សហគមន៍ខេត្តព្រះវិហារជិត ១ពាន់នាក់ ចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ បើទោះជាអាជ្ញាធររារាំង
2024.12.10

សហគមន៍ជនជាតិដើមភាគតិចកួយជិត ១ពាន់នាក់នៅខេត្តព្រះវិហារ និងក្រុមអង្គការសង្គមស៊ីវិលបានរួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ក្រោមប្រធានបទ រួមគ្នាលើកកម្ពស់សិទ្ធិចូលរួមសម្រេចចិត្តដើម្បីប្រសិទ្ធភាពនៃការអភិវឌ្ឍ។
រីឯប្រជាសហគមន៍ខ្លះត្រូវអាជ្ញាធរមូលដ្ឋានខេត្តព្រះវិហាររារាំងមិនឱ្យធ្វើដំណើរមកចូលរួមពិធីនេះនៅទីរួមខេត្ត។
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយទាំងនោះមកពីស្រុក/ក្រុងចំនួន៧ ក្នុងខេត្តព្រះវិហារ និងអង្គការសង្គមស៊ីវិល ៤ស្ថាប័ន ព្រមទាំងអាជ្ញាធរខេត្តព្រះវិហារ បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធសិទ្ធិបញ្ចេញមតិ ការចូលរួមសម្រេចចិត្តរបស់ពលរដ្ឋ និងសិទ្ធិការពារធនធានធម្មជាតិ ជាដើម។
ប្រជាសហគមន៍ថា ទិវានេះ ពួកគាត់មិនហ៊ានថ្លែងពីបញ្ហាប្រឈមចំៗ ដើម្បីស្នើឱ្យអាជ្ញាធរខេត្តព្រះវិហារ រកដំណោះស្រាយដូចឆ្នាំមុនៗ នោះទេ ព្រោះពួកគាត់ភ័យខ្លាចក្នុងការសម្ដែងមតិ។
សហគមន៍រស់នៅស្រុកគូលែនដែលចូលរួមក្នុងកម្មវិធីនេះ លោក តាំង ថាន្នី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ធ្នូថា រាល់គម្រោងអភិវឌ្ឍន៍ រួមមាន ការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងការផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនរុករករ៉ែ ជាដើម អាជ្ញាធរមិនបានអនុញ្ញាតឱ្យពលរដ្ឋចូលរួមសម្រេចចិត្តនោះទេ ហើយនៅពេលដែលក្រុមហ៊ុនចាប់ផ្ដើមអនុវត្តគម្រោង ក្រុមហ៊ុនបានបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ រហូតដល់បណ្ដេញពលរដ្ឋចេញពីលំនៅឋានក៏មាន។
លោកស្នើឱ្យរដ្ឋាភិបាល គួរតែអនុញ្ញាតឱ្យសហគមន៍ចូលរួមសម្រេចចិត្តលើគម្រោងអភិវឌ្ឍន៍ទាំងអស់។
លោក តាំង ថាន្នី៖ «ការអភិវឌ្ឍអ្វីមួយសូមឱ្យមានការពិភាក្សាប្រជុំជាមួយប្រជាពលរដ្ឋបើមានផលប៉ះពាល់ ដើម្បីឱ្យពួកគាត់ចុះស្រាវជ្រាវដឹងពីផលប៉ះពាល់ ដើម្បីជៀសវាងការមានបញ្ហានាពេលក្រោយ»។
ការអបអរទិវាសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំនេះប្រជាសហគមន៍ខេត្តព្រះវិហារ មិនបានដើរហែក្បូនដូចឆ្នាំមុនៗ នោះទេ ហើយអាជ្ញាធរផ្តល់សិទ្ធិឱ្យពួកគាត់សម្ដែងមតិម្នាក់ត្រឹមតែ ៣នាទីប៉ុណ្ណោះ។ ដោយសារតែពេលខ្លីពេក សហគមន៍ខ្លះមិនបានលើកឡើងពីបញ្ហាប្រឈម រួមមាន ការបាត់បង់ធនធានធម្មជាតិ ជម្លោះដីធ្លី និងការរឹតត្បិតសិទ្ធិការពារព្រៃឈើ ជាដើម ដើម្បីផ្ញើសារឱ្យរដ្ឋាភិបាលដោះស្រាយនោះទេ។
