សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បញ្ជូន​តំណាង​យុវជន​ខ្មែរ​ក្រោម​ចូលរួម​កិច្ច​ប្រជុំ​អ.ស.ប

ដោយ យន់ សាមៀន
2024.07.13
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បញ្ជូន​តំណាង​យុវជន​ខ្មែរ​ក្រោម​ចូលរួម​កិច្ច​ប្រជុំ​អ.ស.ប តំណាង​យុវជន​ខ្មែរ​ក្រោម​ចូល​រួម​កិច្ចប្រជុំ​យន្តការ​អ្នកជំនាញ ស្តី​សិទ្ធិ​របស់​ជនជាតិ​ដើម្បី​ផ្តល់​អនុសាសន៍​តាម​រយៈ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស ​របស់អង្គការ​សហប្រជាជាតិ​ ដល់​រដ្ឋ​ភាគី​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ នៅដើមខែ​កក្កដា ២០២៤។
រូប៖ ផ្ដល់ឱ្យ

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​បញ្ជូន​តំណាង​យុវជន​ខ្មែរ​ក្រោម​ទៅ​ចូល​រួម​កិច្ចប្រជុំ​យន្តការ​​អ្នក​ជំនាញ​ស្តី​សិទ្ធិ​របស់​ជន​ជាតិ​ដើម្បី​ផ្តល់​អនុសាសន៍​មួយ​ចំនួន​តាម​រយៈ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដល់​រដ្ឋ​ភាគី​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ជនជាតិ​ដើម​។

យុវតី​ខ្មែរ​កម្ពុជា​ក្រោម ​បាន​ប្រើប្រាស់​ កិច្ចប្រជុំ​យន្តការ​​អ្នក​ជំនាញ​ស្តី​សិទ្ធិ​របស់​ជន​ជាតិ​ដើម​របស់​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង ​ហ្សឺណែវ​ ប្រទេស​ ស្វីស​(Switzerland) ​ដើម្បី​ទាមទារ​ឲ្យ​​វៀតណាម​អនុវត្ត​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ ក្នុង​ការ​លើក​កម្ពស់​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិ​ជនជាតិ​ដើម​ដែល​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០០៧ ហើយ​វៀតណាម​ក៏​បាន​ចូល​រួម​អនុម័ត​សេចក្តី​ប្រកាស​នេះ​ដែរ។ ទោះបីជា​វៀតណាម​បច្ចុប្បន្ន​ជា​សមាជិក​នៃ​ឧត្តម​ស្នងការ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ក្តី​ ក៏​ប្រទេស​នេះ​រំលោភ​បំពាន​ជនជាតិ​ដើម​ ពិសេស​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត​ដែរ។

យន្តការ​​អ្នក​ជំនាញ​ស្ដីពី​សិទ្ធិ​របស់​ជន​ជាតិ​​ដើម​ហៅ​កាត់​​ថា (EMRIP) បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ​២០០៧។ យន្តការ​នេះ​ មាន​កិច្ច​ប្រជុំ​មួយ​ឆ្នាំ​ម្តង ហើយ​មាន​រយៈ​ពេល​៥ថ្ងៃ​។ យន្តការ​សម្រាប់​ផ្តល់​ជំនាញ​និង​ដំបូន្មាន​ដល់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ជួយ​ភាគី​រដ្ឋ​នៃ​ប្រទេស​ហត្ថលេខី​ឲ្យ​សម្រេច​បាន​ការ ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ជាតិ​ដើម។

ថ្លែង​ទៅ​កាន់​កិច្ចប្រជុំ​យន្តការ​​អ្នក​ជំនាញ​ស្តី​សិទ្ធិ​របស់​ជន​ជាតិ​ដើម ​កាលពីដើម​សប្តាហ៍​នេះ អ្នកនាង គឹម ពុទ្ធានី មាន​ប្រសាសន៍​ថា ​ដោយសារ​តែ​សង្គ្រាម​ទឹកដី​ខ្មែរ​ក្រោម​ត្រូវ​បាន​បាត់បង់។ វៀតណាម​ដែល​ជា​ជន​ជាតិ​ផ្សេង​មក​តាំង​ទីលំនៅ​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម ​បាន​ព្យាយាម​បំបាត់​អត្តសញ្ញាណ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​លើ​ទឹក​ដី​កំណើត។

