អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា នឹង​ផ្អាក​ការងារ​មួយ​រយៈ ខណៈ​សុខភាព​លោក​ចុះ​ខ្សោយ ក្រោយ​ជាប់​ឃុំ​ជិត​មួយ​ខែ

ដោយ យ៉ង ចាន់តារា
2024.10.24
អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា នឹង​ផ្អាក​ការងារ​មួយ​រយៈ ខណៈ​សុខភាព​លោក​ចុះ​ខ្សោយ  ក្រោយ​ជាប់​ឃុំ​ជិត​មួយ​ខែ អ្នក​សារព័ត៌មាន​ឯករាជ្យ​ លោក ម៉ិច ដារ៉ា នៅ​ក្នុង​ឡាន ធ្វើ​កាយវិការ​សំពះ ពេល​និយាយ​ទៅ​កាន់​អ្នក​កាសែត ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ នៅ​​ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ២០២៤។
រូប៖ AFP

អ្នក​សារព័ត៌មាន​ឯករាជ្យ​ លោក ម៉ិច ដារ៉ា ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ពី​សហរដ្ឋ​អាមេរិក ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ នៅ​ថ្ងៃទី២៤ ខែតុលា ក្រោយ​ជាប់​ឃុំ​ចំនួន ២៥ថ្ងៃ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ជំនាញ​សារព័ត៌មាន និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក ម៉ិច ដារ៉ា ដើម្បី​ឱ្យ​លោក​បន្ត​អាជីព​ជា​អ្នក​សារព័ត៌មាន​ទៀត។

លោក ម៉ិច ដារ៉ា ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្រោយ​ចេញ​ពី​ពន្ធនាគារ នៅ​ថ្ងៃ​ទី២៤ តុលា​ថា លោក​នឹង​ផ្អាក​ការងារ​ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ​មួយ​រយៈ ខណៈ​លោក​នៅ​មាន​សុខភាព​ទន់​ខ្សោយ​នៅ​ឡើយ។

លោក ម៉ិច ដារ៉ា៖ «និយាយ​តាម​ត្រង់​ទៅ​ខ្ញុំ​ក្អក ថ្ងៃ​ខ្ញុំ​ចូល​ពន្ធនាគារ​ថ្ងៃ​ទី១ រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​នៅ​តែ​ក្អក​គេង​អត់​លក់ អារម្មណ៍ អស់​អារម្មណ៍។ សុខ​ភាព​ខ្ញុំ​នៅ​ខ្សោយ ខួរ​ក្បាល​ខ្ញុំ​អត់​ទាន់​ដំណើរ​ការ»

លោក ម៉ិច ដារ៉ា បញ្ជាក់​បន្ថែម​ថា ការ​បាន​នៅ​ក្រៅ​ឃុំ​របស់​លោក​នេះ មាន​កិច្ច​អន្តរាគមន៍​ច្រើន​ពី​ស្ថាប័ន​ពាក់ព័ន្ធ។

លោក ម៉ិច ដារ៉ា៖ «អរគុណ​អ្នក​ទាំងអស់​គ្នា ដែល​បាន​ធ្វើ​អ្វីៗ បង្ហាញ​ការ​គាំទ្រ​មក​លើ​រូប​ខ្ញុំ ហើយ​ខ្ញុំ​ឃើញ​មាន​មិត្ត​ភក្ដិ​ខ្ញុំ​ជា​ច្រើន​នាក់ ​ទាំង​នៅ​ក្នុង​ស្រុក ទាំង​នៅ​ក្រៅ​ស្រុក​ពួកគាត់​បាន​ខិតខំ​ព្យាយាម​អស់​ពី​កម្លាំង​កាយ​ចិត្ត​ធ្វើ​យ៉ាង​ណា ឱ្យ​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ ហើយ​ក៏​មាន​ការ​សន្ដោស​ប្រណី​ពី​ថ្នាក់​ដឹក​នាំ​ដែរ ហើយ​ក៏​មាន​ការ​អន្តរាគមន៍​ពី​ស្ថាប័ន ពី​ស្ថានទូត​ផ្សេងៗ ​ជួយ​រូប​ខ្ញុំ​ផង​ដែរ»

