តុលាការ​កំពូល​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង កញ្ញា ឈឹម ស៊ីថរ ទៅ​សប្ដាហ៍​ក្រោយ

ដោយ ទីន ហ្សាការីយ៉ា
2023.03.15
Share on WhatsApp
Share on WhatsApp
តុលាការ​កំពូល​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង កញ្ញា ឈឹម ស៊ីថរ ទៅ​សប្ដាហ៍​ក្រោយ ក្រុម​កូដករ​ណាហ្គាវើលដ៍​ជាង ៤០នាក់ ទៅគាំទ្រ និង​តាមដាន​សវនាការ​ជំនុំជម្រះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា ឈឹម ស៊ីថរ នៅតុលាការ​កំពូល​ ​​ព្រឹក​ថ្ងៃ​ទី១៥ ខែមីនា ឆ្នាំ២០២៣។
រូបពីពលរដ្ឋ

តុលាការ​កំពូល​បើក​សវនាការ​ជំនុំជម្រះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា ឈឹម ស៊ីថរ នៅ​ព្រឹក​ថ្ងៃ​ទី១៥ មីនា​រួចរាល់​ហើយ។ តុលាការ​នឹង​ប្រកាស​សាលដីកា​សម្រេច​ក្ដី​នៅ​ចុង​ខែមីនា។ ក្រុម​សហជីព និង​អង្គការ​ស៊ីវិល​យល់​ឃើញ​ថា តុលាការ​គួរតែ​អនុញ្ញាត​ឱ្យ​កញ្ញា ឈឹម ស៊ីថរ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ព្រោះ​កញ្ញា​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់​ឡើយ។

ក្រោយ​បើក​សវនាការ​ជំនុំជម្រះ​រយៈ​ពេល​ជាង ១ម៉ោងរួច តុលាការ​ក៏​បញ្ចប់​ការ​ជំនុំជម្រះ​លើ​សំណើ​របស់​កញ្ញា ឈឹម ស៊ីថរ សុំ​នៅ​ក្រៅ​ឃុំ​នេះ។ តុលាការ​កំពូល បាន​កំណត់​ថ្ងៃ​ប្រកាស​សាលដីកានៅថ្ងៃទី២៤ មីនា។ ការ​ជំនុំជម្រះ​ក្ដី​នេះ​ធ្វើ​ឡើង​តាម​សំណើ​របស់​មេធាវី​ការពារក្ដី ដែល​បាន​ស្នើសុំ​ឱ្យ​កញ្ញា ឈឹម ស៊ីថរ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

តំណាង​សហជីព​ប្រចាំ​នៅ​ក្រុមហ៊ុន បនល្បែង​ណាហ្គាវើលដ៍ លោកស្រី ឃ្លាំង សុបិន្ត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា នៅ​ក្នុង​បន្ទប់​ជំនុំជម្រះ​ចៅក្រម​មិន​បាន​សាកសួរ កញ្ញា ឈឹម ស៊ីថរ នោះ​ទេ ប៉ុន្តែ​បាន​ផ្ដល់​ឱកាស​ឱ្យ​កញ្ញា ឈឹម ស៊ីថរ ស្នើសុំ​ជា​លើក​ចុង​ក្រោយ ។ កញ្ញា សុំ​ស្នើ​តុលាការ​កំពូល​ឱ្យ​ដោះលែង កញ្ញា ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយសារ​កញ្ញា​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​នោះ​ទេ។ កញ្ញា​ចង់​ត្រឡប់​ទៅ​ផ្ទះ ដើម្បី​មើល​ថែ​ម្ដាយ​ចាស់​ជរា និង​ខ្លួន​កញ្ញា​ផ្ទាល់​ឈឺ​ចង្កេះ​ខ្លាំង នៅ​ស្រប​ពេល​ការ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​មាន​លក្ខណតូច​ចង្អៀត ដែល​ធ្វើ​ឲ្យ​កញ្ញា​កាន់តែ​លំបាក។ លោកស្រី ឃ្លាំង សុបិន្ត រៀបរាប់​ទៀត​ថា តុលាការ​គួរតែ​ពិចារណា​លើ​សំណុំរឿង​កញ្ញា ឈឹម ស៊ីថរ ម្ដង​ទៀត​ពីព្រោះ​កញ្ញា​មិន​បាន​ប្រព្រឹត្ត​ខុស​បម្រាម​របស់​តុលាការ​នោះ​ទេ។

