មេដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ ទទួល​ពាន់​រង្វាន់​អន្តរជាតិ​ជា​លើក​ទី​ពីរ​ខាង​ការពារ​សិទ្ធិ​ការងារ

ដោយ សេក បណ្ឌិត
2024.04.20
មេដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ ទទួល​ពាន់​រង្វាន់​អន្តរជាតិ​ជា​លើក​ទី​ពីរ​ខាង​ការពារ​សិទ្ធិ​ការងារ ក្រុម​កូដករ​ណាហ្គាវើលដ៍ និង​សហជីព​ ដែល​តំណាង​ឱ្យ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ​ប្រមាណ ៥០នាក់ ចេញ​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី២៦ ខែធ្នូ ឆ្នាំ២០២៣។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

មេដឹកនាំ​សហជីព​ក្រុមហ៊ុន ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ឈ្នះ​ពានរង្វាន់​អន្តរជាតិ ឌឹ ភើ អេងងើ (The Per Anger Prize) ឆ្នាំ​២០២៤ ពី​រដ្ឋាភិបាល​ស៊ុយអែត (Sweden) បើទោះបីជា កញ្ញា កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ពីបទ​''​ញុះញង់​''​ដោយសារ​ការ​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។ ក្រុម​កូដករ​ណាហ្គាវើលដ៍ ចាត់ទុកថា ការផ្តល់​ពានរង្វាន់​ដល់​មេដឹកនាំ​សហជីព​របស់​ពួកគាត់​នេះ គឺជា​ការ​លើកទឹកចិត្ត និង​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​កញ្ញា ឈឹម ស៊ីថរ។

រដ្ឋាភិបាល​ស៊ុយអែត កាលពី​ថ្ងៃទី១៨ ខែ​មេសា បាន​ប្រកាស​ប្រគល់​ពានរង្វាន់​អន្តរជាតិ ឌឹ ភើ អេងងើ ឆ្នាំ​២០២៤ ដល់​ថ្នាក់ដឹកនាំ​សហជីព​ក្រុមហ៊ុន ណាហ្គាវើលដ៍ គឺ​កញ្ញា ឈឹម ស៊ីថរ ចំពោះ​វីរភាព​កញ្ញា​ដែល​បាន​ការពារ​សិទ្ធិ​ការងារ និង​ការ​រង​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​បទ​ល្បែង​ណាហ្គា​វើលដ៍។

គណៈវិនិច្ឆ័យ នៃ​ពានរង្វាន់​អន្តរជាតិ ឌឹ ភើ អេងងើ លើកឡើង​ថា ការ​ផ្ដល់​ពាន់​រង្វាន់​ដល់ កញ្ញា ឈឹម ស៊ីថរ នេះ​ដោយសារតែ​នាង​ការ​ធ្វើការ​ដោយ​មិន​ចេះ​នឿយហត់ និង​ការ​ប្ដេជ្ញាចិត្ត​របស់​នាង ក្នុង​ការ​លើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ គណៈវិនិច្ឆ័យ នៃ​ពានរង្វាន់​នេះ បន្ត​ថា ការរស់នៅ​ក្រោម​របប​នៃ​មេដឹកនាំ​ផ្ដាច់ការ គឺ​កញ្ញា ឈឹម ស៊ីថរ តែង​រង​ទុក្ខ​បុក​ម្នេញ ដោយសារតែ​កញ្ញា ទាមទារ​ឱ្យ​ក្រុមហ៊ុន​គោរព​ច្បាប់ ប៉ុន្តែ​រដ្ឋាភិបាល​បែរជា​កាត់ទោស​ឱ្យ​កញ្ញា​ជាប់​ពន្ធនាគារ​ទៅវិញ។

