សង្គម​ស៊ីវិល​លើកឡើង​ថា ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា មាន​ប្រព័ន្ធ​បណ្ដាញ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក

ដោយ យ៉ង ចាន់តារា
2024.09.14
សង្គម​ស៊ីវិល​លើកឡើង​ថា ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា មាន​ប្រព័ន្ធ​បណ្ដាញ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ក្រុម​គ្រួសារ​របស់​អ្នក​នារី​រងគ្រោះ​ចាញ់​បោក​រៀបការ​ទៅ​ប្រទេស​ចិន យំ​ឱប​គ្នា​នៅ​ពេល​ដែល​កូនស្រី​របស់​គាត់​ត្រូវ​ជួយ​សង្គ្រោះ​ឱ្យ​វិល​ត្រឡប់​មក​ស្រុកកំណើត​ជួបជុំ​គ្រួសារ​វិញ។
រូប៖ សមាគមអាដហុក

កម្ពុជា​បាន​ធ្វើ​បត្យាប័ន បញ្ជូន​សមាជិក​ក្រុម​ឧក្រិដ្ឋជន ជនជាតិ​ចិន ម្នាក់ ដែល​បង្ខំ​ស្ត្រី​ខ្មែរ ឱ្យ​ធ្វើ​អំពើ​ពេស្យាចារ ឬ​រកស៊ី​ផ្លូវ​ភេទ​ខុសច្បាប់ ក្រោម​ការ​ល្បួង​ពួកគេ​ឱ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី​ណាត់​ជួប​លើ​ប្រព័ន្ធ​អនឡាញ កាលពី​ខែ​សីហា ឆ្នាំ២០២៤។

មន្ត្រី​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ធ្វើឡើង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដោយ​ក្រុម​ឧក្រិដ្ឋជន​មាន​បណ្ដាញ​ក្រោម​រូបភាព​ជា​ក្រុមហ៊ុន ឬ​មេខ្យល់ ល្បួង​ពលរដ្ឋ​នៅ​ក្នុងស្រុក ហើយ​នាំ​ពួកគេ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ជួញដូរ ដោយ​បង្ខំ​ឱ្យ​ធ្វើការ​ខុសច្បាប់ ឬ​រកស៊ី​ផ្លូវ​ភេទ។

អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃទី១៤ ខែ​កញ្ញា ថា ការ​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន មាន​ការ​លំបាក និង​ស្មុគស្មាញ ពីព្រោះ​ឧក្រិដ្ឋជន បាន​ធ្វើ​សកម្មភាព​នៅ​តាម​ទីតាំង​ច្រើន​កន្លែង និង​បង្កប់​នៅ​ក្នុង​អាជីវកម្ម​មាន​ដូចជា ក្រុមហ៊ុន និង​កាស៊ីណូ ជាដើម។

អ្នកស្រី ជូ ប៊ុនអេង៖ «វា (ឧក្រិដ្ឋជន) មក​កម្ពុជា ឬ​ទៅ​ឯ​ណា​ហ្នឹង វា​ទាក់ទង​នឹង​បណ្ដាញ​របស់​ជន​ល្មើស។ វា​មាន​គ្នា​នៅ​ឯ​ណា វា​ទៅ​កន្លែង​ហ្នឹង។ បើ​វា​រត់​ចូល​កម្ពុជា នៅ​មិន​សុខ វា​រត់​ចេញ​ទៅ​វិញ​ទៅ។ អ៊ីចឹង រាល់ថ្ងៃ​នេះ គឺ​ជ្រួលច្រាល់​អ៊ីចឹង​ឯង។ ប៉ុន្តែ​បើ​និយាយ​ថា មក​តែ​កម្ពុជា គឺ​ខ្ញុំ​សូម​បដិសេធ​ទាំងស្រុង​ហើយ គឺ​ថា​មិនមែន​ទេ ព្រោះ​នៅ​ពេល​ដែល​យើង​ទៅ​ជួប​គ្នា ប្រទេស​ណា​ក៏​ត្អូញត្អែរ​ដូច​តែ​គ្នា​ទេ»

