អ្នកបញ្ជាទិញជិត ២០ស្ថាប័ន ស្នើឱ្យរដ្ឋាភិបាលលុបចោលសវនកម្មលើអង្គការសង់ត្រាល់
2024.09.11
ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាម៉ាកល្បីៗជិត ២០ម៉ាក ស្នើឱ្យរដ្ឋាភិបាលលុបចោលសវនកម្មទៅលើមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា«សង់ត្រាល់»ជាបន្ទាន់។ ការស្នើនេះ ធ្វើឡើងបន្ទាប់ ពីអាជ្ញាធរសវនកម្មជាតិ (NAA) កាលពីខែកក្កដា កន្លងទៅ បានចុះធ្វើសវនកម្ម លើអង្គការសង់ត្រាល់តាមសំណើរបស់ក្រសួងមហាផ្ទៃ។
ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាចំនួន ១៨ម៉ាក បានអំពាវនាវឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត លុបចោលសវនកម្មលើសង់ត្រាល់ និងត្រូវដកចំណាត់ការទាំងឡាយ ដែលប៉ះពាល់ដល់លំហសង្គមស៊ីវិល និងសិទ្ធិ សេរីភាពបញ្ចេញមតិ។
ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងទំនិញម៉ាកល្បីទាំង ១៨ ម៉ាក ក្នុងនោះ Adidas Puma Under Armour VF CorporationនិងAEO Inc ជាដើម។
ក្នុងសេចក្ដីថ្លែងការណ៍ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងទំនិញ នៅថ្ងៃទី១០ ខែកញ្ញា ដោយសម្ដែងការព្រួយបារម្ភចំពោះដំណើរការស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃលើអង្គការសង់ត្រាល់ ទាក់ទងនឹងរបាយការណ៍ របស់អង្គការសង់ត្រាល់ ដែលចំណងជើងថា «ឧបសគ្គរារាំងភាពជាតំណាងសេរីភាពសហជីពក្នុងប្រទេសកម្ពុជា»។
ក្រុមហ៊ុនបញ្ជាទិញក៏ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដកចំណាត់ការទាំងឡាយ ដែលប៉ះពាល់ដល់លំហសង្គមស៊ីវិល និងសិទ្ធិសេរីភាពបញ្ចេញមតិ រួមទាំងទម្លាក់ចោល បណ្ដឹងព្រហ្មទណ្ឌ ដែលចោទប្រកាន់លើអ្នកគ្រប់គ្រងកម្មវិធីការងារ នៃអង្គការ សង់ត្រាល់លោក ឃុន ថារ៉ូ ផងដែរ។
ពួកគេថា លំហសង្គមស៊ីវិល និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ គឺជាធាតុគន្លឹះ ដែលធ្វើឱ្យប្រទេសកម្ពុជាជាដៃគូដ៏សំខាន់ផ្នែកផ្គត់ផ្គង់ សម្រាប់ឧស្សាហកម្មសម្លៀកបំពាក់ និងស្បែកជើង។
ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុឃៈ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ខែកញ្ញា ថា ការអនុវត្តរបស់ក្រសួង គឺបន្ទាប់ពីមានបណ្ដឹងរបស់ភាគីពាក់ព័ន្ធ ដែលក្រសួងពិនិត្យឃើញមានទឡ្ហីករណ៍សមស្របតាមច្បាប់ និងផ្អែកទៅលើលក្ខន្តិកៈរបស់អង្គការ សមាគម ដែលតម្កល់នៅក្រសួងមហាផ្ទៃ។
លោកថា វិធានការរបស់ក្រសួងនេះ មិនមែនជាការបំពានសិទ្ធិសេរីភាពរបស់អង្គការ សមាគមឡើយ ផ្ទុយទៅវិញ លោកថា ជាការពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់សកម្មភាពរបស់អង្គការសង្គមស៊ីវិលនៅប្រទេសកម្ពុជា។
លោក ទូច សុឃៈ៖ «អ្វីដែលសម្របច្បាប់ យើងគាំទ្រ យើងការពារអ្វីដែលមិនសមស្របតាមច្បាប់ យើងគ្រាន់តែអនុវត្តទៅតាមច្បាប់ ដើម្បីសមាសភាពចំពោះមុខមុខច្បាប់ទាំងអស់គ្នា»។
តែយ៉ាងណា ការធ្វើសវនកម្ម«សន្តិសុខជាតិ»លើអង្គការសង់ត្រាល់នេះ ក្រោយពីក្រុមសហជីព ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ បន្ទាប់ពីអង្គការសង់ត្រាល់ បានចេញរបាយការណ៍មួយ ដែលមានចំណងជើងថា «ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាពសហជីពក្នុងប្រទេសកម្ពុជា»។
អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែកញ្ញា ថា ករណីនេះ នឹងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ប្រសិនបើក្រុមហ៊ុន បញ្ជាទិញរកឃើញថា មានការគំរាមកំហែង យាយីលើអង្គការពាក់ព័ន្ធនឹងការងារ និងសិទ្ធិសេរីភាពសហជីព។
លោក អាត់ ធន់៖ «ករណីកញ្ញា ឈឹម ស៊ីថរ ផ្សេងៗខ្ញុំគិតថា គេមានការបារម្ភ ព្រោះករណីលោក ម៉ម រិទ្ធី ដែលត្រូវបានចាប់នេះ ដោយសារតែគាត់ធ្វើការងារសហជីព ហើយករណីកញ្ញា ឈឹម ស៊ីថរ ដោយសារតែករណីការងារសហជីព។ ករណីសង់ត្រាល់ ចេញរបាយការណ៍ពាក់ព័ន្ធទៅនឹងការរឹតត្បិតសហជីព។ អ៊ីចឹង ទាំងអស់នេះ សុទ្ធតែផលប៉ះពាល់ដែលអាចប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះកម្ពុជា ដែលអាចគេបារម្ភអំពីការរឹតត្បិតសហជីព និងការបំពានសិទ្ធិសេរីភាពកម្មករ»។
កាលពីខែកក្កដាកន្លងទៅ សមាគមសម្លៀកបំពាក់ និងស្បែកជើង អាមេរិក (AAFA) និងសមាគមការងារយុត្តិធម៌ (FLA) រួមមានអ្នកទិញអាមេរិក អឺរ៉ុប និង កាណាដា បានចេញសេចក្ដីថ្លែងការណ៍ ដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ព្រមទាំងលុបចោលដំណើរសវនកម្មប្រឆាំងអង្គការសង់ត្រាល់ជាបន្ទាន់ ដោយថា ការធ្វើនេះ គឺមិនត្រឹមតែរំលោភកាតព្វកិច្ចគោរពសិទ្ធិមនុស្សរបស់កម្ពុជាខ្លួនឯងនោះទេ ប៉ុន្ដែក៏ប៉ះពាល់ដល់តម្លៃ និងកេរ្ដិ៍ឈ្មោះរបស់ប្រទេសជាសមាជិកដទៃទៀត ដែលបានប្រើឈ្មោះកម្ពុជានៅលើម៉ាកផលិតផលរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។