អ្នកឃ្លាំមើលសង្គមថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាគួរបញ្ឈប់បកស្រាយប្រឌិតអំពីបញ្ហាសិទ្ធិមនុស្ស
2024.09.10
អ្នកតាមដានស្ថានការណ៍សង្គមលើកឡើងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានតួនាទីត្រួតពិនិត្យលើករណីរំលោភសិទ្ធិមនុស្ស និងជំរុញឱ្យមានការអនុវត្តសិទ្ធិសេរីភាពពេញលេញមិនគួរបកស្រាយបន្លែបន្លំអ្នកការទូតស្ដីពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជានោះទេ។ ពួកគាត់អះអាងថា ការមិនទទួលស្គាល់ការពិតអំពីបញ្ហារំលោភសិទ្ធិមនុស្ស នឹងធ្វើឱ្យកម្ពុជាសម្បូរទៅដោយអំពើនិទ្ទណ្ឌភាព។
អ្នកឃ្លាំមើលសង្គមសង្កេតឃើញថា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី មិនបានជួយជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សនោះទេ ផ្ទុយទៅវិញបែរជាធ្វើឱ្យកម្ពុជាក្លាយជាប្រទេសពោរពេញទៅដោយការរំលោភសិទ្ធិមនុស្ស និងការចាប់ខ្លួនមនុស្សតាមទំនើងចិត្តកាន់តែច្រើនឡើង។
អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីថា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី អសមត្ថភាពការពារពលរដ្ឋឱ្យផុតពីការរំលោភបំពានសិទ្ធិមនុស្ស។ លោកបន្តថា ការចាប់ខ្លួនក្រុមយុវជន និងចោទប្រកាន់ពីបទល្មើសធ្ងន់ៗគឺជាលេសរបស់រដ្ឋាភិបាលដើម្បីកម្ចាត់សំឡេងអ្នករិះគន់ មិនមែនជាការអនុវត្តច្បាប់នោះទេ។
លោក ស៊ឹង សែនករុណា៖ «អ្វីដែលជាបញ្ហាគណៈកម្មាធិការនេះគឺជាគណៈកម្មាធិការមួយដែលបម្រើនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋគួរតែគិតពីផលប្រយោជន៍ពលរដ្ឋប្រសិនបើមិនបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋទេគណៈកម្មាធិការហ្នឹងគួរតែបញ្ឈប់ទៅ។ គួរតែទៅជាគណៈកម្មាធិការរបស់ក្រសួងនៅក្នុងរដ្ឋាភិបាល តែម្ដងទៅប្រសិនបើការពារសិទ្ធិឱ្យតែរដ្ឋាភិបាល»។
ការលើកឡើងរបស់អ្នកឃ្លាំមើលសង្គមនេះធ្វើឡើងក្រោយពេលដែលប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី កាលពីថ្ងៃទី៩ ខែកញ្ញា បានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor Driesmans) អំពីការចាប់ខ្លួនក្រុមយុវជនកាលពីពេលថ្មីៗ នេះដាក់ពន្ធនាគារ។ ក្នុងជំនួបនោះ លោក កែវ រ៉េមី បានពន្យល់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាថា ការចាប់ខ្លួនបុគ្គលមួយចំនួនពាក់ព័ន្ធនឹងផែនការផ្ដួលរំលំរដ្ឋាភិបាលកាលពីពេលថ្មីៗនេះគឺដោយសារអាជ្ញាធររកឃើញភស្តុតាងមួយចំនួនដូចជា កាំបិត ស្នាប់ដៃ កាំភ្លើងការច្នៃ និងសារសំឡេងបែកធ្លាយមួយចំនួនដែលបង្ហាញថា បុគ្គលទាំងនោះមានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាល។ លោក កែវ រ៉េមី បញ្ជាក់ថា ការចាប់ខ្លួនក្រុមយុវជនទាំងនោះគឺជាការអនុវត្តស្របតាមច្បាប់ដើម្បីរក្សាស្ថិរភាពសង្គម សណ្ដាប់ធ្នាប់ និងសន្តិសុខជាតិ។
ដោយឡែកនៅលើគណនីបណ្ដាញសង្គមអ៊ិច (X) របស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor Driesmans) ដែលបង្ហោះនៅថ្ងៃទី១០ ខែកញ្ញា នេះបង្ហាញថា លោកជួបជជែកជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី និងបានលើកឡើងពីលំហសិទ្ធិសេរីភាពសង្គមស៊ីវិល ព្រមទាំងការចាប់ខ្លួនបុគ្គលមួយចំនួនកាលពីពេលថ្មីៗនេះ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយចំពោះការរិះគន់នេះពីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានទេដោយលោកឱ្យទៅសួរអ្នកនាំពាក្យស្ថាប័ននេះវិញ។ ដោយឡែកអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការឆ្លើយតបបានឡើយ។
កាលពីថ្ងៃទី៤ ខែកក្កដា សហភាពអឺរ៉ុបបានរំលឹកកម្ពុជាសាជាថ្មី អំពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយពីកម្ពុជាកាលពីពេលកន្លងទៅដោយសារតែរដ្ឋាភិបាលបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធ ជាពិសេសករណីដែលអាជ្ញាធរនៃរដ្ឋាភិបាលកម្ពុជាបន្តធ្វើទុក្ខបុកម្នេញទៅលើសកម្មជនសិទ្ធិមនុស្ស បរិស្ថាន និងនយោបាយ។
ទាក់ទិនរឿងនេះ អ្នកសិក្សាកិច្ចការសង្គម និងនយោបាយលោក ប៉ោ មករា មានប្រសាសន៍ថា លោកមិនអាចទទួលយកបានជុំវិញការបកស្រាយរបស់លោក កែវ រ៉េមី អំពីការចាប់ខ្លួនក្រុមយុវជនបានឡើយ។ លោកយល់ថាការចាប់ខ្លួនក្រុមយុវជនសកម្មនឹងការងារសង្គមមួយចំនួន ទាំងដែលដែលរដ្ឋាភិបាលគ្មានភស្តុតាងបញ្ជាក់ថា ពួកគេបានប្រព្រឹត្តបទល្មើសផងនោះ មិនបានផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចជាតិឡើយ។
លោក ប៉ោ មករា៖ «បើយើងនិយាយអំពីតួនាទីវាមិនមានអ្វីក្រៅតែពីលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋ ទៅដល់ក្រុមយុវជនពីព្រោះក្រុមយុវជនយើងដឹងស្រាប់ហើយពួកគាត់ក៏ជាចំណែកមួយនៅក្នុងការដោះស្រាយបញ្ហាជាតិ។ ក៏ជាចំណែកមួយក្នុងការចូលរួមបង្ហាញពីកង្វះខាតរបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍន៍ជាតិឱ្យឆ្ពោះទៅមុខ»។
អ្នកឃ្លាំមើលបារម្ភថា កម្ពុជាអាចជួបវិបត្តិសង្គមធ្ងន់ធ្ងរ ប្រសិនបើប្រទេសលោកសេរីបន្តដាក់ទណ្ឌកម្មបន្ថែមទៀតជុំវិញការចាប់ខ្លួនមនុស្សដាក់ពន្ធនាគារតាមទំនើងចិត្តបែបនេះ។ ពួកគាត់ជំរុញរដ្ឋាភិបាលកម្ពុជាទទួលយកអនុសាសន៍របស់សហគមន៍អន្តរជាតិ និងអ្នកពាក់ព័ន្ធទៅកែលម្អបញ្ហាប្រជាធិបតេយ្យ និងបើកលំហសេរីភាពពលរដ្ឋឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។