អ្នកសារព័ត៌មាន​ឯករាជ្យ​​រិះគន់​សារ​ប្រៀន​ប្រដៅ​របស់​លោក ហ៊ុន សែន

ដោយ យន់ សាមៀន
2022.01.15
Share on WhatsApp
Share on WhatsApp
អ្នកសារព័ត៌មាន​ឯករាជ្យ​​រិះគន់​សារ​ប្រៀន​ប្រដៅ​របស់​លោក ហ៊ុន សែន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូបពី​ហ្វេសប៊ុក

អ្នកសារព័ត៌មាន​ឯករាជ្យ​លើកឡើង​ថា សារ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនបាន​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​នោះ​ទេ ប៉ុន្តែ​លោក​មាន​ចេតនា​ចង់​ប្រើប្រាស់ អ្នកសារព័ត៌មាន ឲ្យ​បម្រើ​ផលប្រយោជន៍​នយោបាយ​ដល់​លោក​ទៅវិញ​។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​រូប​នេះ ចេញ​លិខិត​ណែនាំ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​រដ្ឋ និង​ឯកជន ចូលរួម​ប្រឆាំង​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល ដែល​លោក​ចាត់ទុកថា ជា​ព័ត៌មាន​ក្លែងក្លាយ។

អ្នកសារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​លើកស្ទួយ​សេរីភាព​សារព័ត៌មាន លើកឡើង​ថា រដ្ឋាភិបាល គួរតែ​ធានា​សេរីភាព​ពេញលេញ និង​សុវត្ថិភាព​ដល់​អ្នកសារព័ត៌មាន​ឲ្យ​ល្អ​ប្រសើរ ជាជាង​ប្រៀនប្រដៅ​អ្នកសារព័ត៌មាន​អំពី​តួនាទី​របស់​ពួកគេ។

អ្នកសារព័ត៌មាន​សេរី​លោក ពៅ មេត្តា ថ្លែង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ចាំបាច់​ផ្តល់​អនុសាសន៍​ច្រើនពេក​នោះ​ទេ ព្រោះ​អ្នកសារព័ត៌មាន​ចេះ​បំពេញ​តួនាទី​និង​ការងារ​របស់​ខ្លួន​បាន​ល្អ​ហើយ​។ លោក​បញ្ជាក់​ថា ចំណុច​សំខាន់​ដែល​រដ្ឋាភិបាល​ត្រូវធ្វើ​នោះ គឺ​ការ​បើក​លំហ​សេរីភាព និង​ធានា​សុវត្ថិភាព​ជូន​អ្នកសារព័ត៌មាន ដូច​មានចែង​ក្នុង​ច្បាប់​ទៅវិញ​ទេ​។ លោក​មើល​ឃើញថា រយៈពេល​ចុងក្រោយ​នេះ សេរីភាព​និង​សុវត្ថិភាព​អ្នកសារព័ត៌មាន នៅតែ​មាន​ស្ថានភាព​អាក្រក់ ដូចជា​ករណី​ខ្លះ អាជ្ញាធរ​រើសអើង និង​តម្រូវ​ឱ្យ​អ្នកសារព័ត៌មាន​សុំ​ការអនុញ្ញាត​ពេល​ចុះ​យក​ព័ត៌មាន ហើយ​ពេល​ខ្លះ​ទៀត អាជ្ញាធរ គំរាមកំហែង ចោទប្រកាន់​អ្នកកាសែត​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ និង​បាន​ចាប់​យក​សម្ភារៈ​រួម​ទាំង​លុប​រូបភាព​របស់​អ្នកសារព័ត៌មាន​ជាដើម​។ លោក​លើក​ឧទាហរណ៍​ថា ថ្មីៗ​នេះ អាជ្ញាធរ បាន​ហាម​មិន​ឲ្យ​អ្នកសារព័ត៌មាន​ឯករាជ្យ ចូល​យក​ព័ត៌មាន​នៅក្នុង​សន្និសីទ​កាសែត​ស្តីពី​ការ​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​សហជីព​ណាហ្គាវើលដ៍​(Naga World ) ដែល​ទង្វើ​នេះ​គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ៖ «ចំណុច​សំខាន់ គឺ​គាត់ (​លោក ហ៊ុន សែន )​បើក​សិទ្ធិ​ឲ្យ​អ្នកសារព័ត៌មាន​បំពេញការងារ​របស់​គាត់​តាម​ជាក់ស្តែង ហើយ​ណែនាំ​មន្ត្រី​ឲ្យ​ស្គាល់​ពី​សិទ្ធិ​របស់​ខ្លួន​ដែល​មន្ត្រី​នាំពាក្យ​នៅ​តាម​ស្ថាប័ន​នានា មាន​ស្មារតី​ក្នុង​ការ​ផ្សព្វផ្សាយ​ឬ​ផ្តល់​ព័ត៌មាន​ដល់​អ្នក​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​បន្ត ជាជាង​ក្រុម​អ្នកសារព័ត៌មាន​នេះ​អត់ លើក​ទេ​ខ្លាច​ផ្សាយ​ពី​ចំណុច​ខ្វះចន្លោះ​របស់​ខ្លួន ។​អ្នក​ព័ត៌មាន​ខ្លះ​បាន​លើកឡើង​ថា សន្និសីទ​សារព័ត៌មាន​វិញ ឲ្យ​អ្នកនេះ​ចូល​តែ​បិទ​មិន​ឲ្យ​អ្នកនោះ​ចូល​ដូច្នេះ​បាត់​ព័ត៌មាន​មួយ​ចំនួន​ទៅ​ដល់​គាត់»

