សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​ក្រោម

ដោយ យន់ សាមៀន
2024.06.04
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​ក្រោម ខ្មែរ​ក្រោម​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅ​បូរី​ញូវយ៉ក (New York) នៅ​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៤ ដើម្បី​ទាមទារ​អាជ្ញាធរ​វៀតណាម​ឱ្យ​ដោះ​លែង​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ១៣អង្គ និង​នាក់ ដែល​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ។
រូប៖ RFA/2024-04-19

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​ក្រោម​ពី​ការ​រំលោភបំពាន​របស់​វៀតណាម។ ពលរដ្ឋ​ខ្មែរ និង​ខ្មែរក្រោម​រំពឹង​ថា នៅ​ថ្ងៃ​អនាគត​ពលរដ្ឋ​ខ្មែរក្រោម នឹង​ទទួល​បាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​។ ការ​លើកឡើង​នេះ​ធ្វើឡើង​នៅក្នុង​ថ្ងៃ​រំលឹក​ខួប​ទី​៧៥​ឆ្នាំ ដែល​អាណានិគមនិយម​បារាំង បាន​ផ្ទេរ​ការគ្រប់គ្រង​កម្ពុជា​ក្រោម​ឲ្យ​ទៅ​វៀតណាម​ត្រួតត្រា​បន្ត​ដោយ​ខុសច្បាប់។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃទី​៤ មិថុនា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ បង្ហាញ​ពី​ការរំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម​រយៈពេល​៧៥​ឆ្នាំ ក្រោម​ការគ្រប់គ្រង​របស់​វៀតណាម ដែល​រួម​មាន​ការប៉ុនប៉ង​រំលាយ​វប្បធម៌ សាសនា និង​បំបិទ​សិទ្ធិ​បញ្ចេញមតិ​ពលរដ្ឋ​ខ្មែរក្រោម​ជាដើម​។ សហព័ន្ធ​បញ្ជាក់​ថា កត្តា​ទាំងនេះ​ហើយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម ក្រោក​ឡើង​តស៊ូ​មតិ​ជាមួយ​រដ្ឋាភិបាល​វៀតណាម នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​វាសនា​ដោយ​ខ្លួនឯង ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ក្នុងនាម​ជា​សមាជិក នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ត្រូវតែ​គោរព​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន និង​គោរព​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរក្រោម តាម​សន្ធិសញ្ញា​ដែល​វៀតណាម​បាន​ចុះហត្ថលេខា​ជាមួយ​អង្គការ​សហប្រជាជាតិ។

កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ អាណានិគមនិយម​បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម ទៅឱ្យ​វៀតណាម​ត្រួតត្រា​បន្ត​ដោយ​ខុសច្បាប់​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​។ នៅក្នុង​រយៈពេល​៧៥​ឆ្នាំ​នេះ ខ្មែរក្រោម ដែល​រស់​នៅ​លើ​ទឹកដី​កំណើត​រង​ការ​ធ្វើទុក្ខបុកម្នេញ​សព្វបែបយ៉ាង​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ដែល​រក​គ្រប់​មធ្យោបាយ ដើម្បី​បំបាត់​អត្តសញ្ញាណ វប្បធម៌ ប្រពៃណី និង​សាសនា​ខ្មែរក្រោម​។ បច្ចុប្បន្ន​មាន​សកម្មជន​ខ្មែរក្រោម​ចំនួន​៨​នាក់ និង​ព្រះសង្ឃ ៥​អង្គ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ ដោយសារតែ​ការ​ផ្សព្វផ្សាយ​ពី​សិទ្ធិមនុស្ស សិទ្ធិ​ជនជាតិ​ដើម និង​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម។

នៅ​ថ្ងៃ​នេះ​ដែរ នៅ​ឯ​ដែនដី​កម្ពុជា​ក្រោម​វិញ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម រាប់​រយ​អង្គ​/​នាក់ បាន​ជួបជុំគ្នា​ប្រារព្ធ​ពិធី​រំលឹក​ខួប​នេះ នៅ​វត្ត​ពោធិ​ចូឡាមណី​ព្រះ​ចេតិយ នៅក្នុង​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង។

ក្នុង​ពិធី​នេះ ព្រះសង្ឃ​បាន​សូត្រមន្ត សម្ដែង​ធម្មទេសនា និង​សម្ដែង​មតិ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម។