អ្នកស្រី​បន្ត​ថា ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ទៅ​ប្រទេស​ចិន មាន​ច្រើន​រូបភាព មាន​ដូចជា ការ​បោក​បញ្ឆោត​ពលរដ្ឋ​ខ្មែរ នៅ​តាម​ភូមិ ឱ្យ​ទៅ​ធ្វើការ​តាម​រយៈ​មេខ្យល់ ដោយ​ប្រាប់​ថា នឹង​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ ការ​បញ្ឆោត​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ដោយ​មាន​មេអណ្ដើក​ជា​អ្នក​ណែនាំ និង​ធានា​យក​ទៅ​រស់នៅ​ប្រទេស​ចិន​ជាដើម។

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​បាន​ធ្វើ​បត្យាប័ន បញ្ជូន​សមាជិក​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន​ម្នាក់ ដែល​គេ​ស្គាល់​ឈ្មោះ​ថា លូ (Lu) ដែល​បង្ខំ​ស្ត្រី​ខ្មែរ​ឱ្យ​ធ្វើ​អំពើ​ពេស្យាចារ ឬ​រកស៊ី​ផ្លូវ​ភេទ​ខុស​ច្បាប់ ក្រោម​ការ​ល្បួង​ពួក​គេ​ឱ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ចិន តាម​រយៈ​កម្មវិធី​ណាត់​ជួប​លើ​ប្រព័ន្ធ​អនឡាញ កាល​ពី​ខែសីហា ឆ្នាំ២០២៤។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិនXinhuaបាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា​ថា អាជ្ញាធរ​ចិន​បាន​បញ្ជាក់​ថា ឧក្រិដ្ឋជន​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចិន ក្នុង​ខេត្តហូណាន (Hunan) តាម​ប្រមាញ់​ចាប់​ខ្លួន​ជា​លក្ខណៈ​អន្តរជាតិ បន្ទាប់​ពី​រូប​គេ​បាន​រត់​គេច​ខ្លួន​ចូល​ប្រទេស​កម្ពុជា អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ ក្រោយ​ពេល​សមត្ថកិច្ច​ចិន បាន​បើក​ការ​បង្ក្រាប​សំបុក​របស់​ពួក​គេ កាល​ពី​អំឡុង​ខែកញ្ញា ឆ្នាំ២០២៣ ដោយ​ចាប់​បាន​ឧក្រិដ្ឋជន​ចំនួន ១០នាក់ និង​រត់​គេច​ខ្លួន​ម្នាក់ រហូត​ដល់​ថ្ងៃ​ទី១៥ ខែហា ឆ្នាំ២០២៤ ទើប​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​បាន​នៅ​ទីក្រុង​ភ្នំពេញ និង​បាន​បញ្ជូន​ខ្លួន​ឱ្យ​សមត្ថកិច្ច​ចិន កាល​ពី​ថ្ងៃ​ទី២៨ ខែសីហា។

កាល​ពី​ពេល​កន្លង​ទៅ ជន​រងគ្រោះ​បាន​រៀបរាប់​ថា ស្ត្រី​ខ្មែរ​ភាគ​ច្រើន ដែល​ចាញ់​បោក​ទៅ​ចិន បាន​ទទួល​រង​ទារុណកម្ម​ទាំង​ផ្លូវចិត្ត និង​រាងកាយ​រហូត​បាក់​ស្មារតី និង​ខ្លះ​ទៀត​បាន​ធ្វើ​អត្តឃាត ក៏​មាន។ នៅ​ក្នុង​នោះ ជន​រងគ្រោះ​ខ្លះ ត្រូវ​គេ​ឃុំឃាំង វាយដំ បង្អត់​អាហារ ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ ពួក​គេ​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ស៊ីឈ្នួល​ពពោះ និង​ខ្លះ​ទៀត ត្រូវ​លក់​បន្ត ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា ថ្លែង​ថា ខ្សែ​បណ្ដាញ​ក្រុម​ឧក្រិដ្ឋជន ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​មួយ​ចំនួន គឺជា​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​ដែល​មាន​ចុះបញ្ជី​ត្រឹមត្រូវ ឬ​ជា​ក្រុមហ៊ុន​លួចលាក់​ខុស​ច្បាប់។ លោក នី សុខា បញ្ជាក់​ទៀត​ថា ក្នុង​រយៈ​ពេល ៧ខែ នៃ​ឆ្នាំ២០២៤ នេះ មាន​ករណី​ជួញដូរ​មនុស្ស​តែ​មួយ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ហើយ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​លទ្ធផល​ផ្លូវការ​នៅ​ឡើយ។