ការ​ដោះលែង​លោក ម៉ិច ដារ៉ា ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ ធ្វើ​ឡើង​​ក្រោយ​ពី​តុលាការ​បាន​សាកសួរ​លោក​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​កាល​ពី​ថ្ងៃទី ២៣ តុលា ហើយ​នៅ​យប់​ថ្ងៃ​ដដែល​នោះ បណ្ដាញ​សារព័ត៌មាន​ស្និទ្ធ​នឹង​គ្រួសារ​ត្រកូល​ហ៊ុន Fresh News បាន​ផ្សព្វផ្សាយ​វីដេអូ​ខ្លី​មួយ​របស់​លោក ម៉ិច ដារ៉ា ក្នុង​សំលៀក​បំពាក់​ជា​អ្នក​ជាប់​ឃុំ​លើក​ដៃ​សំពះ សុំទោស​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ហើយ​និយាយ​ដាក់​បន្ទុក​ខ្លួន​ឯង​ថា បាន​ប្រព្រឹត្ត​កំហុស​រួម​ជាមួយ​នឹង​លិខិត ៣សន្លឹក​ផ្សេង​ទៀត​ ដែល​និយាយ​អំពី​កំហុស​ទាំង​នោះ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ផ្ទៀងផ្ទាត់​ជាមួយ​ប្រភព​ឯករាជ្យ​អំពី​ទី​តាំង និង​ពេលវេលា​ នៃ​ការ​ថត​វីដេអូ​នោះ​បាន​ទេ ហើយ​ក៏​មិន​ដឹង​ថា តើ​លោក ម៉ិច ដារ៉ា ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ចេញ​វីដេអូ និង​លិខិត​សុំទោស ឬ​យ៉ាង​ណា​នោះ​ដែរ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​លោក ម៉ិច ដារ៉ា បាន​ទេ ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ទាក់ទង​នឹង​ការ​ដោះលែង​លោក ម៉ិច ដារ៉ា ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ម៉ិច ដារ៉ា គឺ​លោក ឌុច ពិសិដ្ឋ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្ដី​ និង​ធ្វើការ​តស៊ូ​មតិ​បន្ត​ទៀត។

លោក ឌុច ពិសិដ្ឋ៖ «ខ្ញុំ​ត្រូវ​ការ​ជួប​កូន​ក្ដី​ទៅ​មុខ​ទៀត​សិន ដែល​យើង​នៅ​មាន​នីតិវិធី​បង្ហាញ​ភស្តុតាង​ផ្សេងៗ ដែល​ថា គាត់​មិន​មាន​ចេតនា​ក្នុង​ការ «ញុះញង់​ឱ្យ​មាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ឬ​វឹកវរ​អី​ទេ។ យើង​សង្ឃឹម​ថា តុលាការ​ឬ​ចៅក្រម នឹង​អាច​ពិចារណា​ទម្លាក់​បទ​ចោទ​ទៅ​លើ​គាត់»

ជុំវិញរឿងនេះ នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា CAMBOJA លោក ណុប វី ស្នើ​ដល់​តុលាការ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក ម៉ិច ដារ៉ា

លោក ណុប វី៖ «យើង​នៅ​តែ​ទទូច​ទៅ​ដល់​តុលាការ ក៏​ដូច​ជា សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​មាន​ការ​ពិចារណា​លើក​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក ម៉ិច ដារ៉ា។ យើង​យល់​ឃើញ​ថា ការ​ចោទ​ប្រកាន់​និង​ប្ដឹង​ផ្ដល់ ឬ​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​នេះ វា​អាច​នឹង​បន្ត​ធ្វើ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច សម្រាប់​អ្នក​សារព័ត៌មាន​ផ្សេងៗ​ទៀត ដែល​វា​នឹង​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​ទៅ​លើ​ដំណើរ​ការ​ចូលរួម​ចំណែក​របស់​អ្នក​សារព័ត៌មាន​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ ព័ត៌មាន​ដែល​បង្ហាញ​ពី​ចំណុច​អសកម្ម​ឬ​ក៏​ចំណុច​ខ្លះ​ដែល​យើង​ធ្វើ​មិន​ទាន់​បាន​ល្អ​នៅ​ក្នុង​សង្គម»

តុលាការ​ក្រុង​ភ្នំពេញ​បាន​ឃុំខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ​លោក ម៉ិច ដារ៉ា រយៈ​ពេល​ជិត​មួយ​ខែ នៅ​​ពន្ធនាគារ​ខេត្ត​កណ្ដាល ​ដោយ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ ដល់​សន្តិសុខ​សង្គម» បន្ទាប់​ពី​ចាប់​ខ្លួន​លោក​ កាល​ពី​ថ្ងៃទី៣០ ខែកញ្ញា ទាក់ទង​នឹង​​ការ​បង្ហោះ​រូប​ថត​រមណីយដ្ឋាន​បាភ្នំ ដែល​អាជ្ញាធរ​ថា​កាត់​ត ឬ​ព័ត៌មាន​ក្លែងក្លាយ។

ប៉ុន្តែ​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​យល់​ថា ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា នេះ ទំនង​ជា​ការ​សង​សឹក​ច្រើន​ជាង ពីព្រោះ​ការ​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​នេះ ធ្វើ​ឡើង​នៅ​ពីរ​សប្ដាហ៍​ក្រោយ ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​មនុស្ស​សំខាន់​របស់​គណបក្ស​កាន់​អំណាច​លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក​ ពាក់ព័ន្ធ​នឹង​អំពើ​ជួញ​ដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​បោក​តាម​អនឡាញ​និង​រូបិយ​ប័ណ្ណ​គ្រីបតូ (Cryptocurrency) ខណៈ​លោក ម៉ិច ដារ៉ា ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ពី​ក្រសួង​ការបរទេស​អាមេរិក ចំពោះ​ភាព​ក្លាហាន​នៃ​ការ​រាយការណ៍​ព័ត៌មាន​អំពី​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams)

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​លោក អំ សំអាត មានប្រសាសន៍ថា លោក ម៉ិច ដារ៉ា នៅ​តែ​មាន​សម្ពាធ​ដដែល ពីព្រោះ​តុលាការ​មិន​ទាន់​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ។

លោក អំ សំអាត៖ «លោក ម៉ិច ដារ៉ា គាត់​ដើរ​តួនាទី​សំខាន់ ​ក្នុង​ការ​យក​ព័ត៌មាន​ទាក់ទង​នឹង​រឿង​រសើប​ៗ ដូច​ជា​ការ​ជួញ​ដូរ​មនុស្ស ការ​ឆបោក​តាម​អនឡាញ​ល្បែង​អន​ឡាញ​ជា​ដើម​រហូត​ទទួល​បាន​ពាន​រង្វាន់​ពី​សហរដ្ឋ​អាមេរិក។ ការ​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ដោះលែង​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ វា​មិន​មែន​ជា​សេរីភាព​សម្រាប់​លោក​ទេ។ អ៊ីចឹង​គួរ​ណាស់​ទម្លាក់​បទ​ចោទ​ប្រកាន់»

ទាក់ទង​នឹង​ករណី​លោក ម៉ិច ដារ៉ា នេះ​ដែរ ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា នាយិកា​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​សកល (USAID) អ្នកស្រី សាមែនថា ផៅវ័រ (Samantha Power) បាន​លើក​ឡើង​អំពី​កង្វល់​មួយ​ចំនួន ដូចជា ការ​គំរាម​កំហែង​លើ​សិទ្ធិ​ជា​មូលដ្ឋាន និង​ការ​ចាប់​ខ្លួន​ ដោយ​មិន​ត្រឹមត្រូវ​ជាដើម។ ក្នុង​នោះ អ្នកស្រី​ថា សហរដ្ឋអាមេរិក​បាន​តាម​ដាន​យ៉ាង​ដិត​ដល់​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះ​ករណី​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​លោក ម៉ិច ដារ៉ា ផង​ដែរ។

ការ​ដោះលែង​លោក ម៉ិច ដារ៉ា ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ កើត​មាន​ឡើង​មួយ​ថ្ងៃ ក្រោយ​ពី​សហរដ្ឋ​អាមេរិក​តាម​រយៈ​ទីភ្នាក់ងារ USAID ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​របស់​អ្នកស្រី Samantha Power បាន​ប្រកាស​អំពី​ការ​ផ្ដល់​មូលនិធិ​លើស​ពី ៥០លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា សម្រាប់​កម្ម​វិធី​ដោះ​មីន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របេង និង​កម្ម​វិធី​ជា​ច្រើន​ទៀត សម្រាប់​ផ្នែក​បរិស្ថាន ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សង្គម​ស៊ីវិល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។