លោកស្រី ឃ្លាំង សុបិន្ត៖ «ខ្ញុំ​យល់​ថា អត់​យុត្តិធម៌​ទេ ព្រោះ​រឿង​តាំង​ពី​ដើម​មក គឺ​តែ​វិវាទ​ជាមួយ​ថៅកែ ជាមួយ​កម្មករ​ទេ ហើយ​បែរ​ជា​ប្ដឹង​រឿង​ញុះញង់ ហើយ​បើ​យើង​សម្លឹង​មើល​ធាតុ​ពិត​នោះ គឺ​នីតិវិធី​ធ្វើ​កូដកម្ម ខាង​សហជីព​ខាង​កម្មករ គឺ​ពួក​យើង​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់ ច្បាប់​ឱ្យ​ធ្វើ​ម៉េច គឺ​យើង​ធ្វើ​តាម រហូត​ដល់​ពេល​ដែរ​យើង​ចាប់​ផ្ដើម​ប្រើ​សិទ្ធិ​របស់​យើង​បែរ​ជា​ចោទ​យើង​ថា ញុះញង់​ហើយ​ចាប់​ពួក​យើង​ដាក់​គុក»

សវនាការ​កាល​ពី​ព្រឹក​ទី១៥ មីនា មាន​មេធាវី​ចំនួន ៣រូប​បាន​ចូលរួម រួមមាន លោក សំ ចំរើន និង​មេធារី ២រូបទៀតមកពីអង្គការលីកាដូ ។ សហ​មេធាវី​បាន​លើក​ឡើង​ថា កូនក្ដី​របស់​ពួក​គេ មាន​ចំនួន ៩នាក់ មិន​បាន​ទទួល​បម្រាម​ណា​មួយ​ពី​តុលាការ​នោះ​ទេ ហើយ​ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ជា​លើក​ទី២ ដោយ​សំអាង​ថា មិន​គោរព​បម្រាម​តុលាការ គឺ​មិន​សម​ហេតុផល​ឡើយ។ ថ្វីត្បិត​តុលាការ​មិន​ទាន់​សម្រេច​សេចក្ដី ឬ​ប្រកាស​សាលដីកា ជុំវិញ​នឹង​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់ កញ្ញា ឈឹម ស៊ីថរ យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​កូដករ​ណាហ្គាវើលដ៍​ជាង ៤០នាក់ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ឃ្លាំមើល​ពី​ខាង​ក្រៅ និង​ស្រែក​ផ្ដល់​កម្លាំង​ចិត្ត​ឱ្យ​កញ្ញា ថា ពួក​គេ​នៅតែ​រង់ចាំ កញ្ញា ស៊ីថរ មកវិញ។ ខណៈកម្លាំងសមត្ថកិច្ចប្រមាណ៣០នាក់ ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​ខាង​មុខ​តុលាការ។

Nagaworld_workers_support_Chhim_Sithar_at_supreme_court_031523.jpg
ក្រុម​កូដករ​ណាហ្គាវើលដ៍​ជាង ៤០នាក់ ទៅគាំទ្រ និង​តាមដាន​សវនាការ​ជំនុំជម្រះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា ឈឹម ស៊ីថរ នៅតុលាការ​កំពូល​ ​​ព្រឹក​ថ្ងៃ​ទី១៥ ខែមីនា ឆ្នាំ២០២៣។ រូប៖ ពីពលរដ្ឋ

ជុំវិញ​រឿង​នេះ​អ្នក​នាំ​ពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនកុរណា មាន​ប្រសាសន៍​ថា កញ្ញា ឈឹម ស៊ីថរ មិន​បាន​ប្រព្រឹត្ត​ខុស​នោះ​ទេ បើ​មើល​តាម​នីតិវិធី​ច្បាប់ ពីព្រោះ តុលាការ​មិន​បាន​ផ្ដល់​ដំណឹង​ឱ្យ​កញ្ញា ឈឹម ស៊ីថរ បាន​ដឹង​អំពី​បម្រាប​ជា​មុន​នោះ​ទេ មុន​ពេល​កញ្ញា ឈឹម ស៊ីថរ ចាកចេញ​ទៅ​ក្រៅ​ប្រទេស​នោះ។ លោក​បន្ត​ថា តុលាការ​គួរតែ​ទម្លាក់​បទ​ចោទ​លើ កញ្ញា ឈឹម ស៊ីថរ វិញ ដើម្បី​កុំ​ប្រព័ន្ធ​តុលាការ​កាន់តែ​ទទួល​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​កាន់តែ​ខ្លាំង​ថែម​ទៀត។