អ្នកនាង គឹម ពុទ្ធានី៖ «ខ្មែរ​ក្រោម​ត្រូវ​បាន​គេ​ទុក​ចោល​ឲ្យ​រស់នៅ​​ដោយ​ខ្លួន​ឯង ​ប៉ុន្តែ​ពួក​យើង​​នៅ​តែ​អាច​តស៊ូ ជម្នះ​ដើម្បី​​សុខុមាលភាព​និង​ទឹក​ដី​របស់​យើង​​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​ព្យាយាម​ស្តា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ឡើង​វិញ​ត្រូវ​បាន​គេ​លាប​ពណ៌​ថា ​ជា​គំនិត​ផ្ដួចផ្ដើម​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម​​ដោយ​ការ​ប្រើប្រាស់​មាត្រា ​៣៣១​ នៃ​បទ​ឧក្រិដ្ឋកម្ម​វៀតណាម​ដើម្បី​ចោទ​ប្រកាន់​យើង។ ​ការ​ប្រឌិត​អំពី​កិច្ច​ខំ​ប្រឹងប្រែង​ឲ្យ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​តស៊ូ​របស់​យើង​ក្នុង​នាម​ជា​ជនជាតិ​ដើម​និង​ផាត់​យើង​ចេញ​ដំណើរ​ការ​នីតិប្បញ្ញត្តិ។​ ជាក់ស្តែង ​ខ្មែរ​ក្រោម​ចំនួន​ដប់​បី​នាក់ រួម​មាន​ទាំង​ព្រះសង្ឃ​ពុទ្ធសាសនា​របស់​យើង​ត្រូវ​បាន​គេ​ឃាត់​ខ្លួន និង​ចាប់​ខ្លួន​ដោយ​គ្រាន់​តែ​​​ធ្វើ​ការ​អប់រំ​ជន​រួម​ជាតិ​ខ្មែរ​ក្រោម​អំពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម​(UNDRIP)​។ជា​អកុសល​ អ្នក​ជាប់​ឃុំ ​ជា​ជនជាតិ​ដើម​ភាគ​តិច​របស់​យើង​មិន​ទទួល​បាន​សិទ្ធិ​នៃ​ការ​កាត់​ក្ដី​ដោយ​យុត្តិធម៌​ ឬ​ជម្រើស​ណាមួយ​ដើម្បី​ទទួល​បាន​សេវា​កម្ម​ផ្នែក​ច្បាប់​ឡើយ​។ ​ទង្វើ​នេះ​ បណ្ដាល​ឲ្យ​មាន​ការ​រើសអើង​ធ្ងន់ធ្ងរ​ ទៅ​លើ​ជនជាតិ​ដើម​បន្ថែម​ទៀត​ក្នុង​ជួរ​រដ្ឋាភិបាល»

អ្នកនាង​ស្នើ​ឲ្យ​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ ជំរុញ​ឲ្យ​វៀតណាម បូក​បញ្ចូល​ជនជាតិ​ដើម​ខ្មែរ​ក្រោម​ក្នុង​យន្តការ​ស្វែង​រក​សន្តិភាព​តាម​រយៈ​ការ​ផ្តល់​អាទិភាព​ការ​រក្សា និង​ឲ្យ​រស់​ឡើង​វិញ​នូវ​ភាសា​និង​ប្រពៃណី​ខ្មែរ​ក្រោម។

un_KK.jpg
តំណាង​យុវជន​ខ្មែរ​ក្រោម​ចូល​រួម​កិច្ចប្រជុំ​យន្តការ​អ្នកជំនាញ ស្តី​សិទ្ធិ​របស់​ជនជាតិ​ដើម្បី​ផ្តល់​អនុសាសន៍​តាម​រយៈ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស ​របស់អង្គការ​សហប្រជាជាតិ​ ដល់​រដ្ឋ​ភាគី​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ នៅដើមខែ​កក្កដា ២០២៤។ រូប​ផ្ដល់ឱ្យ