គណៈវិនិច្ឆ័យ នៃ​ពានរង្វាន់​នេះ​ឱ្យ​ដឹង​ទៀត​ថា កញ្ញា ឈឹម ស៊ីថរ គឺជា​បុគ្គល​ដ៏​សំខាន់​ដែល​បាន​គាំទ្រ​ដល់​ស្ត្រី​ខ្មែរ​ផ្សេងទៀត​ដែល​ត្រូវ​បង្ខំ​ឱ្យធ្វើ​ការ​ក្នុង​លក្ខខណ្ឌ​មិន​ត្រឹមត្រូវ ហើយ​ពួកគេ​កំពុង​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​ការងារ​។ បន្ថែម​ពី​នេះ កញ្ញា ឈឹម ស៊ីថរ បាន​ស៊ូទ្រាំ​នឹង​ការ​យាយី ការ​គំរាមកំហែង និង​រង​អំពើ​ហិង្សា ជាច្រើន​ឆ្នាំ​ក្ដី ក៏​កញ្ញា​តស៊ូ​ដើម្បី​យុត្តិធម៌​រហូតមកដល់​សព្វថ្ងៃ​នេះ​។ ចំណុច​ពិសេស​មួយទៀត កញ្ញា ឈឹម ស៊ីថរ មិន​ព្រម​ចុះចាញ់​ដោយសារ​ការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​នោះ​ទេ ហើយ​កញ្ញា​នៅតែ​លើកទឹកចិត្ត និង​គាំទ្រ​ដល់​កូដ​ករ​ផ្សេងទៀត​ដែល​កំពុង​ធ្វើ​កូដកម្ម។

ដូច្នេះ គណៈវិនិច្ឆ័យ នៃ​ពានរង្វាន់​យល់​ថា ភាព​ក្លាហាន និង​ការ​លះបង់​ដ៏​មហិមា​របស់ កញ្ញា ឈឹម ស៊ីថរ គឺ​ជា​ការជំរុញ​ទឹកចិត្ត​ក្នុងនាម​កញ្ញា​ជា​អ្នកដឹកនាំ​ស្ត្រី​វ័យក្មេង​ម្នាក់ និង​ជា​គំរូ​ភាព​សម្រាប់​មនុស្ស​ទាំងអស់​គ្នា។

ពានរង្វាន់​អន្តរជាតិ ឌឹ ភើ អេងងើ (The Per Anger Prize) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៤ ហើយ​មាន​បុគ្គល​ចំនួន​១៧ រួម​ទាំង កញ្ញា ឈឹម ស៊ីថរ ប៉ុណ្ណោះ​ដែល​ឈ្នះ​ពានរង្វាន់​នេះ​។ នេះ​គឺជា​ពានរង្វាន់​ទី​២​ហើយ។ កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រសួង​ការបរទេស​អាមេរិក ក៏​បានផ្តល់​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ​២០២២ ជូន​មេដឹកនាំ​សហជីព​រូប​នេះ​ដែរ ក្នុងចំណោម​បុគ្គល ១០​រូប​មកពី​ជុំវិញ​ពិភពលោក។

កូដករ​ណាហ្គាវើលដ៍ អ្នកនាង ម៉ម សុវឌ្ឍិន ដែល​នឹង​ទៅ​ទទួល​ពាន់​រង្វាន់​ជំនួស កញ្ញា ឈឹម ស៊ីថរ ថ្លែង​ថា ការ​ផ្ដល់​ពានរង្វាន់​នេះ​គឺជា​ការ​បញ្ជាក់​ពី​គុណ​តម្លៃ និង​ភាព​គ្មាន​ទោស​របស់ កញ្ញា ឈឹម ស៊ីថរ ដែល​បាន​ការពារ​សិទ្ធិ​កម្មករ​នេះ​។ អ្នកនាង ម៉ម សុវឌ្ឍិន ថា​រដ្ឋាភិបាល​កម្ពុជា​គួរ​ទទួលស្គាល់​ការពិត​ថា កញ្ញា ឈឹម ស៊ីថរ មិនបាន​ប្រព្រឹត្ត​កំហុស និង​ដោះលែង​កញ្ញា​ឱ្យ​មាន​សេរីភាព​វិញ និង​បញ្ចប់​វិវាទ​នេះ​ដោយ​អនុវត្ត​តាមច្បាប់​ការងារ។

អ្នកនាង ម៉ម សុវឌ្ឍិន៖ «គេ​ចង់​បញ្ជាក់​យ៉ាង​ច្បាស់ៗ ហើយ​ថា ស្រុក​ខ្មែរ​មិន​ទាន់​មាន​ការអនុវត្ត​សិទ្ធិ​ដូច​ប្រទេស​ដែល​គោរព​លទ្ធិប្រជាធិបតេយ្យ​នៅឡើយ​ទេ ព្រោះ​គ្រាន់តែ​អ្នកការពារ​សិទ្ធិ គ្រាន់តែ​អ្នករក​អត្ថប្រយោជន៍​ជូន​កម្មករ​ត្រូវ​បាន​ជាប់គុក​ដោយ​អយុត្តិធម៌​ដោយ​មិនបាន​យក​ច្បាប់​មក​ប្រើ​អត់​បាន​ត្រឹមត្រូវ មិន​បាន​យក​ច្បាប់​មក​អនុវត្ត​ឱ្យ​បាន​ប្រសិទ្ធភាព ដូច​ថា ថៅកែ​មាន​សិទ្ធិ​រំលោភ​កម្មករ​រំលោភ​មិច​រំលោភ​ទៅដល់​កម្មករ​រងគ្រោះ​ទៅ​សុំ​អន្តរាគមន៍​បែរ​ជា​ទៅ​ចាប់​ដាក់គុក»

