សង្គម​ស៊ីវិល​ស្នើ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ឆ្លើយ​តប​ភាព​មិន​ប្រក្រតី​លើ​កញ្ញា សេង ធារី

ដោយ ខាន់ លក្ខិណា
2024.11.30
សង្គម​ស៊ីវិល​ស្នើ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ឆ្លើយ​តប​ភាព​មិន​ប្រក្រតី​លើ​កញ្ញា សេង ធារី (រូបឯកសារ) កញ្ញា សេង ធារី នៅក្នុងពន្ធនាគារ​ខេត្តព្រះវិហារ កាល​ពី​ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០២២។
រូបពីពលរដ្ឋ

សង្គម​ស៊ីវិល​ស្នើ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ឱ្យ​ចាត់​វិធានការ​ច្បាប់​លើ​មន្ត្រី​ពាក់ព័ន្ធ ប្រសិន​បើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ពន្ធនាគារ​ តាម​បណ្ដឹង​របស់​កញ្ញា សេង ធារី។ ការ​ស្នើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​អះអាង​ថា ក្រុម​ការងារ​ជំនាញ​បាន​ចុះ​ស៊ើបអង្កេត ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី ដែល​បាន​ប្ដឹង​ដោយ​មេធាវី និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ-អាម៉េរិកាំង កញ្ញា សេង ធារី កាល​ពី​ពេល​ថ្មីៗ នេះ។

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង ប្រសិន​បើ​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ជំនាញ​រក​ឃើញ​ថា មន្ត្រី​បាន​រំលោភ​ពាន​សិទ្ធិ​អ្នក​ជាប់​ឃុំ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​ពន្ធនាគារ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​អ្នករងគ្រោះ។

កាល​ពី​ដើម​ខែវិច្ឆិកា ឆ្នាំ២០២៤ មេធាវី និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ-អាម៉េរិកាំង ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស កញ្ញា សេង ធារី បាន​ដាក់​បណ្ដឹង​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ឱ្យ​រក​ខុស​ត្រូវ​អំពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ដូចជា ទារុណកម្ម​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត នៅ​ក្នុង​ពន្ធនាគារ «ម២»

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក ឃៀង សុណាឌីន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣០ ខែវិច្ឆិកា​ថា ក្រុម​ការងារ​ជំនាញ​បាន​ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ហើយ ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​កញ្ញា សេង ធារី។

លោក ឃៀង សុណាឌីន៖ «ពាក្យ​បណ្ដឹង​ជន​ជាប់​ឃុំ សេង ច័ន្ទធារី នេះ តាម​ការ​ផ្ដល់​ព័ត៌មាន​បឋម​ពី​នាយកដ្ឋាន​ជំនាញ គឺ​ក្រុម​ការងារ​បាន​ចុះ​អង្កេត និង​ស្រាវជ្រាវ​បឋម​រួច​ហើយ បាន​រៀបចំ​លទ្ធផល​នៃ​ការ​អង្កេត​​​ស្រាវជ្រាវ​ជា​របាយការណ៍ ដើម្បី​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​បន្ត​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ ដើម្បី​ពិនិត្យ​សម្រេច​សុំ​គោល​ការណ៍។ ដោយ​ឡែក ពាក់ព័ន្ធ​លទ្ធផល​អង្កេត​បែប​ណា​នោះ ក៏​ខ្ញុំ​បាន​មិន​ដឹង​ដែរ ព្រោះ​វា​ជា​ការងារ​ក្រុម​ការងារ​ជំនាញ​ចុះ។ ហេតុ​នេះ ចំពោះ​មុខ គឺ​យើង​រង់ចាំ​គោល​ការណ៍​ដឹក​នាំ​ពី​ក្រសួង​សិន ពាក់ព័ន្ធ​នឹង​រឿង​នេះ»

កញ្ញា សេង ធារី ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ពី​ពន្ធនាគារ​ខេត្តព្រះវិហារ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ «ម២» នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី២៣ ខែកញ្ញា។ ការ​បញ្ជូន​កញ្ញា​ទៅ​ឃុំ​ខ្លួន​នៅ​ភ្នំពេញ ធ្វើ​ឡើង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ឡើង​វិញ ដើម្បី​ធានា​ថា ពលរដ្ឋ​ខ្មែរ​ទាំងអស់ អាច​ចូលរួម​បាន​ដោយ​សេរី​ក្នុង​ដំណើរ​ការ​នយោបាយ។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣០ ខែវិច្ឆិកា​ថា ព័ត៌មាន​ដែល​កញ្ញា សេង ធារី បញ្ចេញ​ពី​ពន្ធនាគារ គឺ​ជា​ពន្លឺ​សំខាន់ សម្រាប់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​​ស្រាវជ្រាវ និង​បង្ហាញ​ការ​ពិត ដើម្បី​លើក​កម្ពស់​គុណភាព​ការងារ​របស់​មន្ត្រី និង​ការ​ប្រតិបត្តិ​ច្បាប់​ឱ្យ​ល្អ​ប្រសើរ ព្រមទាំង​បញ្ចៀស​បញ្ហា​រំលោភ​សិទ្ធិ​អ្នក​ជាប់​ឃុំ​កុំ​ឱ្យ​កើត​ឡើង​ទៀត។

លោក​ថា ក្រុម​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដែល​ចុះ​ស៊ើបអង្កេត​ករណី​នេះ គួរ​តែ​ស្រាវជ្រាវ និង​មាន​វិធានការ ដោយ​យក​ចិត្ត​ទុក​ដាក់​ដោយ​ហ្មត់ចត់ និង​ធានា​ឱ្យ​បាន​តម្លាភាព ព្រោះ​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន រួម​ទាំង​បញ្ហា​អំពើ​ពុករលួយ មិន​ងាយ​ស្រាវជ្រាវ​ទេ ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​និង​អ្នក​សូក​ស៊ុមគ្រលុំ​គ្នា។

លោក នី សុខា៖ «បើ​សិន​ជា​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ នេះ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ពុករលួយ អ្នក​ដែល​ស៊ី​សំណូក និង​អ្នក​ដែល​សូក ត្រូវ​តែ​ទទួល​រង​ការ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់ កុំ​ឱ្យ​មាន​ការ​លើក​លែង ពីព្រោះ​បើ​សិន​មាន​ការ​លើក​លែង​ចំពោះ​បញ្ហា​ទាំងអស់​នេះ វា​ជះ​ឥទ្ធិពល​មិន​ល្អ​មក​ដល់​សង្គម​យើង ដល់​យុត្តិធម៌​នៅ​ក្នុង​បញ្ហា​សង្គម​យើង។ នេះ​ជា​រឿង​មួយ​ដែល​អង្គភាព​ប្រចាំ​អំពើ​ត្រូវ​តែ​មាន​ការ​ចូលរួម​សហការ​ដែរ ប្រសិន​បើ​មាន​ពាក់ព័ន្ធ​នឹង​ទៅ​បញ្ហា​អំពើពុករលួយ»

ចំណែក​ឯ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣០ ខែវិច្ឆិកា​ថា ប្រសិន​បើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ដូច​បណ្ដឹង​របស់​កញ្ញា សេង ធារី មែន អគ្គនាយកដ្ឋាន​ពន្ធនាគារ ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ភាគី​ពាក់ព័ន្ធ។ លើស​ពី​នេះ​ទៀត លោក​ស្នើ​ឱ្យ​មាន​ការ​ធានា​សុវត្ថិភាព​ដល់​អ្នក​ជាប់​ឃុំ ដើម្បី​ពួក​គាត់​ហ៊ាន​ដាក់​បណ្ដឹង អំពី​ភាព​មិន​ប្រក្រតី ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ពន្ធនាគារ។

លោក អំ សំអាត៖ «យើង​ចង់​ឃើញ​ការ​ស៊ើបអង្កេត​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌​ក្នុង​ការ​ស្វែង​រក​ការ​ពិត និង​ការ​ផ្ដល់​នូវ​យុត្តិធម៌​ទៅ​ដល់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស បើ​សិន​ជា​មាន​ករណី​ឬ​ក៏​បញ្ហា​​កើត​ឡើង​ដែល​មាន​ការ​រំលោភ​ពាន​សិទ្ធិ​ជាប់​ឃុំ ហើយ​នឹង​ភាព​មិន​ប្រក្រតី​នៅ​ពន្ធនាគារ​ណា​មួយ​មែន។ អា​ហ្នឹង​ត្រូវ​តែ​អនុវត្ត​តាម​នីតិវិធី​តាម​ផ្លូវ​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​ជាប់​ឃុំ ក៏​ដូច​ជា​ការ​ពង្រឹង​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​គ្រប់គ្រង​នៅ​ក្នុង​ពន្ធនាគារ​ឱ្យ​ល្អ​ប្រសើរ»

គិត​ចាប់​តាំង​ពី​ខែមិថុនា ឆ្នាំ២០២២ ដល់​ខែ​វិច្ឆិកាឆ្នាំ២០២៤ មេធាវី​និង​ជា​អ្នក​ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយ​អន្តរជាតិ កញ្ញា សេង ធារី ជាប់​ពន្ធនាគារ​ជាង ២ឆ្នាំ​ហើយ។ ការ​កាត់​សេចក្ដី​ឱ្យ​កញ្ញា សេង ធារី មាន​ទោស​បែប​នេះ ត្រូវ​បាន​ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​សហគមន៍​អន្តរជាតិ​សេរី​ប្រជាធិបតេយ្យ រួម​មាន​អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ជា​ដើម ចាត់​ទុក​ថា ជា​ចំណាត់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

កាល​ពី​ថ្ងៃទី២៨ ខែ​វិច្ឆិកា សភា​អឺរ៉ុប​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​រាល់​អ្នក​ទោស​នយោបាយ សកម្មជន អ្នក​កាសែត អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​តួអង្គ​សង្គម​ស៊ីវិល​ដទៃ​ទៀត ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​បទ​ចោទ ដែល​មាន​ចរិត​នយោបាយ។ សភា​អឺរ៉ុប​បាន​ជំរុញ​សហភាព​អឺរ៉ុប និង​រដ្ឋ​សមាជិក​របស់​ខ្លួន ឱ្យ​ចាត់​វិធានការ​ជា​បន្ទាន់ និង​ប្រកប​ដោយ​ប្រសិទ្ធភាព ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​ក្រុម​មនុស្ស​ទាំង​ឡាយ​ណា ដែល​ទទួល​ខុសត្រូវ​លើ​ការ​រឹតត្បិត​ផ្នែក​នយោបាយ និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា រហូត​ទាល់តែ​អ្នក​ទោស​នយោបាយ​ទាំងអស់​ត្រូវ​បាន​ដោះលែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។