សមត្ថកិច្ចចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ ដែលធ្លាប់បានពានពីសហរដ្ឋអាមេរិក គឺលោក ម៉ិច ដារ៉ា

ដោយ ហ៊ុំ ចំរើន
2024.10.01
សមត្ថកិច្ចចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ ដែលធ្លាប់បានពានពីសហរដ្ឋអាមេរិក គឺលោក ម៉ិច ដារ៉ា អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា (ឆ្វេង) ទទួល​ពាន​រង្វាន់ ពីរដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក អែនតូនី ប្លីងខិន (Antony Blinken) នៅ​សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ​២០២៣។
រូប៖ ហ្វេសប៊ុកលោក ម៉ិច ដារ៉ា

សមត្ថកិច្ច​ចាប់​ខ្លួន​អ្នកសារព័ត៌មាន​ឯករាជ្យ ដែល​ធ្លាប់​ទទួល​ពាន​រង្វាន់​ពី​រដ្ឋាភិបាល​អាមេរិក​គឺ​លោក ម៉ិច ដារ៉ា នៅ​រសៀល​ថ្ងៃទី៣០ ខែ​កញ្ញា​នេះ ក្នុង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។ មក​ដល់​ពេល​នេះ គ្រួសារ​របស់​លោក​មិន​ទាន់​ដឹង​ថា លោក ម៉ិច ដារ៉ា ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​នៅ​កន្លែង​ណា​នៅ​ឡើយ​ទេ។

សង្គមស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ផ្ដល់​ព័ត៌មាន​ដល់​គ្រួសារ​ពាក់ព័ន្ធ​នឹង​ហេតុផល​នៃ​ការ​ចាប់​ខ្លួន និង​កន្លែង​ឃុំខ្លួន​លោក ម៉ិច ដារ៉ា ឱ្យ​ស្រប​តាម​ច្បាប់ ដើម្បី​កុំ​ឱ្យ​គ្រួសារ​របស់​លោក​ព្រួយ​បារម្ភ

អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​រសៀល ថ្ងៃ​ចន្ទ ទី៣០ កញ្ញា​នេះ អំឡុង​ពេល​លោក​ឈប់​រថយន្ត​នៅ​បញ្ជរ​បង់​ប្រាក់ នៅ​លើ​ផ្លូវ​ ល្បឿន​លឿន ក្នុង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ល្ងាច​ថ្ងៃទី៣០ ខែកញ្ញា ថា លោក ម៉ិច ដារ៉ា បាន​ផ្ញើ​សារ​ពី​ការ​ចាប់​ខ្លួន​លោក​មក​កាន់​អង្គការ​លីកាដូ នៅ​មុន​ពេល​ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​ដក​ហូត

តាម​ការ​ឱ្យ​ដឹង​របស់​លោក អំ សំអាត មក​ដល់​ពេល​នេះ អង្គការ​លីកាដូ​មិន​ទាន់​ដឹង​ថា សមត្ថកិច្ច​បញ្ជូន​លោក ម៉ិច ដារ៉ា ទៅ​ទីណា​និង​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន​រូប​នេះ ពី​រឿង​អ្វី​ឡើយ

លោក អំ សំអាត៖ «អង្គការ​លីកាដូ​កំពុង​តែ​ធ្វើ​ការងារ​រឿង​នេះ​បន្ត។ អង្គការ​សង្គម​ស៊ីវិល​សូម​ឱ្យ​អាជ្ញាធរ បង្ហាញ​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន ក៏​ដូច​ជា​កន្លែង​​នៃ​ការ​ឃាត់​ខ្លួន​ឬ ឃុំ​ខ្លួន​លោក ម៉ិច ដារ៉ា ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​របស់​លោក ម៉ិច ដារ៉ា ហ្នឹង បាន​ដឹង​ផង ដើម្បី​កុំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្តិ​ភាព​របស់​លោក ម៉ិច ដារ៉ា»

មុន​ពេល​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា បាន​បង្ហោះ​រូបភាព​ពីរ​សន្លឹក​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​អំពី​ទិដ្ឋភាព​នៅ​បាភ្នំ ក្នុង​ខេត្តព្រៃវែង ដើម្បី​ប្រៀប​ធៀប​គ្នា។