ប្រតិកម្ម​របស់​អ្នកសារព័ត៌មាន​បែបនេះ គឺ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​រដ្ឋ និង​ឯកជន ត្រូវ​ជួយ​ឃោសនា​អ្វី​ដែល​ល្អ​និង​វិជ្ជមាន​ពី​កម្ពុជា ហើយ​រួមគ្នា​ប្រឆាំង​ព័ត៌មាន​មិន​ពិត​ទាំង​នៅ​ក្របខ័ណ្ឌ​ជាតិ​-​អន្តរជាតិ ដែល​ទំនងជា​លោក​សំដៅ​ដល់​ព័ត៌មាន​ដែល​រិះគន់​និង​ប៉ះពាល់​ដល់​មុខមាត់​របស់​រដ្ឋាភិបាល​។ លើស​ពី​នេះ លោក​បាន​ណែនាំ​ស្ថាប័ន​ព័ត៌មាន​រដ្ឋ និង​ឯកជន ត្រូវ​ចូលរួម​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​និង​ផ្សព្វផ្សាយ​ជំរុញ​ឱ្យ​អាជ្ញាធរ និង​ស្ថាប័ន​មាន​សមត្ថកិច្ច ទប់ស្កាត់ និង​ចាត់វិធានការ​រាល់​បទល្មើស​គ្រឿងញៀន និង​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។ មេដឹកនាំ​ដែល​ចូលចិត្ត​ព័ត៌មាន​បែប​លើក​សរសើរ និង​និយាយ​ពី​ចំណុច​ល្អ​នៃ​ការដឹកនាំ​របស់​ខ្លួន​រូប​នេះ ក៏​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន ត្រូវ​បន្ត​ចូលរួម​ប្រយុទ្ធ​ជាមួយ​ភាព​អសកម្ម ភាព​មិន​ប្រក្រតី អំពើពុករលួយ និង​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម​ផង​ដែរ ដើម្បី​កសាង​កម្ពុជា​ជា​សង្គម​មួយ​ដែល​ស្អាតស្អំ និង​មាន​តម្លាភាព។

