លោក សយ សាត មានបំណង​ចង់​បួស​វិញ​ក្រោយ​ពី​អាជ្ញាធរ​និង​មន្ត្រី​សង្ឃ​ចាប់​ផ្សឹក​ទាំង​បង្ខំ

ដោយ សេក បណ្ឌិត
2023.03.11
Share on WhatsApp
Share on WhatsApp
លោក សយ សាត មានបំណង​ចង់​បួស​វិញ​ក្រោយ​ពី​អាជ្ញាធរ​និង​មន្ត្រី​សង្ឃ​ចាប់​ផ្សឹក​ទាំង​បង្ខំ អតីតព្រះសង្ឃ លោក សយ សាយ (រូប​កណ្ដាល​បង់ក​កន្សែង​ពណ៌​ផ្កាឈូក) ដែល​ត្រូវអាជ្ញាធរ​បាត់ដំបង​ចាប់​ផ្សឹក​ដោយ​បង្ខំ កាលពីថ្ងៃទី១០ មីនា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

លោក សយ សាត ដែល​ត្រូវ​អាជ្ញាធរ​និង​មន្ត្រី​សង្ឃ​ខេត្ត​បាត់ដំបង ចាប់​ផ្សឹក​ទាំង​បង្ខំ បាន​ប្ដេជ្ញាចិត្ត​ថា លោក​នឹង​មិន​ចុះចាញ់​ការ​គំរាមកំហែង​និង​ការ​កៀប​សង្កត់​ពី​អាជ្ញាធរ ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​សង្គម​ឡើយ​។ ការ​លើកឡើង​នេះ ក្រោយ​ពី​លោក សយ សាត បាន​បាត់​ដំណឹង​អស់​រយៈពេល​ជាច្រើន​ម៉ោង បន្ទាប់ពី​ត្រូវ​បាន​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ដោះលែង​វិញ​នៅ​រសៀល​ថ្ងៃទី​១០ មីនា។

លោក សយ សាត ត្រូវ​បាន​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ដោះលែង​នៅ​ម៉ោង​៤​រសៀល​ថ្ងៃទី​១០​មីនា ហើយ​ដោយសារ​គ្មាន​ផ្ទះ​សាច់ញាតិ​នៅក្នុង​ខេត្តបាត់ដំបង លោក​ក៏បាន​ធ្វើដំណើរ​តាម​រថយន្ត​ឈ្នួល​ទៅផ្ទះ​ក្មួយ​ស្រី​នៅ​ឯ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ។ លុះ​មកដល់​ព្រឹក​ថ្ងៃទី​១១ មីនា លោក​ក៏បាន​ធ្វើដំណើរ​មក​ជួប​អ្នកធ្វើ​ធម្ម​យាត្រា​ផ្សេងទៀត​នៅ​ខេត្ត​បាត់ដំបង​វិញ ដែល​កំពុង​រង់ចាំ​ដំណឹង​ពី​លោក។ លោក សយ សាត លើកឡើង​ថា មូលហេតុ​លោក​បាត់​ដំណឹង​ក្រោយ​ពី​ត្រូវ​ដោះលែង ដោយសារ​អាជ្ញាធរ​បាន​ដកហូត​ទូរ​សព្ទ​របស់​លោក​ទុក។

លោក សយ សាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១១ មីនា​ថា ថ្វី​ត្បិត​នៅ​ពេល​នេះ លោក​ក្លាយជា​គ្រហស្ថ​វិញ​ក្ដី ប៉ុន្តែ​លោក​នៅតែ​រក្សាសីល​១០ និង​មិន​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ឡើយ​រហូត​លោក​ត្រូវ​អស់​ជីវិត​។ លោក​បន្ត​ថា ទៅ​ថ្ងៃមុខ លោក​មាន​ជម្រើស​ពីរ​ដែល​ត្រូវធ្វើ​បន្ត​សម្រាប់​ជួយ​រក​យុត្តិធម៌​សង្គម ទី​១ ព្យាយាម​ស្នើសុំ​បួស​ជា​ព្រះសង្ឃ​វិញ រួច​បន្ត​ធ្វើ​ធម្ម​យាត្រា​ឱ្យ​បាន​ចប់​ដូច​ការ​គ្រោងទុក ទី​ពីរ បើ​ពុំ​អាច​បួស​ជា​ព្រះសង្ឃ​វិញ​ទេ លោក​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ដោយ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ។

