ក្រសួងព័ត៌មានព្រមានបិទគេហទំព័រចំនួន ៣ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានមិនពិត
ក្រសួងព័ត៌មានព្រមានបិទការផ្សព្វផ្សាយ និងការធ្វើអាជីវកម្មរបស់គេហទំព័រចំនួន ៣ ដោយអះអាងថា ស្ថាប័នទាំងនោះពាក់ព័ន្ធនឹងការផ្សាយព័ត៌មានមិនពិត។ សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានចុះថ្ងៃទី២៦ ខែមីនា ឲ្យដឹងថា គេហទំព័រទាំង ៣នោះ រួមមាន គេហទំព័រឈ្មោះ កងមាស ញូវ (www.kangmeasnews.com) របស់លោក ឆុំ ដានី គេហទំព័រឈ្មោះ ឥន្ទ្រី ផ្លឹសញូវ (www.intriplus.news) របស់លោក ពឿន ប៊ុនធឿន និងគេហទំព័រឈ្មោះ FBR hot news (www.fbrtvhotnews.com) ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់សុំការពន្យល់អំពីរឿងនេះ ពីម្ចាស់សារព័ត៌មាន អនឡាញ (Online News)ទាំង ៣នាក់ ដើម្បីសុំបកស្រាយជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី២៩ មីនា។
ប៉ុន្តែក្រសួងព័ត៌មានបញ្ជាក់ថា នេះជាការព្រមាននេះជាលើកចុងក្រោយហើយ ដោយក្រសួងចោទថា ពួកគេផ្សព្វផ្សាយព័ត៌មានដោយមិនមានមូលដ្ឋានច្បាស់លាស់មិនមានតុល្យភាព ដែលនាំឱ្យសាធារណមតិមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នសាធារណៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។