រូបភាព​មួយ​សន្លឹក​លោក​ថា ជា«បាភ្នំពីដើម» ដែល​មាន​សភាព​ធម្មជាតិ​ល្អ​បំព្រង​ គ្មាន​ការ​បំផ្លាញ និង​មួយ​សន្លឹក​ទៀត​ជា«បាភ្នំឥឡូវ» ដែល​មាន​ទិដ្ឋភាព​ឈូស​​ភ្នំ ជាប់​រូប​ឡាន​ដឹក​ដី​ធ្វើ​ឱ្យ​ខូច​ភ្នំ​យ៉ាង​ដំណំ ហើយ​លោក ម៉ិច ដារ៉ា សរសេរ​ខ្លី​លើ​រូប​ភាព​ថា «ការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ»

ប៉ុន្តែ​ការ​បង្ហោះ​នេះ ត្រូវ​បាន​រដ្ឋបាល​ស្រុក​បាភ្នំ​ច្រានចោល និង​ចោទ​លោក ម៉ិច ដារ៉ា ថា ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ហើយ​រដ្ឋបាល​ស្រុក​បាភ្នំ​នៅ​ក្នុង​វីដេអូ​ជិត ៤នាទី បាន​ស្នើ​ឱ្យ​ក្រសួង​ព័ត៌មាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​លោក ម៉ិច ដារ៉ា។

វីដេអូ​របស់​រដ្ឋបាល​ស្រុក​បាភ្នំ ត្រូវ​បាន​ក្រសួង​ព័ត៌មាន អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល និង​ទំព័រ​ហេ្វសប៊ុក​មួយ​ចំនួន​ទៀត​របស់​រដ្ឋាភិបាល និង​គណបក្ស​ ប្រជាជនកម្ពុជា យក​មក​ផ្សព្វផ្សាយ​បន្ត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ព្រោងព្រាត

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ ទាក់ទង​នឹង​ការ​ចាប់ខ្លួន​លោក ម៉ិច ដារ៉ា ពី អ្នកនាំពាក្យ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី និង​ប្រធាន​ក្រុម​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា រួម​ទាំង​អភិបាល​ខេត្តកោះកុង​អ្នកស្រី មិថុនា ភូថង បាន​នៅ​ឡើយ​ទេ នៅថ្ងៃទី៣០ ខែកញ្ញា។

ប៉ុន្តែ​លោក អេង ហ៊ី ប្រាប់​ទៅ​សារព័ត៌មាន​ខេមបូចា​នៅថ្ងៃទី៣០ ខែ​កញ្ញា ថា ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​តាម​ដីកា​ចាប់​ខ្លួន ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា នរណា​ ជា​ដើម​បណ្តឹង និង​ថា​តើ​អ្នក​សារព័ត៌មាន​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ណា​នោះ​ទេ។

បណ្ដាញ​ព័ត៌មាន​ខេមបូចា ដែល​ដក​ស្រង់​សម្ដី​របស់​សាច់​ញាតិ​លោក ម៉ិច ដារ៉ា ឱ្យ​ដឹង​ថា អាជ្ញាធរ​ចាប់​ខ្លួន​លោក​ដោយ​មាន​ដីកា ប៉ុន្តែ​ពួកគាត់​មិន​បាន​ឃើញ​ដីកា​នោះ​ទេសមាជិក​គ្រួសារ​ដែល​ស្ថិត​ក្នុង​រថយន្ត​ជាមួយ​លោក ម៉ិច ដារ៉ា បាន​និយាយ​ថា នៅ​ពេល​ដែល​រថយន្តកំពុង​តម្រង់​ជួរ​នៅ​បញ្ជរ​បង់ប្រាក់ កម្លាំង​អាវុធហត្ថ​បាន​មក​ដល់ ដោយ​មាន​រថយន្ត​៦​គ្រឿង​ក្នុង​នោះ​មួយ​គ្រឿង​ជា​រថយន្ត កង​រាជអាវុធហត្ថ និង​​៥​គ្រឿង​ទៀត ជា​រថយន្ត​ស៊ី​វិល។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​គ្រួសារ​លោក ម៉ិច ដារ៉ា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី៣០ ខែ​កញ្ញា។ លោក ម៉ិច ដារ៉ា ធ្លាប់​ជា​អ្នក​សារព័ត៌មាន​នៅ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន ដូចជា សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD)

លោក ម៉ិច ដារ៉ា ជា អ្នកសារព័ត៌មាន​កម្ពុជា ដែល​រាយការណ៍​យ៉ាង​សកម្ម ពី​ការ​ជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ឆ្នាំ២០២៣ លោក​បាន​ឈ្នះ​ពាន​រង្វាន់​របស់​ក្រសួង​ការបរទេស នៃ​សហរដ្ឋ​អាមេរិក ស្ដីពី​ការ​រាយការណ៍​នៃ​អំពើ​ជួញដូរ​មនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។