​ខ្មែរក្រោម​​នៅ​​ប្រទេស​អូស្ត្រាលី​ ធ្វើពិធី​​រម្លឹក​​ខួប​៧៣​ឆ្នាំ​​នៃ​​ការ​បាត់បង់​ទឹកដី​​កម្ពុជា​ក្រោម

ដោយ ថា ថៃ
2022.06.12
Share on WhatsApp
Share on WhatsApp
​ខ្មែរក្រោម​​នៅ​​ប្រទេស​អូស្ត្រាលី​ ធ្វើពិធី​​រម្លឹក​​ខួប​៧៣​ឆ្នាំ​​នៃ​​ការ​បាត់បង់​ទឹកដី​​កម្ពុជា​ក្រោម ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​រស់នៅ​ប្រទេស​អូស្ត្រាលី​ (Australia)​ ជួបជុំគ្នា​នៅថ្ងៃទី១២​ ខែ​មិថុនា ដើម្បីធ្វើពិធី​រម្លឹក​ខួប​លើកទី​៧៣ឆ្នាំ​ ដែល​បារាំងបាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀត​ណាមកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។
រូប៖ ហ្វេសប៊ុក Yim Sinorn

ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​រស់នៅ​ប្រទេស​អូស្ត្រាលី​ (Australia) នៅថ្ងៃទី១២​ ខែ​មិថុនា​ ជួបជុំគ្នា​ធ្វើពិធី​រម្លឹក​ខួប​លើកទី​៧៣ឆ្នាំ​ ដែល​បារាំងបាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀត​ណាម ​កាន់​កាប់​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា​ ឆ្នាំ​១៩៤៩។​ ពលរដ្ឋខ្មែរ ​លើក​ឡើងថា ​ការ​រម្លឹក​ខួបនេះ​ ដើម្បី​​ឲ្យ​ពលរដ្ឋខ្មែរ​ចង់ចាំ​នូវប្រវត្តិ​សាស្ត្រ​ដ៏ឈឺចាប់​ និង​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​​បុព្វ​បុរសខ្មែរ​ក្រោម ​ព្រមទាំង​ដាស់តឿន​ឲ្យ​ពលរដ្ឋ​បន្ត​​ស្មា​រតី​សាមគ្គី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ផ្ដល់​សិទ្ធិ​ជា​ជនជាតិ​ដើម​ភាគ​តិច ​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ នៅឯ​ដែនដី​កម្ពុជាក្រោម។​​

បើទោះបីជា​ទឹក​កម្ពុជា​ក្រោម​ ត្រូវបាន​ប្រធានាធិបតី​បារាំង ​លោក ​វាំងសង់​ អូរីយូល ​(Vincent Auriol)​​​ ចុះហត្ថលេខា​ប្រគល់​ឲ្យ​វៀតណាម​គ្រប់គ្រង​ រយៈពេល​៧៣ឆ្នាំ​​ហើយក្តី​ ក៏ប៉ុន្តែ​ពលរដ្ឋខ្មែរ​ក្រោម​​ទូទាំង​ពិភពលោក​ នៅតែ​បង្ហាញ​ការ​ឈឺចាប់​ និង​តែង​​ប្រារព្ធ​ទិវា​ចងចាំ់ដ៏​កក្រើក​ជារៀងរាល់​ឆ្នាំ​ក្នុង​ខែមិថុនា​​ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​មាន​ព្រះសង្ឃ​ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​រស់​នៅ ​ដូចជា​ប្រ​ទេ​ស​អូស្ត្រាលី​នេះ​ជាដើម។

