សកម្មជននិងសង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលស្ដារទំនាក់ទំនងកម្ពុជា និងស៊ុយអែតឡើងវិញ
2024.09.30
ការសម្រេចផ្ដាច់ជំនួយទាំងស្រុងពីកម្ពុជារបស់រដ្ឋាភិបាលស៊ុយអែត (Sweden) ធ្វើឱ្យប៉ះពាល់ដល់ក្រុមអង្គការសង្គមស៊ីវិលជាច្រើន ដែលធ្លាប់ទទួលបានជំនួយ ដើម្បីដំណើរការគម្រោងការពារសិទ្ធិមនុស្ស និងពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងនោះផលប៉ះពាល់ក៏ធ្លាក់ទៅលើការងារជួយដល់យុវជន ស្ត្រី និងកុមារដែរ។
ករណីនេះក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា មានតែរដ្ឋាភិបាលទេដែលជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ និងអាចដោះស្រាយបញ្ហានេះ ព្រមទាំងចាត់វិធានការបន្តទំនាក់ទំនងល្អជាមួយប្រទេសស៊ុយអែតឡើងវិញ។
ស៊ុយអែតបិទទ្វារការិយាល័យស្ថានទូត និងផ្ដាច់ជំនួយពីកម្ពុជាគឺជារឿងដែលក្រុមអង្គការសង្គមស៊ីវិលសោកស្ដាយ និងចាត់ទុកថា កម្ពុជាកំពុងខាតប្រយោជន៍ជាពិសេសប្រយោជន៍សម្រាប់ពលរដ្ឋក្រីក្រងាយរងគ្រោះ។
យុវតីដែលបានទៅប្រទេសស៊ុយអែតទទួលពានរង្វាន់ដែលប្រទេសនេះផ្ដល់ឱ្យក្រុមយុវជនចលនាមាតាធម្មជាតិកញ្ញា ស៊ុន រដ្ឋា ថ្លែងថា យុវតីក្នុងក្រុមយុវជនចលនាមាតាធម្មជាតិជាច្រើននាក់បានឆ្លងកាត់វគ្គសិក្សាជាច្រើន ដែលបង្កើនចំណេះដឹងពួកគេទាក់ទងនឹងសង្គម បរិស្ថាន ធនធានធម្មជាតិ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យតាមរយៈជំនួយពីប្រទេសស៊ុយអែតផ្ដល់ទៅអង្គការសង្គមស៊ីវិលនានា នៅក្នុងស្រុក។ កញ្ញាបន្តថា ពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានកម្រិតអន្តរជាតិ Right Livelihoodឆ្នាំ២០២៣ ដែលស៊ុយអែតផ្ដល់ក្រុមកញ្ញាជាតឹកតាងបញ្ជាក់ថា ស៊ុយអែត នៅតែផ្ដល់តម្លៃដល់ក្រុមអ្នកការពារសិទ្ធិមនុស្ស ការពារធនធានធម្មជាតិ និងអ្នកដែលងាយរងគ្រោះពីការអភិវឌ្ឍន៍ ការរំលោភបំពានពីអ្នកមានលុយមានអំណាចនៅកម្ពុជា។
កញ្ញាបន្តថា ប្រទេសស៊ុយអែតទំនងក៏មិនចង់ឱ្យស្ថានការណ៍ដើរមកដល់ចំណុចចុងក្រោយបែបនេះដែរ។
