អង្គការអ្នករាយការណ៍គ្មានព្រំដែនអំពាវនាវរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការយាយីដល់សារព័ត៌មាននៅក្រៅប្រទេស
2024.08.03
អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) អំពាវនាវដល់រដ្ឋាភិបាលបញ្ឈប់យុទ្ធនាការវាយប្រហារ និងជេរប្រមាថទៅលើបណ្ដាញសារព័ត៌មានឯករាជ្យនៅក្រៅប្រទេស។ ការចេញរបាយការណ៍របស់អង្គការអន្តរជាតិមួយនេះក្រោយមានការរកឃើញថាគណនីរបស់កម្លាំងប្រដាប់អាវុធ និងគណនីរបស់ជនអនាមិកបន្តវាយប្រហារទៅលើស្ថាប័នសារព័ត៌មាននៅក្រៅប្រទេស។
អង្គការអ្នករាយការណ៍គ្មានព្រំដែនបានចេញផ្សាយរបាយការណ៍នៅថ្ងៃទី២ ខែសីហា ស្នើឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់យុទ្ធនាការយាយី ឬប្រើប្រាស់ពាក្យវាយប្រហារសារព័ត៌មានខ្មែរនៅក្រៅប្រទេសរួមមានវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) វិទ្យុអាស៊ីសេរី និងកាសែតខេមបូឌា ដេលី (Cambodia Daily) និងគួរអនុញ្ញាតឱ្យស្ថាប័នសារព័ត៌មានទាំងនេះដំណើរការក្នុងប្រទេសឡើងវិញ។
សេចក្ដីថ្លែងការណ៍ដដែលឱ្យដឹងថា ស្ថាប័នសារព័ត៌មានខេមបូចា (CamboJA ) បានចេញអត្ថបទព័ត៌មានមួយដោយរកឃើញថា ស្ថាប័នសារព័ត៌មានក្រៅប្រទេសទាំងនេះបានរងការវាយប្រហារតាមរយៈការបញ្ចេញមតិលើបណ្ដាញសង្គមដូចជាពាក្យ «ឆ្កែ» «អាក្បត់ជាតិ» និង«ផ្សាយឡប់ៗ» ជាដើមមានការកើនឡើងប្រមាណរាប់ម៉ឺនខមិនក្នុងឆ្នាំនេះ។ របាយការណ៍ដដែលថា ការរកឃើញនេះស្របនឹងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលបានចុះផ្សាយនាពេលកន្លងទៅថាមានសារសំឡេងបែកធ្លាយមួយដែលមិនស្គាល់អត្តសញ្ញាណបានជំរុញឱ្យសមាជិកនៃកងទ័ពគោរពតាមការបញ្ជាពីថ្នាក់លើដើម្បីសរសេរវាយប្រហារទៅលើស្ថាប័នព័ត៌មានឯករាជ្យនៅក្រៅប្រទេសទាំងនេះដើម្បីការពាររដ្ឋាភិបាល។
នាយកការិយាល័យរបស់ អង្គការអ្នករាយការណ៍គ្មានព្រំដែន ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេដ្រិក អាវិនី (Cédric Alviani) លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា រដ្ឋាភិបាលកម្ពុជានៅតែមិនទទួលស្គាល់ការពិតចំពោះការដឹកនាំខ្លួន ហើយបន្តយុទ្ធនាការនៅបណ្ដាញសង្គមដើម្បីប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលខ្លួនធ្លាប់បណ្ដេញចេញពីប្រទេស។ លោកជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់យុទ្ធនាការយាយីលើស្ថាប័នសារព័ត៌មានទាំងនេះ និងងាកមកឱ្យសារព័ត៌មានឯករាជ្យទាំងនេះអាចដំណើរការក្នុងប្រទេសឡើងវិញ។
របាយការណ៍ដដែលឱ្យដឹងថា ក្រោមការដឹកនាំរបស់ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ប្រមាណមួយឆ្នាំនេះគឺបន្តបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដូចឪពុកគឺលោក ហ៊ុន សែន ដែលគ្រប់គ្រងប្រទេសអស់រយៈជិត ៤០ ឆ្នាំនោះ។ ក្រោមការកាន់អំណាចរបស់បុរសខ្លាំងរូបនេះ បានបង្ក្រាប និងដកហូតអាជ្ញាប័ណ្ណរួមមានវិទ្យុសំឡេងប្រជាធិបតេយ្យ វិទ្យុអាស៊ីសេរី និងកាសែតខេមបូឌា ដេលី នៅមុនការបោះឆ្នោត។