ប្រជាពលរដ្ឋខ្មែរ​ក្រោម​រស់នៅ​ក្រុងម៉ែលប៊ន​ (Melbourn) ​រដ្ឋវិចតូរីយ៉ា(Victoria) ប្រមាណ​ជិត៥០​នាក់ ​នៅថ្ងៃទី​១២​ ខែមិថុនា ​បាន​ឆ្លៀត​ពេល​មមា​ញឹក​ពី​ការងារ​មក​ជួបជុំគ្នា​ប្រារព្ធ​ខួប​នៃ​ការ​បាត់បង់​ទឹក​ដីកម្ពុជា​ក្រោម​ នៅទី​ស្នាក់ការ​សមាគមខ្មែរ ​ស្ថិតក្នុង​តំបន់​ស្រ្ពីង​វែល ​​(Springvale)។​​​​

signal-2022-06-04-075515.jpeg
ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩-៤ មិថុនា ឆ្នាំ២០២២ គឺជាខួប៧៣ឆ្នាំនៃការបាត់បង់ទឹកខ្មែរកម្ពុជាក្រោម។ (រូប៖ RFA)

ពិធីចាប់​ផ្តើម​ដោយ​ការ​ប្រគន់​ចង្ហាន់​ព្រះសង្ឃ ​ហើយ​បន្ទាប់មក​​អ្នក​ចូលរួម​នាំគ្នា​គោរព​ដល់​វិញ្ញាណក្ខន្ធ​និង​ច្រៀង​ចម្រៀង​នឹករលឹក​ដល់វីរបុរស​និង​វិរសមណៈ​ដែលបាន​ពលី​ជីវិត​ក្នុង​បុព្វហេតុជាតិ ​សាសនា ​និង​មាតុភូមិខ្មែរ៖ «នឹក​អើយ​សែន​នឹក​ដល់​ជនដែល​ឃ្លាន ​ព្រោះ​ប្រយោជន៍ ជាតិ ​ពូជពង្សខេមរា ​ខំប្រឹង​តស៊ូៗ​ប្តូរជីវ៉ា​ ការពារ​នូវ​ជាតិសាសនា​ ឲ្យ​បាន​ស្ថិតស្ថេរ ស្ថាពរ​»

បទចម្រៀងនេះ បាន​ដាស់​អារម្មណ៍​ប្រជាពលរដ្ឋ ​ជាពិសេស​ខ្មែរ​ក្រោម​ឲ្យ​នឹក​ឡើង​វិញ​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ឈឺ​ចាប់ និង​បាន​​ធ្វើឲ្យ​ពលរដ្ឋខ្មែរ​​មួយចំនួន​រំជើប​រំជួល​អួល​ដើម​ក​និង​ស្រក់​ទឹកភ្នែក​ដោយ​​មិន​ដឹងខ្លួន។ អ្នកចូលរួម​ដែល​ជាខ្មែរក្រោម​ សុទ្ធតែ​ចេះ​ច្រៀង​ចម្រៀង​មួយនេះ។ថ្វីដ្បិតតែ​ការ​ប្រារព្ធខួបនេះ ​ក្រោម​អាកាស​ធាតុ​ត្រជាក់​បន្តិចក្តី ​អ្នក​ចូលរួម​ភាគច្រើន​នៅតែ​ពាក់​សម្លៀក​បំពាក់​បែប​ប្រពៃណីខ្មែរ​ក្រោម​ដែរ។​​ពិធី​នេះ ​​​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ជាច្រើនរូប​ ក៏បាន​ធ្វើ​បទ​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម ​ឬ​ច្បាប់​ដែល​បារាំង ​កាត់​ទឹកដី​កម្ពុជា​ក្រោមដល់​អ្នក​ចូល​រួម​ផង​ដែរ។

ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំរដ្ឋវិចតូរីយ៉ា​ លោក យ័ញ បូណាត ​ថ្លែងថា ​ការ​ធ្វើ​ពិធីរម្លឹក​ខួបនេះ ​ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ចងចាំ​នូវ​ប្រវត្តិសាស្ត្រ​នៃការ​បាត់បង់​ទឹកដី​កម្ពុជា​ និង​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​បុព្វបុរស​ខ្មែរ​កម្ពុជា​ក្រោម ​ដែល​បាន​លះបង់​ជីវិត​ក្នុង​ការ​រើ​បម្រាស​ដើម្បី​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់​នៅ ​។ លោក​ បន្តថា ​ពិធីនេះ​ក៏ជាការ​ដាស់​សតិស្មារតី​​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំងអស់​ បន្តតស៊ូ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​លើ​ជោគ​វាសនា​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​​ទាំង​សេដ្ឋកិច្ច ​នយោបាយ ​សាសនា​ ភាសា ​និង​ទំនៀម​ទម្លាប់ ​ប្រពៃណី​វប្បធម៌​ជាដើម៖ «ផ្តាំផ្ញើ​ដល់​យុវជនខ្មែរ​ក្រោម​យើង​ទាំងអស់​ថា បន្ត​ដំណើរ​តស៊ូ​របស់​យើង​ទៅមុខទៀត ​រហូត​ដល់​យើង​បាន​ជោគជ័យ​ គឺ​សិទ្ធិស្វ័យសម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង​ដូច​ច្បាប់​ដែល​ចែង​ក្នុង​អង្គការ​សហប្រជាជាតិ​ដែល​មាត្រា​មួយថា ​ជនជាតិដើម ​មាន​សិទ្ធិសម្រេច​វាសនា​ដោយ​ខ្លួនឯង»

កាលពីថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ​បារាំង​បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មានទំហំ ៦ម៉ឺន​៧ពាន់​៧រយ (៦៧.៧០០គីឡូម៉ែត្រ​ក្រឡា​គឺធំជាង​មួយ​ភាគបី​នៃ​ទឹកដី​កម្ពុជា​សព្វថ្ងៃ​ ទៅ​ប្រគល់​អោយ​វៀតណាម​គ្រប់គ្រង​ទាំង​ខុសច្បាប់​ដោយ​មិនបាន​សួរមតិ​​ពលរដ្ឋខ្មែរ​ក្រោម​ម្ចាស់ស្រុក។ បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​កាន់កាប់ ​ទឹកដី​ខ្មែរ​ហើយ ​វៀត​ណាម​បាន​ផ្លាស់​ប្តូរ​គ្រប់យ៉ាង​ដែល​ជា​ខ្មែរ ​ទៅ​​ជា​វៀតណាម​ទាំងអស់ ​ក្នុង​នោះ​មាន​ដូច​ជា​ការ​ប្តូរ​ឈ្មោះ​ខេត្ត ស្រុក ឃុំ ភូមិ​ខ្មែរឱ្យ​ទៅ​ជា​ឈ្មោះ​វៀតណាម ​​និង​ផ្លាស់​ប្តូរ​នាម​ត្រកូល​ខ្មែរ ឱ្យ​ទៅ​ជា​វៀតណាម​ជា​ដើម។ ទោះជាយ៉ាណា ​ជន​ជាតិ​ខ្មែរក្រោម ​​បាន​តស៊ូ ​និង​ធ្វើ​ពលីកម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​បុព្វហេតុ​ការពារ​ទឹកដី វប្បធម៌ និង​ជំនឿ​សាសនា​របស់​ខ្លួន នៅ​ដែន​ដី​កម្ពុជា​ក្រោម ​បើ​ទោះបីជា​មាន​ការ​គាបសង្កត់​ពី​សំណាក់​អាជ្ញាធរ​វៀតណាមបែបណា​ក្តី។ អ្នក​តស៊ូ​ខ្លះ​ត្រូវ​បាន​គេ​សម្លាប់ ​ខ្លះ​ត្រូវ​រង​អំពើ​ទារុណកម្ម និង​ត្រូវ​ជាប់​ឃុំឃាំង​ដូច​សត្វ​ធាតុ។ ពួក​គាត់​ខ្លះ​ត្រូវ​បាន​គេ​ស្គាល់​តៗ គ្នា និង​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិ​សាស្ត្រ ក៏​ប៉ុន្តែ​ខ្លះ​ទៀត​ មិន​ត្រូវ​បាន​គេ​ចង​ចាំ​ប៉ុន្មាន​ឡើយ។ វីរជន​ខ្មែរ​ក្រោម​ដែល​លេច​ធ្លោ​ជាង​គេ​បំផុត​មកទល់ពេលនេះ​ គឺ​ឧកញ៉ា សឺន គុយ ដែល​ជា​ចៅហ្វាយ​ខេត្ត​ព្រះ​ត្រពាំង។ លោក​សុខ​ចិត្ត​ប្រគល់​ខ្លួន​ឱ្យ​អាជ្ញាធរ​យួន​អណ្ណាម​ ចាប់​យក​ទៅ​ប្រហារ​​ជីវិត​ដោយ​កាត់​ក ជា​ថ្នូរ​នឹង​ការ​រក្សា​ប្រពៃណី ទំនៀម ទម្លាប់ និង​ពុទ្ធសាសនា​ខ្មែរ​ក្រោម។