លោក នី សុខា៖ «ប្រសិនបើ​អ្នក​ដែល​រកស៊ី​អំពើ​មិន​ត្រឹមត្រូវ ដែល​គេ​ហៅថា​អំពើ​មិន​សុចរិត​ហ្នឹង ប្រព្រឹត្ត​បទល្មើស​ហ្នឹង ត្រូវ​បាន​រួចផុត​ពី​សំណាញ់​ច្បាប់ មិន​ត្រូវ​បាន​មាន​ការ​ផ្ដន្ទាទោស ខ្ញុំ​គិត​ថា​រឿង​ហ្នឹង មាន​ការ​លំបាក​នៅ​ក្នុង​ការ​ទប់ស្កាត់​ដូចជា ក្នុង​ការ​បង្ក្រាប ឬក៏​កាត់បន្ថយ​អំពើ​ជួញដូរ​ហ្នឹង»

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ថ្លែង​ថា ករណី​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស អាច​មាន​បណ្ដាញ និង​បក្ខពួក​ផ្សេង​ទៀត កំពុង​សំងំ​ធ្វើ​សកម្មភាព​ឆបោក​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​ឧក្រិដ្ឋជន ដែល​រត់​គេច​ខ្លួន បាន​ជ្រើស​យក​ទឹកដី​កម្ពុជា ធ្វើ​ជា​កន្លែង​លាក់​ខ្លួន។ លោក​ស្នើ​ឱ្យ រដ្ឋាភិបាល​គួរ​បង្កើន​ការ​ផ្សព្វផ្សាយ និង​អប់រំ​ពលរដ្ឋ ឱ្យ​យល់​ដឹង​ពី​បញ្ហា​ប្រឈម នៅ​ពេល​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ទាំង​ប្រថុយប្រថាន​នោះ។

លោក រស់ សុដ្ឋា៖ «ហើយ​រដ្ឋាភិបាល​ក៏​ត្រូវ​មាន​កាតព្វកិច្ច​មួយ​ដែល គឺ​ត្រៀមលក្ខណៈ​ជួយ​អន្តរាគមន៍​ទៅ​ក្នុង​ប្រទេស​ទាំង​នោះ​ដែរ ដូចជា នៅ​ប្រទេស​ចិន​ជា​ដើម ដូចជា​ទូត​ខ្មែរ​ប្រចាំ​នៅ​សាធារណរដ្ឋ​ចិន ត្រូវតែ​តាម​សភាពការណ៍​ហ្នឹង​ឱ្យ​ជាប់ ហើយ​ត្រូវតែ​ជួយ​អន្តរាគមន៍​ប្រជាពលរដ្ឋ​របស់​ខ្លួន»

ក្នុង​ឆ្នាំ២០២៣ កម្ពុជា​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ជួញដូរ​ផ្លូវ​ភេទ​សរុប​ចំនួន ១៣៨ករណី ដោយ​ឃាត់ខ្លួន​ជន​សង្ស័យ​បញ្ជូន​ទៅ​តុលាការ​ចំនួន ១៦០នាក់។ ក្នុង​នោះ សមត្ថកិច្ច​កម្ពុជា បាន​សង្គ្រោះ​ជនរងគ្រោះ​ពី​អំពើ​ជួញដូរ​មនុស្ស​ពី​ប្រទេស​ចិន (China) ថៃ (Thai) ឡាវ (Lao) ម៉ាឡេស៊ី (Malaysia) និង​ប្រទេស​ផ្សេងៗ ទៀត​បាន​ចំនួន ៤២៤នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ២៩៧នាក់។

ចំណែក​របាយការណ៍​ផ្នែក​ការងារ​ស្ត្រី របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក វិញ គឺ​នៅ​រយៈ​ពេល ៧ខែ ក្នុង​ឆ្នាំ២០២៤ អាដហុក​បាន​ជួយ​ពលរដ្ឋ​ខ្មែរ ពី​អំពើ​ជួញដូរ​មនុស្ស​ចំនួន ៤៤ករណី ដែល​ជន​រង​គ្រោះ​សរុប​ចំនួន ៧៧នាក់ ក្នុង​នោះ​មាន​ស្ត្រី ៦៣នាក់។ ជន​រង​គ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​នេះ គឺ​សង្គ្រោះ​ពី​ប្រទេស​ចិន (China) ចំនួន ៤៨ភាគ​រយ ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia) ៤០ភាគ​រយ និង​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី (Malaysia) ចំនួន ១២ភាគ​រយ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។