ពលករ​ខ្មែរ​មួយចំនួន​បន្ត​ប្រថុយប្រថាន​ឆ្លងដែន​ខុសច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ

ដោយ ហ៊ុំ ចំរើន
2024.04.24
ពលករ​ខ្មែរ​មួយចំនួន​បន្ត​ប្រថុយប្រថាន​ឆ្លងដែន​ខុសច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទិដ្ឋភាពពលករខ្មែរ​ធ្វើការសំណង់នៅប្រទេស​ថៃ។
រូប​៖ ពលករ​ផ្តល់ឱ្យ

ពលករ​ខ្មែរ​មួយ​ចំនួន​បន្ត​ប្រថុយប្រថាន​ឆ្លង​ដែន​ខុសច្បាប់ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទាំង​គ្រួសារ ដើម្បី​រកលុយ​ដោះស្រាយ​ជីវភាព។ បើ​ទោះ​ពួកគាត់​ប្រឈម​ការ​ចាប់ខ្លួន ចាញ់​បោក​ថៅកែ​ជា​ញឹកញាប់ និង​ពេល​ខ្លះ​ស្ទើរ​បាត់បង់​ជីវិត អំឡុង​ពេល ប៉ូលិស​ថៃ​ចុះ​បង្ក្រាប​ម្ដងៗ ក្ដី ពួកគាត់​ថា គ្មាន​ជម្រើស​ឡើយ គឺមានតែ​ពាក្យ​ថា «​តស៊ូ និង​អត់ធ្មត់» ដោយ​ពឹង​លើ​ព្រេងវាសនា។

ជាក់ស្ដែង ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ លោកស្រី ពក សារ៉ាវ បាន​ឆ្លងកាត់​ហេតុការណ៍​ជាច្រើន ក្នុង​ដំណើរ​ជីវិត ជា​ពលករ​ចំណាកស្រុក​ជាង​ ១០​ឆ្នាំ ។ តើ​ពលករ​រូប​នេះ មានរឿង​រ៉ាវ និង​ធ្លាប់​ជួប​ការ​លំបាក អ្វីខ្លះ រហូត​មក​ដល់​បច្ចុប្បន្ន?

ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ លោកស្រី ពក សារ៉ាវ បាន​មក​ធ្វើ​ការ​នៅ ប្រទេស​ថៃ ជាង ​១០​ឆ្នាំ ប៉ុន្តែ ជីវភាព​លោកស្រី កាន់តែ​ដុនដាប រក​ចំណូល​ពុំ​សូវ​បាន​ទៀងទាត់ ព្រោះ​ជួប​តែ​ថៅកែ​បោកប្រាស់ ។ ចំណែក លោកស្រី ក៏​ដូចពលករឯទៀត​ដែរ ពុំ​ហ៊ាន​ប្ដឹងរក​យុត្តិធម៌ ទាមទារលុយពី​ថៅកែ​បោកប្រាស់ ទាំង​នោះ​ឡើយ។

ក្រៅពី ធ្វើការ​ពុំ​សូវ​បាន​លុយ​ហើយ​នោះ អ្នក​ខេត្តបន្ទាយមានជ័យ​រូប​នេះ ក៏​ប្រឈម​នឹង​ការ​ចាប់ខ្លួន​ពី សំណាក់​ប៉ូលិស​ថៃ ស្ទើរ​គ្រប់ពេល ដោយសារតែ​គ្រួសារ​លោកស្រី មក​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់ ទាំង​ប្ដី​ប្រពន្ធ រួម​នឹង​កូនតូចៗ​ពី​នាក់​។ គ្រួសារ លោកស្រី​ពុំ​មាន​លិខិត​ឆ្លងដែន​ត្រឹមត្រូវ​ទេ ដោយសារ​គ្មាន​លទ្ធភាព​ធ្វើ។

