យុវតីខ្មែរក្រោមបន្តចូលរួមកិច្ចប្រជុំដើម្បីឱ្យវៀតណាមទទួលស្គាល់ខ្មែរក្រោម ជាជនជាតិដើម
2024.07.20
យុវតីសហព័ន្ធខ្មែរកម្ពុជាក្រោមបន្តចូលរួមកិច្ចប្រជុំអន្តរពិភាក្សារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិ ស្ដីពីមធ្យោបាយដើម្បីលើកកម្ពស់ការចូលរួមរបស់ជនជាតិដើមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ នេះជាលើកពីរនៅខែកក្កដានេះ ដែលយុវតីខ្មែរក្រោមចូលរួមវេទិកាអន្តរជាតិ ដើម្បីទាមទារឲ្យវៀតណាមគោរពសិទ្ធិជនជាតិដើមខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកំណើត។
ក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (Switzerland) យុវតីតំណាងឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម អ្នកនាង គឹម ពុទ្ធធានី ស្នើឲ្យសហគមន៍អន្តរជាតិនិងអង្គការសហប្រជាជាតិធានាថា ក្ដីកង្វល់ជនជាតិដើមត្រូវបានគេដឹងលឺ និងដោះស្រាយដើម្បីធានាសិទ្ធិជាមូលដ្ឋាន ដូចជាសិទ្ធិស្វ័យសម្រេចនិងការរក្សាអត្តសញ្ញាណ។ អ្នកនាងបន្តថាខ្មែរក្រោមប្រឈមបញ្ហាជាច្រើនដោយសារតែ វៀតណាមមិនទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើមទោះបីវប្បធម៌អត្តសញ្ញាណទំនៀមទំលាប់ខ្មែរក្រោមបានចាក់ឫសគល់យ៉ាងជ្រៅនៅលើដីកេរ្តិ៍ដូនតាខ្មែរក្រោមក្តី។
អ្នកនាង គឹម ពុទ្ធធានី៖ «វៀតណាមបន្ត បដិសេធមិនទទួលស្គាល់ជនជាតិដើម។ ការមិនទទួលស្គាល់នេះ បានរឹតត្បិតសិទ្ធិជាមូលដ្ឋាន សិទ្ធិបង្កើតអង្គការជនជាតិដើមនិងការធ្វើដំណើរទៅក្រៅប្រទេសដើម្បីធ្វើការតស៊ូមតិនៅឯអង្គការសហប្រជាជាតិ។ វៀតណាមជាញឹកញាប់បានចោទប្រកាន់សហព័ន្ធខ្មែរកម្ពុជាក្រោមថា គ្មានភាពស្របច្បាប់ធ្វើជាតំណាង ឬក៏និយាយជំនួសឲ្យខ្មែរក្រោម ដែលគ្មានសំឡេងតំណាងនៅលើទឹកដីកំណើត។ សហព័ន្ធខ្មែរកម្ពុជាក្រោមសហព័ន្ធខ្មែរកម្ពុជាក្រោម បានជ្រើសរើសការទទួលខុសត្រូវធ្វើជាតំណាងឲ្យខ្មែរក្រោមដែលកំពុងប្រឹងប្រែងថែរក្សាអត្តសញ្ញាណ និងសិទ្ធិជាមូលដ្ឋាន។ ប្រសិនបើគ្មានយើង តើនរណាអាចធ្វើជាតំណាងខ្មែរក្រោម? សំឡេងរបស់យើង រឿងរាវរបស់យើង និងសិទ្ធិយើង ត្រូវឲ្យនិយាយចេញឲ្យគេបានដឹងលឺ។ សហព័ន្ធបានក្លាយជាយន្តការនាំយកបញ្ហាទាំងឡាយដែលខ្មែរក្រោមកំពុងប្រឈមដើម្បីឲ្យអអន្តរជាតិដឹងលឺ»។
កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈការសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិដើម្បីបន្តពិភាក្សា និងអភិវឌ្ឍជំហាននិងវិធានការចាំបាច់ដើម្បីអាចធ្វើឲ្យបាន និងសម្របសម្រួលការចូលរួមរបស់តំណាងជនជាតិដើមនិងស្ថាប័នផ្សេងទៀតដែលបង្កើតដោយខ្លួនឯងស្របតាមកិច្ចការក្រុមប្រឹក្សាសិទ្ធិមនុស្ស។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីឲ្យភាគីប្រទេសជាសមាជិកនិងទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ ស្ថាប័នអន្តរជាតិ តំណាងជនជាតិដើម បើកកិច្ចពិភាក្សាស្វែងរកមធ្យោបាយគ្រឹះជំរុញឲ្យមានការចូលរួមពីជនជាតិដើមក្នុងកិច្ចការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំយន្តការអ្នកជំនាញស្ដីពីសិទ្ធិរបស់ជនជាតិដើមហៅកាត់ថា (EMRIP) កាលពីសប្តាហ៍មុន ដើម្បីផ្តល់អនុសាសន៍មួយចំនួនតាមរយៈក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដល់រដ្ឋភាគីវៀតណាមឲ្យគោរពសិទ្ធិជនជាតិដើម។ ក្នុងកិច្ចប្រជុំនោះ តំណាងយុវតីខ្មែរក្រោមបីនាក់បានស្នើឲ្យទាមទារឲ្យវៀតណាមអនុវត្តនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់សេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមដែលត្រូវបានអង្គការសហប្រជាជាតិបានអនុម័តកាលពីឆ្នាំ២០០៧។ វៀតណាមបច្ចុប្បន្នជាសមាជិកនៃឧត្តមស្នងការក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប៉ុន្តែប្រទេសនេះរំលោភបំពានជនជាតិដើម ពិសេសខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើតដែរ។ ទោះបីយ៉ាងណារដ្ឋាភិបាលវៀតណាមនៅតែបន្តប្រាប់អន្តរជាតិថា រដ្ឋាភិបាលនេះគោរពជនជាតិភាគតិចក្តីប៉ុន្តែវៀតណាមនៅតែមិនទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម។
ងាកមកកិច្ចប្រជុំ អន្តរពិភាក្សារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សដែលបានបញ្ចប់កាលពីថ្ងៃសុក្រ ទី១៩ កក្កដា អ្នកនាង គឹម ពុទ្ធធានី ថា អ្នកនាងទទួលបានស្វាគមន៍ ហើយតំណាងជនជាតិដើមផ្សេងទៀតក៏បានស្វែងយល់ពីទុក្ខវេទនារបស់ជនជាតិដើមខ្មែរក្រោម រស់នៅលើទឹកដីកំណើតកំពុងគ្រប់គ្រងដោយវៀតណាមផងដែរ។
អ្នកនាង គឹម ពុទ្ធធានី៖ «កិច្ចប្រជុំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សមានប្រយោជន៍ច្រើនសម្រាប់យើង គេស្គាល់យើង គេស្គាល់មុខយើងថានៅស្រុកកម្ពុជាក្រោម។ អ្នកខ្លះគាត់ប្រាប់ថា គាត់ធ្លាប់ទៅលេងនៅវៀតណាម ប៉ុន្តែគាត់មិនចាប់អារម្មណ៍។ ឥឡូវគាត់ទៅវៀតណាម គាត់នឹងចុះទៅស្រុកកម្ពុជាក្រោម»។
អ្នកនាង គឹម ពុទ្ធធានី រំពឹងថាក្រុមប្រឹក្សាសិទ្ធិមនុស្សនឹងផ្តល់លទ្ធផលជាវិជ្ជមានដល់ខ្មែរក្រោម ក្នុងកិច្ចប្រជុំនៅចុងខែតុលាខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។