សកម្មជនសង្គម កញ្ញា សូ មេត្តា ដែលភៀសខ្លួននៅប្រទេសថៃ ជួបការលំបាកក្នុងជីវភាព
2023.03.18

សកម្មជនសង្គម កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ដែលកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសថៃ ជាមួយប្អូនស្រីពីរនាក់ ដើម្បីគេចពីការតាមធ្វើទុក្ខបុកម្នេញ ពីសំណាកអាជ្ញាធរក្រុងភ្នំពេញនោះ កំពុងប្រឈមនឹងការលំបាកជាច្រើនក្នុងជីវភាពរស់នៅ។ ទោះជាយ៉ាងណា កញ្ញានៅតែចេញមុខតវ៉ាតាមបណ្ដាញសង្គម ដើម្បីប្រឆាំងនឹងទង្វើរបស់រដ្ឋាភិបាលដែលរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
សកម្មជនសង្គម កញ្ញា សូ មេត្តា និងប្អូនស្រីពីរនាក់ទៀត គ្មានការងារធ្វើ គ្មានប្រាក់ចំណូល គ្មានអាហារហូបចុកគ្រប់គ្រាន់ និងបារម្ភអំពីបញ្ហាសុវត្ថិភាព ព្រោះពុំមានឯកសាររស់នៅស្របច្បាប់។ សព្វថ្ងៃ កញ្ញា សូមេត្តា និងប្អូនស្រីរស់នៅដោយពឹងអាស្រ័យលើព្រះសង្ឃ ដែលជាអ្នកផ្ដល់បាយសម្រាប់បរិភោគប្រចាំថ្ងៃ។
សកម្មជនសង្គម ដែលធ្លាប់ជាប់ពន្ធនាគារអស់រយៈពេលជាង ១ឆ្នាំរូបនេះ បានសម្រេចរត់ទៅ រស់នៅប្រទេសថៃ រយៈពេលជាង ៤ខែមកហើយ ក្រោយពីនាងទទួលបានសារគំរាមកំហែងដល់អាយុជីវិតចំនួន ៣លើក។
កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា រៀបរាប់អំពីជីវិតលំបាកពេលជាប់ឃុំក្នុងពន្ធនាគារជាង ១ឆ្នាំ ==>អានលម្អិត
អតីតសមាជិកក្រុមយុវជនខ្មែរថាវរៈ កញ្ញា សូ មេត្តា ប្រាប់វិទ្យុអាស៊ីសេរីថា បច្ចុប្បន្ននេះ កញ្ញា មិនចង់ត្រឡប់ទៅកម្ពុជាវិញនោះទេ ព្រោះបារម្ភពីការចាប់ខ្លួន ដោយសារតែស្ថានភាពនយោបាយនៅកម្ពុជា ហាក់ឡើងកម្ដៅខ្លាំង ហើយរដ្ឋាភិបាល លោក ហ៊ុន សែនបន្តគំរាមកំហែងមកលើសកម្មជននយោបាយ និងអ្នកធ្វើការងារសង្គម ព្រមទាំងដើរបញ្ចុះបញ្ចូលឱ្យពួកគេចុះចូលជាមួយបក្សកាន់អំណាច ជាថ្នូរនឹងការមិនចាប់ខ្លួន ឬមិនធ្វើទុក្ខបុកម្នេញតាមរូបភាពផ្សេងៗជាដើម។
កញ្ញា សូ មេត្តា៖ «បើសិនជាមកបញ្ចុះបញ្ចូលហៅ គឺខ្ញុំអត់ទេ ខ្ញុំអត់ចុះចូលអត់លក់ ឧត្តមគតិទេ ខ្ញុំសុខចិត្តមានឈ្មោះថារត់ចោលស្រុក ក៏ខ្ញុំមិនលក់ឧត្តមគតិបម្រើជនផ្ដាច់ការ បំផ្លាញជាតិយើងទេ។ ខ្ញុំសុខចិត្តស្លាប់ប្រសើរជាងដែរ ទៅធ្វើការឱ្យអ្នកដែលបំផ្លាញជាតិ»។
