វៀតណាមរងការថ្កោលទោសបន្ទាប់ពីកាត់ទោសពលរដ្ឋខ្មែរក្រោម ៩នាក់
2024.11.28
អង្គការសិទ្ធិមនុស្សអន្តរជាតិ និងសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោស តុលាការវៀតណាមដែលកាត់ទោសព្រះសង្ឃ៥អង្គ និងសកម្មជនសិទ្ធិមនុស្ស៤នាក់ កាលពីថ្ងៃទី២៦វិច្ឆិកា ឱ្យម្នាក់ទោសម្នាក់ៗពី២ឆ្នាំ ដល់៦ឆ្នាំនោះ ថា ជាការធ្វើទុក្ខបុកម្នេញ និងរើសអើងជាតិសាសន៍។
ពួកគេទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែងវិញជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
សហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សអន្តរជាតិ អំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសរដ្ឋាភិបាលវៀតណាម ជាសាធារណៈ ចំពោះការធ្វើទុក្ខបុកម្នេញ ព្រះសង្ឃ និងសកម្មជនការពារសិទ្ធិមនុស្សខ្មែរកម្ពុជា។
នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារប្រចាំតំបន់អាស៊ី (AHRLA) លោក ហ្វីល រ៉បឺតស៊ុន (Phil Robertson) បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២៧ វិច្ឆិកា ថា ជារឿងហួសចិត្តនិងមិនអាចទទួលយកបាន ដែលតុលាការវៀតណាមបានកាត់ទោសព្រះសង្ឃ និងសកម្មជនការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី២៦វិច្ឆិកា។
លោកសង្កត់ធ្ងន់ថា សកម្មភាពធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាមលើខ្មែរកម្ពុជាក្រោមនេះ ជាការបង្ហាញឱ្យឃើញកាន់តែច្បាស់ថា រដ្ឋាភិបាលវៀតណាមមិនអត់ឱនឱ្យពលរដ្ឋខ្មែរកម្ពុជាក្រោម ចំពោះការអនុវត្តសិទ្ធិជំនឿសាសនា ភាសា វប្បធម៌ និង សិទ្ធិសេរីភាពបញ្ចេញមតិ ដែលអាជ្ញាធរវៀតណាមបានគ្រប់គ្រង និងបំបិទសិទ្ធិយ៉ាងតឹងរ៉ឹង។
តុលាការវៀតណាម កាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានកាត់ទោសព្រះសង្ឃ ៥អង្គ និងសកម្មជនខ្មែរក្រោម ៤នាក់ ឱ្យជាប់ពន្ធនាគារចាប់ពី ២ឆ្នាំ ដល់ ៦ឆ្នាំ ដោយចោទប្រកាន់ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» និងបទ «ការចាប់ខ្លួនឃាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់» តាមក្រមព្រហ្មទណ្ឌវៀតណាម។
ព្រះសង្ឃ ៥អង្គ និងសកម្មជនខ្មែរក្រោម ៤នាក់ទៀត ដែលត្រូវបានតុលាការវៀតណាមនៅខេត្តលង់ហោរ ឬវៀតណាមហៅថា ខេត្តវិញឡុង (Vinh Long) កាត់ទោសនេះ រួមមានព្រះចៅអធិការវត្តទ្រនំសេក ព្រះតេជព្រះគុណ ថាច់ ចន្ទតារា ជាប់ទោស ៦ឆ្នាំ និង ព្រះតេជព្រះគុណ យឿង ខាយ ៥ឆ្នាំ ៩ខែ និងមនុស្សមួយចំនួនទៀត។
កាលពីខែឧសភា កន្លងទៅ តុលាការវៀតណាមបានកាត់ទោសសកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមពីរនាក់ផ្សេងទៀត គឺលោក ថាច់ កឿង និងលោក តោ ហ្វាងចឿង ឱ្យជាប់ពន្ធនាគារ ពី ៣ ដល់ ៤ឆ្នាំដែរ។
នៅទន្ទឹមនឹងតុលាការវៀតណាមកាត់ទោស ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោមនេះ ស្របពេលព្រះមហាក្សត្រ ព្រះករុណា សម្ដេចព្រះ នរោត្តម សីហមុនី យាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកានេះ។
