ​ពួក​អ្នក​មាន​បាន​យោគ​យល់​ដល់ ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​រូប​លោក​ដែរ​ឬ​ទេ ​នៅ​ពេល​អ្នក​វាយ​ប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​មក​លើ​រូប​លោក?

លោក​ ហ៊ុន សែន ​សរសេរ​បន្ថែម​ថា ក្នុង​ការ​ចុះផ្សាយ​អំពី​សំណុំ​រឿង​ប្ដឹងផ្ដល់​លោក​ សុន ឆ័យ​ នេះ​ក៏​មាន​ការ​និយាយ​ដោយ​លោក ស៊ឹង សែនករុណា ​ដែរ​ និង​ថា​ឱ្យ​មេធាវី​គណបក្ស​សិក្សា​ផ្លូវ​ច្បាប់ ​ដើម្បី​ប្ដឹង​​លោក​ ស៊ឹង សែនករុណា ម្នាក់​ទៀត ​ប្រសិន​បើ​មាន​មូលដ្ឋាន​គ្រប់​គ្រាន់​ខាង​ផ្លូវ​ច្បាប់​។

ទោះជាយ៉ាងណាក៏ដោយ លោក ​ហ៊ុន សែន ​មិន​បាន​បង្ហាញ​ទេ​ថា តើ​លោក​ចង់​ប្ដឹង​លោក​ ស៊ឹង សែនករុណា ​នោះ ​ដោយ​សំអាង​លើ​ការ​អត្ថាធិប្បាយ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ នៅ​ស្ថាប័ន​សារព័ត៌មាន​មួយ​ណា ​ឬ ​នៅ​ទី​ណា ​និង​ មាន​ខ្លឹមសារ​យ៉ាង​ដូច​ម្ដេច​នោះ​ឡើយ?

ចំពោះ​ការ​គំរាម​របស់​លោក ​ហ៊ុន សែន ​នេះ ​វិទ្យុ​អាស៊ីសេរី​បាន​ទាក់ទង​លោក ​ស៊ឹង សែនករុណា នៅ​ថ្ងៃ​ទី៤​ កុម្ភៈ​ ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​នៅ​ឡើយ ​ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ​លោក​នៅ​មិន​ទាន់​មាន​បញ្ហា​អ្វី​នោះ​ទេ។

ជុំវិញ​រឿង​នេះ​ដែរ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ ​នៃ​អង្គការ​ការពារ​សិទ្ធិ​ មនុស្ស ​លីកាដូ​(LICADHO) លោក​ អំ សំអាត ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ​នៅ​ថ្ងៃ​ទី ៤​កុម្ភៈ​ ដោយ​កត់​សម្គាល់​ថា ​លោក​ ស៊ឹង សែនករុណា ដែល​មាន​បទពិសោធន៍​យូរ​ឆ្នាំ​ ខាង​វិស័យ​សិទ្ធិ​មនុស្ស តែងតែ​ផ្ដល់​យោបល់​ចង់​ឃើញ​ប្រទេស​កម្ពុជា​មាន​នីតិរដ្ឋ​ ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ។

លោក អំ សំអាត៖ «​កន្លងមក យើង​មាន​ការ​ស្រង់​សម្ដី​របស់​សារព័ត៌មាន​មួយ​ចំនួន គាត់​មាន​ពេល​វេលា គាត់​មាន​ទំហំ​អត្ថបទ​។ អ៊ីចឹង​! ការ​ដក​ស្រង់​ពាក្យ​ពេចន៍ ពាក្យ​សម្ដី​គឺ​ខ្លី ដែល​អាច​មាន​ការ​ភ័ន្ត​ច្រឡំ​អត្ថន័យ ប៉ុន្តែ​បើ​ខ្ញុំ​ពិនិត្យ​ទៅ​លើ​ការ​ផ្ដល់​យោបល់​ ការ​ផ្ដល់​បទ​សម្ភាសន៍​របស់​លោក ស៊ឹង សែនករុណា ដែល​លោក​ធ្វើ​ការ​ខាង​សិទ្ធិ​មនុស្ស​នេះ​ជាង​ ២០ ឆ្នាំ​ ហើយ​គឺ​ក្នុង​គោល​បំណង​លើកកម្ពស់​បញ្ហា​សិទ្ធិ​មនុស្ស ​បញ្ហា​បរិស្ថាន ​បញ្ហា​ធនធាន​ធម្មជាតិ ​និង​ព្រៃ​ឈើ ជា​ពិសេស គឺ​ចង់​ឱ្យ​ប្រទេស​យើង​ដែល​ជា​​ប្រទេស​មួយ មាន​ភាព​ល្អ​ប្រសើរ​ទាក់ទង​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​»​

ពាក់ព័ន្ធ​នឹង​បណ្ដឹង​បរិហារកេរ្តិ៍​ជា​សាធារណៈ ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លើ​លោក​ សុន ឆ័យ ​ដែល​បាន​រិះគន់​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ ២០២២ វិញ ​មេធាវី​តំណាង​គណបក្ស​កាន់​អំណាច​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី ៤កុម្ភៈ ឆ្លើយ​តប​នឹង​បទ​សម្ភាសន៍​របស់​លោក ​សុន ឆ័យ ​នៅ​លើ​បណ្ដាញ​ព័ត៌មាន​មួយ​ចំនួន ដែល​បាន​បំភ្លឺ​ការ​មិន​ពេញ​ចិត្ត​របស់​លោក​ទៅ​នឹង​សាលដីកា របស់​តុលាការ​កំពូល​ បន្ត​ឱ្យ​គណបក្ស​ប្រជាជន​ កម្ពុជា ឈ្នះ​ក្ដី​ដោយ​ទាមទារ​សំណង​ពី​លោក​ចំនួន ១ លាន​ដុល្លារ​នោះ​។

