ជនជាតិដើមភាគតិចព្នងលោក គ្រើង តុលា ពីអ្នកតស៊ូមតិក្នុងមូលដ្ឋានក្លាយជាអ្នកការពារសិទ្ធិមនុស្ស
2022.11.19
ជនជាតិដើមភាគតិចព្នងលោក គ្រើង តុលា ដែលស្រលាញ់ និងពេញចិត្តវិស័យការពារសិទ្ធិមនុស្ស បានតស៊ូពីអ្នកតស៊ូមតិនៅក្នុងសហគមន៍ ក្លាយជាអ្នកការពារសិទ្ធិមនុស្ស ក្នុងអង្គការសិទ្ធិមនុស្សឈានមុនក្នុងស្រុកមួយ។ មន្ត្រីសង្គមស៊ីវិល និងជនជាតិដើមភាគតិច រំពឹងថា ជនជាតិភាគតិចព្នងរូបនេះ អាចជួយលើកតម្កើងសិទ្ធិពលរដ្ឋ សិទ្ធិជនជាតិដើមភាគតិចឱ្យកាន់តែទូលំទូលាយថែមទៀត។
លោក គ្រើង តុលា បានក្លាយពីអ្នកតស៊ូមតិនៅក្នុងសហគមន៍ក្លាយខ្លួនជាអ្នកការពារសិទ្ធិមនុស្ស ។លោក គ្រើង តុលា ថា នេះជាឱកាស ដែលលោកអាចឱ្យបំពេញការងារជាអ្នកការពារសិទ្ធិមនុស្សបានទូលំទូលាយជាងមុន ហើយក៏អាចធ្វើឱ្យប្រជាសហគមន៍របស់លោក កាន់តែយល់ដឹងថែមទៀតពី សិទ្ធិរបស់ខ្លួន ពីការគ្រប់គ្រងដីចម្ការ ដីផ្ទះ និងដីកប់សព ជាដើម។
បុរសសម្បុរខ្មៅជនជាតិដើមភាគតិចព្នងរូបនេះ មានជំនឿថា នៅពេលពលរដ្ឋក្នុងសហគមន៍ ពិសេសជនជាតិដើមភាគតិច យល់ដឹងពីសិទ្ធិរបស់ខ្លួន ពួកគេ មិនភ័យមិនខ្លាច ក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួនទៀតទេ។
លោក គ្រើង តុលា៖ «ខ្ញុំគិតថា ជាឱកាសមួយសម្រាប់ការរៀនសូត្រ ហើយជាឱកាសសម្រាប់បង្កើនការយល់ដឹងរបស់ខ្ញុំ ហើយក៏ដូចជាឱកាសមួយជួយដល់សហគមន៍នៅខេត្តមណ្ឌលគិរី ឱ្យគាត់យល់ពីសិទ្ធិរបស់គាត់ បាទបង ជនជាតិដើមភាគតិច យើងមានសិទ្ធិរហូតដល់៥ពិសេសត្រង់កន្លែងហ្នឹង គាត់មានដីចម្ការ ដីផ្ទះ គាត់មានព្រៃតំណម គាត់មានកន្លែងកប់សព ហើយគាត់សម្រាប់គ្រោងទុកដល់កូនដល់ចៅ សម្រាប់អនាគត អ៊ីចឹង ខុសគ្នារហូតដល់បី អ៊ីចឹងនេះហើយគេហៅថា ច្បាប់ពិសេសរបស់ជនជាតិដើមភាគតិច»។
លោក គ្រើង តុលា មានវ័យ ៣២ឆ្នាំ បានកសាងគ្រួសារជាមួយស្ត្រីខ្មែរកណ្ដាល និងទទួលពីរនាក់ជាចំណងដៃ។ ក្រៅពីអាចនិយាយភាសាព្នង លោកក៏បានរៀនចប់បរិញ្ញាបត្ររងផ្នែកគ្រប់គ្រងធនធានមនុស្ស ហើយសព្វថ្ងៃកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ថែមទៀត។
