យុវជន​ចលនា​មាតា​ធម្មជាតិ​បដិសេធ​ការ​ចោទ​ប្រកាន់​រឿង​ប្រមាថ​ព្រះមហាក្សត្រ​និងរដ្ឋាភិបាល

ដោយ ថា ថៃ
2024.05.29
យុវជន​ចលនា​មាតា​ធម្មជាតិ​បដិសេធ​ការ​ចោទ​ប្រកាន់​រឿង​ប្រមាថ​ព្រះមហាក្សត្រ​និងរដ្ឋាភិបាល យុវជនចលនាមាតាធម្មជាតិ​ ក្នុងសំលៀកបំពាក់​ស ដើរក្បួនមកចូលរួមសវនាការនៅសាលាដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ឧសភា ២០២៤។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សកម្មជន​ចលនា​មាតា​ធម្មជាតិ​អះអាង​ក្នុង​សវនាការ​ថា ពួក​គេ​មិន​បាន​ធ្វើ​សកម្មភាព​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ឬ​ប្រឆាំង​រដ្ឋាភិបាល ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នា​ពេល​កន្លង​មក​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​ថា សកម្មភាព​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​មិន​មាន​កំហុស និង​ជា​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៥នាក់ ក្នុង​ចំណោម ១០នាក់ នៅ​ថ្ងៃ​ទី២៩ ខែឧសភា បាន​ឡើង​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​កោះ​ហៅ​របស់​ព្រះរាជអាជ្ញា​រង លោក សេង ហៀង ដើម្បី​ឆ្លើយ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់»

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥នាក់ រួម​មាន កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​លោក លី ចាន់ដារ៉ាវុត។ ក្នុង​ពេល​ឡើង​សវនាការ​នោះ ពួក​គេ​បាន​ស្លៀក​សំលៀក​បំពាក់​មួយ​ឆុត​សរ​ក្នុង​ន័យ ដើម្បី​បង្ហាញ​ពី​សោកនាដកម្ម នៃ​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ។ លើស​ពី​នេះ លោក ថុន ថុនរដ្ឋា និង​លោក យីម លាងហ៊ី បាន​កោរសក់ ដើម្បី​បង្ហាញ​ពី​ការ​លះបង់​របស់​ពួក​គេ ដើម្បី​ការងារ​សង្គម និង​ដើរ​កាន់​ផ្កា​ឈូក ដើម្បី​សម្ដែង​នូវ​អហោសិកម្ម ឬ​មិន​មាន​គំនុំ​គុំកួន​ជា​មួយ​បុគ្គល​ណា​ម្នាក់​ជា​ដើម។ រីឯ កញ្ញា ស៊ុន រដ្ឋា លោក ពក ខើយ លោក ប៉ិញ ពិសិដ្ឋ លោកស្រី រ៉ី រក្សា និង​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) បាន​អវត្តមាន​ក្នុង​សវនាការ។ ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន ជនជាតិ​អេស្ប៉ាញ (Spanish) ត្រូវ​បាន​រដ្ឋាភិបាល​បណ្ដេញ​ចេញ និង​ហាម​ឃាត់​មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ២០១៥។

Mother_Nature_go_to_court_052924_1.jpg
សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៥នាក់ ក្នុង​ចំណោម ១០នាក់ នៅ​ថ្ងៃ​ទី២៩ ខែឧសភា បាន​ឡើង​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​កោះ​ហៅ​របស់​ព្រះរាជអាជ្ញា​រង លោក សេង ហៀង ដើម្បី​ឆ្លើយ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់»។ រូបពីពលរដ្ឋ

សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​ជា​ប្រធាន​ស្ដី​ទី​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក យីម លាងហ៊ី លើក​ឡើង​ថា តុលាការ​បាន​សាក​សួរ​សំណួរ​ជា​ទូទៅ​ពាក់​ព័ន្ធ​នឹង​សកម្មជន​ម្នាក់ៗ និង​ក្រោយ​មក​តុលាការ​បាន​សួរ​ទៅ​កាន់​លោក​តែ​ម្នាក់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​របស់​លោក​ជា​មួយ​ក្រុម​ចលនា​មាតា​ធម្មជាតិ នា​ពេល​កន្លង​មក។ លោក​បាន​អះអាង​ថា សកម្មភាព​របស់​លោក និង​សកម្មភាព​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ផ្សេង​ទៀត ដែល​បាន​ធ្វើ​កន្លង​មក គឺ​ដើម្បី​ការ​ពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ដល់​កូន​ចៅ​ជំនាន់​ក្រោយ។

លោក យីម លាងហ៊ី បាន​បញ្ជាក់​ក្នុង​សវនាការ​ថា សកម្មជន​ចលនា​មាតា​ធម្មជាតិ​មិន ដែល​ប្រព្រឹត្ត​សកម្មភាព​ណា​មួយ​ប្រមាថ​ទៅ​លើ​អង្គ​ព្រះមហាក្សត្រ ឬ​ប្រឆាំង​រដ្ឋាភិបាល​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​កន្លង​មក​នោះ​ទេ។

លោក យីម លាងហ៊ី«ជា​ភស្តុតាង​អាច​លើក​ឡើង​វិញ អំពី​កិច្ចប្រជុំ​កន្លង​មក ប៉ុន្តែ មិន​ជា​ធ្ងន់ធ្ងរ​ទេ ពី​ព្រោះ​ដូច​បញ្ជាក់​ឡើង​វិញ អ៊ីចឹង​គ្រប់​ការងារ​របស់​មាតា​ធម្មជាតិ​ធ្វើ​ក្នុង​គោល​បំណង​ការពារ​បរិស្ថាន​តែ​ប៉ុណ្ណឹង គឺ​អត់​មាន​ទៅ​កៀរគរ​រក​ប្រមូល​ប្រជាពលរដ្ឋ ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ​ក៏​ចង់​ឱ្យ​ស្អប់​នរណា សូម្បី​តែ​ស្អប់ ក៏​ចលនា​មាតា​ធម្មជាតិ​មិន​មាន​គោលការណ៍​ណា​ឱ្យ​បុគ្គល​ណា​ម្នាក់​ស្អប់​បុគ្គល​ណា​ម្នាក់​ដែរ»

ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ អ្នកស្រី អ៊ុក រ៉េតគន្ធា បិទ​បញ្ចប់​ការ​សាកសួរ​ត្រឹម​លោក យីម លាងហ៊ី នឹង​សម្រេច​បន្ត​សវនាការ នៅ​ថ្ងៃ​ទី៥ ខែមិថុនា ។ សវនាការ​នេះ ក៏​មាន​មន្ត្រី​តំណាង​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា មន្ត្រី​តំណាង​អង្គការ​សហប្រជាជាតិ និង​សង្គម​ស៊ីវិល​ចូលរួម​ឃ្លាំមើល​ផង​ដែរ។

នៅ​ខាង​ក្រៅ​សវនាការ​វិញ​ ប្រពន្ធ​សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ដែល​បាន​បី​កូន​អាយុ ៥ខែ​មក​គាំទ្រ​ប្ដី​ថ្លែង​ថា លោកស្រី នៅ​តែ​បារម្ភ​ថា តុលាការ​អាច​នឹង​ចាប់​ខ្លួន​ប្ដី​លោក​ស្រី​ម្ដង​ទៀត បើ​ទោះ​ជា​លោក​ស្រី​ដឹង​ថា សកម្មភាព​របស់​ប្ដី​លោក​ស្រី​កន្លង​មក មិន​បាន​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់​ក៏​ដោយ។

លោកស្រី ប៉ាត់ រស្មី«និយាយ​ទៅ​ខ្ញុំ​ស្នើ​សុំ​ឱ្យ​តុលាការ​ទម្លាក់​រាល់​បទ​ចោទ​ប្រកាន់​លើ​រូប​ពួក​គាត់​ទាំង​អស់​គ្នា ព្រោះ​ពួក​គាត់​សុទ្ធ​តែ​អ្នក​ស្រឡាញ់​ធនធាន​ធម្មជាតិ អ្នក​ការពារ​ធនធាន​ធម្មជាតិ ដើម្បី​បន្សល់​ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​នឹង​បាន​ឃើញ ហើយ​បាន​នៅ​គង់វង្ស»

ពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​ពី​បឹង​តាមោក​ យុវជន និង​ព្រះសង្ឃ​ជាង ១០អង្គ/នាក់ បាន​មក​គាំទ្រ និង​លើក​បដា ដែល​មាន​អត្ថន័យ​ថា «ពួក​យើង​គាំទ្រ​មាតា​ធម្មជាតិ» «ការងារ​ការ​ពារ​បរិស្ថាន​មិន​មែន​ជា​រឿង​ខុស​ច្បាប់» ជា​ដើម។