វិទ្យុ​អាស៊ីសេរី​ព្យាយាម​សុំ​ការ​ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន នៅ​ថ្ងៃទី​១៩ ខែ​មេសា ប៉ុន្តែ​លោក​ចុច​បិទ​ទូរស័ព្ទ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ពានរង្វាន់​ដល់ កញ្ញា ឈឹម ស៊ីថរ ពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ម្ដង​ហើយ​ម្ដងទៀត​នេះ គឺជា​ការ​លើកទឹកចិត្ត​ដល់​កញ្ញា​ដែល​បាន​ការពារ​សិទ្ធិ​កូដករ និង​ជា​គំរូ​ភាព​ដល់​សកម្មជន​ផ្សេងទៀត​ដែល​កំពុង​តស៊ូ​មតិ​ការពារ​សិទ្ធិ​ការងារ​នៅ​កន្លែង​ធ្វើការ​។​

លោក អំ សំអាត៖ «ខាង​សាធារណមតិ​ជាតិ​មួយចំនួន​ដូចជា​អន្តរជាតិ​គេ​យល់​ឃើញ​ថា សកម្មភាព​កញ្ញា ឈឹម ស៊ីថរ កន្លង​មក​នេះ គ្រាន់តែ​ការ​ចូលរួម​ចំណែក​លើក​កម្ពស់​ទៅ​លើ​បញ្ហា​សិទ្ធិមនុស្ស សិទ្ធិ​ការងារ សិទ្ធិ​សហជីព​ដូចជា​ការពារ​កម្មករ​កម្មការិនី​តែប៉ុណ្ណោះ វា​ហាក់បីដូចជា​មិន​ត្រូវ​បាន​ចោទប្រកាន់ និង​ធ្វើការ​ឃុំខ្លួន ឬ​កាត់​ទោស​លើ កញ្ញា ឈឹម ស៊ីថរ នោះ​ទេ»

កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​លើកទីមួយ ទាំង​កម្រោល​ក្រោយពី​កញ្ញា​ចុះ​ពីលើ​រថយន្ត​មក​ដល់​កន្លែង​ធ្វើ​កូដកម្ម ក្បែរ​រដ្ឋសភា កាលពីដើម​ខែមករា ឆ្នាំ​២០២២ និង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ជា​លើក​ទី​ពីរ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស​វិញ ក្រោយ​ពី​កញ្ញា វិល​ត្រឡប់​មកពី​ចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី (Australia)

កាលពី​ខែ​ឧសភា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​កាត់ទោស​ឱ្យ​កញ្ញា​ជាប់ពន្ធនាគារ​២ ឆ្នាំ ពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម ពាក់ព័ន្ធ​នឹង​ការចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​ក្រុម​បុគ្គលិក​ណាហ្គាវើលដ៍ ដើម្បី​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​បន​ល្បែង​ដ៏​ធំ​កណ្ដាល​ទីក្រុង​ភ្នំពេញ​មួយ​នេះ។ មក​ទល់​ពេល​នេះ កញ្ញា ឈឹម ស៊ីថរ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ជិត​មួយ​ឆ្នាំ​កន្លះ​ហើយ។

កន្លង​មក ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​សហជីព​ជាតិ​-​អន្តរជាតិ ព្រមទាំង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ដូចជា សហរដ្ឋអាមេរិក (United State) និង​ប្រទេស​អូស្ត្រាលី (Australia) ជាដើម បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង កញ្ញា ឈឹម ស៊ីថរ ជា​បន្ទាន់ ព្រោះ​នាង​ពុំ​បាន​ប្រព្រឹត្ត​កំហុស​ឡើយ ហើយ​រដ្ឋាភិបាល ត្រូវ​ចាត់វិធានការ​ច្បាប់​ទៅលើ​ថៅកែ​ណាហ្គាវើលដ៍ ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​ការងារ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។