លោក គ្រើង តុលា ទើបចូលបំពេញការងារមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តមណ្ឌលគិរី ពេលថ្មីៗនេះទេ។ ប៉ុន្តែ លោកក៏បានធ្វើការងារក្នុងវិស័យសិទ្ធិមនុស្ស នេះជិត១០ឆ្នាំមកហើយ។ មុនពេលក្លាយជាអ្នកតស៊ូមតិ លោក គ្រើង តុលា ជាមន្ត្រីជាប់កិច្ចសន្យានៅសាលាដំបូងខេត្តមណ្ឌលគិរី ហើយលោកក៏ធ្លាប់ជាបុគ្គលិកក្រុមហ៊ុន ឯកជនដែរ។
ដោយចិត្តស្រលាញ់ការងារសហគមន៍ និងការលើកកម្ពស់ផ្នែកសិទ្ធិមនុស្ស លោក គ្រើង តុលា បានលាឈប់ពីការងារទាំងនេះ និងបានផ្ដួចផ្ដើមបង្កើតបណ្ដាញសហគមន៍ជនជាតិដើមភាគតិច កាលពីឆ្នាំ២០១៥ ហើយបានជាប់ប្រធានសហគមន៍មួយអាណត្តិដែលមានរយៈពេល៣ឆ្នាំ។ ក្រោយមកលោកប្ដូរមកកាន់តួនាទីជាទីប្រឹក្សាសហគមន៍ជនជាតិដើមភាគតិចវិញម្ដង និងចុងក្រោយលោកក្លាយអ្នកការពារសិទ្ធិរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក។
លោក គ្រើង តុលា ឱ្យដឹងដែរកន្លងមក លោកបានតស៊ូមតិជាមួយសមត្ថកិច្ច ដោយស្នើទៅសមត្ថកិច្ចឱ្យដោះលែង ពលរដ្ឋមានបញ្ហាដីធ្លី ព្រោះសមត្ថកិច្ចបានចាប់ពលរដ្ឋខុសនីតិវិធី ហើយពលរដ្ឋក៏ត្រូវបានសមត្ថកិច្ចដោះលែងមកវិញ។
លោក គ្រើង តុលា៖ «គេហៅថា រួបរួមកម្លាំងសាមគ្គីគ្នាណាសហគមន៍ក្នុងខេត្តហ្នឹង ជាគោលបំណងដែលខ្ញុំបង្កើតកាលហ្នឹង ទី២ ឱ្យមានសំឡេងតែមួយដើម្បីស្នើសុំឬទាមទារអ្វីមួយពីអាជ្ញាធរមូលដ្ឋាន ឱ្យគាត់ជួយដោះស្រាយ ទី៣នោះ គោលបំណង របស់យើងគឺរក្សាការពារវប្បធម៌ដីធ្លីព្រៃឈើ ជនជាតិដើមភាគតិចឱ្យគាត់ជួយដោះស្រាយ»។
ទាក់ទងការបំពេញការងារពេលនេះ លើផ្នែកសិទ្ធិមនុស្ស ពេលនេះ លោក គ្រើង តុលា យល់ថា ទោះជាការងារដូចគ្នា ប៉ុន្តែ របៀបធ្វើការងារ ខុសគ្នា ព្រោះពីមុនលោកធ្វើការងារបែបឯករាជ្យ ប៉ុន្តែ ពេលនេះ លោកត្រូវបំពេញការងារដោយ មានក្រមសីលធម៌ គោរពបទបញ្ជាផ្ទៃក្នុងនិងវិន័យរបស់ស្ថាប័ន។ លោក ឱ្យដឹងទៀតថា ការងារថ្មីនេះ លោកទទួលបន្ទុកផ្នែកដីធ្លី ព្រៃឈើ សិទ្ធិស្ត្រី និងសិទ្ធិកុមារ។
លោក គ្រើង តុលា៖ «យើងធ្វើអន្តរាគមន៍ទៅតាមបែបបទ ឧទាហរណ៍ថា រឿងដីធ្លី យើងអន្តរាគមន៍តាមរបៀបម៉េច រឿងព្រៃឈើ យើងគួរអន្តរាគមន៍តាមរបៀបម៉េច ហើយរឿងស្ត្រីយើងត្រូវអន្តរាគមន៍តាមរបៀបម៉េច អ៊ីចឹងមានន័យថា ទី១ យើងត្រូវមានវគ្គបណ្ដុះបណ្ដាលឱ្យគាត់ ទី២ យើងត្រូវទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធ ទី៣ យើងត្រូវរកផ្លូវឱ្យពួកគាត់មានសង្ឃឹម មានន័យថា គាត់អាចដើរ អាចទាមទារបាន»។