នៅ​ព្រឹក​ថ្ងៃទី ៤ មិថុនា អាជ្ញាធរ​វៀតណាម បាន​ឃាត់​ពលរដ្ឋ​ខ្មែរក្រោម​មួយចំនួន ដើម្បី​សួរនាំ​ពួកគេ​រឿង​ធ្វើដំណើរ​ទៅ​ចូលរួម​កម្មវិធី​រំលឹក​ខួប​លើក​៧៥​ឆ្នាំនេះ។

ព្រះសង្ឃ​សកម្ម​ការងារ​សង្គម​ព្រះតេជព្រះគុណ ធូ វ៉ាឃីម រំពឹង​ថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅតែ​បន្តសកម្មភាព​តស៊ូ​មតិ​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​គោរព​សិទ្ធិ​សេរីភាព និង​ការពារ​វប្បធម៌ និង​អក្សរសាស្ត្រ​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម។

ព្រះតេជព្រះគុណ ធូ វ៉ាឃីម៖ «អាត្មា​មាន​ក្ដី​រំពឹង​មួយ​ថា ពួកគាត់​នឹង​តស៊ូ​រហូត គាត់​មិន​អាច​ចុះចាញ់ ឬ​នៅ​ស្ងៀម​បាន​ទេ ព្រោះ​អាត្មា​ចង់​ឲ្យ​ពួកគាត់​តស៊ូ​ទាមទារ​រក​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ឬ​ទាមទារ​ទឹកដី​របស់​គាត់​ក៏​ថា​បាន»

ចំណែក​ឯ នៅ​កម្ពុជា​ឯណោះ​វិញ គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ចេញ​សេចក្ដីថ្លែងការណ៍ បង្ហាញ​ការ​ឈឺចាប់ និង​ស្ដាយស្រណោះ​ចំពោះ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​។ គណបក្ស​ទាំងពីរ​នេះ​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ​តែមួយ និង​ទាមទារ​ឲ្យ​វៀតណាម គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន និង​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​ក្រោម ព្រមទាំង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ សកម្មជន​សិទ្ធិមនុស្ស និង​ព្រះសង្ឃ​ខ្មែរក្រោម​បន្ត​ទៀត។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៤ មិថុនា ថា គណបក្ស​កម្លាំង​ជាតិ មិន​ឈរ​អោបដៃ ទុក​ឲ្យ​ខ្មែរ​ណា​ម្នាក់​រង​ទុក្ខ​នោះ​ឡើយ។

លោក រ៉ុង ឈុន៖ «ក្នុងនាម​ខ្ញុំ​ជា​ខ្មែរ​មួយរូប ក៏ដូចជា​គណបក្ស​កម្លាំង​ជាតិ យើង​មិន​ឈរ​អោបដៃ​មើល​បងប្អូន​ខ្មែរក្រោម​ទេ យើង​ទុក​ខ្មែរក្រោម ខ្មែរ​កណ្ដាល ខ្មែរលើ ខ្មែរ​នៅ​លើ​ពិភពលោក​គឺ​ខ្មែរ​តែមួយ​ឲ្យ​តែ​ខ្មែរ​នៅទេ​ណា​ទទួលរង​ទុក្ខ​ការ​រំលោភបំពាន គណបក្ស​កម្លាំង​ជាតិ​នឹង​ធ្វើ​ការ​តស៊ូ​មតិ និង​ស្វែងរក​សិទ្ធិ​សេរីភាព»

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​៤ មិថុនា។

ដោយឡែក កាលពី​ថ្ងៃទី​១ និង​ថ្ងៃ​ទី២ ខែ​មិថុនា សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ប្រទេស​អូស្ត្រាលី (Australia) និង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង (South Korea) បារាំង (France) អ៊ីតាលី (Italy) កាណាដា (Canada) និង​សហរដ្ឋអាមេរិក (United States) ក៏បាន​ប្រារព្ធ​ពិធី​នេះ​ដែរ។​នៅ​សហរដ្ឋអាមេរិក (United States) នឹង​ធ្វើ​ពិធី​បាត់បង់​ទឹកដី​នៅ​ថ្ងៃទី​៩ មិថុនា ទីក្រុង​សានហូហ្ស៊េ (San Jose) រដ្ឋកាលីហ្វនីញ៉ា (California)​។ ចំណែក​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា គ្រោង​ប្រារព្ធ​ពិធី​នេះ នៅ​វត្ត​សាមគ្គី​រង្សី ហៅ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ មិថុនា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។