សេចក្ដី​ថ្លែងការណ៍​របស់​មេធាវី​តំណាង​គណបក្ស​កាន់​អំណាច បាន​ចោទ​អតីត​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក​ សុន ឆ័យ ​ថា ​បាន​បក​ស្រាយ​មាន​ចរិត​លក្ខណៈ​កេង​ចំណេញ​នយោបាយ គ្មាន​មូលដ្ឋាន​ផ្នែក​ច្បាប់ ប៉ះពាល់​ដល់​ស្ថាប័ន​តុលាការ និង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​សិទ្ធិ​ តាម​ផ្លូវ​ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

អតីត​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ​និង​បច្ចុប្បន្ន​ជា​អនុ​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​ លោក​ សុន ឆ័យ ប្រាប់​វិទ្យុ​អាស៊ីសេរី ​នៅ​ថ្ងៃ​ទី ៤កុម្ភៈ​ ថា ​លោក​មិន​បាន​មាក់ងាយ​គណបក្ស​ប្រជាជន​កម្ពុជា​ ឬ​ក៏​ស្ថាប័ន​ណា​ទេ ​ព្រោះ​ក្នុង​នាម​ជា​អ្នកនាំពាក្យ​គណបក្ស លោក​មាន​តួនាទី​ឆ្លើយ​បំភ្លឺ​តាម​ខ្លឹមសារ នៃ​សេចក្ដី​ថ្លែង​ការណ៍​របស់​គណបក្ស​ភ្លើង​ទៀន ដែល​មាន​លក្ខណៈ​តវ៉ា​នឹង​លទ្ធ​ផល​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០២២​ និង​គ្មាន​គោល​ដៅ​ប្រមាថ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ ​ប៉ុន្តែ​មាន​បំណង​កែ​លម្អ​ស្ថាប័ន​ជាតិ​ឱ្យ​ល្អ​ប្រសើរ​ប៉ុណ្ណោះ​។

ទោះ​ជា​យ៉ាង​ណា លោក​នៅ​តែ​យល់​ថា ការ​សម្រេច​របស់​តុលាការ​ ជា​រឿង​អយុត្តិធម៌ ​ដូច​ការ​មើល​ឃើញ​របស់​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរ​ជាតិ​ដែរ​ តែ​លោក​ថា ​គ្មាន​ជម្រើស​ទេ ​គឺ​ត្រូវ​តែ​បង់​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ជា​ដើម​បណ្ដឹង​។

លោក​ សុន ឆ័យ៖ «​អ្វី​ដែល​តុលាការ​បាន​កំណត់​ឱ្យ​ខ្ញុំ​សង​ជំងឺ​ប៉ុណ្ណា​ ខ្ញុំ​មិន​មាន​ជម្រើស​ក្រៅ​ពី​គោរព​សាល​ដីកា​នោះ​ទេ​ ហើយ​អ្វី​ដែល​ខ្ញុំ​មាន​សំណូម​ពរ​គ្រាន់​តែ​សុំ​សិទ្ធិ​លក់​ផ្ទះ​ជា​ជាង​ឱ្យ​តុលាការ​រឹប​អូស​យក​ទៅ​លក់​ឡៃឡុង ព្រោះ​ខ្ញុំ​ជឿ​ថា​បើ​សិន​ជា​មាន​ការ​លក់​ត្រឹម​ត្រូវ​នោះ​ផ្ទះ​នោះ អាច​ឱ្យ​ខ្ញុំ​សល់​ប្រាក់​ខ្លះ​ ក្រោយ​ពី​សង​ជំងឺ​ដល់​គណបក្ស​ប្រជាជន​»

កាលពី​ថ្ងៃ​ទី ២៣ កុម្ភៈ ​ឆ្នាំ២០២៣ ​ចៅក្រម​តុលាការ​កំពូល បាន​សម្រេច​តម្កល់ ​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ ដែល​តម្រូវ​ឱ្យ​លោក​ សុន ឆ័យ ​កាល​នោះ​ជា​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ​បង់​សង​ជំងឺ​ចិត្ត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (​គ.ជ.ប​) សរុប​ចំនួន​ជាង ១ លាន​ដុល្លារ​អាមេរិក​។

ស្ថាប័ន​ទាំង​ពីរ​នេះ​បាន​ប្ដឹង​លោក ​សុន ឆ័យ ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពី​បទ​បរិហារកេរ្តិ៍​ កាលពី​ខែ​មិថុនា​ ឆ្នាំ២០២២​ ចំពោះ​ការ​អត្ថាធិប្បាយ​របស់​លោក​ ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​ នៃ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​អាណត្តិ​ទី៥​ តាម​សេចក្ដី​ ថ្លែង​ការណ៍​តវ៉ា​របស់​គណបក្ស​ភ្លើង​ទៀន​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។