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់អាដហុក (Adhoc) បានផ្ដល់ឱកាសការងារឱ្យលោក គ្រើង តុលា ធ្វើជាមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សប្រចាំខេត្តមណ្ឌលគីរី ដែលជាខេត្តកំណើតរបស់លោក។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ឱ្យដឹងថា ការទទួលយកលោក គ្រើង តុលា ជាមន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមអាដហុក ព្រោះកន្លងមកជនជាតិដើមភាគតិចរូបនេះមានភាពសកម្ម ក្នុងការបំពេញការងារផ្នែកតស៊ូមតិ មានចំណេះដឹងទូទៅល្អគួរសម បើធៀបនឹងជនជាតិដើមភាគតិចផ្សេងទៀតក្នុងតំបន់នេះ។ លោកយល់ថា បើផ្អែកលើពីការយល់ដឹងផ្នែកភូមិសាស្ត្រ និងទំនាក់ទំនងសង្គម លោក គ្រើង តុលា នឹងអាចពាំនាំទុក្ខលំបាក ឬក៏ការរំលោភសិទ្ធិមនុស្ស នៅភូមិភាគឦសាន្តនេះ ចេញមកក្រៅបានទូលំទូលាយជាងមុន។
លោក ស៊ឹង សែនករុណា៖ «សង្ឃឹមថា លោកនឹងមានការអភិវឌ្ឍន៍ខ្លួនកាន់តែសកម្ម ហើយខ្លាំងក្លា ថែមទៀត ហើយអាចក្លាយជាធនធានដ៏សំខាន់របស់សមាគម ក្នុងការជួយទៅដល់បេសកកម្មនិងការងាររបស់សមាគម ដើម្បីបម្រើផលប្រយោជន៍ដល់សង្គមជាតិយើងដែរបាទ»។
ស្រដៀងគ្នានេះដែរ ជនជាតិភាគតិចរស់នៅខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ភីរុំ បង្ហាញចិត្តរីករាយ ពេលឃើញជនជាតិដើមភាគតិចរបស់លោកស្រី អាចបំពេញការងារជាអ្នកការពារសិទ្ធិមនុស្ស។ លោកស្រីឱ្យដឹងទៀតថា នៅតំបន់លោកស្រីរស់នៅមានបញ្ហារំលោភសិទ្ធិមនុស្ស និងការបំផ្លាញព្រៃឈើជាច្រើន ដែលត្រូវការឱ្យមានអ្នកជួយយកនាំយកបញ្ហាទាំងនេះ ផ្ដល់ទៅអាជ្ញាធរ និងអ្នកពាក់ព័ន្ធដោះស្រាយ។ ទន្ទឹមគ្នានេះដែរ លោកស្រី ភ្លឹក ភីរុំ បារម្ភផងដែរ ខ្លាចលោក គ្រើង តុលា នៅពេលបំពេញការងារត្រូវបានមន្ត្រីខិលខូច ឬឈ្មួញបំផ្លាញព្រៃឈើធ្វើបាប។ ទោះយ៉ាងណា ស្ត្រីជនជាតិដើមភាគតិចព្នងរូបនេះអះអាងថា ប្រសិនបើលោក គ្រើង តុលា បំពេញការងារដើម្បីបម្រើប្រយោជន៍សង្គម និងពលរដ្ឋ បើទោះជាត្រូវរងការគំរាមព្រោះការបំពេញការងារនេះ នោះក្រុមពលរដ្ឋក៏ត្រៀមជួយការពារលោក គ្រើង តុលា។