នាយកគណៈកម្មការព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជា ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា ស្នើថ្វាយព្រះមហាក្សត្រមហាក្សត្រឱ្យជួយព្រះសង្ឃនិងពលរដ្ឋខ្មែរកម្ពុជាទាំងអស់ដែលអាជ្ញាធរវៀតណាមចាប់ខ្លួន។ ព្រះអង្គថា ព្រះមហាក្សត្រ គួរតែស្នើទៅរដ្ឋាភិបាលវៀតណាមដើម្បីសុំឱ្យអាជ្ញាធរវៀតណាមដោះលែងមនុស្សទាំងអស់នោះវិញព្រះតេជព្រះគុណ សឹង យ៉ឹងរតនា៖ «ព្រះមហាក្សត្រយាងទៅប្រទេសវៀតណាម ត្រូវតែគិតគួរពីកូនចៅរបស់ព្រះអង្គ។ ហើយតួនាទីនេះ រដ្ឋាភិបាលកម្ពុជាក៏ត្រូវធ្វើដូចគ្នាដែរ ត្រូវជួយខ្មែរកម្ពុជា ដែលតុលាការវៀតណាមកាត់ទោសទាំងអយុត្តិធម៌»។
ព្រះតេជព្រះគុណបន្ថែមថា តុលាការវៀតណាមកាត់ទោសព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជា ទាំងគ្មានមេធាវីការពារក្ដីនេះ ជារឿងអយុត្តិធម៌និងមិនអាចទទួលយកបាន។
ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា៖ «មើលនៅក្នុងរូបភាពនោះ គឺគំរាមកំហែងធ្ងន់ធ្ងរណាស់ នៅក្នុងតុលាការនោះ មានប៉ូលិសជាច្រើនយាមកាមយ៉ាងតឹងរ៉ឹង។ ហើយខ្មែរក្រោមទាំងអស់នោះមិនបានធ្វើអ្វីខុស ឬធ្វើអំពើភេរវកម្មអ្វីទេ។ ការកាត់ទោសនេះ ជាការធ្វើទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរ»។
តុលាការវៀតណាមបានកាត់ទោសព្រះសង្ឃ និងសកម្មជនការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមនេះ នៅក្រោយពេលភរិយារបស់លោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី បានធ្វើពិធីបុណ្យកឋិនទានដង្ហែទៅវត្តមួយ ក្នុងទឹកដីខ្មែរកម្ពុជាក្រោម ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរវៀតណាម។ រីឯ លោក ហ៊ុន សែន នាឱកាសជួបមេដឹកនាំវៀតណាមកាលពីពេលថ្មីៗនេះ ក៏បានផ្ដែផ្ដាំឱ្យអាជ្ញាធរវៀតណាម យកចិត្តទុកដាក់ពលរដ្ឋខ្មែរកម្ពុជាក្រោមដែរ។ ផ្ទុយទៅវិញ អាជ្ញាធរវៀតណាម មិនស្ដាប់ការផ្ដែផ្ដាំរបស់លោក ហ៊ុន សែនឡើយ។ ខុសពីរដ្ឋាភិបាលកម្ពុជា ដែលអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានចែកដីឱ្យពលរដ្ឋវៀតណាមនៅខែត្រកំពង់ឆ្នាំង ក្រោយពីមេដឹកនាំវៀតណាម បានប្រាប់លោក ហ៊ុន សែនឱ្យយកចិត្តទុកដាក់លើពលរដ្ឋវៀតណាមនោះ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ជំរុញទៅអង្គការសហប្រជាជាតិ ដកប្រទេសវៀតណាម ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ សហគមន៍អន្តរជាតិទាំងអស់ត្រូវដាក់ប្រទេសវៀតណាម ទៅក្នុងបញ្ជីរបស់ប្រទេសដែលរំលោភសិទ្ធិមនុស្សគួរឱ្យព្រួយបារម្ភ និងទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែង ពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងអស់ឱ្យមានសេរីភាពវិញដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។