ស្រដៀង​គ្នា​នេះ​ដែរ ​កញ្ញា ​អ៊ីមីលី ថានហង្ស ប្រាប់​កិច្ច​ប្រជុំ​ថា ​វៀតណាម​មាន​កំហុស ក្នុង​ការ​បដិសេធ​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​ទទួល​បាន​ឋានៈ​ជា​ជន​ជាតិ​ដើម។ កញ្ញា​បន្ត​ថា វៀតណាម​ពូកែ​លាក់​ពុត​មិន​អនុវត្ត​សេចក្តី​ប្រកាស​ជា​សកល​ស្តី​ពី​ជនជាតិ​ដើម ​ដែល​វៀតណាម​ជា​ភាគី​ប្រទេស​ហត្ថលេខី​មួយ​ដែរ។

កញ្ញា ​អ៊ីមីលី ថានហង្ស៖ «សកម្មភាព ​ដែល​ត្រូវ​ចាប់​ផ្ដើម​ធ្វើ ​ដើម្បី​ទទួល​ស្គាល់​សិទ្ធិ​ជនជាតិ​ដើម​ នៅ​តែ​គ្មាន​ដំណើរ​ការ​នៅ​ឡើយ​។ ប៉ុន្តែ​យើង​ត្រូវ​បាន​គេ​បង្ខំ​ទទួល​យក​ឥទ្ធិពល​របស់​ពួកគេ ហើយ​វប្បធម៌​និង​ប្រពៃណី​ខ្មែរ​ក្រោម​ត្រូវ​បាន​គេ​បំផ្លាញ​។ ដី​ស្រែ​ចំការ​របស់​យើង​ត្រូវ​បាន​គេ​រឹបអូស ​ភាសា​ខ្មែរ​ក៏​ត្រូវ​បាន​ដក​ចេញ​ពី​ស្ថាប័ន​អប់រំ​ហើយ​ការ​ប្រតិបត្តិ​សាសនា​ព្រះពុទ្ធ​ក៏​រង​ការ​រើសអើង ។ យុវជន​ខ្មែរ​ក្រោម​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​ដោយសារ​តែ​ចែកចាយ​ឯកសារ​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ជនជាតិ​ដើម​។​យើង​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ​ជា​បន្ទាន់»

ជុំវិញ​រឿង​នេះ​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​ព្រះភិក្ខុ សឹង យ៉ឹងរតនា មាន​ថេរដីកា​ថា តាម​រយៈ​យុទ្ធនាការ​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ​នេះ ​អង្គការ​សហប្រជាជាតិ​និង​សហគមន៍​អន្តរជាតិ នឹង​ជំរុញ​ឲ្យ​វៀតណាម​​គោរព​តួ​នាទី​ខ្លួន​ ជា​ម្ចាស់​ហត្ថលេខី​នៃ​សេចក្តី​ប្រកាស​ជា​សកល​ស្តី​ពី​ជនជាតិ​ដើម។

ព្រះភិក្ខុ សឹង យ៉ឹងរតនា៖ «លទ្ធផល​ដែល​យុវជន​ខ្មែរ​ក្រោម​ទទួល​បាន​ទី១ ​គឺ​ការ​សិក្សា​រៀន​សូត្រ​អំពី​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ទីពីរ​បាន​បទពិសោធន៍​ពី​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ និង​ទី​បី​បាន​លើក​ទឹក​ចិត្ត​ដល់​យុវជន​ខ្មែរ​ក្រោម​ដែល​កំពុង​តែ​រស់​នៅ​ក្រោម​វៀតណាម​ហ្នឹង​ងើប​តស៊ូ​មតិ»

បច្ចុប្បន្ន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ប្រើប្រាស់​យន្តការ​អន្តរជាតិ​ដើម្បី​ជំរុញ​ឲ្យ​វៀតណាម​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម និង​មាន​សិទ្ធិ​ស្វ័យ​សម្រេច​។ ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទូទាំង​ពិភព​លោក​ក៏​កំពុង​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះ​សង្ឃ​និង​សកម្មជន​សិទ្ធិ​មនុស្ស​ ដែល​ត្រូវ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​ឲ្យ​សារ​ ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។