អ្នកប្រឹក្សាសន្តិសុខឌីជីថល លោក ង៉ែត ម៉ូសេ ក៏បានចេញរបាយការណ៍នៅថ្ងៃដដែលនេះដោយបានស្រាវជ្រាវទៅលើការបញ្ចេញមតិទៅលើសារព័ត៌មានវិទ្យុអាស៊ីសេរីរយៈពេល ១០ថ្ងៃនៅដើមខែកក្កដានេះរកឃើញថា គណនីដែលមកបញ្ចេញមតិភាពច្រើនជាគណនីដដែលៗ និងប្រើប្រាស់ពាក្យវាយប្រហារ និងជេរប្រមាថដដែលៗ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពី រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា និង អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បាននៅឡើយទេ នៅថ្ងៃទី០២ ខែសីហា។
កាលពីឆ្នាំ២០១៧ សារបែងធ្លាយចេញពីអ៊ីម៉ែលរបស់ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បានបង្ហាញពីការបង្កើតក្រុមសង្គ្រាមព័ត៌មានតាមអ៊ីនធឺណិត ដែលមានឈ្មោះជាភាសាអង់គ្លេសថា សាយប៊ឺ វរ រួម (Cyber War Room)។ ក្រុមសង្គ្រាមព័ត៌មានតាមអ៊ីនធឺណិតនេះ មានលោក ហ៊ុន ម៉ាណែត និងលោក ស្វាយ ស៊ីថា ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ជាប្រធាន និងមានអនុប្រធានជាច្រើនរូប ដូចជា លោក សុខ ពុទ្ធិវុធ កូនប្រសាលោក ហ៊ុន សែន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាកូនប្រុសលោក ឌិត មន្ទីរ ប្រធានតុលាការកំពូល លោក គឹម សន្តិភាព និងមន្ត្រីមានងារជាឯកឧត្តមជាច្រើននាក់ទៀត។ ក្រុមនេះបង្កើតឡើងក្នុងគោលដៅវាយប្រហារ និងបន្សាបរាល់ព័ត៌មានផ្សព្វផ្សាយដោយបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
ថ្មីៗនេះ លោក ហ៊ុន ម៉ាណែត ក៏បានវាយប្រហារជាសាធារណៈ និងលាបពណ៌ចំពោះវិទ្យុអាស៊ីសេរី វីអូឌី និងឌឹ ខេមបូឌាដេលី ថា ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាដើម។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា បញ្ហាការរិតត្បិតសេរីភាពផ្នែកសារព័ត៌មាន និងការរំលោភបំពានសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជានៅតែកើតមានជាបន្តបន្ទាប់ដើម្បីលុបបំបាត់សំឡេងរិះគន់ ហើយលោកថាស្ថាប័នសារព័ត៌មាននៅនៅក្នុងស្រុកភាគច្រើនសុទ្ធសឹងតែជាកម្មសិទ្ធិ និងជាអ្នកគាំទ្ររដ្ឋាភិបាលប៉ុណ្ណោះ។
លោក ស៊ឹង សែនករុណា៖ «យើងដឹងស្រាប់ហើយសេរីភាពសារព័ត៌មាននៅក្នុងប្រទេសបច្ចុប្បន្នអ្នកដែលហ៊ានរិះគន់ចំៗ អ្នកដែលហ៊ានលើកឡើងពីបញ្ហានានា នៅក្នុងប្រទេស ដែលរដ្ឋាភិបាលរំលោភបំពានអីទាំងអស់នេះគឺមិនអាចនៅក្នុងប្រទេសបានទេ យើងឃើញហើយមានដូចជាកន្លងមក មានវិទ្យុអាស៊ីសេរី ក៏នៅខាងក្រៅ ដូចខេមបូឌា ដេលី ក៏ដូចច្នេះដែរ ហើយរួមទាំង វីអូឌី ចុងក្រោយនេះ»។
អង្គការអ្នករាយការណ៍គ្មានព្រំដែន បានចេញផ្សាយរបាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកសម្រាប់ឆ្នាំ២០២៤ ដោយដាក់ចំណាត់ថ្នាក់កម្ពុជាក្នុងលេខរៀងទី១៥១ ក្នុងចំណោមប្រទេស១៨០ ដែលជាបន្តធ្លាក់ចុះសេរីភាពសារព័ត៌មានជាងឆ្នាំមុនៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។