អ្នកជំនាញសារព័ត៌មាន និងអ្នកសិទ្ធិមនុស្សអំពាវនាវដល់តុលាការឱ្យទម្លាក់ចោលបទចោទប្រកាន់លើអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា
2024.10.23
អ្នកជំនាញសារព័ត៌មាន និងអ្នកសិទ្ធិមនុស្សអំពាវនាវឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើអ្នកសារព័ត៌មាន និងដោះលែងអ្នកសារព័ត៌មានរូបនេះ ដោយសំអាងថា លោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានវីដេអូ លោក ម៉ិច ដ៉ារ៉ា សុំទោស លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត និងទទួលស្គាល់ថាបានបង្ហោះព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គម។
វីដេអូសុំទោសរបស់ លោក ម៉ិច ដារ៉ា ត្រូវបានបណ្ដាញសារព័ត៌មានស្និទ្ធនឹងគ្រួសារត្រកូលហ៊ុន Fresh News ផ្សព្វផ្សាយកាលយប់ថ្ងៃទី២៣ ខែតុលាម្សិលមិញ និងបន្ទាប់ពីតុលាការក្រុងភ្នំពេញបាននាំខ្លួនលោកពីពន្ធនាគារខេត្តកណ្ដាលទៅសាកសួរបន្ថែមអស់ជាច្រើនម៉ោង។
ស្របគ្នានឹងវីដេអូខ្លីនោះក៏មានលិខិតលាយលក្ខណ៍អក្សរ ដែលសរសេរដោយដៃចំនួន ២សន្លឹកផ្ញើទៅលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។ ក្នុងវីដេអូដែលមានរយៈពេល ១ នាទី លោក ម៉ិច ដារ៉ា ក្នុងសំលៀកបំពាក់អ្នកជាប់ឃុំ រៀបរាប់ថា លោកសុំទោសចំពោះការបង្ហោះព័ត៌មានចំនួន៥ លើកនៅលើបណ្ដាញសង្គមរួមទាំងរូបថតរមណីយដ្ឋានបាភ្នំ ដែលគេវាយចោលថា ជាការបង្ហោះព័ត៌មានក្លែងក្លាយ។ លោក ម៉ិច ដារ៉ា បានទម្លាក់កំហុសឱ្យខ្លួនឯងថាបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងការដឹកនាំរបស់រដ្ឋាភិបាល ប៉ះពាល់ដល់ដល់សាធារណជន និងភ្ញៀវបរទេស។
«សុំធ្វើការសុំទោស ចំពោះនូវកំហុសខុសឆ្គងដែលខ្ញុំបានបង្ហោះ ហើយខ្ញុំបាទសូមសន្យាថា នឹងឈប់បង្ហោះនូវព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេសជាតិទៀតហើយ។»
យ៉ាងណាក៏ដោយ វិទ្យុអាស៊ីសេរីមិនទាន់អាចផ្ទៀងផ្ទាត់បញ្ជាក់បានទេ ថារូប និងសំដីសារភាពកំហុសក្នុងវីដេអូនោះ ពិតជារបស់លោក ម៉ិច ដារា ដែលធ្វើឡើងដោយស្ម័គ្រចិត្ត ឬស្ថិតក្រោមការបង្ខិតបង្ខំនោះទេ។
បើទោះជាយ៉ាងណាក្ដី អ្នកជំនាញផ្នែកសារព័ត៌មាន និងអ្នកសិទ្ធិមនុស្សនៅតែចាត់ទុករឿងនេះថា ជាការអនុវត្តសេរីភាពបញ្ចេញមតិ ដែលពុំគួរមានការចាប់ចងលោកដាក់ពន្ធនាគារតាំងពីដំបូង។ ពួកគាត់អំពាវនាវឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងលោក ម៉ិច ដារ៉ា ឱ្យមានសេរីភាព។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា CAMBOJA លោក ណុប វី ប្រាប់វិទ្យុអាស៊ីសេរីថា លោក ម៉ិច ដារ៉ា គួរមានឱកាសកែកំហុសរបស់លោកតាំងពីដំបូង ប្រសិនបើអាជ្ញាធររកឃើញថា មានកំហុសដោយអចេតនា មិនគួរឈានដល់ឃុំឃាំងដាក់ពន្ធនាគារក្រោមបទព្រហ្មទណ្ឌឡើយ។ លោក ណុប វី ដែលបានទៅសួរសុខទុក្ខ លោក ម៉ិច ដារ៉ា ឱ្យដឹងថាស្ថានភាពក្នុងពន្ធនាគារបានធ្វើឱ្យលោកមានបញ្ហាសុខភាពដូចជាកើតរមាស់ ហូបមិនបាន និងដេកមិនលក់ជាប្រចាំ។
លោក ណុប វី៖ «ក្នុងរូបភាពនៃវិជ្ជាជីវៈគួរតែយើងប្រើប្រាស់ច្បាប់ស្ដីពីរបបសារព័ត៌មាន។ ក្នុងករណីនៃការបញ្ចេញមតិដែលធ្វើឡើងដោយប្រជាពលរដ្ឋ ហើយអ្នកសារព័ត៌មានក៏ជាប្រជាពលរដ្ឋ គួរតែមានការស្នើសុំមានការស្នើសុំឱ្យមានការបកស្រាយ គួរតែមានការត្រឹមតែសុំទោសអីទៅបានហើយ បើសិនជាអាជ្ញាធរពាក់ព័ន្ធរកឃើញថា អ្វីដែលជាការបង្ហោះនៅលើបណ្ដាញសង្គមហ្នឹង វាជាព័ត៌មានមួយ ដែលមិនទាន់ត្រឹមត្រូវ»។
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួន លោក ម៉ិច ដារ៉ា បណ្ដោះអាសន្ន នៅពន្ធនាគារខេត្តកណ្ដាល ដោយចោទប្រកាន់លោកពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ចំពោះការបង្ហោះរូបភាពនៅលើបណ្ដាញសង្គម។ កាលពីថ្ងៃទី១៨ ខែតុលា តុលាការដដែលនេះសម្រេចច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់លោក ដារ៉ា ដែលស្នើឡើងដោយសំអាងថា លោកមានបញ្ហាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃ អង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលបានទៅតាមដានការសាកសួរ លោក ម៉ិច ដារ៉ា នៅសាលាដំបូងកាលពីថ្ងៃទី២៣ ខែតុលា លើកឡើងថា ការចាប់ខ្លួនពលរដ្ឋ និងអ្នកសារព័ត៌មានដាក់ពន្ធនាគារ ដោយសារការបញ្ចេញមតិ បន្ទាប់មកក៏មានការចេញវីដេអូសុំទោស បង្ហាញឱ្យឃើញថា សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋនៅតែរងការរឹតត្បិត ហើយប្រព័ន្ធយុត្តិធម៌នៅកម្ពុជានៅតែរងការរិះគន់ថា ការប្រើប្រាស់ក្រមព្រហ្មទណ្ឌ ចាប់មនុស្សដាក់គុកនៅតែមានអាទិភាពខ្ពស់ជាងសេរីភាពបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យមួយនេះ។ លោក អំ សំអាត នៅតែទទូចថា អាជ្ញាធរគួរប្រើប្រាស់ច្បាប់របបសារព័ត៌មានក្នុងករណីរបស់លោក ម៉ិច ដារ៉ា នេះមិនគួរចោទប្រកាន់តាមក្រមព្រហ្មទណ្ឌ។
លោក អំ សំអាត៖ «ជាការបំពានទៅលើសេរីភាពរបស់ពលរដ្ឋដែលមានធានានៅក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាបទដ្ឋានអន្តរជាតិ។ បញ្ហាទាំងអស់ហ្នឹងមិនគួរត្រូវបានចោទប្រកាន់ និងធ្វើការឃុំខ្លួនទេ ផ្ទុយទៅវិញគួរតែត្រូវបានធានាតាមបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្ស ដើម្បីលើកកម្ពស់សេរីភាពជាមូលដ្ឋាន និងសិទ្ធិរបស់ពួកគាត់»។
លោក អំ សំអាត បញ្ជាក់ទៀតថា នៅក្រោយមានវីដេអូសុំទោសនេះមេធាវី លោក ម៉ិច ដារ៉ា អាចដាក់សំណើទៅតុលាការសុំឱ្យដោះលែង និងទម្លាក់ចោលបទចោទប្រកាន់។
និន្នាការចាប់ខ្លួនសកម្មជនដាក់ពន្ធនាគារ បន្ទាប់មកមានការចេញវីដេអូសុំទោស បានកើតមានញឹកញាប់នៅរយៈពេលចុងក្រោយនេះ ដែលនាំឱ្យមានការរិះគន់ថាអាជ្ញាធរប្រើប្រាស់ការចាប់ឃុំខ្លួនដាក់ពន្ធនាគារជាទណ្ឌកម្មបង្ខំឱ្យសកម្មជនទាំងនោះទទួលកំហុសទាំងដែលពួកគេមិនបានប្រព្រឹត្ត។
ករណីអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា អង្គការជាតិ និងអន្តរជាតិ រួមទាំងបណ្ដាទូតប្រទេសលោកសេរីបានថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងទាមទារឱ្យអាជ្ញាធរដោះលែងអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ដោយគ្មានលក្ខខណ្ឌតាំងពីដំបូង។ ពួកគេកោតសរសើរលោក ម៉ិច ដារ៉ា ដែលក្រសួងការបរទេសសហរដ្ឋអាមេរិកផ្ដល់ពានរង្វាន់ថា«ជាវីរបុរសរបាយការណ៍ពីការជួញដូរមនុស្សឆ្នាំ២០២៣ (2023 Trafficking in Persons Report Hero)។
ជាមួយគ្នានេះ ក៏មានការលើកឡើងថា ការចាប់ខ្លួនលោក ម៉ិចដារ៉ា ជាការសងសឹក ដ្បិតការចោទប្រកាន់ និងឃុំខ្លួននេះ ធ្វើឡើងនៅពីរសប្ដាហ៍ក្រោយ ដែលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិមនុស្សសំខាន់របស់គណបក្សកាន់អំណាច លោក លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្មរបស់លោក ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំ ក្នុងជំនួញឆបោកតាមអនឡាញ និងរូបិយប័ណ្ណគ្រីបតូ (Cryptocurrency)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។