អគ្គលេខាធិការ​សហព័ន្ធខ្មែរកម្ពុជាក្រោម ​ព្រះតេជព្រះគុណ​ទៀ ថេន ​មាន​ថេរដីកា​ថា ករណី​បារាំង ​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យស្តេច​យួនបាវ ​ដាយ​របស់​វៀតណាម ​បន្តធ្វើ​អាណានិគម​ រហូតមក​ទល់​សព្វថ្ងៃនេះ ​គឺជា​រឿង​អយុត្តិធម៌​ដ៏អាក្រក់​បំផុត ​ដែល​ដូនតា​ខ្មែរក្រោម​គ្រប់​ជំនាន់​ កើត​ទុក្ខ​មិនសុខចិត្ត ​ហើយ​បបួលគ្នា​ក្រោកឈរ​តស៊ូ​ទាមទារ​សិទ្ធិ​ជាម្ចាស់​ទឹកដី​ត្រឡប់​មកវិញ។ ព្រះអង្គ ​ មាន​សុទិដ្ឋិនិយមថា ​រឿងរ៉ាវ​កម្ពុជាក្រោម ​នឹង​មាន​ដំណោះស្រាយ​ជាវិជ្ជមាន ​ព្រោះ​សហ​គមន៍​អន្តរជាតិ ​បាន​ស្គាល់ ​និង​ដឹង​ពី​បញ្ហា​របស់​ខ្មែរ​កម្ពុជា​ក្រោមថា​ជារឿងពិត៖ «បើ​យើង​យល់​អំពី​សិទ្ធិបញ្ចេញមតិ ​សិទ្ធិ​ធ្វើ​នយោបាយ អំពី​សិទ្ធិស្របច្បាប់​នៃ​ជនជាតិដើម​ សិទ្ធិមនុស្ស​ទូទៅ ​តាមច្បាប់​អន្តរជាតិ ​ច្បាប់​ការងារ​អីជា​ដើម ​ហើយ​យើង​បញ្ចេញមតិ​ឡើង​ ធ្វើម៉េច​ឲ្យ​សំឡេង​របស់​យើង​ឲ្យ​អន្តរជាតិ​ បាន​លឺសូ​នោះ​គឺជា​ប្រការ​សំខាន់​ជា​លក្ខណៈ​អហិង្សា​។ យើង​រក​អង្គការ មិនមែន​រដ្ឋាភិបាល​ នៅក្រៅ​ប្រទេស​ យើង​ព្យាយាម​ចងមិត្ត​ឲ្យ​គេ​ជួយស្រែក​ឲ្យ​គេ​ជួយ ផ្សព្វផ្សាយ​ឲ្យ​លឺ​ទូទាំង​សកលលោក។ជាពិសេស​រដ្ឋ​ដែល​រកស៊ី​ជាមួយ​វៀតណាម​ និង​រដ្ឋ​ដែល​ផ្តល់​ជំនួយ​ទៅ​វៀតណាម​ឲ្យ​គេ​លឺសូថា​ រដ្ឋវៀតណាម ​នៅ​បន្ត​គាបសង្កត់ ពលរដ្ឋ​ជា​ជនជាតិដើម»

តំណាងសហព័ន្ធខ្មែរ​កម្ពុជាក្រោម ​សង្កេតឃើញ​ថា ​បច្ចុប្បន្ននេះ ​ចលនា​របស់​ពលរដ្ឋខ្មែរ ​ជាពិសេស​យុវជន​ជំនាន់ក្រោយ​ កាន់តែ​ផុសផុល​ជាងមុន​ក្នុងការ​ទាមទារ​សិទ្ធិស្វ័យ​សម្រេច​របស់​ខ្លួន។លើសពីនេះ ​បញ្ហាខ្មែរក្រោម​សព្វថ្ងៃនេះ ​លែង​ជា​បញ្ហារបស់​ខ្មែរក្រោម ម្នាក់ឯង​ទៀតហើយ​ ប៉ុន្តែ​វាបាន​ក្លាយជា​បញ្ហា​សម្រាប់​ខ្មែរទូទៅ។

