ក្រុមកូដករណាហ្គាវើលដ៍រំពឹងថា ឆ្នាំ២០២៣ នឹងមានដំណោះស្រាយការងារ
2023.01.01

ក្រុមកូដករនៃក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) រំពឹងថា ក្នុងឆ្នាំ២០២៣ រដ្ឋាភិបាលនឹងចេញមុខដោះស្រាយបញ្ចប់វិវាទការងារ មុននឹងមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ មន្ត្រីសិទ្ធិមនុស្សយល់ថា បើរដ្ឋាភិបាល ដោះស្រាយវិវាទការងារនេះប្រកបយុត្ដិធម៌ វាក៏ជាចំណុចវិជ្ជមានមួយសម្រាប់កម្ពុជា។
ក្រុមកូដករ លើកឡើងថា រយៈពេលជាង ១ឆ្នាំកន្លងមកនេះ ពួកគាត់ទទួលរងភាពឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយសារការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរគ្រប់រូបភាព ហើយរដ្ឋាភិបាល ជាពិសេសក្រសួងការងារមិនបានអើពើរកដំណោះស្រាយជូនកម្មករខ្មែរដែលរងការរំលោភសិទ្ធិពីថៅកែបរទេសនោះទេ។

ក្នុងឱកាសឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ក្រុមកូដករអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធទាំងអស់ថា គួរមានយន្តការថ្មី និងទម្លាក់គំនិតចាស់ៗពីមុនមករឿងចោទប្រកាន់ក្រុមកូដករដោយគ្មានមូលដ្ឋាន ដើម្បីមានលេសចាប់សហជីព និងកូដករដាក់គុកជាបន្តបន្ទាប់។
កូដករណាហ្គាវើលដ៍ លោកស្រី ម៉ម សុវឌ្ឍិន ថ្លែងឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១ ខែមករា ថាក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ក្រសួងការងារដែលមានតួនាទីគាំពារពលរដ្ឋខ្លួនគឺមិនបានខ្វាយខ្វល់អំពីសុខទុក្ខកូដករនោះទេ ដែលចំណុចនេះលោកស្រីប្រៀបធៀបដូចជាម្ដាយឪពុកដែលមិនអើពើកូនៗនៅក្នុងផ្ទះដែលគ្មានអាហារសម្រាប់បរិភោគ៖
«អត់បាយហូបយ៉ាងម៉េចក៏ដោយ ក៏ឪពុកម្ដាយធ្វើអត់ដឹងអត់ឮ។ កូដកម្មហ្នឹងមើលទៅដូចអត់ពិបាកដោះស្រាយទេ ប៉ុន្តែ ខាងក្រសួងពាក់ព័ន្ធមិនចង់ដោះស្រាយឱ្យ បូករួមទាំងខាងភាគីក្រុមហ៊ុនចង់ឈ្នះសហជីពពួកយើងកំពុងតវ៉ាហ្នឹងទៅទៀត។ និយាយពីរឿងក្ដីសង្ឃឹមខ្ញុំមាន ដោយសារតែថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន គាត់បានទៅជួបស្ថានទូតអាមេរិក ការសន្ទនា មើលទៅរាក់ទាក់ដាក់គ្នា អ៊ីចឹងវាជាឱកាសដែលយើងបានសិទ្ធសេរីភាព ព្រោះប្រទេសអាមេរិក ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សជាធំ»។
លោកស្រី ឱ្យដឹងទៀតថា ជាងមួយឆ្នាំកន្លងទៅនេះក្រុមកូដកររងទុក្ខជាច្រើនក្នុងនោះរួមទាំងខ្វះខាតជីវភាព ចេញតវ៉ាត្រូវអាជ្ញាធរបង្ក្រាបដោយហិង្សា ហើយអ្វីដែលលោកស្រីចាំមិនភ្លេចនោះ គឺកាលពីពាក់កណ្ដាលឆ្នាំ២០២២ អាជ្ញាធរក្រុងភ្នំពេញឡោមព័ទ្ធកូដករដើម្បីបង្ក្រាបប្រៀបបីដូចជាឧក្រិដ្ឋជន។

ស្រដៀងគ្នានេះដែរ កូដករម្នាក់ទៀតដែលរងការបង្ក្រាបពីកម្លាំងអាជ្ញាធររលូតក្នុងផ្ទៃ និងស្ទើរតែបាត់បង់ជីវិត លោកស្រី សុខ រតនា ថ្លែងថា ក្ដីរន្ធត់មួយនេះនៅដិតដាមក្នុងអារម្មណ៍លោកស្រីនៅឡើយ។ លោកស្រី ខកចិត្តចំពោះរដ្ឋាភិបាលដែលកន្លងមកនេះគ្មានយន្តការដោះស្រាយបញ្ចប់វិវាទការងារ ហើយបែរជាដាក់កម្លាំងបង្ក្រាបពលរដ្ឋដែលគ្រាន់តែទាមទារសិទ្ធិនៅកន្លែងធ្វើការ និងអាហារបីពេលទៅវិញ។ លោកស្រីសង្ឃឹមថា រដ្ឋាភិបាលនឹងចេញមុខដោះស្រាយវិវាទការងារនៅមុនការបោះឆ្នោតថ្នាក់ជាតិខាងមុខ៖
«ខ្ញុំនៅតែសង្ឃឹមថា ដំណោះស្រាយនឹងមានសម្រាប់ពួកខ្ញុំជាម្ចាស់ឆ្នោត និងជាកូដករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ដូចគ្នា។ ខ្ញុំនៅតែមានសង្ឃឹម។ ខ្ញុំគិតថា ប្រសិនជាគាត់ [រដ្ឋាភិបាល] ចេញមុខដោះស្រាយនូវវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍នេះ រដ្ឋគាត់ចំណេញ។ ចំណេញត្រង់ថា គាត់សបញ្ជាក់ឱ្យគេឃើញថា ប្រទេសកម្ពុជាយើងនៅមានសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ ក្នុងការទាមទារសិទ្ធរកឱ្យសហជីព ក៏ដូចជាសិទ្ធិកម្មករខ្មែរ ក៏ដូចជាសិទ្ធមនុស្សដែលគាត់តែងតែនិយាយថា ប្រទេសកម្ពុជាយើងគឺប្រទេសលទ្ធិប្រជាធិបតេយ្យ មានការបញ្ចេញមតិសេរីជាដើម»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសាកសួរអំពីរឿងនេះបានទេនៅថ្ងៃទី១ ខែមករា។
ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា លោក កត្តា អ៊ន ប្រាប់វិទ្យុអាស៊ីសេរីថា ក្រសួងការងារគ្មានឥទ្ធិពលក្នុងការដោះស្រាយបញ្ចប់វិវាទការទៅតាមការចង់បានរបស់ក្រុមកូដករតែម្ខាងនោះទេ ប្រសិនបើភាគីថៅកែគ្មានការព្រមព្រៀងនោះ៖
«បងប្អូនកូដករគាត់ដើរប្រាសចាក ពីយន្តការនៃការដោះស្រាយវិវាទការងារ ទៅជាកម្មវត្ថុផ្សេង។ នេះជាបញ្ហាមួយដែលធ្វើឱ្យក្រសួងការងារគាត់ប្រឹងប្រែងដោះស្រាយណាស់។ បងប្អូននិយោជិកមួយចំនួនគាត់ប្រឹងប្រែងដោះស្រាយទៅតាមការចង់បានផ្សេងៗ ដែលវាប្រាសចាកពីយន្តការច្បាប់ការងារ ប្រមូលផ្ដុំមួយចំនួននោះអាចឈានទៅរកបទល្មើសផ្សេងៗ ដែលភាគី [និយោជក] គេបានដាក់ពាក្យប្ដឹងទៅស្ថាប័នតុលាការ»។
ទោះបីជាយ៉ាងណា ក្រុមកូដករចាត់ទុកការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលបែបនេះថា លម្អៀង និងមានចេតនាការពារថៅកែក្រុមហ៊ុន ជាងផ្ដល់កិច្ចគាំពារដល់កម្មករខ្មែរ។ ការចូលតុចរចារវាងតំណាងថៅកែ និងតំណាងសហជីពច្រើនលើកច្រើនសារមកនេះ ក្រុមកូដករថា ក្រសួងការងារដែលមានតួនាទីជាអាជ្ញាកណ្ដាលគឺមិនបានលើកឡើងនូវបញ្ហាដែលកូដករទាមទារយកមកដោះស្រាយតាមមូលដ្ឋានច្បាប់នោះទេ ប៉ុន្តែបែរជាជំរុញឱ្យកូដករដែលភាគីច្រើនជាសមាជិកសហជីពទទួលយកលុយសំណងតាមការចង់បានក្រុមហ៊ុន ដើម្បីបញ្ឈប់ការធ្វើកូដកម្មតែប៉ុណ្ណោះ។

ក្រៅពីនេះ ក្រុមហ៊ុនបនល្បែងមួយនេះហាក់មានឥទ្ធិពលខ្លាំងដោយសារតែកូដករចេញតវ៉ានាពេលកន្លងមកត្រូវបានអាជ្ញាធរបង្ក្រាបដោយហិង្សា ដើម្បីបង្ខំឱ្យឡើងឡានដឹកទៅទម្លាក់ចោលនៅជាយក្រុងភ្នំពេញ។ ពិសេសចុងក្រោយនេះ ក្រុមហ៊ុនក៏បានប្ដឹងកូដករហើយតុលាការបន្តកោះហៅជាបន្តបន្ទាប់ ខណៈប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការចាប់ដាក់គុកជាលើកទីពីរដោយអយុត្ដិធម៌។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ក្រុមកូដករចេញទាមទារសិទ្ធិការងារកន្លងមកនេះទទួលរងការបៀតបៀន និងរងអំពើហិង្សាពីសំណាក់អាជ្ញាធរជាបន្តបន្ទាប់ ខណៈរដ្ឋាភិបាល និងក្រសួងការងារនៅតែគ្មានឆន្ទៈក្នុងការដោះស្រាយវិវាទការងារនេះនៅឡើយ។ លោកទទូចដល់ក្រសួងពាក់ព័ន្ធគួរពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារ ដើម្បីបញ្ចៀសរាល់ការរិះគន់នានា និងស្ដារមុខមាត់កម្ពុជាឡើងវិញ៖
«បើករណីនេះ នៅតែបន្តវាអាចជះឥទ្ធិពលអត់ល្អទេ សម្រាប់ការបោះឆ្នោត ២០២៣ ខាងមុខនេះ។ ខ្ញុំគិតថា រដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធទាំងក្រុមហ៊ុន ក៏ដូចជាក្រុមកូដករគួរតែស្វែងរកដំណោះស្រាយមួយដោយតម្លាភាព និងយុត្តិធម៌ដែលអាចទទួលយកបានទាំងអស់គ្នាចូលឆ្នាំសកលថ្មីនេះ ឆ្នាំ២០២៣ នេះវាជារឿងល្អបំផុត ដោយយោងតាមច្បាប់អន្តរជាតិ ច្បាប់ជាតិយើង ច្បាប់ការងារ និងអនុសញ្ញា (ILO) ជាដើម»។
រដ្ឋាភិបាលលោក ហ៊ុន សែន រងការរិះគន់ជាបន្តបន្ទាប់ថា អសមត្ថភាពក្នុងការដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ និងប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាឧបករណ៍ ដើម្បីបង្ក្រាបសំឡេងសហជីពឯករាជ្យ ព្រមទាំងចោទប្រកាន់លើតំណាងកូដករដែលសកម្មទាមទារសិទ្ធិការងារជាបន្តបន្ទាប់។ ប្រទេសប្រជាធិបតេយ្យធំៗមួយចំនួនដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី ក្រុមសហជីពអន្តរជាតិ រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិផង បានស្នើដល់រដ្ឋាភិបាលកម្ពុជាឱ្យដោះលែង កញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ និងទម្លាក់បទចោទប្រកាន់លើតំណាងកូដករទាំងអស់ ហើយត្រូវងាកមកដោះស្រាយវិវាទការងារនេះប្រកបដោយភាពយុត្តិធម៌ និងផ្អែកលើមូលដ្ឋានច្បាប់ជាតិ និងអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។