សង្គម​ស៊ីវិល​​​ធ្វើ​យុទ្ធនាការ​សប្ដាហ៍​ទី​៧ ទាមទារ​ដោះលែង​សកម្មជន​បរិស្ថាន​កំពុង​ជាប់​ឃុំ​ចំនួន​៦​នាក់

ដោយ ជាតិ ចំណាន
2021-09-21
Share
សង្គម​ស៊ីវិល​​​ធ្វើ​យុទ្ធនាការ​សប្ដាហ៍​ទី​៧ ទាមទារ​ដោះលែង​សកម្មជន​បរិស្ថាន​កំពុង​ជាប់​ឃុំ​ចំនួន​៦​នាក់ (ឆ្វេងលើ) យុវជនបរិស្ថានលោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា, កញ្ញា ភួន កែវ​រស្មី, លោក លី ចាន់​ដារ៉ាវុធ, កញ្ញា ស៊ុន រដ្ឋា, និងលោក យឹម លាងហ៊ី។
រូប៖ RFA

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​បណ្ដាញ​ពលរដ្ឋ​​នាំ​គ្នា​បន្ត​​​​ធ្វើ​យុទ្ធនាការ​សប្ដាហ៍​ទី​៧ ទាមទារ​ឲ្យ​​ដោះលែង​សកម្មជន​បរិស្ថាន​កំពុង​ជាប់​ឃុំ​ចំនួន​៦​នាក់។ ចំណែក​សាច់​ញាតិ​ក៏​​ទទូច​ឲ្យ​សមត្ថកិច្ច​ដោះលែង​​យុវជន​ទាំង​អស់​ឲ្យ​មាន​សេរីភាព​វិញ​។

នៅ​សប្ដាហ៍​ទី​៧​នេះ ក្រុម​សង្គម​ស៊ីវិល បាន​​បន្ត​លើក​ឡើង​ពី​ការ​ចាប់​ឃុំ​ខ្លួន​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ​៦​នាក់ ដែល​កំពុង​ប្រឈម​មុខ​នឹង​​បទ​​ចោទ​ដ៏​​​ច្រើន​ ​ហើយ​​ធ្ងន់ធ្ងរ​ទៀត​ គឺ​បទ​ញុះញង់ បទ​​រួម​គំនិត​ក្បត់​​ និង​បទ​ប្រមាថ​ព្រះមហាក្សត្រ​។ ក្រុម​សង្គម​ស៊ីវិល អះអាង​ថា ​យុវជន​បរិស្ថាន​ទាំង ៦នាក់ ​មាន​​ក្ដី​​ស្រមៃ​សម្រាប់​ជីវិត​​របស់​ពួកគេ គឺ​ធ្វើ​ការងារ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ​ដើម្បី​សុខុមាល​ភាព​របស់​ពលរដ្ឋ និង​ថែរក្សា​សម្បត្តិ​ធម្មជាតិ​​ឱ្យ​បាន​គង់វង្ស​ដល់​ក្មេង​​ជំនាន់​​ក្រោយ​។ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ ក្ដី​​ស្រមៃ​របស់​​ពួកគេ​​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ យក​ចិត្ត​ទុក​ដាក់ និង​លើក​ទឹក​ចិត្ត​ពី​អាជ្ញាធរ​រដ្ឋ​ទេ។ ​អ្នក​ទាំង​៦​នាក់​បែរ​ជា​ទទួល​ការ​គំរាម​កំហែង បំភិត​បំភ័យ និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោយ​​អយុត្តិធម៌​ទៅ​វិញ​។ 

ក្រុម​សង្គម​ស៊ីវិល​នៅ​តែ​បង្ហាញ​ការ​បារម្ភ​ថា ​​ការ​​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​យុវជន​ទាំង​៦​នាក់​​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សកម្មភាព​ថែរក្សា​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។ ក្រុម​អង្គការ​ស្នើសុំ​​ឲ្យ​ពលរដ្ឋ​​ចែក​រំលែក​សកម្មភាព​ និង​យុទ្ធនាការ​របស់​សកម្មជន​បរិស្ថាន​ទាំង​៦​នាក់​ ដើម្បី​​ជា​ប្រយោជន៍​សង្គម​​។