លោក ហ៊ុន សែន លើកឡើង​បែបនេះ​តាមរយៈ​សារលិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ក្នុង​ឱកាស​ទិវា​នៃ​ពិធី​ជំនួប​រវាង​រូបលោក​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា​លើក​ទី ៦ ដែល​តែង​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃទី១៤ មករា។ ទោះយ៉ាងណា លោក ហ៊ុន សែន បាន​ផ្អាក​ពិធី​ជួបជុំ​នេះ​ចំនួន​ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ​ដោយសារតែ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJA)​លោក ណុប វី លើកឡើង​ថា អនុសាសន៍​របស់​នាយ​ក​រដ្ឋមន្ត្រី គឺជា​សិទ្ធិ​និង​ជា​ការ​យល់ឃើញ​របស់​លោក ប៉ុន្តែ​កិច្ច​ការងារ​របស់​អ្នកសារព័ត៌មាន គឺជា​វិជ្ជាជីវៈ​សេរី ដែល​មិន​គួរ​ត្រូវ​បាន រឹតត្បិត គំរាមកំហែង ឬ​ដាក់​សម្ពាធ​នោះ​ទេ​។ លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល ចង់​ឃើញ​អ្នកសារព័ត៌មាន​ដើរ​តួនាទី​សំខាន់ និង​រាយការណ៍​ព័ត៌មាន ដើម្បី​រួមចំណែក​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន បទល្មើស​ព្រៃឈើ និង​បញ្ហា​សង្គម​ផ្សេងៗ រដ្ឋាភិបាល​គួរតែ​លើកទឹកចិត្ត និង​ធានា​ជាក់លាក់​ឲ្យ​ពួកគាត់​ធ្វើការ​ដោយ​សេរី គ្មាន​ការភ័យខ្លាច និង​ការ​រឹតត្បិត ។ អ្នកជំនាញ​ផ្នែក​សារព័ត៌មាន​រូប​នេះ ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល បញ្ចប់​អំពើ​ឧក្រិដ្ឋ​ប្រឆាំង​អ្នកសារព័ត៌មាន​កន្លង​មក ដែល​បាន​ធ្វើ​ឱ្យ​អ្នកសារព័ត៌មាន​ខ្លះ​បាត់បង់​ជីវិត ឬ​ទទួលរង​ភាព​អយុត្តិធម៌​ដោយសារ​បុព្វហេតុ​នៃ​ការ​រាយការណ៍​ព័ត៌មាន​ពិត​របស់​ខ្លួន ព្រមទាំង​ជួយ​ពន្លឿន​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​វិសោធនកម្ម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ជាដើម៖ «ចំណុច​ដែល​លោក (​លោក ហ៊ុន សែន )​គួរពិនិត្យ​មើល​គឺ​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​និទ្ទណ្ឌភាព​បន្ត​ទៀត ហើយ​ធ្វើ​ម៉េច​ស្រាវជ្រាវ​ស៊ើបអង្កេត​ចំពោះ​ករណី​ដែល​បាន​កើតឡើង​កន្លង​មក​។ មួយវិញទៀត ធានា​អំពី​រឿង​សុវត្ថិភាព រឿង​សន្តិសុខ​ពេញលេញ​ចំពោះ​អ្នក​សារព័ត៌មាន​ហើយ​ធានា​ថា អ្នកសារព័ត៌មាន​ដែល​គាត់​បាន​ប្រើប្រាស់​តួនាទី​វិជ្ជាជីវៈ ទោះបីជា​គាត់ រាយការណ៍​ខ្លះ​ជា​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ក៏ដោយ ក៏​លោក​គួរតែ ធានា ព្រោះ​ចំនុច​អវិជ្ជមាន ប៉ះ​មន្ត្រី​ខិលខូច​ទេ ចំណែក​មន្ត្រី​ស្អាត​ស្អុំ​អត់​ប៉ះ ដូច្នេះ​តែ​ធានា សុវត្ថិភាព​ដល់​សារព័ត៌មាន​ទាំងអស់​នេះ»

អង្គការ​អន្តរជាតិ​នានា​បាន​រក​ឃើញ​ថា ៤​ឆ្នាំ​ចុង​ក្រោយនេះ សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ស្ថិតនៅ​ក្នុង​ស្ថានភាព​អាក្រក់ ព្រោះតែ​រដ្ឋាភិបាល​បន្ត​រឹតត្បិត គំរាមកំហែង ចាប់ខ្លួន​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ​ពី​បទ​ព្រហ្មទណ្ឌ និង​បង្កើត​ច្បាប់​ថ្មី ដែល​មាន​ចរិត​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ជាដើម​។​

អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ឯករាជ្យ ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទាំងនេះ និង​ងាក​មក​គោរព​សេរីភាព​សារព័ត៌មាន​វិញ​។ ចំណុច​ទាំងនោះ មាន​ជាអាទិ៍ ការ​ដោះលែង និង​ទម្លាក់​ចោល​បទចោទប្រកាន់​ដែល​មាន​ចរិត​នយោបាយ​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន ការ​បើក​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​អាច​ដំណើរការ​ឡើងវិញ បញ្ឈប់​ជាបន្ទាន់​ការ​យក​ក្រមព្រហ្មទណ្ឌ​មក​ចោទប្រកាន់​លើ​ការ​បំពេញ​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន ព្រមទាំង​ពន្លឿន​ការបង្កើត​ច្បាប់​ទាំងឡាយ​ដែល​បម្រើ​ដល់​វិស័យ​សារព័ត៌មាន និង​ការ​បញ្ចេញ​មតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល