សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ​ទទួល​បាន​​ពាន​រង្វាន់​​សកម្មជន​​ជួរ​មុខ​​ពី​​អន្តរជាតិ

ដោយ មួង ណារ៉េត
2021-11-24
Share
សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ​ទទួល​បាន​​ពាន​រង្វាន់​​សកម្មជន​​ជួរ​មុខ​​ពី​​អន្តរជាតិ សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិដែលជាប់ពន្ធនាគារកន្លងមក (ឆ្វេងលើ) លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវ​រស្មី លោក លី ចាន់ដារ៉ាវុធ កញ្ញា ស៊ុន រដ្ឋា និងលោក យីម លាងហ៊ី។
រូប៖ បណ្តាញសង្គម

សកម្មជន​ចលនា​មាតា​ធម្មជាតិ​កាលពី​ថ្ងៃ​ទី​​២៤​ ​ខែ​​វិច្ឆិកា​ ​ទទួល​បាន​ពានរង្វាន់​ពី​អង្គការ​អន្តរជាតិ​ ​Frontline​ ​Defenders ​ចំពោះ​ភាព​ក្លាហាន​ ​និង​ការ​ហ៊ាន​ប្រថុយប្រថាន​គ្រោះថ្នាក់​ ​ដើម្បី​ការពារ​បរិស្ថាន​ ​និង​ធនធានធម្មជាតិ​នៅ​កម្ពុជា​។​ ​ពួកគាត់​ ​ថា​ពានរង្វាន់​នេះ​ ​លើកទឹកចិត្ត​ពួកគាត់​និង​យុវជន​ដទៃ​ ​ឲ្យ​បន្ត​សកម្មភាព​ឈឺឆ្អាល​រឿង​បរិស្ថាន​ ​និង​ធនធានធម្មជាតិ​ ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ ​បង្ហាញ​អារម្មណ៍​ចម្រុះ​ ​ក្រោយ​ទទួល​បាន​ពានរង្វាន់​អន្តរជាតិ​នោះ​។​ ​ពួកគាត់​ត្រេកអរ​ ​លាយឡំ​នឹង​ការ​សោកស្តាយ​។​ ​ពួកគាត់​រំភើប​ចិត្តខ្លាំង​ ​ព្រោះ​ពួកគាត់​មិន​រំពឹង​ទុក​ថា ​ទទួល​បាន​រង្វាន់​ជា​លក្ខណៈ​អន្តរជាតិ​បែប​នេះ​នោះ​ឡើយ​។​

yim_leang_hy_ly_daravuth_phuon_keo_reaksmey_thon_ratha_long_kunthea_sun_ratha_released_111221_2.jpg
យុវជនបរិស្ថាននៃចលនាមាតាធម្មជាតិ (រាប់ពីឆ្វេងទៅស្ដាំ) លោក យឹមលាងហ៊ី លោក លី ច័ន្ទដារ៉ាវុធ កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​​កញ្ញា ស៊ុន រដ្ឋា ជា​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ពេលចេញពីពន្ធនាគារព្រៃស នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