អភិបាលរងខេត្តព្រះវិហារ លោក វ៉ាត ប៉ារ៉ានីន បានថ្លែងក្នុងកម្មវិធីនោះថា ពលរដ្ឋត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួនស្របតាមច្បាប់ ចៀសវាងប្រើប្រាស់សិទ្ធិជ្រុលហួសពីព្រំដែនច្បាប់។ លោកក៏លើកទឹកចិត្តឱ្យប្រជាសហគមន៍ទូទាំងខេត្តព្រះវិហារសរុប ៧៥សហគមន៍បន្តរួមគ្នាការពារធនធានធម្មជាតិឱ្យគង់វង្ស។
លោក វ៉ាត ប៉ារ៉ានីន៖ «មិនមែនសម្អាងមានសិទ្ធិហើយអាចធ្វើអ្វីបានតាមចិត្តនោះទេ ពីព្រោះច្បាប់គេមានចែង។ ខ្ញុំនិយាយច្រើនចំណុចនេះចង់បញ្ជាក់ប្រាប់បងប្អូនថា ពលរដ្ឋត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យត្រឹមត្រូវ ឱ្យសមស្រប កុំហួសព្រំដែនច្បាប់ទាំងជាតិនិងអន្តរជាតិ»។
ចំណែកសហគមន៍មួយចំនួនរស់នៅស្រុកឆែប និងស្រុកជាំក្សាន្ត ជាច្រើននាក់ ខកខានមិនបានចូលរួមកម្មវិធីនេះ ដោយសារអាជ្ញាធរភូមិ និងមេប៉ុស្តិ៍កំពង់ស្រឡៅ១ ហាមឃាត់ពួកគាត់ ដោយលើកហេតុផលថា ប្រសិនបើសហគមន៍ចូលរួមទិវានេះ ត្រូវសរសេររបាយការណ៍ និងបញ្ជីឈ្មោះអ្នកចូលរួមទាំងអស់ ប្រគល់ជូនអាជ្ញាធរ។
ប្រធានសហគមន៍កំពង់ស្រឡៅមួយ ស្រុកឆែប លោក គឿង ផន និយាយថា ដោយសារតែស្មុគស្មាញ និងភ័យខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញ ពលរដ្ឋរាប់សិបនាក់មិនហ៊ានធ្វើដំណើរទៅចូលរួមទិវាសិទ្ធិមនុស្សអន្តរជាតិនេះទេ។
លោក គឿង ផន៖ «ឃុំគេឱ្យរៀបឈ្មោះឱ្យគេ ហើយខ្ញុំក៏រៀបសរសេរឈ្មោះឱ្យគេជំនួន ២៣នាក់ ប៉ុន្តែខាងប៉ុស្តិ៍គេមើលរបាយការណ៍ហើយគេមិនទុកចិត្តយើង គេគាបសង្កត់យើងរញ៉េរញ៉ៃអញ្ចឹងកុំទៅល្អជាង»។
ជុំវិញរឿងនេះ នាយកអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ មានប្រសាសន៍ថា បំណងរបស់សហគមន៍ចង់ឱ្យរដ្ឋាភិបាល បើកចំហសិទ្ធិសេរីភាពឱ្យពួកគាត់ចូលរួមសម្រេចចិត្ត គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់ ព្រោះប្រសិនបើគ្មានការចូលរួមពីពលរដ្ឋម្ចាស់ទឹកដីទេ នឹងជួបឧបសគ្គ ប៉ះពាល់សិទ្ធិពលរដ្ឋ។
លោក ប៉ឹក សោភ័ណ៖ «រាល់គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនិងអាជ្ញាធរ មិនដែលមានការពិគ្រោះយោបល់ពីប្រជាពលរដ្ឋរងគ្រោះឱ្យចូលរួមនោះទេ។ អ៊ីចឹង ទើបផលប៉ះពាល់ដល់ដីធ្លី ព្រៃឈើ ចេះតែមានការតវ៉ា ត្អូញត្អែរ និងមិនពេញចិត្តពីប្រជាពលរដ្ឋ»។
ប្រជាសហគមន៍បន្ថែមថា ស្ទើរតែគ្រប់គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល តែងតែមើលរំលងពលរដ្ឋ ជាពិសេសការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស និងរ៉ែដែក ជាដើម នាំឱ្យពលរដ្ឋបាត់បង់ដីធ្លី ស្រែចម្ការ និងបណ្ដេញពលរដ្ឋចេញពីលំនៅឋានជាដើម។
របាយការណ៍របស់អង្គការពន្លកខ្មែរឱ្យដឹងថា គិតត្រឹមឆ្នាំ ២០១៦ រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនឯកជនចំនួន ៣២ ក្រុមហ៊ុនក្នុងខេត្តព្រះវិហារ វិនិយោគលើផ្ទៃដីជាង ២សែន ៣ម៉ឺនហិកតារ (២៣២.៦៥២) ដោយភាគច្រើន វិនិយោគវិស័យកសិកម្ម ឧស្សាហកម្ម និងរ៉ែ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។