កញ្ញា ស៊ុន រដ្ឋា៖ «ខ្ញុំក៏យល់ពីការសម្រេចចិត្តរបស់គេដោយសារតែ បើសិនជាយើងនិយាយពីអារម្មណ៍របស់មនុស្សទូទៅ យើងមិនចាំបាច់និយាយដល់ប្រទេសទេ យើងជួយនរណាម្នាក់ ហើយនៅពេលយើងនិយាយលក្ខខណ្ឌជាមួយគ្នាថា អ្នកឯងត្រូវតែគោរពសិទ្ធិមនុស្ស អ្នកលេងត្រូវតែគោរពសិទ្ធិមនុស្ស។ អីដែលគេត្រូវការអត់អីច្រើនទេ គ្រាន់តែអនុវត្តការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពរបស់ប្រជាជន ដោះលែងសកម្មជន ប៉ុន្តែយើងបែរជាធ្វើអត់បាន បែរជាប្រកាសថា ខ្លួនឯងថា ជាប្រទេសប្រជាធិបតេយ្យ។ មិនត្រឹមតែមិនគោរពទេ ថែមទាំងបំពានទៅលើសិទ្ធិមនុស្សថែមទៀត»។
ស្ថានទូតស៊ុយអែត កាលពីថ្ងៃទី១៦ ខែកញ្ញា ប្រកាសបិទទ្វារការិយាល័យប្រចាំទីក្រុងភ្នំពេញនៅថ្ងៃទី៣០ ខែកញ្ញា ដោយសារសេចក្តីសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា។ បើទោះជាយ៉ាងណាស្ថានទូតស៊ុយអែតមិនបានបញ្ជាក់ហេតុផលនៅពីក្រោយការបិទទ្វារនេះទេ។
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសកម្ពុជាបានអះអាងថា រដ្ឋាភិបាលស៊ុយអែតរៀបចំឡើងវិញចំណុចអាទិភាពរបស់ខ្លួន ដោយត្រូវផ្ដោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ច សន្តិភាព និងសន្តិសុខ នៅតំបន់ជិតខាង ដើម្បីឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោក បន្ទាប់ពីការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ក្រសួងដដែលនេះច្រានចោលរាល់ការការបកស្រាយណា ដែលក្រសួងអះអាងថា សម្រាប់បម្រើឱ្យគោលដៅនយោបាយទៀតផង។
ចំណែកប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ធ្លាប់អះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា ការមិនផ្ដល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា និងក្រុមអង្គការសង្គមស៊ីវិលលើផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះមានន័យថាកម្ពុជាមានស្ថានភាពល្អក្នុងផ្នែកនេះ ដែលចាំបាច់រដ្ឋាភិបាលម្ចាស់ជំនួយងាក ឬបង្វិលជំនួយទៅប្រទេសដទៃទៀត ដែលស្ថានភាពមិនទាន់ល្អ។
ប៉ុន្តែចម្លើយនេះជារឿងហួសចិត្តសម្រាប់សកម្មជនសង្គម និងសង្គមស៊ីវិល ដែលកំពុងត្រូវការជំនួយជួយដល់អ្នករងគ្រោះ។
កញ្ញា ស៊ុន រដ្ឋា ចោទសួរថា តើរដ្ឋាភិបាលបានគិតគូរពីពលរដ្ឋពិសេសស្ត្រី ក្រីក្រ និងងាយរងគ្រោះដែរឬទេ?