លោកស្រី ពក សារ៉ាវ៖ «សព្វថ្ងៃ​ធ្វើការ​មិន​សល់​លុយ​ក្នុង​ខ្លួន តែ​ចាយ​មិន​គ្រប់​អ៊ីចឹង ជីវិត​ទៅមុខ​មិនដឹង​ទៅ រួច​ទេ​ដឹង ចំណែក​ភ្នែក​ក៏​ងងឹត​។ ខ្ញុំ​ចង់​បាន ជីវភាព​គ្រប់គ្រាន់ មិន​ចង់​ឱ្យ​ពិបាក​ដូច​សព្វថ្ងៃ​នេះ ពិបាកចិត្ត​ណាស់ ថ្ងៃ​ខ្លះ​អង្គុយ​យំ ព្រោះ​អី ជីវភាព កាន់តែ​ដុនដាប»

BMC_Police_educates_300workers_about_to_cross_border_in_Malay_to_Thailand_on_041824_1.jpg
នគរបាលឃាត់ និង​អប់រំ​ពលរដ្ឋប្រុសស្រី ៣០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ កាល​ពី​ថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ២០២៤។ រូប៖ ស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ

មាន​ស្រុកកំណើត​នៅ​ភូមិ តា​ដួល​ឃុំ​ផ្គាំ ស្រុក​ស្វាយចេក លោកស្រី ពក សារ៉ាវ ពិការ​ភ្នែក​ម្ខាង តាំងពី​នៅ​កុមារ​។ លោកស្រី មានកូន​ពី​នាក់ ម្នាក់​អាយុ​២​ឆ្នាំ និង​ម្នាក់ទៀត​អាយុ​១៣ ឆ្នាំ ពុំបាន​រៀនសូត្រ​នោះ​ទេ ។ លោកស្រី​បានសម្រេច មក​រក​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​ប្រថុយប្រថាន ទាំង​គ្រួសារ ព្រោះ​តែ​ជីវភាព​ក្រីក្រ។

បច្ចុប្បន្ន​លោកស្រី ធ្វើ​ការ​ពុំ​សូវ​បាន​លុយ​នោះ​ទេ ដោយសារ​តែ​ថៅកែ មិនសូវ​មាន​លុយ​បើក​ឱ្យ​។​លោកស្រី ធ្វើការ​សំណង់​ក្នុង​មួយថ្ងៃ អាច​រក​ចំណូល​បាន ៣៥០​បាត គឺ​ស្មើ ជាង ៤​ម៉ឺន​រៀល ចំណែក​ប្ដី បាន ​៤៥០​បាត គឺ​ស្មើ ៥​ម៉ឺន​រៀល​។ លោកស្រី ប្រឹង​ធ្វើការ ដោយ​ពុំដែល​គិត​ពី​ការ​នឿយហត់​នោះ​ទេ ដោយ​ដៃ​ម្ខាង​បីកូន ដៃ​ម្ខាង ទៀត លាយ ស៊ីម៉ងត៍ ឬ​យក​ឥដ្ឋ​ឱ្យ​គេ នៅ​លើ​អគារ កម្ពស់​ជាង​ ៥០​ជាន់ ទៅ​ ៦០ជាន់។

លោកស្រី ពក សារ៉ាវ បាន​រំលឹក​ថា កាលពី​លោកស្រី​ចូល​មក​ធ្វើការ​នៅ​ប្រទេស​ថៃ គឺ​ដើរ​ដោយ ថ្មើរជើង កណ្ដាល ទាំងយប់ ដោយ​ខុសច្បាប់ ដែល​មាន​គ្នា​១០ ទៅ​២០​នាក់ តាម​មេខ្យល់​ជា​អ្នក​នាំ​ផ្លូវ តាម​ច្រក​សំពៅ​លូន ខេត្តបាត់ដំបង ដើម្បី​គេច​កុំឱ្យ​ប៉ូលិស​ចាប់ ។ ចំណែក​ការ​ដើរ ត្រូវ​ដើរ​រុក​តាម​ព្រៃ ឆ្លង​ជ្រុះ​ព្រែក និង​តាម​ចម្ការ​ដំឡូង ដែល ចម្ងាយ​ដី ជាង ៥ ទៅ ៦​គីឡូម៉ែត្រ ទម្រាំ​ដល់​កន្លែង​ឡើង​ឡាន គឺ​ជាង​៥​ម៉ោង។