កញ្ញា សូ មេត្តា ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី៧ កញ្ញា ឆ្នាំ២០២០ ដោយចោទប្រកាន់ពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ក្រោយពេលនាង និងយុវជនដទៃទៀត តវ៉ាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងព្យាយាមប្រមូលផ្ដុំគ្នាតវ៉ាសម្ដែងមតិ នៅទីលានប្រជាធិបតេយ្យ ដើម្បីយុត្តិធម៌សង្គម។ ក្រោយអនុវត្តទោសអស់រយៈពេល ១៤ខែ ក្នុងពន្ធនាគារ កញ្ញា ត្រូវបានតុលាការដោះលែង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។ ក្រោយដោះលែងមក កញ្ញានៅតែបន្តចូលរួមការងារសង្គមជាបន្តបន្ទាប់រហូតដល់មានសារគំរាមកំហែង និងមានអ្នកមិនស្គាល់មុខ ជិះឡានមកបុកពីក្រោយឱ្យរងរបួស ពេលដែលកញ្ញា បានជិះម៉ូតូចេញពីកន្លែងធ្វើកូដកម្មរបស់ក្រុមកម្មករសហជីពណាហ្គា វើល៍ (NagaWorld) នៅរាជធានីភ្នំពេញ។
ជុំវិញការទុក្ខលំបាកនៅឯប្រទេសថៃវិញ ប្អូនស្រី កញ្ញា សូ មេត្តា ដែលបានភៀសខ្លួនមកជាមួយបងស្រីដែរនោះគឺ កញ្ញា អេង ចាន់ឌី លើកឡើងថា មានពេលខ្លះ កញ្ញាដេកយំនឹកស្រុក ចង់ត្រឡប់ទៅខ្មែរវិញ ប៉ុន្តែស្ថានភាពពុំមិនអាចត្រឡប់ទៅវិញបាន ព្រោះបារម្ភពីសុវត្ថិភាព។ កញ្ញា ទទូចឱ្យរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាព ជូនពួកគាត់ ហើយកុំធ្វើទុក្ខបុកម្នេញមកលើគ្រួសារ និងពួកគាត់តទៅទៀត។
កញ្ញា អេង ចាន់ឌី៖ «ខ្ញុំចង់ទៅខ្មែរខ្លាំង ព្រោះពុកឈឺ ខ្ញុំចង់ទៅអើតគាត់ ប៉ុន្តែអត់មានឱកាសទៅ ព្រោះអីខ្លាចពីសុវត្ថិភាពខ្លួនឯង។ សូមពរឱ្យរាជរដ្ឋាភិបាលកុំធ្វើទុក្ខបុកម្នេញដល់នាងខ្ញុំ និងគ្រួសារ សូមឱ្យត្រឡប់ទៅវិញសុវត្ថិភាព កុំឱ្យពួកគាត់ធ្វើបាប»។
កន្លងមក កញ្ញា អេង ចាន់ឌី ក៏តែងតែចូលរួមសកម្មភាពនានាទាមទារឱ្យដោះលែងបងស្រី និងអ្នកទោសមនសិការជាច្រើនទៀតដែរ។ កញ្ញាក៏ធ្លាប់ត្រូវបានអាជ្ញាធរគំរាមកំហែង មិនឱ្យសរសេរពីទុក្ខលំបាករបស់បងស្រី នៅក្នុងពន្ធនាគារកាលពីកន្លងទៅ ហើយថែមទាំងប្រាប់ឱ្យកញ្ញា បញ្ឈប់សកម្មភាពតវ៉ា ដែលអាជ្ញាធរថា ជាទង្វើខុសច្បាប់។
ទោះបីជាពួកគាត់បានភៀសខ្លួនមកដល់ប្រទេសថៃក៏ដោយ ក៏ពួកគាត់នៅបន្តសកម្មភាពតស៊ូមតិជាហូរហែ ដូចជាយុទ្ធនាការបង្អត់អាហារពេញមួយថ្ងៃ ដើម្បីទាមទារឱ្យបើកវិទ្យុ វីអូឌី (VOD) និងដោះលែងអ្នកទោសនយោបាយជាដើម។
យុវជនមួយក្រុមធ្វើយុទ្ធនាការបង្អត់អាហារពេញមួយថ្ងៃ ទាមទារឱ្យលោក ហ៊ុន សែន បើកវិទ្យុ VODឡើងវិញ
==>អានលម្អិត
ព្រះតេជព្រះគុណ វ័ន្ត សំបាន់ គង់នៅក្រុងបាងកក ប្រទេសថៃ ដែលតែងតែឧបត្ថម្ភម្ហបអាហារខ្លះដល់សកម្មជនសង្គម និងអ្នកនយោបាយដែលបានភៀសខ្លួនមកប្រទេសថៃ មានថេរដីកាថា ព្រះអង្គបានផ្ដល់អាហារហូបចុកខ្លះដល់ កញ្ញា សូ មេត្តា និងសកម្មជននយោបាយទៀត ដោយសារតែពួកគាត់ជួបការលំបាក គួរឲ្យអាណិតអាសូរ។
ព្រះតេជព្រះគុណ វ័ន្ត សំបាន់៖ «ពេលព្រះសង្ឃបិណ្ឌបាត្របានមក ក៏ចែករំលែកដល់ពួកគាត់ អាចថា ប្រចាំថ្ងៃក៏បាន ប៉ុន្តែក៏មិនជារៀងរាល់ថ្ងៃ ពេលណាក៏ខ្វះខាតដែរ។ តែក៏អាចជួយបានមួយចំណែក ជាការហូបចុក របស់ប្រើប្រាស់ ដូចជាអង្ក សាប៊ូ និងថ្នាំដុះធ្មេញមួយចំនួនអ៊ីចឹងទៅ។ នេះជាចូលរួមចំណែកខ្លះ មិនជាច្រើន ឬក៏គ្រប់គ្រាន់នោះទេ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ការរត់ភៀសរបស់ក្រុមអ្នកប្រឆាំងមួយចំនួន ហើយជួបការលំបាកនេះ គឺជារឿងរបស់គាត់ ដោយសារតែអ្នកទាំងនោះជ្រើសរើសផ្លូវហ្នឹង។
លោក សុខ ឥសាន ៖ «គាត់រត់ទៅខ្លួនឯងអត់មាននរណាដេញទេ ផ្អើលខ្លួនឯង ប្រព្រឹត្តល្មើសច្បាប់ខ្លួនឯង រត់ទៅខ្លួនឯង ហើយសមត្ថកិច្ចគេមិនទៅទាន់ធ្វើអីផង ហើយចេះតែថា ស្មានៗ។ គាត់អត់មានទោសអី គាត់ត្រឡប់ទៅវិញទៅ ប្រកបរបររកស៊ី ប្រកបមុខរបរឡើងវិញ។ មកពីគាត់រត់ខ្លួនឯងដល់ពេលពិបាកបន្ទោសគេ អាហ្នឹងខ្លួនឯងតើ អាណាចិញ្ចឹមខ្លួនឯង រត់ទៅខ្លួនឯង ហើយទៅបន្ទោសអ្នកណា?»។
ទោះបែបនេះក្ដី អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា លើកឡើងថា បញ្ហាជួបការលំបាករបស់ពលរដ្ឋដែលភៀសខ្លួនទៅក្រៅប្រទេស គឺជារូបភាពមិនល្អ ខណៈកម្ពុជាប្រកាន់នូវគោលការណ៍ប្រជាធិបតេយ្យដែលធានានូវសុវត្ថិភាពជូនពលរដ្ឋ។ លោកស្នើថា អាជ្ញាធរគួរតែធានាសុវត្ថិភាពដល់អ្នកដែលហ៊ាននិយាយការពិត ពីបញ្ហាសង្គម ហើយត្រូវបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកទាំងនោះ ដើម្បីពួកគាត់អាចត្រឡប់ទៅមាតុភូមិវិញបានដោយសុវត្ថិភាព។
លោក ស៊ឹង សែនករុណា៖ «ពលរដ្ឋយើងចេះតែមានការភ័យខ្លាចដោយសារតែការប្រើប្រាស់នូវសិទ្ធិរបស់ខ្លួន ហើយចេះតែចាកចេញភៀសខ្លួនទៅនៅក្រៅប្រទេស ទាំងនេះវាមិនមែនជារឿងមួយល្អប្រសើរទេ។ មានផលប៉ះពាល់ច្រើន សកម្មជនខ្លួនឯងហ្នឹងក៏ពិបាករស់នៅ ហើយបែកបាក់គ្រួសារទាំងនេះ សុទ្ធសឹងតែជារឿងមួយដែលមិនគួរកើតមាននៅក្នុងសង្គមកម្ពុជាយើងហ្នឹងទេ»។
ដ្បិតថា ជីវភាពបច្ចុប្បន្នជួបការលំបាក កញ្ញា សូ មេត្តា ប្ដេជ្ញាចិត្តថា នឹងបន្តសកម្មភាពការពារសិទ្ធិមនុស្ស និងចូលរួមស្ដារប្រជាធិបតេយ្យនៅកម្ពុជាទៅតាមលទ្ធភាពរបស់ខ្លួន រហូតដល់ជីវិតចុងក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។