ខ្មែរកម្ពុជាក្រោមប្រារព្ធខួប១៧ឆ្នាំទាក់ទងនឹងសេចក្ដីសម្រេចរបស់អ.ស.បឱ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោម
2024.09.15
ពលរដ្ឋខ្មែរក្រោមរស់នៅទឹកដីកំណើតនិងសហព័ន្ធខ្មែរកម្ពុជាក្រោមប្រារព្ធខួប១៧ឆ្នាំរបស់សេចក្ដី ប្រកាសស្ដីពីសិទ្ធិជនជាតិដើម(UNDRIP) ស្នើឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិជនជាតិដើម និងផ្ដល់សិទ្ធិស្វ័យសម្រេចដល់ជនជាតិដើម។
យ៉ាងហោចណាស់មានខ្មែរក្រោមជាងមួយរយនាក់ ប្រមូលផ្ដុំប្រារព្ធខួប១៧ឆ្នាំ នៃថ្ងៃដែលអង្គការសហប្រជាជាតិអនុមតិសេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើមហៅកាត់ថា (UNDRIP) នៅខេត្តព្រះត្រពាំង ដើម្បីទាមទារឲ្យវៀតណាមឈប់ធ្វើទុក្ខបុកម្នេញជនជាតិដើមខ្មែរក្រោម។
ការប្រមូលផ្ដុំគ្នានេះបញ្ញាក់ថា ខ្មែរក្រោមមិនបានបាក់ស្បាតដោយសារតែវៀតណាមចាប់ខ្លួនព្រះសង្ឃខ្មែរក្រោម ៥អង្គ និងសកម្មជនខ្មែរក្រោម៨នាក់ដាក់ពន្ធនាគារដោយសារតែពួកគេចូលរួមទាមទារសិទ្ធិស្វ័យសម្រេចនៅលើទឹកដីកំណើត។ ក្នុងពិធីនោះពលរដ្ឋខ្មែរពាក់អាវមានរូបភាពព្រះសង្ឃ និងសកម្មជនខ្មែរក្រោមដែលកំពុងជាប់ពន្ធនាគារ និងលើកទង់ជាតិខ្មែរក្រោម។ ខ្មែរក្រោម លោក ថាច់ ង៉ា ដែលបានចូលរួមប្រារព្ធខួប១៧ឆ្នាំ អង្គការសហប្រជាជាតិអនុមតិសេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើម ប្រាប់វិទ្យុអាស៊ីសេរីថា ខ្មែរក្រោមចង់បានសិទ្ធិស្វ័យសម្រេច ហើយមិនខ្លាចការធ្វើទុក្ខបុកម្នេញរបស់វៀតណាមនោះទេ។
លោក ថាច់ ង៉ា៖ «យើងខ្ញុំខ្មែរក្រោមប្ដេជ្ញាប្រើប្រាស់សិទ្ធិរបស់ខ្លួននៅដែនដីកម្ពុជាក្រោមដើម្បីសម្រេចវាសនាដោយខ្លួនឯងនៅលើទឹកដីដូនតារបស់ខ្លួន»។
ប្រកាសស្ដីពីសិទ្ធិជនជាតិដើម(UNDRIP) ជាឧបករណ៍សិទ្ធិមនុស្សបង្កើតឲ្យមានស្តង់ដារអប្បបរមាសម្រាប់មនុស្សលោក កិត្តិយស និងការរស់រានមានជីវិតរបស់ជនជាតិដើម។ សេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើមត្រូវបានអនុម័តកាលពីឆ្នាំ២០០៧។ សេចក្ដីប្រកាសនេះជាកិច្ចព្រមព្រៀងអន្តរជាតិមានខ្លឹមសារពិស្ដារបំផុត ស្ដីពីសិទ្ធិជនជាតិដើម។ វៀតណាមក៏ជាប្រទេសហត្ថលេខី នៃសេចក្តីប្រកាសនេះដែរ ប៉ុន្តែប្រទេសនេះ មិនទទួលខ្មែរក្រោមជាជនជាតិដើម ប៉ុន្តែជាជនជាតិភាគតិច ហើយតែងតែបដិសេធថា មិនបានរំលោភសិទ្ធិខ្មែរក្រោម។
ក្រៅពីពលរដ្ឋខ្មែរក្រោមនៅកម្ពុជាធ្វើពិធីខួបនៃសេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើមនៅកម្ពុជាក្រោម នៅឯសហរដ្ឋអាមេរិក សហព័ន្ធខ្មែរកម្ពុជាក្រោមក៏ប្រារព្ធពិធីនេះ នៅថ្ងៃសៅរ៍ទី១៤កញ្ញា នៅឯវត្តខេមរង្ស៊ី នៅទីក្រុង សាន់ហូស្សេ (San Jose) រដ្ឋកាលីហ្វ័រញ៉ា (California) ។ ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា ការធ្វើខួបនៃសេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើមដើម្បីស្នើឲ្យវៀតណាមទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម។
ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «ផលប្រយោជន៍ហ្នឹងដើម្បីរំលឹកឡើងវិញនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលអង្គការសហប្រជាជាតិទទួលស្គាល់ជនជាតិដើមនៅជុំវិញពិភពលោក»។
ក្រៅពីពិធីរំលឹកខួបនៃសេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើមនៅពេលព្រឹកសហព័ន្ធនឹងរៀបចំប្រគំតន្ត្រីរៃអង្គាសថវិកាសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការដើម្បីទាមទារសិទ្ធិស្វ័យសម្រេចឲ្យជនជាតិខ្មែរក្រោមនៅលើទឹកដីកំណើត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។