សមាជិក​នៃ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ ​យុវតី​ ​ស៊ុន​ ​រដ្ឋា​ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​កាលពី​ថ្ងៃ​ទី​​២​៤​ ​ខែ​វិច្ឆកា​ ​ថា​អ្វី​ដែល​ក្រុម​យុវជន​ពួកគាត់​បាន​ធ្វើ​ ​ផ្នែកការ​ពារ​បរិស្ថាន​ ​និង​ធនធានធម្មជាតិ​នោះ​ ​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​។​ ​ប៉ុន្តែ​​កញ្ញា​ខកចិត្ត​ដែល​សកម្មភាព​ឈឺឆ្អាល​កិច្ចការ​សង្គម​ ​ដើម្បី​ប្រយោជន៍​រួម​បែប​នេះ​ ​បែរជា​ត្រូវ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​កម្ពុជា​ខ្លួនឯង​ ​មិន​ត្រឹមតែ​មើល​រំលងនោះ​ទេ​ ​ប៉ុន្តែ​តាម​ធ្វើទុក្ខបុកម្នេញ​ក្រុម​ការងារ​របស់​កញ្ញា​ឥត​ស្រាកស្រាន្ត​ទៅវិញ​៖ «ស្របពេលហ្នឹងយើងក៏មានអារម្មណ៍​ ​ស្រងាកចិត្ត​ ​និងសោកស្ដាយខ្លាំងមែនទែន​ ​នៅពេលដែលយើងខំធ្វើការងារទាំងអស់ហ្នឹង​ ​យើងបែរត្រូវទទួលការចាប់ដាក់ពន្ធនាគា​ ​ជារង្វាន់របស់សកម្មជនបរិស្ថាន​ ​នៅក្នុងពន្ធនាគារយៈពេលដូចគ្នាខ្ញុំខ្លះ​ ​ឡើងមួយឆ្នាំជាង​ ​ហើយពួកខ្ញុំនៅប្រាំខែ​ ​ទោះបីទទួលបានការនៅក្រៅឃុំបណ្តោះអាសន្ន​ ​មិនមែនមានន័យថា​ ពួកខ្ញុំមានសេរីភាពឡើងវិញទេ​ ​ពួកខ្ញុំស្ថិតក្រោមការតាមដានយ៉ាងតឹងរ៉ឹង»។

យុវជន​ចលនា​មាតា​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុងចំណោម​ក្រុមសកម្ម​ជន​បរិស្ថាន​​និង​សិទ្ធិមនុស្ស​ពី​ប្រទេស​ចំនួន​ ​៦​ ​រួម​មាន​ ​កម្ពុជា​ ​ប៉ាឡេស្ទីន​​(​Palestine)​​ ​សេរ៉ាឡេអូន​​ (Sierra​ ​Leone​)​ ​បេឡា​រូស​​ (​Belarus​)​ ​ព័រទុយហ្កាល់ ​(​Portugal​)​ ​និង​​ប្រេស៊ីល​ (Brazil​) ​ដែល​ជា​អ្នកទទួល​បាន​ពានរង្វាន់​សកម្មជន​ជួរមុខ​ ​ពី​អង្គការ​អន្តរជាតិ​ការពារ​សកម្មជន​ ហ្រ្វាន់ឡាញ​ ​ឌីហ្វិនឌើរ​ (​Frontline​ ​Defenders) ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ ឌុប្ល៊ីន(​Dublin​) ​​ប្រទេស​​អៀរ​ឡង់ (​Ireland​)​។​ ​ពិធី​ប្រគល់​រង្វាន់​នេះ​ ​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​។​

ពានរង្វាន់​សម្មជន​ជួរមុខ​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​​២០០៥​ ​ដើម្បី​ទទួលស្គាល់​កិច្ចការ​របស់​សកម្មជន​បរិស្ថាន​ ​សង្គម​ ​និង​សិទ្ធិមនុស្ស​ ​ដែល​ក្លាហាន​ ​ហ៊ាន​ចូលរួម​សកម្មភាព​លើក​កម្ពស់ ​និង​ការពារ​បរិស្ថាន​ ​ធនធានធម្មជាតិ​ ​និង​សិទ្ធិមនុស្ស​ ​ទោះបី​ដឹង​ថា​ កិច្ចការ​នេះ​ធ្វើឲ្យ​មានគ្រោះថ្នាក់​ខ្លាំង​ដល់​ខ្លួន​យ៉ាងណាក៏ដោយ​។

សមាជិក​នៃ​ក្រុម​យុវជន​ចលនា​​មាតា​ធម្មជាតិ​មួយ​រូប​ទៀត​ ​ចាត់​ទុក​ពានរង្វាន់​នេះ​ ​ជា​សក្ខីភាព​ ​បញ្ជាក់​ថា ​ការងារ​ដែល​ពួកគាត់​ធ្វើ​កន្លងមក​ ​គឺ​ត្រឹមត្រូវ​ ​និង​មិន​ខុសច្បាប់​។​ ​យុវជន​ ​លី​ ​ចាន់​ដារ៉ាវុធ​ ​ដែល​ទើប​ចេញពី​ពន្ធ​នាគា​រ​ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​សាកលលោក​ទទួលស្គាល់​ ​និង​ឲ្យ​តម្លៃ​ការងារ​របស់​ក្រុម​របស់​លោក​។​ ​លោក​ថា​ ​ពានរង្វាន់​នេះ​ ​គឺ​ក្រុម​លោក​ទទួល​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ផ្សេងទៀត​ ​ដែល​តស៊ូ​ផ្នែក​បរិស្ថាន​ ​និង​ធនធានធម្មជាតិ​នៅ​កម្ពុជា​។​ ​រង្វាន់​នេះ​ ​លោក​ថា​ជា​ការ​លើកទឹកចិត្ត​ដល់​សកម្មជន​ទាំងអស់​។

មិន​ខុស​ពី​សមាជិក​ក្រុម​ចលនា​មាតា​ធម្មជាតិ​កញ្ញា​ ​ស៊ុន​ ​រដ្ឋា​ ​លោក​ ​លី​ ​ចាន់​ដារ៉ា​វុ​ធ​ ​ខក​ចិត្តនឹង​អាជ្ញាធរ​កម្ពុជា​ ​ដែល​ជា​ម៉ែ​ជា​ឳ​ ​តែ​បែរជា​មិន​លើកទឹកចិត្ត​ក្រុម​យុវជន​ ​ឲ្យ​នាំគ្នា​ចូលរួម​ឈឺឆ្អាល​កិច្ចការ​នេះ​ ​តែ​បែរជា​តាម​យាយី​ធ្វើបាប​ពួកគាត់​ទៅវិញ៖ «មើលពានរង្វាន់នេះចេញពីប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ​ ​ជាប្រទេសមួយផ្តល់តម្លៃដល់ប្រជាពលរដ្ឋ​ ​ផ្តល់តម្លៃសាកលដល់មនុស្ស​ ​ដែលមនុស្សគ្រប់គ្នាមានសិទ្ធិស្មើគ្នា​ ​គេទទួលស្គាល់ការលះបង់របស់មនុស្ស​ ​មិនថាត្រឹមតែប្រទេសរបស់ខ្លួនទេ​ ​តែទូទាំងសាកលលោក​ ​តែប្រៀបធៀបទៅប្រទេសយើងវិញ​ ​ប្រជាធិបតេយ្យរបស់យើងហាក់ដូចជាដើរថយក្រោយ​ ​យើងកំពុងស្ថិតក្នុងរបបមួយដែលផ្តាច់ការ​ ​សិទ្ធិសេរីភាពរបស់យើងត្រូវបានគេរឹតត្បិត​ ​ប៉ុន្តែខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរ​ ​នឹងផ្តល់តម្លៃ​ ​ពេលពួកគាត់ដឹងថា​ យើងបានទទួលបានពានរង្វាន់ហ្នឹង»

ក្រោយ​ដំណឹង​នៃ​ការ​ផ្តល់​ពានរង្វាន់​នេះ​ចេញ​ភ្លាម​ ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ ​បាន​ផ្ញើ​សារ​អប​អរសាទរ​ ​ចែក​រម្លែក​ព័ត៌មាន​តាម​បណ្តាញ​សង្គម​យ៉ាង​ផុលផុស​។​ ​ជា​មួយ​គ្នា​​នេះ​​មន្រ្តី​អង្គការសហប្រជាជាតិ​ ​ក៏បាន​ផ្ញើ​សារ​អប​អរសាទរ​ក្រុម​យុវជន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំងនេះ​ភ្លាម​ដែរ​។

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​លោក​ វិទិត​ ​មុនតា​ប៊ន​(​Vitit​ ​Muntarbhorn​) ​សរសេរ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ​ដោយ​លោក​សូម​អប​អរសាទរ​ ​ដល់​ចលនា​មាតា​ធម្មជាតិ​កម្ពុជា​ ​ចំពោះ​ការ​ទទួលស្គាល់​ជាសាកល​ដ៏​សំខាន់​នេះ​។​

លោក​បន្ត​ថា​ ​ការ​ការពារ​បរិស្ថាន​ ​គឺជា​តម្រូវ​ការ​ដ៏​ចាំបាច់​បំផុត​មួយ​ ​នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ននេះ​ ​ដូចដែល​ត្រូវ​បាន​ទទួលស្គាល់​ ​កាលពី​ខែមុន​ ​តាមរយៈ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​លេខ​ ​៤៨/១៣​។​

លោក​ថា​ ​ការ​ការពារ​បរិស្ថាន​ ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​ការ​អំពាវនាវ​ឱ្យ​មាន​សន្តិភាព​ ​សិទ្ធិមនុស្ស​ ​ប្រជាធិបតេយ្យ​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

វិទ្យុ​អាស៊ី​សេរី​ ​មិនទាន់​អាច​សុំ​ការយល់​ឃើញ​ពី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក​ ​នេត្រ​ ​ភក្រ្តា ​និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ​ ​កាលពី​ថ្ងៃ​ទី​​២៤​ ​ខែ​វិច្ឆិកា​។​

ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​សមាជិក​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ទាំងនេះ​ ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ​និង​មន្រ្តី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ​ផ្លាស់ប្តូរ​ឥរិយា​បទ​ ​និង​ងាក​មក​ចេះគិតគូរ​ ​យកចិត្ត​ទុកដាក់​ ​ឲ្យ​តម្លៃ​ ​និង​លើកទឹកចិត្ត​ ​ដល់​សកម្មជន​សង្គម​ទាំងអស់​ ​ដើម្បី​រួម​សហការ​ជាមួយគ្នា​ ​ការពារ​បរិស្ថាន​ ​និង​ធនធានធម្មជាតិ​​ឲ្យ​គង់វង្ស​។​ ​ជាមួយគ្នា​នេះ​ពួកគាត់​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ច្រើន​ថែមទៀត​ ​ចេះ​និង​ហ៊ាន​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​ ​ដើម្បី​បុព្វហេតុ​ការពារ​បរិស្ថាន​ ​និង​ធនធានធម្មជាតិ​នេះ៖ «បើសិនជាប្រជាជនចាប់ផ្តើមនាំគ្នាប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការការពារបរិស្ថាន​ ​ខ្ញុំគិតថា​ ការធ្វើទុក្ខបុកម្នេញលើសកម្មជនបរិស្ថាននឹងថយចុះ​ ​ដោយសារតែយើងរួមគ្នាការពារទៅវិញទៅមក​ ​ប៉ុន្តែបើសិនជាមានយុវជនតែពីរបីនាក់បែបនេះ​ ​ខ្ញុំគិតថា​ គេងាយស្រួលបង្ក្រាប​ ​ដូច្នេះខ្ញុំគិតថាយុវជននៅតែអាចចូលរួមធ្វើសកម្មភាពការពារបរិស្ថានរបស់ខ្លួនបាន​ ​ដោយភាពក្លាហាន​ ​និងភាពវ័យឆ្លាតរបស់ខ្លួន​ ​ស៊ុន​ ​រដ្ឋា​៖​ ​ជាសំណូមពរ​ ​សារពីខ្ញុំទៅ​ ​ចង់ឲ្យអ្នកទាំងអស់គ្នា​ ​មើលឃើញពីផលប្រយោជន៍រួម​ ​ហើយងាកមកការពារផលប្រយោជន៍រួមហ្នឹងទាំងអស់គ្នា​ ​ដើម្បីកូនចៅជំនាន់ក្រោយ»។

ជាមួយគ្នា​នេះ​ ​ពួកគាត់​អំពាវនាវ​ដល់​យុវជន​ខ្មែរ​ទាំងអស់​ ​រួមគ្នា​យកចំណេះ​ដឹង​ ​និង​ជំនាញ​ដែល​បាន​រៀនសូត្រ​ពីសា​លា​ ​មក​ចូលរួម​កិច្ចការ​ទាំងនេះ​ ​ព្រោះ​យុវជន​ជា​ម្ចាស់​វាសនា​ ​ម្ចាស់​ប្រទេស​ ​ដែល​មាន​សិទ្ធិ​ឈឺឆ្អាល​កិច្ចការពារ​បរិស្ថាន​ ​និង​ធនធានធម្មជាតិ​នេះ​។​ ​ពួកគាត់​បន្ត​ប្តេជ្ញា​ថា​នឹង​បន្ត​ធ្វើសកម្មភាព​សង្គម​នេះ​ ​តទៅទៀត​ដោយ​មិន​រាថយ​ឡើយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល