អ្នក​ឃ្លាំ​មើល​ថា​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ និយាយ​ភូត​កុហក​ពិភព​លោក​ថា​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ

ដោយ មាន ឫទ្ធិ
2024.09.29
អ្នក​ឃ្លាំ​មើល​ថា​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ និយាយ​ភូត​កុហក​ពិភព​លោក​ថា​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិ​ការ​អន្តរជាតិ លោក សុខ ចិន្តាសោភា​ ថ្លែង​នៅ​​​មហាសន្និបាត​​​អង្គការ​សហប្រជាជាតិ​ លើក​ទី៧៩​ នៅ​ទី​ក្រុង​ញូវយ៉ក (New York City) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​ ២៨​ ខែ​កញ្ញា​ ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុក​ក្រសួង​ការបរទេស​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក សុខ ចិន្តាសោភា ប្រាប់​ពិភព​​លោក​ថា កម្ពុជា​គាំទ្រ​លើ​គោលការណ៍​​មិន​ទុក​នរណា​ម្នាក់​ចោល​​​​ ហើយ​កម្ពុជា​គឺ​ជា​ប្រទេស​ប្រកាន់​យក​​ការ​គោរព​សិទ្ធិមនុស្ស​ និង​មាន​នីតិរដ្ឋ។ ទោះ​ជា​យ៉ាង​ណា​​ អ្នក​ឃ្លាំ​មើល​សង្គម​ថា ការ​លើក​ឡើង​របស់​ លោក សុខ ចិន្តាសោភា​ គឺ​ជា​ការ​អួត​អាង​ខុស​​ពី​ការ​ពិត។

ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិ​ការ​អន្តរជាតិ លោក សុខ ចិន្តាសោភា​ កាល​ពី​ថ្ងៃ​ទី​ ២៨​ ខែ​កញ្ញា​ ថ្លែង​នៅ​​​មហាសន្និបាត​​​អង្គការ​សហប្រជាជាតិ​ លើក​ទី៧៩​ នៅ​ទី​ក្រុង​ញូវយ៉ក (New York City) សហរដ្ឋអាមេរិក ​ថា រដ្ឋាភិបាល​បាន​​​​​​អនុវត្ត​​យុទ្ធសាស្ត្រ​​បញ្ចកោណ​ ដែល​មាន​គោល​បំណង​កសាង​កម្ពុជា​អោយ​ទៅ​ជា​សង្គម​ដែល​មាន​ភាព​យុត្តិធម៌ និង​រស់រវើក ដែល​អាច​កសាង​សន្តិភាព​បាន​យូរ​អង្វែង​ ស្ថិរភាព​នយោបាយ អភិបាល​កិច្ច​ល្អ​ និង​ការ​គោរព​នីតិរដ្ឋ។ លោក​​អះអាង​ថា​​ដើម្បី​សម្រេច​គោលដៅ​នេះ​ កម្ពុជា​បាន​បាន ផ្ដល់​​អាទិភាព​ខ្ពស់​លើ​ការ​កសាង​ធនធាន​មនុស្ស​ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អោយ​បាន​ស៊ីជម្រៅ​ និង​ច្រើន​ប្រភេទ​​ដូចជា​ការ​ដឹក​ជញ្ជូន​ និង​ថាមពល និង​ការ​​ពន្លឿន​ការ​អភិវឌ្ឍ​ប្រព័ន្ធ​រដ្ឋាភិបាល​ សេដ្ឋកិច្ច​ និង​សង្គម​ឌីជីថល​ជា​ដើម។

លោក សុខ ចិន្តាសោភា«ឥឡូវ​នេះ​ខ្ញុំ​សូម​និយាយ​អំពី​ប្រធានបទ ការ​មិន​ទុក​នរណា​ម្នាក់​ចោល​​ ដោយ​សារ​តែ​​អតីតកាល​ដ៏​ខ្មៅ​ងងឹត​របស់​កម្ពុជា។ យើង​ជឿ​ជាក់​ថា សន្តិភាព​គឺ​ជា​តម្រូវ​ការ​ជា​មុន​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ ជា​ពិសេស​ការ​អភិវឌ្ឍន៍​ដែល​មាន​និរន្តរភាព​ និង​រួម​បញ្ចូល​មនុស្ស​ទាំង​អស់​គ្នា។ ប្រទេស​កម្ពុជា​មើល​ឃើញ​ថា​ការ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​សម្រាប់​បុគ្គល​គ្រប់​រូប​គឺ​ជា​ភាព​ចាំបាច់​ដាច់​ខាត»

