សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាស្នើសុំតុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើអ្នកកាសែតម្នាក់
2022.01.29

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) អំពាវនាវឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើអ្នកកាសែត និងសហការជាមួយក្រុមអ្នកយកព័ត៌មានដទៃទៀត ដើម្បីដោះស្រាយបញ្ហានានា ក្នុងសង្គម ដូចជា បញ្ហាទំនាស់ដីធ្លី ជាដើម។
ការលើកឡើងរបស់នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី នេះធ្វើឡើង ក្រោយពេលដែលអ្នកកាសែតម្នាក់ គឺលោក ប៉ែន នួន បានប្ដឹងទៅក្រសួងយុត្តិធម៌ឲ្យអន្តរាគមន៍ ករណីចៅក្រម២រូប និងព្រះរាជអាជ្ញារង២រូប ដែលបានកាត់ក្ដីឲ្យលោក សងប្រាក់ជំងឺចិត្តឲ្យមន្ត្រីជាន់ខ្ពស់យោធា ២រូប ក្រោយដែលបានចុះផ្សាយរឿងជម្លោះដីធ្លីរវាងនាយទាហានទាំងពីររូបនោះ ជាមួយពលរដ្ឋ ៤គ្រួសារ នៅភូមិសាមគ្គី ឃុំអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោក ណុប វី បញ្ជាក់ថា ប្រការដែលតុលាការកាត់ទោសអ្នកសារព័ត៌មានមានទោស គឺការគំរាមកំហែង និងបំភិតបំភ័យដល់ក្រុមអ្នកសារព័ត៌មាន មិនឲ្យចុះយកព័ត៌មានក្នុងរឿងទំនាស់ដីធ្លី ជាមួយ អ្នកមានលុយ និងមានអំណាច។ លោកក៏ទទូចឲ្យតុលាការទម្លាក់ចោល បណ្ដឹងទាំងឡាយពាក់ព័ន្ធជាមួយក្រុមអ្នកកាសែត៖ «ខ្ញុំទទូចឲ្យទម្លាក់ចោលរាល់ពាក្យបណ្ដឹង និងការចោទប្រកាន់ទាំងឡាយ ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់ ដែលប្រឆាំង ក្រុមអ្នកសារព័ត៌មាន ដើម្បីធានារាល់បញ្ហាផ្សេងៗ កើតមាននៅក្នុងសង្គម អាចឮដល់ថ្នាក់ដឹកនាំ និងអាចឆ្លើយតប ឬដោះស្រាយ ទៅការស្នើសុំ ឬបញ្ហារបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ខ្ញុំក៏ទទូចឲ្យមានកិច្ចសហការ ដើម្បីឲ្យអ្នកសារព័ត៌មានអនុវត្តការងារ ដោយងាយស្រួល»។
លោក ប៉ែន នួន អាយុ ៤៤ឆ្នាំ ឲ្យដឹងថា ក្រសួងយុត្តិធម៌បានទទួលយកពាក្យបណ្តឹងរបស់លោកហើយ និងកំពុងពិនិត្យឯកសារ ដែលបានដាក់ជូន។ លោកសង្ឃឹមថា ក្រសួងយុត្តិធម៌ នឹងជួយអន្តរាគមន៍ករណីនេះ។ វិទ្យុអាស៊ីសេរីបានទូរស័ព្ទសុំការបញ្ជាក់រឿងនេះ ពីរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃទី២៧ ខែមករានេះ តែគ្មានអ្នកលើក។ ក៏ប៉ុន្តែលោកប្រាប់កាសែតក្នុងស្រុកថា ក្រសួងនឹងធ្វើការត្រួតពិនិត្យករណីនេះដោយខ្លួនឯង។
លោក ប៉ែន នួន បន្តថា លោកគឺជាជនរងគ្រោះ ដោយសារបានបញ្ចេញឈ្មោះ មន្ត្រីយោធាផ្កាយ២ ចំនួន ២រូប ដែលបានរឹបអូសយកដីរបស់ពលរដ្ឋ ៤គ្រួសារ លើផ្ទៃដី ៦ហិកតារ ហើយលោកមានភស្តុតាងគ្រប់គ្រាន់ និងសាក្សីដែលជាម្ចាស់ដី។
លោកបន្តថា លោកត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាលពីថ្ងៃទី៦ ខែមករា ដោយគ្មានវត្តមានលោក និងបានចេញសាលក្រមសម្រេចឲ្យលោកសងប្រាក់ជំងឺចិត្តចំនួន ៦លានរៀល ឬស្មើ ១.៤៥០ដុល្លារទៅឲ្យនាយទាហានផ្កាយពីរ។ ចំណែកចៅក្រមនៃតុលាការខេត្តឧត្តរមានជ័យ ក៏បានកាត់ក្ដីឲ្យលោកបង់ប្រាក់សងជំងឺចិត្ត ទៅដើមបណ្ដឹង ដែលជានាយទាហានទាំងពីរនាក់នេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។