កញ្ញា ស៊ុន រដ្ឋា៖ «មានន័យថាប្រទេសថៃអន់ថយជាងខ្មែរ ក្រីក្រជាងខ្មែរមែន? ខ្ញុំក៏មានចម្ងល់ដូចគ្នាថា តើយកអីមកវាស់ទៅលើភាពរីកចម្រើន។ គេយកព្រឹត្តិការណ៍ Gumball ប៉ុន្មានថ្ងៃមុនដែលគេអួតលានកូនអ្នកមាននៅក្នុងស្រុកខ្មែរជិះឡានទំនើបៗទៅអួតហ្នឹង ឬក៏យកភាពអស្ចារ្យណាមួយ ដែលគ្រួសារគេមានបាន ហើយយកមកវាយតម្លៃទៅលើប្រជាជនទាំងមូលស៊ុយអែតជាម្ចាស់ជំនួយធំមែនទែននៅពេល ដែលគេជួយមកដល់រដ្ឋាភិបាលមានន័យថាគេជួយដល់ប្រជាជនកម្ពុជាហើយក្នុងការផ្ដល់ឱកាសការងារជាពិសេសស្ត្រីតែម្ដង»។
ហេតុផលរបស់រដ្ឋាភិបាលទំនងពិបាកនឹងឱ្យអ្នកធ្លាប់ទទួលជំនួយពីរដ្ឋាភិបាលស៊ុយអែតទទួលយកបាន ដោយគេសំអាងថា កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលស៊ុយអែតធ្លាប់ព្រមានទុករួចហើយថា នឹងពិចារណាឡើងវិញអំពីជំនួយ និងទំនាក់ទំនងជាមួយប្រទេសកម្ពុជា នៅពេលដែលរដ្ឋាភិបាលកម្ពុជាកាលនោះ បានរម្លាយគណបក្សប្រឆាំងគឺគណបក្សសង្រ្គោះជាតិ បង្ខំឱ្យប្រព័ន្ធផ្សព្វផ្សាយ បិទទ្វារ និងធ្វើទុក្ខបុកម្នេញអង្គការសង្គមស៊ីវិល ដែលស៊ុយអែតចាត់ទុកថា ជាការធ្វើឲ្យការអភិវឌ្ឍផ្នែកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដើរថយក្រោយ។
តាំងពីឆ្នាំ២០២១មក ក្រុមអង្គការសង្គមស៊ីវិល សមាគម សហជីព និងសហគមន៍មូលដ្ឋានចំនួនជាង១០០ (១១៦) បានរួមគ្នាដាក់លិខិតទៅស្ថានទូតស៊ុយអែតយ៉ាងតិច ២លើកដែរ ដើម្បីស្នើឱ្យពិចារណាឡើងវិញ ពីផលប៉ះពាល់នៅពេលបាត់ជំនួយដ៏សំខាន់នេះ និងកុំឱ្យស៊ុយអែតបោះបង់កម្ពុជា។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អ្នកស្រី ឆន សុគន្ធា មានប្រសាសន៍ថា បាត់បង់ជំនួយពីប្រទេសស៊ុយអែតធ្វើឱ្យប៉ះពាល់អង្គការជាច្រើនរួមទាំងអង្គការរបស់អ្នកស្រីផង ហើយភាគច្រើនក្រុមអង្គការទាំងនោះទទួលបានជំនួយមិនតិចជាង១០ភាគរយនៃថវិកាទាំងមូលរបស់ស្ថាប័ន។ អ្នកស្រីបន្តថា គម្រោងជាច្រើននៅតាមមូលដ្ឋាននឹងប៉ះពាល់ក្នុងនោះក៏មានការអប់រំ វគ្គសិក្សាសម្រាប់យុវជន និងអ្នកសារព័ត៌មានជាស្ត្រី និងគម្រោងទាក់ទងដល់ស្ត្រីមួយចំនួនទៀតជាពិសេសគម្រោងទប់ស្កាត់អំពើហិង្សាលើស្ត្រី។ អ្នកស្រីថាក្រុមអង្គការសង្គមស៊ីវិលពុំមានសមត្ថភាពដោះស្រាយបញ្ហា ដែលរដ្ឋាភិបាលស៊ុយអែតចង់បានឡើយ គឺមានតែរដ្ឋាភិបាល។
