សហគមន៍ជាតិ និងអន្តរជាតិបន្តថ្កោលទោសរដ្ឋាភិបាល ចំពោះការចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា
2024.10.03
សហគមន៍ជាតិ និងអន្តរជាតិបន្តថ្កោលទោសរដ្ឋាភិបាល ករណីចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ដោយចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ពួកគេចាត់ទុករឿងនេះថាជាការបង្ក្រាបទៅលើអ្នកសារព័ត៌មានឯករាជ្យ និងគំរាមកំហែងអ្នកសារព័ត៌មានដទៃទៀត។
បើទោះជាយ៉ាងណាក្ដី ក្រសួងព័ត៌មានថាការចាប់ខ្លួន លោក ម៉ិច ដារ៉ា មិនបានធ្វើឱ្យប៉ះពាល់ទៅលើសេរីភាពសារព័ត៌មាននោះទេ ប៉ុន្តែជាការអនុវត្តច្បាប់។
ក្រៅពីថ្កោលទោសរដ្ឋាភិបាលកម្ពុជាទាំងសហគមន៍ជាតិ និងអន្តរជាតិបន្តទាមទារឱ្យអាជ្ញាធរដោះលែង អ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ។
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លើកឡើងនៅថ្ងៃទី២ ខែតុលា ថា អូស្ត្រាលីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនអ្នកកាសែត លោក ម៉ិច ដារ៉ា ខណៈដែលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានសារៈសំខាន់ ចំពោះអភិបាលកិច្ចល្អ និងគណនេយ្យភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចិរភាព។
ជាមួយគ្នានេះ អង្គការលើកលែងទោសអន្តរជាតិ Amnasty International ថាការចោទប្រកាន់ លោក ដារ៉ា ពីបទព្រហ្មទណ្ឌរំលេចឱ្យឃើញយ៉ាងច្បាស់ថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត កំពុងគាបសង្កត់សេរីភាពសារព័ត៌មាន។
នាយករងផ្នែកស្រាវជ្រាវប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិ អ្នកនាង Kate Schuetze លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២ ខែតុលាថា ការចាប់ខ្លួន និងឃុំខ្លួនលោក ម៉ិច ដារ៉ា ជាសកម្មភាពថ្មីចុងក្រោយរបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក្នុងការលុបបំបាត់សេរីភាពសារព័ត៌មាននៅកម្ពុជា។ អ្នកនាងបន្តថា ការចោទប្រកាន់ពីបទញុះញង់បែបមិនត្រឹមត្រូវគឺជាយុទ្ធសាស្ត្រ ដែលរដ្ឋាភិបាលតែងប្រើជាទូទៅ ដើម្បីបំបិទមាត់ និងធ្វើទុក្ខបុកម្នេញអ្នករិះគន់រដ្ឋាភិបាល ដោយដាក់ទោសធ្ងន់ធ្ងរឱ្យពួកគេជាប់ពន្ធនាគារ។ អ្នកនាងថា អ្វីដែលលោក ដារ៉ា បានបង្ហោះនៅលើបណ្ដាញសង្គម ដែលអាជ្ញាធរចោទថា ជាបទល្មើសនោះ គ្រាន់តែជាការបញ្ចេញមតិ មិនមែនជាទោសកំហុសទេ។ អ្នកនាងថា អាជ្ញាធរមិនគួរយកការឃុំខ្លួនដាក់ពន្ធនាគារមកធ្វើជាទារុណកម្មដាក់ពិន័យអ្នកសារព័ត៌មានឡើយ។
ជាមួយគ្នានេះ ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHR) មើលឃើញថា រដ្ឋាភិបាលកម្ពុជាបន្តដើរខុសគន្លងប្រជាធិបតេយ្យ នៅពេលដែលសារព័ត៌មានឯករាជ្យមានតួនាទីជាសសរទ្រូងប្រជាធិបតេយ្យ ហើយអ្នកសារព័ត៌មានមានតួនាទីផ្សព្វផ្សាយការពិត និងចំណុចខ្វះខាតរបស់រដ្ឋាភិបាលដូចលោក ម៉ិច ដារ៉ា បែរជាត្រូវចោទប្រកាន់ និងចាប់ឃុំខ្លួនពីបទញុះញង់ទៅវិញ។
សមាជិកក្រុមប្រឹក្សាភិបាលAPHRនិងជាតំណាងរាស្ត្រហ្វីលីពីន (Philippines) អ្នកស្រី អារលែន ប្រូសាស (Arlene Brosas) ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញកាលពីយប់ថ្ងៃទី១ ខែតុលាថា APHR រំលឹករដ្ឋាភិបាលកម្ពុជាថាត្រូវគោរពតាមបទដ្ឋានច្បាប់អន្តរជាតិដែលរដ្ឋាភិបាលបានផ្ដល់សច្ចាប័ន និងធានាសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។
APHR បញ្ជាក់ថា សេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិមានចែងយ៉ាងច្បាស់នៅក្នុងមាត្រា ៩ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។
ការទាមទារទាំងនេះធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែតុលា ចោទប្រកាន់លោក ម៉ិច ដារ៉ា ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ចំពោះការបង្ហោះរូបភាពនៅលើបណ្ដាញសង្គមរបស់លោក។
សាលាដំបូងរាជធានីភ្នំពេញចោទថា លោក ម៉ិច ដារ៉ា បានបង្ហោះសារជាច្រើន ដែលមានលក្ខណៈញុះញង់ និងយករូបភាពកាត់តរមណីយដ្ឋានបាភ្នំ ត្រូវបានវាយកម្ទេចចោលបំភ្លៃការពិត ប្រឌិតព័ត៌មានមិនពិតផ្សេងទៀត នៅលើបណ្ដាញសង្គម កាលកាលពីអំឡុងខែកញ្ញា។ សាលាដំបូងចាត់ទុកការបង្ហោះទាំងនេះថា ធ្វើឡើងក្នុងចេតនាទុច្ចរិត បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យមានការភាន់ច្រឡំមកលើរដ្ឋាភិបាលកម្ពុជា។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថាការចោទប្រកាន់ លោក ម៉ិច ដារ៉ា ពីបទ «ញុះញង់» ដែលនឹងអាចនាំឱ្យលោកជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ បញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលព្យាយាមបំបិទសំឡេងអ្នកសារព័ត៌មានដ៏លេចធ្លោម្នាក់នេះ ដែលជាអ្នកសារព័ត៌មានសកម្មម្នាក់ក្នុងការស្រាវជ្រាវ និងតែងតែអំពាវនាវឱ្យអាជ្ញាធរទទួលខុសត្រូវ យកចិត្តទុកដាក់ ក្នុងករណីរំលោភសិទ្ធិមនុស្សជាច្រើន។
លោក នី សុខា៖ «រឿងនេះមិនគួរឈានដល់មានការចាប់ខ្លួនគាត់នោះទេ ហើយការចាប់ខ្លួនគាត់នេះគ្មានផលចំណេញនោះទេ ហើយបើយើងយកល្អគួរតែឱ្យគាត់មានការបកស្រាយ ឬក៏គាត់មានការពន្យល់ គាត់មានបកស្រាយឡើងវិញអំពីមូលហេតុអីបានជាការធ្វើការចែករំលែកអីចឹងទៅ នេះវាគឺជារឿងដែលល្អវិញ»។
ស្របគ្នានេះអង្គការសង្គមស៊ីវិលនៅក្នុងស្រុក និងនៅក្រៅប្រទេសចំនួន ៤៦ អង្គភាពរួមមានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ផង ក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា (OPCC) និងអង្គការសម្ព័ន្ធសិទ្ធិមនុស្សអន្តរជាតិហៅកាត់ថា ហ៊្វីដ (FIDH) បានចេញសេចក្ដីថ្លែងការណ៍រួមកាលពីល្ងាចថ្ងៃទី១ ខែតុលា ដោយទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នករាយការណ៍ព័ត៌មាន លោក ម៉ិច ដារ៉ា។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា លោក ម៉ិច ដារ៉ា គឺជាអ្នកសារព័ត៌មានឈានមុខមួយរូប ដែលបានសរសេរអត្ថបទព័ត៌មានជាច្រើនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលពុំមានអ្នកសារព័ត៌មានផ្សេងអាចធ្វើបាន ដូចជា ទាក់ទងទៅនឹងអំពើពុករលួយ ការបំផ្លាញបរិស្ថាន និងការជួញដូរមនុស្សនៅទូទាំងប្រទេស ហើយក៏តែងតែជំរុញឱ្យអាជ្ញាធរទទួលខុសត្រូវ និងផ្ដល់យុត្តិធម៌។
ផ្ទុយពីនេះ ក្រសួងព័ត៌មានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២ ខែតុលា ថា តាមអង្គហេតុ ដែលបានចោទប្រកាន់ លោក ម៉ិច ដារ៉ា នេះមិនពាក់ព័ន្ធនឹងវិជ្ជាជីវៈ សារព័ត៌មានទេ។ ដូច្នេះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធមួយចំនួនកុំព្យាយាមភ្ជាប់នឹងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងវាយតម្លៃដោយខុសឆ្គង និងគ្មានមូលដ្ឋានលើវិស័យសារព័ត៌មាននៅកម្ពុជា និងមិនគួរមានជំងឺតួឯក និងតាំងខ្លួនជាជើងឯកក្នុងសេរីភាពសារព័ត៌មានជាដើម។ ក្រសួងព័ត៌មានថានឹងបន្តតាមដានសំណុំរឿងនេះ ហើយក្រសួងលើកទឹកចិត្តដល់លោក ម៉ិច ដារ៉ា និងក្រុមមេធាវីខិតខំប្រមែប្រមូលភស្តុតាង ដើម្បីតតាំងស្របតាមនីតិវិធីនៅចំពោះមុខតុលាការ។
បើទោះជាយ៉ាងណាអង្គការអន្តរជាតិផ្នែកសារព័ត៌មាន និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១ ខែតុលា អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោកឱ្យមានសេរីភាពឡើងវិញ។ ស្ថានទូតសហរដ្ឋអាមេរិកថា លោក លោក ម៉ិច ដារ៉ា គឺជាសំឡេងនាំមុខគេប្រឆាំងនឹងការជួញដូរមនុស្ស និងការបោកប្រាស់តាមអ៊ីនធឹណិត ហើយលោកគឺជាម្ចាស់ពានរង្វាន់ពីក្រសួងការបរទេសសហរដ្ឋអាមេរិកគឺ «ជាវីរបុរស នៃរបាយការណ៍ពីការជួញដូរមនុស្សឆ្នាំ២០២៣ (2023 Trafficking in Persons Report Hero)»។ សហរដ្ឋអាមេរិកចង់ឃើញអាជ្ញាធរទទួលយកសំឡេងចម្រុះ និងជំរុញឱ្យមានសារព័ត៌មានសេរី និងឯករាជ្យ។
ទាក់ទងនឹងរឿងនេះ ប្អូនស្រីរបស់លោក ម៉ិច ដារ៉ា គឺកញ្ញា ម៉ិច ជូឡាយ ស្នើដល់រដ្ឋាភិបាលឱ្យទម្លាក់ការចោទប្រកាន់ និងដោះលែងបងប្រុសកញ្ញាឱ្យមានសេរីភាពឡើងវិញ ដើម្បីបន្តអាជីពជាអ្នកសារព័ត៌មានជួយដល់សង្គមតទៅទៀត។ កញ្ញាបន្ថែមថារដ្ឋាភិបាលក៏គួរពិចារណាទៅលើគ្រួសាររបស់កញ្ញា ដែលមានម្ដាយវ័យជរា ឯបងប្រុសកញ្ញាមានជំងឺប្រចាំកាយជាពិសេសបញ្ហាគេងមិនលក់។
កញ្ញា ម៉ិច ជូឡាយ៖ «សម្រាប់ខ្ញុំផ្ទាល់ខ្ញុំពិតជាមានការបារម្ភសុវត្ថិភាពសម្រាប់បងប្រុសខ្ញុំដោយសារពេលខ្លះសុខភាពរបស់គាត់អត់សូវល្អដែរ អ៊ីចឹងខ្ញុំសង្ឃឹមថាបងប្រុសរបស់ខ្ញុំគាត់អាចចេញពីពន្ធនាគារឆាប់ៗ អីចឹងទៅ ព្រោះម៉ាក់ក៏គាត់ចាស់ដែរចេះតែបារម្ភអំពីបងប្រុស និងម៉ាក់ដែរ»។
ក្រុមកងរាជអាវុធហត្ថបានចាប់ខ្លួន លោក ម៉ិច ដារ៉ា កាលពីថ្ងៃទី៣០ ខែកញ្ញា នៅស្រុកស្រែអំបិល ខេត្តកោះកុង។ អ្នកជំនាញមួយចំនួនមើលឃើញថាការចាប់ខ្លួនលោក ម៉ិច ដារ៉ា គឺមានហេតុផលនយោបាយ និងជាការសងសឹកពីឥស្សរជន គណបក្សកាន់អំណាច ដែលពាក់ព័ន្ធនឹងឧស្សាហកម្មឆបោក ដោយសារសេចក្ដីរាយការណ៍របស់លោក ម៉ិច ដារ៉ា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកការយល់ដឹងជាសកល អំពីឧស្សាហកម្មបោកប្រាស់ដ៏ធំនៅកម្ពុជា។ ក្នុងនោះក៏មានការរាយការណ៍ទាក់ទងនឹងមុខជំនួញរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ នៅមុនពេលរដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្មលើលោក ដោយចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សទាក់ទងនឹងឧស្សាហកម្មបោកប្រាស់តាមអ៊ីនធឺណិត។
លោក ម៉ិច ដារ៉ា មានអាយុ ៣៦ ឆ្នាំ។ លោកបានសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសារព័ត៌មាននៅ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC)។ ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ លោកបានធ្វើការជាអ្នករាយការណ៍ព័ត៌មានឱ្យសារព័ត៌មានឯករាជ្យមួយចំនួន និងជាអ្នកសារព័ត៌មានឯករាជ្យរហូតដល់ពេលលោកត្រូវអាជ្ញាធរចាប់ខ្លួន។ ពេលនេះ អាជ្ញាធរឃុំខ្លួនលោក ម៉ិច ដារ៉ា បណ្ដោះអាសន្ននៅពន្ធនាគារខេត្តកណ្ដាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។