សកម្មជន​បរិស្ថាន​ទាំង​៦​នាក់​នោះ គឺ​​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវ​រស្មី លោក យឹម លាងហ៊ី លោក លី ចាន់​ដារ៉ាវុធ និង​កញ្ញា ស៊ុន រដ្ឋា។ ក្នុង​នោះ ​មាន​៣​នាក់ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា​ ភួន កែវ​រស្មី ត្រូវ​បាន​​តុលាការ​កាត់​ទោស​​ឲ្យ​​ជាប់​ពន្ធនាគារ​​ពី​ ១៨ ​ទៅ ​២០ ​ខែ ក្នុង​បទ​ចោទ​​ «​ញុះញង់​​​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​​ដល់​សន្តិសុខ​សង្គម»​​។ ចៅក្រម​ក៏​កំពុង​ស៊ើប​អង្កេត​ករណី​បទ​ចោទ​បន្ថែម​មួយ​ករណី​ទៀត ​គឺ​បទ «​រួម​គំនិត​ក្បត់» ​​លើ​សកម្មជន​ទាំង ​៣​នាក់​​នេះ​ដែរ។ ឯ​​​សកម្មជន​​ ៣​ នាក់​ទៀត ​​ទើប​​ត្រូវ​បាន​​សមត្ថកិច្ច​ចាប់​ខ្លួន​ឃុំ​ខ្លួន​​កាល​ពី​​ខែ​មិថុនា គឺ​លោក យឹម លាងហ៊ី លោក លី ចាន់​ដារ៉ាវុធ និង​កញ្ញា ស៊ុន រដ្ឋា។ ពួកគាត់​ទាំង​៣នាក់​ ​កំពុង​ស្ថិត​ក្នុង​នីតិវិធី​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​​ពី​បទ​ «ប្រមាថ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់»។

មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា(CYN) លោក ម៉ា ចិត្រា បញ្ជាក់​ថា ​យុទ្ធនាការ​នេះ​នឹង​​ត្រូវ​បន្ត​ធ្វើ​រហូត​ទាល់​តែ​មាន​ការ​ទម្លាក់​​បទ​ចោទ និង​ដោះលែង​សកម្មជន​​ទាំង​អស់។ លោកមិន​ចង់​ឲ្យ​​តុលាការ​បន្ត​ឃុំ​ខ្លួន​​យុវជន​ទាំង​អស់​នេះ​ទេ ព្រោះ​ជា​ការ​ខាត​បង់​​ប្រយោជន៍​ដល់​សង្គម និង​ប៉ះពាល់​ដល់​មុខ​មាត់​រដ្ឋាភិបាល​​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​ស្នើសុំ​ឲ្យ​តុលាការ​​ដោះលែង​​សកម្ម​ជន​ទាំង​៦​នាក់​វិញ​៖ «យើង​ដល់​ថ្នាក់​សុំ​ហើយ​ឥឡូវ​នេះ គឺ​ថា​អង្វរ​លោក​តុលាការ​ឲ្យ​ដោះលែង​​សកម្មជន​បរិស្ថាន​យើង​មក​វិញ​មក​​ ដើម្បី​ឲ្យ​គាត់​បាន​ជួប​ជុំ​គ្រួសារ​គាត់​វិញ ហើយ​បន្ត​សកម្មភាព​ចូលរួម​ការពារ​បរិស្ថាន​បន្ត​ទៀត​ណា​ ព្រោះ​​ឥឡូវ​នេះ​យើង​ឃើញ​ថា ​នៅ​ពេល​ដែល​បាត់​ពួកគាត់​ទៅ​អា​បញ្ហា​ព្រៃឈើ​អ្វី​ហ្នឹង​ ក៏​វា​​គគ្រឹក​គគ្រេង​ដែរ​។ អា​ហ្នឹង​យើង​មើល​ភាព​ជាក់​ស្ដែង​ណា»។