លោក សយ សាត៖ «ខ្ញុំ​នឹង​ចូល​គណបក្ស​ណា​ដែល​មាន​ប្រជាប្រិយភាព មាន​ការ​គាំទ្រ ហើយ​ស្រលាញ់​ពលរដ្ឋ មាន​គោល​នយោបាយ​ច្បាស់លាស់ ហើយ​ស្ថាបនិក​ជា​អ្នក​ស្មោះត្រង់​នឹង​ពលរដ្ឋ ស្រលាញ់​ពលរដ្ឋ ធ្វើ​ទៅ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ»

អតីត​ព្រះសង្ឃ សយ សាត បាន​ចាប់ផ្ដើម​ធ្វើ​ធម្ម​យាត្រា​ចេញ​ពី​ភ្នំពេញ​ទៅ​ព្រំដែន​ថៃ តាំងពី​ថ្ងៃទី​១​មីនា ដើម្បី​ផ្សព្វផ្សាយ​មេត្តាធម៌ សុំ​ឱ្យ​សង្គម​មាន​យុត្តិធម៌ ប៉ុន្តែ​លោក​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចាប់ខ្លួន​នៅ​ពេល​ធ្វើដំណើរ​ទៅ​ដល់​ស្រុក​មោងឫស្សី ដោយ​ចោទប្រកាន់​ពី​បទ​ធ្វើ​សកម្មភាព​បម្រើ​ឱ្យ​គណបក្ស​នយោបាយ​ប្រឆាំង រួម​ទាំង​កោះហៅ​អ្នកចូលរួម​ធ្វើ​ធម្ម​យាត្រា​ចំនួន​៤​នាក់​ទៀត ទៅ​សួរ​នាំ​នៅ​អធិការ​នគរបាល​ស្រុក​មោងឫស្សី។

អ្នកសម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក អ៊ិន គង់ជិត បាន​លើកឡើង​ថា ការ​ធ្វើ​ធម្ម​យាត្រា​របស់​អតីត​ព្រះសង្ឃ សយ សាត ជា​ទង្វើ​ស្របច្បាប់ ដោយសារ​ជា​ការ​អនុវត្ត​តាម​សិទ្ធិ​សេរីភាព​សម្ដែង​មតិ និង​សិទ្ធិ​សេរីភាព​នៃ​ការ​ដើរ​ហើរ ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​និង​ដឹកនាំ​នយោបាយ​ទាំងអស់ ប្រតិបត្តិ​តាម​សីលធម៌​ខ្មែរ​ឡើងវិញ។

លោក អ៊ិន គង់ជិត៖ «សម្ដែង​មតិ​នេះ លោក​ចង់​ផ្សព្វផ្សាយ​មេត្តាធម៌ ផ្សព្វផ្សាយ​សីលធម៌ ដល់​អ្នកដឹកនាំ ឱ្យ​មាន​ការប្រតិបត្តិ​សីលធម៌​ឡើងវិញ​។ អ្នកដឹកនាំ ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ទ្រទ្រង់​ទៅលើ​សីលធម៌ នៃ​សង្គម​ខ្មែរ​យើង ដែល​ធ្លាប់​មាន​ប្រពៃណី​ល្អ​តាំងពី​បុរាណ​មក»

លោក សយ សាត អាយុ​៧២​ឆ្នាំ បាន​បួស​ជា​លើក​ទី​២ អំឡុង​ឆ្នាំ​២០២២ នៅ​វត្តភ្នំ​ផ្លោច ក្នុង​ឃុំ​ត្រពាំង​ជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ប៉ុន្តែ​ត្រូវ​បាន​ព្រះចៅ​អធិការ​វត្ត បណ្ដេញ​ចេញ​ពី​វត្ត កាល​ពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ក្រោយ​ចូលរួម​ធម្ម​យាត្រា​លើកកម្ពស់​សីលធម៌​សង្គម​ជាមួយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ អតីត​ព្រះសង្ឃ សយ សាត ធ្លាប់​បាន​បួស​ជា​សង្ឃ​ម្ដង​រួចហើយ​អំឡុង​ឆ្នាំ​២០០២ និង​បាន​ទ្រទ្រង់​ភេទ​ជា​សង្ឃ​បាន​ប្រហែល​៥​វស្សា រួច​ក៏​លាចាក​សិក្ខាបទ​វិញ ដើម្បី​ធ្វើ​សកម្មភាព​ការពារ​ព្រៃឈើ ក្រោយ​មានការ​ចូល​រុករាន​និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​មាតា​ធម្មជាតិ​នៅ​ស្រុក​ឱវ៉ាល់ និង​ការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​អារ៉ែង​ក្នុង​ខេត្តកោះកុង​អស់​ជាច្រើន​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។