ពលករ​ម្នាក់ទៀត លោកស្រី ម៉ៅ ស្រីណែត ឱ្យ​ដឹង​ថា លោកស្រី​ធ្លាប់​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​ដាក់​ពន្ធនាគារ​ចំនួន ៧​ថ្ងៃ​ម្ដង​រួច​មក​ហើយ កាលពី​ឆ្នាំ​២០២៣ អំឡុង​ពេលលោកស្រី លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ ដោយ​ខុសច្បាប់ តាម​ច្រក​សំពៅ​លូន ។ ក៏ប៉ុន្តែ​ក្រោយ ពី​ប៉ូលិស ដោះលែង ហើយ បញ្ជូន​មក​ខ្មែរ​វិញ លោកស្រី​ក៏​បន្ត​លួច​ចូល​ម្ដងៗ ទៀត។

លោកស្រី ម៉ៅ ស្រីណែត៖ «ខ្ញុំ​មិនដែល​បាន ដើរ​ស្រួល​នឹង​គេ​ទេ ព្រោះ​អី យើង​ដើរ​ឆ្លង​ព្រំដែន តាមផ្លូវ​កាត់ ខ្ញុំ​អត់​បាន​ដើរ​តាម​ផ្លូវត្រង់​ផង ព្រោះ​អត់​មាន​ប៉ាស្ព័រ។ ដើរ​ម្ដងៗ ជិត​ទាល់​ភ្លឺ ។ ពេល​ម៉ោង​៨ ទៅ​៩ គេ​នាំចេញ ដូច្នេះ​ម៉ោង​១ ទៅ​ម៉ោង​២ បាន​ដល់​កន្លែង​ឡើង​ឡាន»

ពលករ​ទាំងនោះ​ឱ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​ដោយ​ខុសច្បាប់ គឺ​ប្រៀប បាន​ទៅ​នឹង​ការ​យក​ជីវិត​ទៅ​ប្ដូរ ដើម្បី​មក​រក​ការងារ​ធ្វើ។ ជាក់ស្ដែង លោកស្រី ពក សារ៉ាវ ធ្លាប់​រត់​គេច គ្រប់​កាំភ្លើង និង​ធ្លាប់ ជិះឡាន ដែល​ហ៊ុមព័ទ្ធ​ដោយ​កៅស៊ូ និង​ដាក់​បន្ថែ​ពី​លើ ដើម្បី​បិទបាំង ប៉ូលិស ជាច្រើន​លើក ហើយ​នៅ​ពេល​មក​ធ្វើការ​នៅ​ថៃ​ម្ដង។

លោកស្រី ពក សារ៉ាវ ស្នើ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គិតគូរ​ពី​ទុក្ខ​លំបាក​ដល់​ពួកគាត់ តាមរយៈ ការ​បញ្ចុះ​តម្លៃ​ធ្វើ​លិខិតឆ្លងដែន ក្នុង​តម្លៃ​ទាប​ព្រោះ​ពួកគាត់ មិន​ចង់​មក​ដោយ​ខុសច្បាប់​នោះ​ទេ ។ ប៉ុន្តែ ដោយសារតែ​ចំណាយ​លើ​ឯកសារ​ពាក់ព័ន្ធ ថ្លៃ​លើស​លប់ ដូចជា ម្នាក់ ២​ម៉ឺន ទៅ​៣​ម៉ឺន​បាត ដែល​ស្នើ ៦០០​ដុល្លារ ទៅ​១.០០០​ដុល្លារ ទើបបាន​ឯកសារ​គ្រប់គ្រាន់ ដូច្នេះ ពួកគាត់​ថា ពុំ​មាន​លទ្ធភាព​នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន ប៉ូណា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ពី​បញ្ហា​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​នេះ​បានទេ ​នៅ​ថ្ងៃទី​៦ កក្កដា។

