ក្រុមសិទ្ធិមនុស្សគ្រោងដើរពីកំពតមកភ្នំពេញប្រារព្ធខួបលើកទី៧៦ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ
2024.12.04
ក្រុមអង្គការសិទ្ធិមនុស្សគ្រោងធ្វើដំណើរថ្មើរជើង ឬហៅថា ធម្មយាត្រា សិទ្ធិយាត្រា ដោយចេញដំណើរពីខេត្តកំពតមករាជធានីភ្នំពេញ ដើម្បីប្រារព្ធខួបលើក ទី៧៦ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស លោក រស់ សុដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅយប់ថ្ងៃទី៣ ខែធ្នូ ថា ក្រុមអង្គការ សមាគមចំនួនជាង ២០ស្ថាប័នបានព្រមព្រៀងគ្នាធ្វើកម្មវិធី ២ធំៗ សម្រាប់ទិវាសិទ្ធិមនុស្សអន្តរជាតិនៅសប្ដាហ៍ក្រោយនេះ ក្នុងនោះរួមមានការធ្វើដំណើរថ្មើរជើងផ្សព្វផ្សាយសិទ្ធិមនុស្ស ដោយមានមនុស្សចំនួន ៥០នាក់ចូលរួម និងការជួបប្រជុំគ្នាសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ដោយមានមនុស្សប្រមាណ ២ពាន់នាក់ចូលរួម។
លោក រស់ សុដ្ឋា បញ្ជាក់ថា កម្មវិធីធម្មយាត្រា ធម្មយាត្រា សិទ្ធិយាត្រា មានគោលបំណងផ្សព្វផ្សាយសិទ្ធិមនុស្ស ដោយផ្ដោតលើ «ការជ្រោងតម្លៃមនុស្សធម៌ និងសិទ្ធិមនុស្ស» ចំណែកប្រធានបទនៃទិវាសិទ្ធិមនុស្សអន្តរជាតិក្នុងឆ្នាំ២០២៤ នេះ ក្រុមអង្គការសង្គមស៊ីវិលផ្ដោតលើ «សិទ្ធិរបស់យើង អនាគតរបស់យើងនៅពេលឥឡូវនេះ៖ លើកកម្ពស់សេរីភាពបញ្ចេញមតិ ដើម្បីសមភាព និងយុត្តិធម៌» ដែលស្របគ្នានឹងប្រធានបទរបស់អង្គការសហប្រជាជាតិ។
លោក រស់ សុដ្ឋា បន្តថា រយៈពេលមួយឆ្នាំកន្លងទៅនេះ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែមានចំណុចខ្វះខាតជាច្រើន ដែលអាជ្ញាធររដ្ឋាភិបាលគួរយកចិត្តទុកដាក់កែលំអជាពិសេសផ្នែកសេរីភាពបញ្ចេញមតិ សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ លោកថា អ្នកគ្រប់គ្រងរដ្ឋបច្ចុប្បន្នអាចចែករំលែកឱ្យពលរដ្ឋនូវរាល់តម្រូវការជាមូលដ្ឋានសម្រាប់រស់រានជីវិតបាន ប៉ុន្តែមិនអាចចែករំលែកអំណាចឱ្យពលរដ្ឋបានពិតប្រាកដ។
លោក រស់ សុដ្ឋា៖ «មិនមែនដើម្បីថា រិះគន់បក្សណា ក្រុមណាទេ ប៉ុន្តែយើងនិយាយទៅតាមសីលធម៌ ចេះពីពុទ្ធសាសនាមក ពីគោលការណ៍សិទ្ធិមនុស្សមក ឃើញថា វានៅអាប់អួ វានៅទុក្ខសោក។ កន្លែងខ្លះ ប្រសិនបើយើងធ្វើចិត្តឱ្យទូលាយ ហើយយើងមិនប្រកាន់ ក៏មិនមានអីកើតឡើងដែរ ករណីមួយចំនួន។ អ៊ីចឹង វប្បធម៌ចែករំលែករបស់យើងគឺ យើងនៅទន់ខ្សោយ នៅតិចតួចណាស់ គឺយើងចែករំលែកបានតែ ដូចជា អង្ករ អី ម្ហូបចំណីយើងចែកគ្នាបាន លុយកាក់អី។ ប៉ុន្តែ អំណាចអី យើងអត់ចេះចែកគ្នា»។
រយៈពេល ១ឆ្នាំ ២០២៤ នេះ រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏មិនខុសពីរដ្ឋាភិបាលឪពុករបស់លោក គឺលោក ហ៊ុន សែន ដែរ រងការរិះគន់ជុំទិសពីអង្គការជាតិ និងអន្តរជាតិ ព្រមទាំងអង្គការសហប្រជាជាតិផងថា បានបន្តរំលោភសិទ្ធិមនុស្ស ធ្វើទុក្ខបុកម្នេញពលរដ្ឋ ដែលបញ្ចេញមតិរិះគន់ ឬមិនស្របរដ្ឋាភិបាល។
ធម្មយាត្រា សិទ្ធិយាត្រារបស់ក្រុមអង្គការសង្គមស៊ីវិលនេះ គ្រោងនឹងចាប់ផ្ដើមចេញពីខេត្តកំពត នៅថ្ងៃទី៦ ធ្នូ ដោយធ្វើដំណើរឆ្ពោះទៅជួបជុំគ្នាជាចុងក្រោយនៅទីតាំងខាងមុខអតីតសក្យមុនីចេតិយ ឬស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែធ្នូ។ រីឯការជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យវិញ គ្រោងនឹងធ្វើនៅថ្ងៃទី១០ ខែធ្នូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។