សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​ប្រទេស​សមាជិក​អាស៊ាន​ឱ្យ​អន្តរាគមន៍​ទៅ​វៀតណាម​ឱ្យ​ដោះលែង​សកម្មជន​ខ្មែរក្រោម

ដោយ ជីវិតា
2024.09.23
សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​ប្រទេស​សមាជិក​អាស៊ាន​ឱ្យ​អន្តរាគមន៍​ទៅ​វៀតណាម​ឱ្យ​ដោះលែង​សកម្មជន​ខ្មែរក្រោម ពលរដ្ឋនិងព្រះសង្ឃខ្មែរក្រោមប្រមាណ១០០នាក់ បានប្រមូល​ផ្តុំគ្នានៅ​វត្ត​សាមគ្គី​រង្សី ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំងនឹង​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​វៀតណាម ដែល​ចាប់ឃុំខ្លួន​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម ដាក់ពន្ធនាគារ និងយកញត្តិទៅដាក់នៅក្រសួងការបរទេសកម្ពូជា កាលពីថ្ងៃទី ២៤ ខែមេសា។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​ប្រទេស​សមាជិក​អាស៊ាន​ឱ្យ​អន្តរាគមន៍​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម​ឱ្យ​ដោះលែង​សកម្មជន​ខ្មែរក្រោម ដែល​កំពុង​ជាប់​ពន្ធនាគារ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​ជនជាតិ​ដើម​ខ្មែរក្រោម​។ ការ​ដាក់​ញត្តិ​នេះ​ដើម្បី​ចូលរួម​វេទិកា​ប្រជាពលរដ្ឋ និង​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ១៩ ដល់ ២១ ខែកញ្ញា ២០២៤ នៅ​ប្រទេស​ទីម័រ (Timor-Leste) ក្រោម​ប្រធានបទ «​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ និង​អធិបតេយ្យភាព ដែល​ដឹកនាំ​ដោយ​ប្រជាជន​នៅ​អាស៊ីអាគ្នេយ៍» ។

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា កាល​ថ្ងៃទី​១៩ ខែ​កញ្ញា បាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​តាម​បណ្ដា​ប្រទេស ដែល​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន (ASEAN) និង អគ្គលេខាធិការ​អាស៊ាន លោក កៅ គឹម ហួន (Kao Kim Hourn) ដើម្បី​ស្នើ​ឱ្យ​ប្រទេស​ទាំងអស់​នេះ អន្តរាគមន៍​ទៅកាន់​រដ្ឋាភិបាល​វៀតណាម ឱ្យ​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ទាំង ១៣ អង្គ​/​នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ ឱ្យ​មាន​សេរីភាព​ឡើងវិញ​។​

ក្នុង​ញត្តិ​នោះ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​លើកឡើង​ថា ការ​ផ្សឹក ការ​ឃុំខ្លួន និង​បណ្ដេញ​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​នា​ពេល​កន្លង​មក ធ្វើ​ឡើង​ក្រោយ​សកម្មជន​ខ្មែរក្រោម​បាន​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ និង​លើកកម្ពស់​គោលការណ៍​សិទ្ធិមនុស្ស សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម ព្រមទាំង​ពាក់អាវ​យឺត​បោះពុម្ព​មាន​ទង់ជាតិ​ខ្មែរក្រោម ដើម្បី​បង្ហាញ​អត្តសញ្ញាណ​ខ្មែរក្រោម​នៅ​នៅក្នុង​ពិធីបុណ្យ និង​ការ​ជួបជុំ​ផ្សេងៗ ដូចជា ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ទិវា​សិទ្ធិ​នារី និង​សេចក្ដីប្រកាស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​នៃ​ទិវា​ជនជាតិ​ដើម​ភាគតិច​ជាដើម។

ញត្តិ​បន្ត​ដដែល​ថា ការ​ចាប់​ផ្សឹក ការ​ឃុំខ្លួន ការ​បណ្ដេញ​ព្រះសង្ឃ​ចេញពី​វត្ត និង​វាយកម្ទេច​វត្ត​ខ្មែរ​ក្រោម គឺជា​អំពើ​រំលោភសិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​នៃ ជាពិសេស​ការរំលោភ​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី សេរីភាព​ក្នុង​ការ​ទទួល​បាន និង​ចែករំលែក​ព័ត៌មាន និង​សេរីភាព​ក្នុង​ការ​ប្រតិបត្តិ​ជំនឿ​សាសនា ដែល​ជា​សេរីភាព​ជា​មូលដ្ឋាន​របស់​ជនជាតិ​ដើម​ខ្មែរក្រោម និង​សិទ្ធិមនុស្ស​ជាទូទៅ​។ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បន្ត​ទៀត​ថា សកម្មភាព​គាបសង្កត់​របស់​វៀតណាម​មក​លើ​ខ្មែរក្រោម​នៅ​ពេល​នេះ គឺជា​ការ​សង​សឹក​របស់​រដ្ឋាភិបាល​វៀតណាម​មក​លើ​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម ដែល​តស៊ូ​ដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​គោលការណ៍​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។