យុទ្ធនាការ​រយៈ​ពេល​ ៧ ​សប្ដាហ៍​មក​នេះ ​​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ និង​សហគមន៍​នៅ​តាម​មូលដ្ឋាន​​ច្រើន​​​​​។ តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុងលោក​ស្រី ផាវ ញ៉ើង ឲ្យ​ដឹង​ថា ​អ្នក​សហគមន៍​​​តែងតែ​នាំ​គ្នា​​ចែក​រំលែក​សារ​​យុទ្ធនាការ​នេះ​ ​រៀង​រាល់​សប្ដាហ៍​ ព្រោះ​ពួកគាត់​​​ក៏​​ចង់​ឲ្យ​​តុលាការ​ដោះលែង​​យុវជន​ការពារ​បរិស្ថាន​ទាំង​ ៦ ​នាក់​ដែរ៖ «រឿង​បរិស្ថាន​អ្វី​ហ្នឹង​ជា​ប្រយោជន៍​សាធារណៈ​។ អ៊ីចឹង​ប្អូនៗ​ដែល​រដ្ឋាភិបាល​ ឬ​ក៏​អាជ្ញាធរ​ចាប់​ខ្លួន​ហ្នឹង​យើង​គិត​ថា​​ប្រហែល​ជា​មាន​ការ​ភ័ន្ត​ច្រឡំ​រឿង​អ្វី​មួយ។ ​អ៊ីចឹង​​ទៅ​​យើង​ក៏​ចូលរួម​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ដែរ»។

ជុំវិញ​​​យុទ្ធនាការ​នៅ​សប្ដាហ៍​ទី​៧​​​នេះ​ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន​ និង​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​​របស់​រដ្ឋាភិបាលលោក កត្តា អ៊ន បាន​ទេ​នៅ​ថ្ងៃ​ទី​២០​ ខែកញ្ញា។ តែ​ទោះ​ជា​យ៉ាង​ណា​លោក កត្តា អ៊ន ធ្លាប់​បញ្ជាក់​​​​ថា ​​​​យុទ្ធនាការ​នេះ​​​​មិន​អាច​ជះ​ឥទ្ធិពល​ដល់​​ដំណើរ​ការ​ក្ដី​របស់​​​​តុលាការ​ទេ​។

ប៉ុន្តែ​សាច់​ញាតិ​​ នៅ​តែ​ទទូច​ស្នើសុំ​ឲ្យ​មាន​ការ​ដោះលែង​កូន​ប្រុស​ស្រី​របស់​ពួកគាត់​​​មក​វិញ​​។ ម្ដាយ​របស់​កញ្ញា ស៊ុន រដ្ឋា គឺ​លោក​ស្រី​ ដួង រី ឲ្យ​ដឹង​ថា ​រៀងរាល់​មួយ​សប្ដាហ៍​​កញ្ញា​ ស៊ុន រដ្ឋា អាច​ទូរស័ព្ទ​មក​ជួប​​សាច់​ញាតិ​​បាន​ម្ដង​​មាន​​រយៈ​ពេល​៥​នាទី​។ កញ្ញា​​​ផ្ដាំ​កុំ​ឲ្យ​​​បារម្ភ​ពី​នាង ព្រោះ​នាង​មាន​សុខភាព និង​ស្មារតី​ល្អ​ធម្មតា​។ តែ​យ៉ាង​ណាលោកស្រី ដួង រី ចង់​ឲ្យ​តុលាការ​ដោះលែង​​កញ្ញា ស៊ុន រដ្ឋា បាន​មក​រៀន​សូត្រ​វិញ៖ «គ្រាន់​តែ​ថា​អាឡាក់ស៊ី​ច្រមុះ​។ ប៉ុន​ហ្នឹង​គ្មាន​អ្វី​ផង​ តេ​មក​ជួប​និយាយ​ទៅ​ថា​ អត់​មាន​អ្វី​ផង ធម្មតា»។

របប​ក្រុងភ្នំពេញ បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ សង្គម សិទ្ធិ​មនុស្ស បរិស្ថាន គ្រូ​បង្រៀន និង​អ្នក​បញ្ចេញ​មតិ​រិះគន់​ដាក់​ពន្ធនាគារ​ជិត​កៅសិប​(៩០)​នាក់​ហើយ​ ដោយ​សារ​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន។ អង្គការ​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ និង​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ បាន​ហៅ​ការ​ចាប់​ខ្លួន​ទាំង​នោះ​ថា ជា​សកម្មភាព​បង្ក្រាប​លើ​សំឡេង​រិះគន់ និង​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្ម​ជន​ទាំង​អស់​ឲ្យ​មាន​សេរីភាព​វិញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល