សភាកម្ពុជាប្រតិកម្មទៅនឹងការសម្រេចរបស់សភាអឺរ៉ុបរឿងដកប្រព័ន្ធអនុគ្រោះពន្ធEBA បន្ថែម
2023.03.18

សភាកម្ពុជាសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុប កាលពីថ្ងៃទី ១៦ ខែមិនា ជំរុញឲ្យកម្ពុជាដោះលែងលោក កឹម សុខា សកម្មជនបក្សភ្លើងទៀន ព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ថែមទៀត និងជំរុញឲ្យកម្ពុជារៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ព្រមទាំងអនុញ្ញាត ឱ្យគ្រប់គណបក្សនយោបាយ អាចធ្វើយុទ្ធនាការដោយស្មើភាពគ្នា។
សេចក្តីថ្លែងការណ៍រដ្ឋសភាកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា អះអាងថា សេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុប គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ មកលើឯករាជ្យភាព និងអធិបតេយ្យរបស់រដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ។ សភាកម្ពុជាក៏បានចោទប្រកាន់សមាជិកសភាអឺរ៉ុបមួយចំនួន ថា កំពុងបំពានផ្នែកនយោបាយ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជារដ្ឋតូចជាង និងទន់ខ្សោយជាង ដោយបានមើលរំលងនូវការអនុវត្តលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងនីតិរដ្ឋ របស់រដ្ឋាភិបាលកម្ពុជា។
បន្ថែមពីនេះ រដ្ឋសភាកម្ពុជា ក៏បានច្រានចោលទាំងស្រុងនូវសេចក្តីសម្រេចរបស់សភាអឺរ៉ុប ទាំង៧ចំណុច ក្នុងនោះសភាអឺរ៉ុប ក៏ជំរុញឱ្យក្រុមប្រឹក្សាអឺរ៉ុប អនុវត្តការដាក់ទណ្ឌកម្មជាក់លាក់មកលើបុគ្គលកម្ពុជា ដែលពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ព្រមទាំងអំពាវនាវដល់អាជ្ញាធរកម្ពុជាបើកឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងអាចចូលរួមក្នុងការបោះឆ្នោតខាងមុខជាបន្ទាន់ផងដែរ។ ទោះជាយ៉ាងនេះក្តី រដ្ឋសភាកម្ពុជាក៏បានសំដែងការដឹងគុណចំពោះសភាអឺរ៉ុប និងប្រជាជនអឺរ៉ុប ដែលបានផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ជាពិសេស ការស្តារឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។