មន្ត្រីឥណ្ឌាថា នឹងខិតខំជួយពលរដ្ឋខ្លួន «៥ពាន់នាក់» ដែលក្លាយជាទាសករឆបោកតាមអ៊ិនធឹណិតនៅកម្ពុជា
2024.04.01

មន្ត្រីជាន់ខ្ពស់នៃក្រសួងបរទេសឥណ្ឌា ប្ដេជ្ញាជួយជនជាតិរបស់ខ្លួនជាង ៥ពាន់នាក់ ដែលត្រូវបានបង្ខំឱ្យធ្វើការឆបោកតាមអ៊ិនធឹណិត នៅប្រទេសកម្ពុជា។ ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា លើកឡើងថា អាជ្ញាធរកម្ពុជា បានរកឃើញមានការពាក់ព័ន្ធនឹងជនជាតិឥណ្ឌាមែន ប៉ុន្តែមិនដល់ ៥ពាន់ នាក់នោះទេ ហើយអំពាវនាវភាគីឥណ្ឌា ឱ្យផ្ដល់ព័ត៌មានឱ្យបានច្បាស់ និងសហការ ដើម្បីបង្ក្រាបបទល្មើស និងសង្គ្រោះជនរងគ្រោះ។
ជាការឆ្លើយតបនឹងព័ត៌មានថា មានជនជាតិឥណ្ឌាជាង ៥ពាន់នាក់ ដែលត្រូវបានឃុំខ្លួន និងបង្ខំឱ្យធ្វើការបោកបញ្ឆោតតាមប្រព័ន្ធអ៊ិនធឹណិតក្នុងប្រទេសកម្ពុជា (Cyberscam) អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក ស្រ៊ី រ៉ានឌៀ យ៉ាយស្វាល (Shri Randhir Jaiswal) បានអះអាងថា រដ្ឋាភិបាលឥណ្ឌា ប្ដេជ្ញាជួយជនជាតិឥណ្ឌាទាំងអស់នោះ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ឥណ្ឌារូបនេះ ក៏ជាការឆ្លើយតបនឹងពាក្យបណ្ដឹងរបស់ជនជាតិឥណ្ឌា ដែលត្រូវបានទាក់ទាញអំពីឱកាសការងារ នៅប្រទេសកម្ពុជា ប៉ុន្តែត្រូវបានគេបង្ខំឱ្យធ្វើការខុសច្បាប់តាមអ៊ិនធឹណិតទៅវិញ។
មន្ត្រីជាន់ខ្ពស់ឥណ្ឌារូបនេះ បានលើកឡើងតាមប្រព័ន្ធបណ្ដាញសង្គមអ៊ិក្ស (x) នៅថ្ងៃទី៣០ ខែមីនា ថា ក្រសួងការបរទេស បានចេញសេចក្ដីណែនាំដល់ពលរដ្ឋឥណ្ឌា អំពីគម្រោងបោកប្រាស់នោះហើយ និងកំពុងសហការជាមួយអាជ្ញាធរកម្ពុជា និងភ្នាក់ងារនានា ក្នុងប្រទេសឥណ្ឌា ដើម្បីបង្ក្រាបពួកអ្នកទទួលខុសត្រូវ។
លោកឱ្យដឹងថា ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជា មានការសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ជនជាតិឥណ្ឌា ប្រមាណ ២៥០នាក់ ទៅប្រទេសឥណ្ឌាវិញ។
កាលពីថ្ងៃទី២៩ ខែមីនា សារព័ត៌មាន The Indian Express បានចុះផ្សាយថា ជនជាតិឥណ្ឌាជាង ៥ពាន់នាក់ កំពុងជាប់នៅក្នុងប្រទេសកម្ពុជា ដោយការឃុំខ្លួន និងបង្ខំឱ្យពួកគេបោកប្រាស់តាមអ៊ិនធឹណិត។
The Indian Express បានឱ្យដឹងដែរថា ជនជាតិឥណ្ឌា ដែលជាប់អន្ទាក់ចាញ់ បោកគេទាំងនោះ ត្រូវបានគេដកលិខិតឆ្លងដែន វាយដំលើរាងកាយ ឆក់ដោយចរន្តអគ្គិសនី និងបង្ខាំងទុកឱ្យនៅតែឯង។ ពួកគេត្រូវបានបង្ខំឱ្យឆបោកតាមបណ្ដាញសង្គម ដូចជា ហ្វេសប៊ុក (Facebook) ជាដើម ដែលមានក្រុមការងារ ជាជនជាតិចិន និងម៉ាឡេស៊ី ជួយសម្រួលការបកប្រែភាសា។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣១ ខែមីនាថា រដ្ឋាភិបាលកម្ពុជា មិនដែលបដិសេធកិច្ចសហការជាមួយរដ្ឋាភិបាលបរទេសណាមួយទេ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
អ្នកស្រីអំពាវនាវឱ្យរដ្ឋាភិបាលឥណ្ឌា រួមទាំងប្រទេសដទៃទៀត ឱ្យផ្ដល់កិច្ចសហការ និងព័ត៌មានច្បាស់លាស់ ដើម្បីរួមគ្នាបង្ក្រាបបទល្មើស និងសង្គ្រោះជនរងគ្រោះ។
អ្នកស្រី ជូ ប៊ុនអេង៖ «គឺគាត់ផ្សាយហើយ អត់សហការជាមួយគ្នាទេ ហើយជាការផ្សព្វផ្សាយដែលចេញពីរដ្ឋាភិបាលគាត់អ៊ីចឹង។ រឿងដែលសំខាន់យើងចង់និយាយថា យើងក៏ចង់ដឹងដែរថា អ្នកថា ជាប់នៅឯណា ហើយដើម្បីយើងសហការគ្នារក ពីព្រោះកន្លងមក តាមការបង្ក្រាប ដែលយើងហៅថា Operation (ប្រតិបត្តិការ) ដែលយើងបើកជាង ១ឆ្នាំហើយហ្នឹង យើងក៏រកឃើញដែរ ប្រជាជនឥណ្ឌាហ្នឹង។ ប៉ុន្តែយើងអត់ទាន់រកឃើញវាជាប់អីដល់ថ្នាក់ ៤ទៅ ៥ពាន់នាក់ទេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣១ ខែមីនាថា ការឆបោកតាមប្រព័ន្ធ អនឡាញនេះ ត្រូវចាត់ជាការជួញដូរមនុស្ស និងកម្លាំងពលកម្ម។ លោកថា មានប្រទេសអាស៊ានមួយចំនួន និងជប៉ុន បានចេញផ្សាយអំពីពលរដ្ឋរបស់គេ ដែលចាញ់បោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា និងរកកិច្ចសហការទប់ស្កាត់ ខណៈសហរដ្ឋអាមេរិក ដាក់កម្ពុជានៅចំណាក់ថ្នាក់លេខ៣ នៃការជួញដូរមនុស្ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
របាយការណ៍ចុងក្រោយរបស់ក្រសួងការបរទេសអាមេរិក កាលពីឆ្នាំ២០២៣ ឱ្យដឹងថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន២៤ ដែលជាប់ចំណាត់ថ្នាក់កម្រិតទី៣ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ កម្រិតទី៣ នេះ គឺជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុត ដែលកំណត់ដោយក្រសួងការបរទេសអាមេរិក។
លោក អំ សំអាត លើកឡើងថា ពេលមានការចុះផ្សាយ ដោយសារព័ត៌មានបរទេស អំពីការឆបោកបែបនេះ ធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល និងប្រទេសកម្ពុជា ដូច្នេះ អាជ្ញាធរពាក់ព័ន្ធគួរតែមានវិធានការស៊ើបអង្កេតឱ្យបានច្បាស់ និងមានតម្លាភាព ដើម្បីរកយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា និងជួយឱ្យកម្ពុជាទទួលបានចំណាត់ថ្នាក់ប្រសើរឡើងវិញ ទាក់ទងនឹងរឿងជួញដូរមនុស្ស។
លោក អំ សំអាត៖ «កម្ពុជាយើងគួរមានវិធានការនៅក្នុងការទប់ស្កាត់ និងការស៊ើបអង្កេតស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីជាភាពយុត្តិធម៌ ដើម្បីជាការស្វែងរកដំណោះស្រាយសម្រាប់ពួកគេផង ប្រសិនជាពួកគេរងគ្រោះ ត្រូវទទួលនូវយុត្តិធម៌។ ទី២ ពង្រឹងនៃការអនុវត្តវិធានការច្បាប់សម្រាប់កម្ពុជា ហើយទី៣ ដើម្បីបំបាត់ការរិះគន់ និងមន្ទិលសង្ស័យ សម្រាប់កម្ពុជាយើងតទៅទៀត»។
អង្គការសហប្រជាជាតិ (UN) កាលពីខែសីហា ឆ្នាំ២០២៣ បង្ហាញថា នៅកម្ពុជា មានមនុស្សយ៉ាងហោច ១០ម៉ឺននាក់ កំពុងរងគ្រោះដោយបង្ខំឱ្យធ្វើការជាអ្នកបោកប្រាស់តាមអ៊ិនធឹណិត ដែលជនរងគ្រោះប្រឈមមុខនឹងការរំលោភបំពាន គំរាមកំហែងដល់សុវត្ថិភាព ទទួលរងការធ្វើទារុណកម្ម អំពើហិង្សាផ្លូវភេទ ការធ្វើការដោយបង្ខំ និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។