អនុប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក​បណ្ឌិត សឺន ជុំជួន រំពឹង​ថា ការ​ដាក់​ញត្តិ​នេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​បានដឹង​ពី​ការរំលោភ​សិទ្ធិ​របស់​រដ្ឋាភិបាល​វៀតណាម​ទៅលើ​ជនជាតិ​ដើម​ខ្មែរក្រោម​ដែល​កំពុង​តស៊ូ​មតិ​ទាមទារ​សិទ្ធិ​របស់​ខ្លួន។

លោក​បណ្ឌិត សឺន ជុំជួន៖«តើ​បច្ចុប្បន្ន​នេះ តើ​រដ្ឋាភិបាល​វៀតណាម​ហ្នឹង​កំពុង​ស្ថិត​នៅក្នុង​រដ្ឋ​មួយ​ដែល​ត្រូវ​បាន​គេ​កត់សម្គាល់​ថា កំពុងតែ​រំលោភបំពាន​ទៅលើ​សិទ្ធិមនុស្ស​អី​ជាដើម​នេះ​យើង​ចង់​បង្ហាញ​ឱ្យ​ឃើញ​អ៊ីចឹង ទោះបីជា​អ្នកខ្លះ​គាត់​រំពឹង​ថា រដ្ឋ​ដែល​ជា​សមាជិក​អាស៊ាន​មិនអាច​អន្តរាគមន៍​បានទេ មិនអាច​ជ្រៀតជ្រែក​ទៅលើ​បូរណភាព​ប្រទេស​និ​មួយៗ​បានទេ ប៉ុន្តែ​យ៉ាងណាក៏ដោយ​រដ្ឋ​ទាំងអស់​ហ្នឹង​ត្រូវ​បានដឹង​ច្បាស់ ជ្រាប​ច្បាស់​បន្ថែម​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​វៀតណាម»។ លោក​បន្ថែម​ថា វៀតណាម​ត្រូវ​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម ទាំង​ជាង​១០​នាក់​ដែល​កំពុង​ជាប់ឃុំ​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​។

អាជ្ញាធរ​វៀតណាម​ក្នុង​ខេត្ត​ព្រះត្រពាំង​ដែល​វៀតណាម​ប្តូរ​ទៅ​ជា​ខេត្ត​ត្រាវិញ (Tra Vinh) ត្រូវ​អនុញ្ញាត​ឲ្យ​ព្រះតេជព្រះគុណ គឹម សំរិន ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​បណ្ដេញ​ចេញពី​វត្តមាន​សិទ្ធិ​គង់នៅ​ក្នុង​វត្ត​ដូច​ព្រះសង្ឃ​ដទៃទៀត​។ ហើយ​អាជ្ញាធរ​វៀតណាម​ក្នុង​ខេត្ត​លង់ហោរ ឬ​វៀតណាម​ហៅថា វិញឡុង (Vinh Long) ត្រូវតែ​សាងសង់​ឡើងវិញ​សាលាឆទាន​ដែល​អាជ្ញាធរ​វាយកម្ទេច ដើម្បី​ឱ្យ​ពុទ្ធសាសនិកជន​ខ្មែរក្រោម​អនុវត្ត​ជំនឿ​របស់​ពួកគេ ហើយ​ត្រូវតែ​គោរព​សិទ្ធិ និង​សេរីភាព​របស់​ខ្មែរក្រោម​ដូច​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម និង​គោលការណ៍​នៃ​ឧបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​វៀតណាម​ជា​ភាគី។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ការ​ឆ្លើយ​តប​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២២ កញ្ញា។

ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ទាំង ១៣ អង្គ​/​នាក់​ដែល​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ​ខ្លួន រង​ការ​ចោទប្រកាន់​ពីបទ​«​កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​» តាម​មាត្រា ៣៣១ និង «​ការ​ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន​មនុស្ស​ដោយ​ខុសច្បាប់​» តាម​មាត្រា ១៥៧ នៃ​ក្រមព្រហ្មទណ្ឌ​វៀតណាម​។ ប៉ុន្តែ​ការចោទប្រកាន់ និង​ការ​ឃុំខ្លួន​នេះ​ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​នានា​ថ្កោលទោស​។ ចំណែក​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​លើកឡើង​ថា ការ​ចាប់​ឃុំខ្លួន​នេះ គឺជា​ការ​សង​សឹក​របស់​រដ្ឋាភិបាល​វៀតណាម​ដោយសារតែ​ព្រះសង្ឃ និង​សកម្មជន​ទាំងនោះ​បាន​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព​របស់​ខ្មែរក្រោម​ម្ចាស់​ស្រុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​បាតុកម្ម​ទាមទារ​ឲ្យ​បារាំង​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល​«​ហ៊ុន​»
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។