យ៉ាងណា កាល​ពី​ថ្ងៃទី​១៨ ខែ​មេសា កម្លាំង​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ ត្រៀម​ឆ្លងដែន​ខុសច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​ចំនួន ៣២២​នាក់ យក​មក​អប់រំ ក្នុង​នោះ​ស្រី​ចំនួន ១៦០​នាក់ និង​កុមារ​ចំនួន ២៧​នាក់​។ ពលរដ្ឋ​ទាំងនេះ​ត្រូវ​បាន​ស្ទាក់​ឃាត់​ចំនួន ០៣​ករណី នៅ​ថ្ងៃ​តែមួយ ក្នុងភូមិ​សាស្ត្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។

ប្រធាន​ផ្នែក​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ពលករ​ទេសន្តរប្រវេសក៍​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែ​មេសាថា បញ្ហា​ប្រឈម​របស់​ពលករ​ចំណាកស្រុក​ទាំងនេះ រដ្ឋាភិបាល​គួរតែ​គិតគូរ​ដោះស្រាយ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ចំពោះ​ពលករ។

លោក ឌី ថេហូយ៉ា៖ «រដ្ឋាភិបាល​ត្រូវតែ​គិតគូរ​ចំពោះ​បញ្ហា​ទាំង​៣​ហ្នឹង គឺ​ទី​១​ការ​ការពារ និង​លើកកម្ពស់​សិទ្ធិ​របស់​ពួកគាត់​ឲ្យ​គាត់​ធ្វើ​ចំណាកស្រុក​មាន​សុវត្ថិភាព​ទទួល​បាន​ប្រាក់ចំណូល និង​ត្រឡប់​មកវិញ​មាន​ជីវភាព​ធូរធារ មានមុខ​របរ​។ ទី​២ នៅ​ពេល​ដែល​គាត់​រងគ្រោះ​ពី​បញ្ហា​រំលោភបំពាន​ផ្សេងៗ​ គាត់​ត្រូវតែ​ទទួល​បាន​នូវ​យុត្តិធម៌ ហើយ​ជនល្មើស​ត្រូវតែ​ទទួលទោស​តាមច្បាប់»

កាលពី​ឆ្នាំ​២០២៣ អង្គការ​សង់ត្រាល់ (Central) សង្កេតឃើញ​ថា ការ​ចំណាកស្រុក​របស់​ពលករ​ដោយសារតែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជំពាក់​បំណុល និង​មាន​ជីវភាព​ខ្វះខាត​។ ចំណែក​ពេលវេលា ធ្វើ​ឯកសារ ចំណាយ​ពេល​យូរ ទម្រាំ​បាន​ឯកសារ​ឆ្លងដែន។ ភាព​យឺតយ៉ាវ​នេះ ជាហេតុ​ធ្វើ​ឲ្យ​ពលករ​ភាគច្រើន បង្ខំចិត្ត​ជ្រើសរើស ការ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​តាមរយៈ​មេខ្យល់ ដោយ​រំពឹង​ថា ឆាប់​បាន​ទៅ​ធ្វើ​ការ​ដោះស្រាយ​បំណុល និង​ជីវភាព។ ផ្ទុយទៅវិញ ពលករ​ទាំងនោះ ងាយ​នឹង​ជួប​បញ្ហា ចាញ់​បោក​មេខ្យល់ និង​ធ្លាក់ខ្លួន​ក្លាយជា​កម្មវត្ថុ នៃ​អំពើ​ជួញដូរ​មនុស្ស និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ជាដើម។

របាយការណ៍​របស់​ក្រសួង​ការងារ​កម្ពុជា ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ជាង ១​លាន ២​សែន​នាក់​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សង់ត្រាល់ បង្ហាញ​ថា មាន​ពលករ​ខ្មែរ​កំពុង​ធ្វើការ​ដោយ​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ​ជាង ២​លាន​នាក់ ដោយ​មួយចំនួន​ពួកគាត់​ទទួលរង​ការ​រំលោភបំពាន​សិទ្ធិ​ការងារ និង​បាត់បង់​ផលប្រយោជន៍ ដែល​ប៉ះពាល់​ដល់​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។