អ្នកស្រី ឆន សុគន្ធា៖ «រវាងប្រទេសទាំងពីរគាត់គួរតែមានការជួបមានការពិភាក្សាគ្នា ដើម្បីឱ្យដឹង។ ទី១ ដឹងពីបញ្ហាពិតប្រាកដ។ ហើយរដ្ឋាភិបាលយើងគួរតែលើកអំពីតម្រូវការអីខ្លះដែលកម្ពុជានៅតែត្រូវការជំនួយពីខាងស៊ុយអែត ក៏ដូចជាម្ចាស់មូលនិធិផ្សេងៗ»។
គិតពីឆ្នាំ២០១០ ដែលស៊ុយអែតបានដាក់ស្ថានទូតនៅកម្ពុជា បន្តរហូតដល់ឆ្នាំ២០២១ ស៊ុយអែតបានផ្ដល់ជំនួយដល់កម្ពុជាមានការកើនឡើងជាលំដាប់គឺចាប់ពី ៥លានដុល្លារក្នុងមួយឆ្នាំរហូតដល់ជិត ៤០លានដុល្លារ។ ជំនួយទាំងនោះផ្ដោតលើការប្រែប្រួលអាកាសធាតុ អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ការអប់រំ សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម រួមនឹងសកម្មភាពចំនួនជាង៤០ ដែលរួមមាន៖ ពង្រឹងសង្គមស៊ីវិល លើកកម្ពស់កម្រិតនៃការអប់រំ ផ្តល់ឱកាសសម្រាប់អ្នកស្រាវជ្រាវវ័យក្មេង កាត់បន្ថយវិសមភាពយេនឌ័រក្នុងកម្មវិធីច្បាប់ ការដោះស្រាយវិវាទការងារ និងការណែនាំយុវជនកម្ពុជាឱ្យឆ្ពោះទៅរកការងារក្នុងក្តីស្រមៃរបស់ពួកគេជាដើម។ ក្នុងដំណាក់កាលដែលជំងឺកូវីដ-១៩ រាលដាល ស៊ុយអែតបានផ្ដល់ជំនួយដល់វិស័យអប់រំ និងការគាំពារហិរញ្ញវត្ថុដល់សហគមន៍ជនបទថែមទៀត។
បើទោះជាយ៉ាងណាស៊ុយអែតបានប្រកាសបិទស្ថានទូតនៅភ្នំពេញកាលពីចុងឆ្នាំ២០២១ និងបានបង្វែរជំនួយជាង ២០លានដុល្លារ ដែលផ្ដល់ឱ្យរដ្ឋាភិបាលទៅឱ្យអង្គការសង្គមស៊ីវិលវិញ។
អ្នកសិក្សាការអភិវឌ្ឍ និងអ្នកវិភាគនយោបាយ លោក សេង សារី មានប្រសាសន៍ថា ការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតនៅក្នុងទំនាក់ទំនងការទូតជាមួយកម្ពុជានេះ ជាឧទាហរណ៍ជាក់ស្ដែង និងថែមទាំងអាចជាគំរូសម្រាប់បណ្ដាប្រទេសលោកសេរីផ្សេងទៀតជាពិសេសប្រទេសនៅអឺរ៉ុប និងអាមេរិកដែលអាចនឹងមានវិធានការស្រដៀងគ្នានេះដែរនៅក្រោយបណ្ដាប្រទេសទាំងនោះព្រមានជាច្រើនលើកច្រើនសារឱ្យរដ្ឋាភិបាលកម្ពុជាងាកមកគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លោក សេង សារី បារម្ភ និងមិនចង់ឱ្យរឿងទាំងនោះកើតឡើងទេ។
លោក សេង សារី៖ «បណ្ដាទូតមួយចំនួន បណ្ដាលោកសេរីដែលចង់ឃើញការដឹកនាំតាមបែបថ្មីតាមអ្វីដែលលោក ហ៊ុន ម៉ាណែត បានទៅរៀនសូត្រពីលោកសេរី គឺហាក់ដូចជាអស់សង្ឃឹម។ ដូច្នេះមានតែវិធីមួយទេគឺប្រើវិធីសាស្ត្រក្ដៅ។ ខ្ញុំមើលទៅការដាក់ទណ្ឌកម្ម ឬការដកការិយាល័យរដ្ឋបាលចុងក្រោយរបស់ប្រទេសស៊ុយអែតនេះគា្រន់តែជាចំណុចចាប់ផ្ដើម»។
អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជាមួយចំនួនមើលឃើញថា រដ្ឋាភិបាលស៊ុយអែតទំនងមិនចង់ឱ្យប្រវត្តិសាស្ត្រច្រំដែល និងជាប់ឈ្មោះថា គាំទ្ររដ្ឋាភិបាលផ្ដាច់ការ រំលោភសិទ្ធិមនុស្ស ធ្វើទុក្ខបុកម្នេញពលរដ្ឋខ្លួនឯងដូចដែលខ្លួនធ្លាប់មានសមានចិត្តគាំទ្ររបបខ្មែរកាលពីអតីតកាល។
ទោះជាយ៉ាងណាយុវជនចលនាមាតាធម្មជាតិ កញ្ញា ស៊ុន រដ្ឋា នៅតែសង្ឃឹមថា រដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះ ដើម្បីបញ្ចៀសមិនឱ្យទំនាក់ទំនងការបរទេសរវាងកម្ពុជា និងបណ្ដាប្រទេសប្រជាធិបតេយ្យកាន់តែធ្លាក់ដុនដាបបន្ថែមទៀត ហើយអ្នកដែលរងគ្រោះពិតប្រាកដគឺក្រុមពលរដ្ឋក្រីក្រ ស្ត្រី ព្រមទាំងកុមារ និងអ្នកងាយរងគ្រោះដទៃទៀត។
កញ្ញា ស៊ុន រដ្ឋា៖ «សេដ្ឋកិច្ចកំពង់តែពិបាក ហើយខ្លួនឯងមានក្បាលម៉ាស៊ីនដ៏ធំមួយ ប៉ុន្តែបែរជាមិនព្រមសហការជាមួយប្រទេសផ្សេងៗ ដោយងប់ងុលតែជាមួយអំណាច ការបង្អួតអំណាច។ វាធ្វើឱ្យបាត់ឱកាសអភិវឌ្ឍប្រទេសជាតិ និងបញ្ចេញស្នាដៃក្នុងនាមខ្លួនឯងជាអ្នកដឹកនាំវ័យក្មេង គឺវានឹងបាត់ឱកាសហ្នឹង»។
ប្រទេសកម្ពុជា និងស៊ុយអែតបានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៦១។ ប្រទេសស៊ុយអែតបានចាប់ផ្ដើមផ្ដល់ជំនួយមកកម្ពុជាលើកដំបូងនៅក្រោយរបបខ្មែរក្រហមដួលរលំ កាលពីឆ្នាំ១៩៧៩ ជាប្រភេទជំនួយមនុស្សធម៌ និងសង្គ្រោះបន្ទាន់ ដែលសំដៅដល់ការសង្គ្រោះជីវិត សម្រាលទុក្ខលំបាក រក្សាសេចក្តីថ្លៃថ្នូររបស់អ្នករងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធ គ្រោះមហន្តរាយធម្មជាតិជាដើម។
ទាក់ទងនឹងការបិទទ្វារការិយាល័យស្ថានទូតនៅកម្ពុជានេះ ស្ថានទូតស៊ុយអែតបញ្ជាក់ថា ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកកនឹងបន្តតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា។ ការគ្រប់គ្រងការគាំទ្រដល់ប្រទេសកម្ពុជាយោងទៅតាមយុទ្ធសាស្ត្រតំបន់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍជាមួយអាស៊ី និងប៉ាស៊ីហ្វិកត្រូវបានផ្ទេរទៅអង្គការសហប្រតិបត្តិការអន្តរជាតិអភិវឌ្ឍន៍របស់ស៊ុយអែតក្នុងទីក្រុងស្តុកហូម (Stockholm)។ ស្ថានកុងស៊ុលស៊ុយអែតប្រចាំទីក្រុងភ្នំពេញនឹងបន្តបើក និងផ្តល់សេវាការទូតមូលដ្ឋានសម្រាប់ពលរដ្ឋស៊ុយអែតនៅកម្ពុជាដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។