ប្រធានគណបក្ស​សង្គ្រោះជាតិ ​ប្រចាំ​រដ្ឋវិចតូរីយ៉ា ​លោក អ៊ិន ហេមរា​ ដែល​ចូលរួម​ពិធីនេះ មាន​មតិថា ​ក្នុងនាម​ជាពលរដ្ឋ​មាន​ដើម​កំណើតខ្មែរ​​មួយរូប ​លោក ​ឈឺឆ្អាល​ចំពោះ​បញ្ហា​ខ្មែរក្រោម​ដែល​រងការ​រំលោភបំពាន​សិទ្ធិ​ជាមូលដ្ឋាន​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម។ លោក ​ចូលរួម​គាំទ្រ​ចំពោះ​ចលនា​តស៊ូ​ទាមទារ​សិទ្ធិ​របស់​ពលរដ្ឋខ្មែរ​ក្រោម ​​ដែល​មាន​ចែង​ក្នុង​ច្បាប់​អន្តរជាតិ​និង​មាន​​តម្លៃ​ជា​សកល៖ «យើង​មាន​ឈាមជ័រ​ជាខ្មែរ ​មាន​ដើម​កំណើត​ជាខ្មែរ យើង​ចង់​ឃើញ​ខ្មែរ​យើង​រួបរួមគ្នា។​អ្វី​ដែល​គាត់​ឈឺចាប់​យើង​ក៏ឈឺចាប់។ សម្រាប់​ខ្ញុំ​ ចូលរួម​ពេលនេះ​គឺ​ចូលរួម​ជា​កម្លាំងចិត្ត ​និង​ចង់ឃើញ​គាត់​ធ្វើការ​តស៊ូ​ដើម្បី​ឲ្យ​មាន​សេរីភាព​ និង​អាច​រក្សា​ទំនៀមទម្លាប់​របស់​ខ្លួន»

ពិធីនេះ​ ក៏មានការ​ចូលរួម​ពីតំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើតខ្មែរ ​លោក តាក់ ម៉េង ហ៊ាង ​និង​ប្រធានសមាគមខ្មែរ​រដ្ឋវិចតូរីយ៉ា ​លោក ជា យូហ៊ន ​ព្រមទាំង​មានការ​សម្តែង​ព្រះធម៌​ទេសនាពី​ព្រះតេជព្រះគុណ ​សាន សុជា ផងដែរ។

ព្រះតេជព្រះគុណ ​សាន សុជា ​មាន​ថេរដីកា​កោត​សរសើរ​ចំពោះ​ពលរដ្ឋខ្មែរក្រោម​ដែល​មក​រស់នៅ​ក្នុង​ប្រទេស​ជឿនលឿន​ ប៉ុន្តែ​នៅតែ​រក្សាចិត្តគំនិត​នឹកដល់​មាតុភូមិ​កំណើត​របស់​ខ្លួន។ព្រះអង្គ ​បន្តថា ​ដើម្បីឲ្យ​សហគមន៍​អន្តរជាតិ ​យកចិត្តទុកដាក់​ចំពោះ​បញ្ហាខ្មែរ ​លុះត្រា​តែ​ពលរដ្ឋខ្មែរ ​រួម​កម្លាំង​សាមគ្គី​គ្នា​ និង​លើក​បង្ហាញ​បញ្ហា​ទាំងនោះ​ឲ្យ​បាន​ផុសផុល៖ «អាត្មាមាន​ព្រះធម្មកឋា​អំពី​តម្លៃ​នៃ​ការ​សាមគ្គី​នៅក្នុង​សង្គម​។​នៅពេល​ដែល​យើង​លើក​អំពី​ទឹកដី​ប្រទេសជាតិ ​មាតុភូមិ ​វាជា​រឿង​ធំមួយ ប៉ុន្តែ​រឿង​ទាំងអស់នោះ ​វាត្រូវ​ផ្តើមចេញ​ពី​រឿង​តូចៗ​ទៅ​ ពីរឿង​យើង​ម្នាក់ៗទៅ​ ដូចជា​ការសាប​ព្រោះ​បណ្តុះ​នូវគំនិត ​ស្រលាញ់ជាតិ​ ស្រលាញ់​ប្រទេស ​ ស្រលាញ់​ជនជាតិ ស្រលាញ់ភាសា ​ស្រលាញ់​វប្បធម៌​ជាដើមនេះ ​វាត្រូវ​បណ្តុះគំនិត​ពីតូចៗ​ទៅ​ពី​យើង​ម្នាក់ៗ​ទៅ»