លោកស្រី ភ្លឹក ភីរុំ៖ «ជនជាតិដើមភាគតិចនៅតែការពារគាត់(លោក គ្រើង តុលា) បើគាត់មិនស៊ីសំណូក តែគ្រាន់ថា ខ្លាចគាត់ស៊ីសំណូកជាមួយអាជ្ញាធរអីហ្នឹង បើមានករណីហ្នឹងកើតឡើង គឺពួកខ្ញុំអត់គាំទ្រ តែបើសិនគាត់ ជួយសហគមន៍អស់ពីចិត្តសម្រាប់បម្រើពលរដ្ឋទូទៅក្នុងខេត្តមណ្ឌលគិរី ពួកយើងខ្ញុំនឹងគាត់ទោះក្នុងកាលៈទេសៈណាក៏យើងជួយគាត់ដែរ»។
ទាក់ទងការព្រួយបារម្ភនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានទេនៅថ្ងៃទី១៩ ខែវិច្ឆិកា។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា ជារឿងល្អដែលជនជាតិដើមភាគតិចចូលរួមចំណែកធ្វើការងារជួយលើកស្ទួយផ្នែកសិទ្ធិមនុស្ស។ លោកអះអាងដែរថា បក្សកាន់អំណាច តែងលើកទឹកចិត្ត និងគោរពសិទ្ធិជនជាតិដើមភាគតិច។
លោក សុខ ឥសាន៖ «ខ្ញុំមិនជឿថា បងប្អូនជនជាតិភាគតិចនៅឦសាន្ត ថយក្រោយទេ និយាយរួមឥឡូវនេះគាត់មានការរីកចម្រើនដូចបងប្អូនភូមិភាគកណ្ដាលដូចគ្នា បាទដូច្នេះ ការចូលរួមនៅក្នុងជីវភាពសង្គមក៏មានលក្ខណៈល្អជាងមុនឆ្ងាយណាស់បាទ»។
ទោះជាមន្ត្រីបក្សកាន់អំណាច ថ្លែងដូច្នេះក្ដី ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សមួយចំនួន រួមថ្នាក់ដឹកនាំសមាគមការពារសិទ្ធិមនុស្សអាដហុក ផង កំពុងរងគ្រោះព្រោះការបំពេញការងារលើកស្ទួយសិទ្ធិមនុស្សរបស់ខ្លួនដោយការចោទប្រកាន់ពីតុលាការ។ ចំណែកលោក គ្រើង តុលា ក៏មានជាប់ក្ដីក្ដាំមួយចំនួននៅតុលាការខេត្តមណ្ឌលគិរីផងដែរ ព្រោះការចូលរួមធ្វើការងារក្នុងសហគមន៍របស់លោកជិត ១០ឆ្នាំមកនេះ។
ទោះយ៉ាងណា លោក គ្រើង តុលា ថា បើលោកមិនប្រព្រឹត្តិទង្វើល្មើសច្បាប់ទេលោកមិនខ្លាចនោះទេ។ លោក គ្រើង តុលា រំពឹងថា ក្នុងនាមលោក ជាអ្នកការពារសិទ្ធិមនុស្ស នឹងអាចជួយពិគ្រោះផ្ដល់គំនិតទៅពលរដ្ឋ ឱ្យចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន ចេះតស៊ូមតិដោយអហិង្សា និងយល់ដឹងពីច្បាប់ ជាពិសេសគឺសិទ្ធិជនជាតិដើមភាគតិច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។