មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ មិនអនុញ្ញាតឲ្យមិត្តភក្ដិសួរសុខទុក្ខកញ្ញា ភួន កែវរស្មី
2024.10.05
មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ មិនអនុញ្ញាតឲ្យមិត្តភ័ក្ដិសួរសុខទុក្ខសកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ។ មន្ត្រីអង្គការសង្គមស៊ីវិល ថា មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ គួរតែពិនិត្យ និងបើកឱកាសឲ្យមិត្តភ័ក្ដិកញ្ញា ភួន កែវរស្មី បានសួរសុខទុក្ខកញ្ញាឡើងវិញ។
ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) លោក សាន់ ម៉ាឡា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែតុលាថា លោកសោកស្ដាយ ដែលមន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ មិនអនុញ្ញាតឲ្យមិត្តភ័ក្ដិ ចូលជួបសកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី នៅពន្ធនាគារខេត្តពោធិ៍សាត់។
លោក សាន់ ម៉ាឡា៖ «ខ្ញុំគិតថា មន្ត្រីពន្ធនាគារនៅក្នុងខេត្ត ដែលសកម្មជនចលនាមាតាធម្មជាតិ ត្រូវបានគេបញ្ជូនទៅឃុំឃាំង គួរតែមានការអាណិត ស្រឡាញ់ ហើយពិចារណាក្នុងការអនុញ្ញាតឲ្យអ្នកទោសមនសិការអាចទទួលជួបមិត្តភ័ក្ដិដូចជាអ្នកទោសដទៃទៀតដែរ ខ្ញុំជឿថា អ្នកទោសធម្មតាហ្នឹងគាត់ប្រាកដជាទទួលបានសិទ្ធិក្នុងការជួបគ្រួសារ មិត្តភ័ក្ដិ បងប្អូនជិតឆ្ងាយ។ ដោយឡែក សកម្មជនបរិស្ថានមាតាធម្មជាតិវិញ ពួកគាត់បែរជាទទួលបានការរឹតត្បិតមិនឲ្យជួបគ្រួសារអ៊ីចឹង វាជារឿងមួយ ដែលគួរឲ្យអាណោចអាធ័មសម្រាប់ពួកគាត់មែនទែន»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមិត្តភក្ដិរបស់សកម្មជនចលនាមាតាធម្មជាតិកញ្ញា ភួន កែវរស្មី ចំនួន ៣ក្រុម បានទៅសួរសុខទុក្ខកញ្ញា នៅពន្ធនាគារខេត្តពោធិ៍សាត់ នៅមុន និងក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែមន្ត្រីពន្ធនាគារបានបដិសេធមិនឲ្យពួកគេចូលជួបកញ្ញាឡើយ។
សកម្មជនសង្គម និងជាមិត្តភ័ក្ដិកញ្ញា ភួន កែវរស្មី យុវតី ឆែម ស្រីគា ដែលបានទៅសួរសុខទុក្ខកញ្ញាភួន កែវរស្មី នៅពន្ធនាគារខេត្តពោធិ៍សាត់ នៅថ្ងៃទី៥ ខែតុលា ឲ្យដឹងថា មន្ត្រីពន្ធនាគារមិនអនុញ្ញាត ឲ្យចូលជួបកញ្ញា ភួន កែវរស្មីឡើយ ក្រោមហេតុផលថា កញ្ញាពុំមែនជាសាច់ញាតិរបស់នាង។
កញ្ញា ឆែម ស្រីគា៖ «ឥឡូវនេះខ្ញុំនៅមណ្ឌលពន្ធនាគារខេត្តពោធិ៍សាត់ មកលេង ភួន កែវរស្មី ប៉ុន្តែដោយសារតែខ្ញុំមិនមែនជាសាច់ញាតិ ខ្ញុំគ្រាន់តែជាមិត្តភ័ក្ដិ អីចឹងគេមិនឲ្យចូលជួប»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក នុត សវនា ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី៥ ខែតុលា ដោយទូរស័ព្ទចូល ប៉ុន្តែពុំមានអ្នកទទួល។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ជនជាប់ឃុំក្នុងពន្ធនាគារមានសិទ្ធិដូចទៅនឹងមនុស្សជាទូទៅដែរ។ លោកថា សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី នៅតែមានសិទ្ធិក្នុងការប្រាស្រ័យទាក់ទងជាមួយសាច់ញាតិ និងមិត្តភក្ដិ ដែលសិទ្ធិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។
លោក អំ សំអាត៖ «វាអាចនឹងមានចំណុចអ្វី ដែលជាការភណ្ឌច្រឡំ អីចឹងសុំឲ្យខាងពន្ធនាគារ លោកបើកទូលាយសម្រាប់សិទ្ធិក្នុងការប្រាស្រ័យទាក់ទងក្នុងការសួរសុខទុក្ខ គឺជាសិទ្ធិមនោសញ្ចេតនារវាងមិត្តភ័ក្ដិរបស់កញ្ញា ភួន កែវរស្មី ឲ្យបានសួរសុខទុក្ខឡើងវិញដូចដើមផង ពីព្រោះសិទ្ធិមនោសញ្ចេតនា ឬក៏សិទ្ធិក្នុងការសួរសុខទុក្ខនេះ គឺមិនមានការដកហូតដោយតុលាការទេ»។
កាលពីថ្ងៃទី២ ខែកក្កដា តុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនបរិស្ថាន ១០នាក់ឱ្យជាប់ពន្ធនាគារពី ៦ឆ្នាំ ដល់ ៨ឆ្នាំក្រោមបទចោទ«រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ» ដោយសារតែសកម្មភាពទាមទារឲ្យរដ្ឋាភិបាលការពារបរិស្ថាន និងសុខុមាលភាពសាធារណៈ ។
ភ្លាមៗ បន្ទាប់ពីតុលាការបានប្រកាសសាលក្រម សមត្ថកិច្ចបានចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិចំនួន ៥នាក់ រួមមាន កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា លោក យីម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុត ទៅឃុំខ្លួននៅពន្ធនាគារតាមខេត្តដាច់ស្រយាលផ្សេងៗ គ្នា ។
មាត្រា ៥៥ នៃច្បាប់ស្ដីពីពន្ធនាគារ ចែងថា ជនជាប់ឃុំត្រូវបានអនុញ្ញាតឲ្យគ្រួសារ ឬញាតិមិត្តមកសួរសុខទុក្ខតាមការកំណត់ លើកលែងតែមានការហាមឃាត់ពីអាជ្ញាធរតុលាការ។ ប្រធានពន្ធនាគារត្រូវបិទផ្សាយជាសាធារណៈនូវពេលវេលា និងរយៈពេលសួរសុខទុក្ខ ដែលមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។