ក្នុងទិវារម្លឹកខួប៧៣ឆ្នាំ ​ប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ ក៏បាន​ផ្ញើសារ​លិខិត​ដល់ពលរដ្ឋខ្មែរ​ក្រោម​ថា ​ការតស៊ូ​របស់ខ្មែរក្រោម​ នៅត្រូវ​ការ​ពេលវេលា​វែងឆ្ងាយ​ទៀត ​ដើម្បី​ឲ្យ​សម្រេច​គោលដៅ​ ដូច្នេះ​សហព័ន្ធ ​បាន​ដាក់ចេញ​នូវ​ផែនការមេ​មួយចំនួន។ ផែនការទាំងនោះ ​ដូចជា​ការបណ្តុះបណ្តាល​ធនធានមនុស្ស ការងារអប់រំផ្សព្វផ្សាយ ​ការបើក​សិក្ខាសាលា​ ការស្វែង​រកអាហារ​រូបករណ៍​សម្រាប់ និស្សិត​ បំផុស​ឲ្យមាន​កម្មវិធីសិក្សា​អំពីកិច្ចការ​ទំនាក់ទំនង​សាធារណៈ​ និង​ពង្រីក​ប្រព័ន្ធផ្សព្វផ្សាយ​សម្លេងកម្ពុជាក្រោម​ឲ្យកាន់តែមទូលំទូលាយ ​ព្រមទាំងលើក ទឹកចិត្ត​ឲ្យ​មាតាបិតា​ខ្មែរក្រោម​​ពន្យល់​ណែនាំ​កូនចៅ​ឲ្យ​ចូលរួម​ក្នុង​នាយកដ្ឋាន​យុវជន​របស់​សហព័ន្ធខ្មែរ​កម្ពុជាក្រោម​ ដែល​ជា​ចលនា​មួយ​ដ៏សំខាន់នៃ​ផែនការ​«ទំពាំងស្នងឫស្សី

សហព័ន្ធខ្មែរកម្ពុជាឲ្យដឹងថា ​ដែនដី​កម្ពុជា​ក្រោម​ខេត្ត​សរុប​ចំនួន ២១​ខេត្ត​ មាន​វត្តព្រះពុទ្ធ​សាសនាជិត៥រយ (៤៦១) វត្ត​ មានព្រះសង្ឃជាង​១ម៉ឺន២ពាន់ (១២.០០០អង្គ និង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម រស់​នៅ​​ជាង៨​លាន​នាក់។ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ​អះអាងថា ​អាជ្ញាធរ​ប្រទេស​វៀតណាមថា ​បាន​ព្យាយាម​បំបាត់​ពូជសាសន៍​ខ្មែរ​កម្ពុជា​ក្រោម ​ដូចជា​បំបាត់​វប្បធម៌ ការ​អប់រំ និង​ការ​រស់​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្មែរ​កម្ពុជា​ក្រោម ការ​បង្ក្រាប​ដោយ​ហិង្សា​ផ្សេងៗ​ចំពោះ​ចលនា​របស់​ខ្មែរ​កម្ពុជា​ក្រោម ដែល​ហ៊ាន​ចេញ​មុខ​ងើប​ឡើង​តវ៉ា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។