ទោះ​ជា​យ៉ាង​ណា​ អ្នក​​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី លើក​ឡើង​ថា ប្រទេស​​មួយ​ចំនួន​​ដែល​រង​ការ​រិះគន់​ពី​អន្តរជាតិ​ថា ជា​ប្រទេស​ផ្ដាច់ការ​ ឬ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ដើម​នោះ នឹង​​មិន​លើក​ឡើង​ពី​ចំណុច​​ខ្វះខាត​របស់​ខ្លួន​នៅ​លើ​វេទិកា​អន្តរជាតិ​​នោះ​ទេ។ លោក​ថា ប្រទេស​ទាំង​នោះ ​រួម​ទាំង​កម្ពុជា​​ផង​ដែរ​ចូល​ចិត្ត​អួត ពី​ការ​​​​អភិវឌ្ឍ​ និង​អះអាង​ថា ខ្លួន​ប្រកាន់​ជំហរ​អព្យាក្រឹត្យ។

លោក សេង វ៉ាន់លី«ឃើញ​ថា កម្រ​មាន​ប្រទេស​​ណា​ដែល​មាន​របប​នយោបាយ​ផ្ដាច់ការ​ ឬ​​ក៏​ទូទាំង​ពិភព​លោក​ដែល​មាន​​មេ​ដឹក​នាំ​ប្រទេស​ផ្ដាច់​ការ​​ ឬ​ផ្ដាច់ការ​និយម​ រំលោភ​សិទ្ធិ​ប្រជា​ពល​រដ្ឋ​​​ និង​លំហ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ​ហ្នឹង គឺ​គេ​កម្រ​និយាយ​អំពី​បញ្ហា​ផ្ទាល់​ខ្លួន​ណាស់​ គេ​ច្រើន​តែ​និយាយ​ជា​វោហារសាស្ត្រ​​​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​បង្កើត​រូបភាព​ថា ប្រទេស​ខ្លួន​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស​ និង​ការ​អភិវឌ្ឍ​​ប្រកប​ដោយ​បរិយាបន្ន»

ចំណែក​​ ប្រធាន​សមាគម​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី លោក ជា យូហ៊ន មាន​ប្រសាសន៍​ថា ការ​ដែល​​ លោក​ សុខ ចិន្តាសោភា​ ថ្លែង​ប្រាប់​ពិភព​លោក​ថា ប្រទេស​កម្ពុជា​មាន យុត្តិធម៌ អភិបាល​កិច្ច​ល្អ​ និង​ការ​គោរព​នីតិរដ្ឋ​​គឺ​ជា​ការ​​ភូតភរ​​ទាំង​ដែល​ពិភពលោក​​មិន​ជឿ​នោះ​ទេ។ លោក​ថា ចាប់​តាំង​ពី​​​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​ដំណែង​មក​​​​​ រដ្ឋាភិបាល​លោក​បាន​​​រំលោភ​សិទ្ធិ​មនុស្ស​​មិន​ខុស​ពី​ឪពុក​លោក​​ គឺ​លោក ហ៊ុន សែន ដោយ​បាន​​ចាប់​​ខ្លួន​​សកម្មជន​បរិស្ថាន​ សកម្មជន​សង្គម​ និង​មន្ត្រី​​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់។

លោក ជា យូហ៊ន«ការ​ពិត​ហ្នឹង​យើង​ឃើញ​ហើយ​​​ ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​​ គឺ​គ្មាន​យុត្តិធម៌​សោះ​ហើយ​ ហើយ​យុត្តិធម៌​ហ្នឹង​សម្រេច​នៅ​លើ​បបូរមាត់​ លោក ហ៊ុន សែន ឬ​លោក​ ហ៊ុន ម៉ាណែត​ ដែល​​និយាយ​ហ្នឹង​ លោក​ ហ៊ុន សែន​ និយាយ​​ថា យ៉ាង​ម៉េច​​គឺ​តុលាការ​​កាត់​តែ​អ៊ីចឹង​ ហើយ​មិន​ដែល​ឃើញ​តុលាការ​កាត់​ពួក​គណបក្ស​នយោបាយ​ គណបក្ស​ប្រឆាំង​​ឱ្យ​រួច​ខ្លួន​ម្ដង​ទេ​ ដូច្នេះ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​គ្មាន»

បណ្ដា​​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ នៅ​កិច្ច​ប្រជុំ​ដំណើរ​ការ​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់​ហៅ​កាត់​ថា (UPR) របស់​អង្គការ​សហ​ប្រជាជាតិ​ នៅ​ថ្ងៃ​ទី៨ ខែ​ឧសភា កន្លង​ទៅ​បាន​​រិះគន់​មក​លើ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ហើយ​សិទ្ធិ​សេរីភាព​កាន់​តែ​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ បណ្ដា​ប្រទេស​ទាំងនោះ​ក៏​ទាមទារ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​មនសិការ​ជា​ពិសេស​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ លោក កឹម សុខា ។ បន្ថែម​ពី​នេះ ពួកគេ​ក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​ឱ្យ​បាន​នូវ​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ​ សេរី និង​យុត្តិធម៌ ព្រម​ទាំង​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឱ្យ​មាន​ភាព​ឯករាជ្យ និង​មិន​លំអៀង ស្រប​តាម​ស្តង់ដារ​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។