និស្សិត​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កញ្ញា រៀម ស្រីពេជ្យរតនា ឱ្យ​ដឹង​ថា កញ្ញា​មក​ចូល​រួម​គាំទ្រ ដោយសារ​តែ​កញ្ញា​យល់​ថា បទ​ចោទ​របស់​តុលាការ​នេះ​ផ្ទុយ​នឹង​សកម្មភាព​ជាក់​ស្ដែង​របស់​ចលនា​មាតា​ធម្មជាតិ ដែល​បាន​ធ្វើ ដើម្បី​បរិស្ថាន និង​ពលរដ្ឋ​ខ្មែរ។

កញ្ញា រៀម ស្រីពេជ្យរតនា«ពួក​យើង​ឃើញ​សកម្មភាព​មួយ ដែល​ពួក​គាត់​ធ្វើ ហើយ​ពួក​យើង​យក​ជា​គំរូ​ភាព ពួក​យើង​គោរព​ពួក​គាត់។ ប៉ុន្តែ ហេតុ​អី​ពេល​យើង​ទទួល​បាន​ដំណឹង​ថា ពួក​គាត់​ជាប់​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ ក៏​ដូច​ជា បទ​ចោទ​រួម​គំនិត​ក្បត់​ពួក​យើង​ចាប់​ផ្ដើម​មាន​អារម្មណ៍​មួយ​ថា ពួក​យើង​ប្រសិន​អត់​បាន​មក​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់ ឬ​មក​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​ពួកគាត់​ទេ ពួក​យើង​ប្រហែល​ជា​មនុស្ស​អាត្មានិយម»

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ធ្លាប់​ទទួល​បាន​ពានរង្វាន់​អន្តរជាតិ​ចំនួន​ពីរ គឺ​ពានរង្វាន់​អ្នក​ការពារ​ជួរ​មុខ ពី​អង្គការ Front Line Defenders និង​ពានរង្វាន់ រ៉ាយឡាយលីហ៊ូត (Right Livelihood) ពី​ប្រទេស​ស៊ុយអែត (Sweden) ចំពោះ​ភាព​ក្លាហាន និង​ការ​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់ ដើម្បី​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា។

វិទ្យុ​អាស៊ី​សេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ទេ នៅ​ថ្ងៃ​ទី២៩ ខែឧសភា។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត​ ដែល​បាន​ឃ្លាំ​មើល​ក្នុង​សវនាការ​មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​សវនាការ​ទើប​នឹង​បន្ត​សាកសួរ​ជា​ថ្មី​ក្ដី ប៉ុន្តែ​អង្គការ​ជាតិ និង​អន្តរជាតិ​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​នា​ពេល​កន្លង​មក​ថា ជា​ការ​រំលោភ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ។

លោក អំ សំអាត«គេ​ចាត់​ទុក​ថា ការ​ឃុំ​ខ្លួន និង​ការ​ចោទ​ប្រកាន់​ហ្នឹង វា​ជា​រឿង​រំលោភ​ទៅ​លើ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ជា​ពិសេស ពួក​គាត់ ដែល​ជា​យុវជន​នៅ​ក្នុង​ការ​ចូល​រួម​សកម្ម​នៅ​ក្នុង​កិច្ច​ការ​ធនធាន​ធម្មជាតិ បរិស្ថាន​នេះ គួរ​ត្រូវ​បាន​លើក​ទឹក និង​មិន​គួរ​ត្រូវ​បាន​ចោទ​ប្រកាន់»

ក្នុង​ចំណោម​សកម្មជន ដែល​តុលាការ​កោះហៅ​នៅ​ពេល​នេះ មាន ៣នាក់ ធ្លាប់​ជាប់​ពន្ធនាគារ​ជាង ១ឆ្នាំ ក្រោម​បទ​ប្រកាន់ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា ហើយ​តុលាការ​បាន​បន្ថែម​បទ​ចោទ «រួម​គំនិត​ក្បត់» មួយ​ករណី​ទៀត ពេល​អ្នក​ទាំង៣ កំពុង​ជាប់​ពន្ធនាគារ។

ចំណែក​កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត និង​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «រួមគំនិតក្បត់» និង «ប្រមាថ​អង្គ​ព្រះមហាក្សត្រ» ក្នុង​នោះ​កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុត ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​អស់​រយៈពេល ៥ខែ។ តុលាការ​បាន​ដោះលែង​ពួក​គេ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous PP095
May 30, 2024 04:00 AM

As a Cambodian, from the day I get to know this society, I never saw any Environmental Activist has a good future or experience social freedom of speech on his/her regards. With the law existing to this day, it only favors the winning party (everybody knows). However, there's no true hero who could influent this kind of mindset to most people, as Cambodian just seek for safe and warm shelter with unfair carrier condition... that's how i live today....