លោក ស៊ឹង សែន​ករុណា៖ «ក្នុង​ករណី​សកម្មជន​សង្គម សកម្មជន​សហជីព ឬ​ក៏​សកម្មជន​នយោបាយ​ក្ដី ក៏​យើង​កត់​សម្គាល់​ថា បើ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​យើង​នៅ​តែ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​បែប​នេះ យើង​ពិបាក​សង្ឃឹម​ថា ពួក​គេ​មាន​សេរីភាព​ណាស់​ហើយ​ករណី​ទាំង​អស់​នេះ អាច​នឹង​បន្ត​ធ្វើការ​ចោទប្រកាន់​ការ​ចាប់​ខ្លួន ឬ​ក៏​ឃុំ​ខ្លួន​នេះ​នឹង​អាច​កើត​ឡើង​បន្ត​ទៀត តែ​ទន្ទឹម​នឹង​នេះ យើង​អត់​ចង់​ឃើញ​រូបភាព​បែប​នេះ​កើត​ឡើង​ទេ»

សមត្ថកិច្ច​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ជា​លើក​ទីពីរ កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស​វិញ ក្រោម​បទ​ចោទ ល្មើស​បម្រាប​របស់​តុលាការ ដែល​ហាម​ចេញ​ក្រៅ​ប្រទេស ក្រោយ​ពី កញ្ញា វិល​ត្រឡប់​មក​ពី​ការ​ចូលរួម​កិច្ច​ប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី (Australia)

នៅ​ស្រប​ពេល​តុលាការ​កំពូល​បើក​សវនាការ​ជំនុំជម្រះ​ក្ដី កញ្ញា ឈឹម ស៊ីថរ នេះ ក្រុម​សហជីព​នៅតែ​បន្ត​ទាមទារ​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដដែល ដើម្បី​ឱ្យ​ថៅកែ​ចេញ​មក​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​ឱ្យ​បាន​ឆាប់។ ពួក​គេ​ហាក់​មិន​អស់​សង្ឃឹម​នោះ​ទេ ទន្ទឹម​នឹង​នេះ ពួក​គេ​នាំ​គ្នា​ស្រែក​ទាមទារ ឱ្យ​តុលាការ​ដោះ​លែង​ប្រធាន​សហជីព​របស់​ខ្លួន គឺ កញ្ញា ឈឹម ស៊ីថរ និង​ស្នើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍ ដើម្បី​បញ្ចប់​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​សេចក្ដីថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី១៤ មីនា អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ដោះ​លែង​ប្រធាន​សហជីព​ណាហ្គាវើលដ៍ (NagaWorld)​កញ្ញា ឈឹម ស៊ីថរ និង​ទម្លាក់​ចោល​បទ​ចោទ​ទាំង​អស់ លើ​សមាជិក​សហជីព​ណាហ្គាវើលដ៍ ៨នាក់ផ្សេងទៀត។ អង្គការ យូមែន រ៉ៃតស៍ វ៉ច្ឆ ក៏​ជំរុញ​ដល់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់​ឥរិយាបថ​វាយ​ប្រហារ​កាន់តែ​ខ្លាំង​ឡើងៗ ទៅ​លើ​សហជីព ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ គណបក្សប្រឆាំង និង​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស ខណៈ​ការ​បោះ​ឆ្នោត​ជាតិ​កាន់តែ​ខិត​ជិត​មកដល់។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ដដែល​នេះ ក៏​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ដទៃ​ទៀត ឱ្យ​បញ្ជាក់​ជំហរ​ច្បាស់លាស់​ថា ការ​បន្ត​ការ​គាប​សង្កត់​បែប​នេះ នឹង​ប៉ះពាល់​ដល់​ចំណង​ទំនាក់ទំនង​ជាមួយ​ក្រុម​ប្រទេស​ទាំង​នេះ។

កន្លងមក ក្រុម​កូដករ​បាន​ដាក់​ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ​ដែរ ប៉ុន្តែ ពុំ​មាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ឡើយ។ លើស​ពី​នេះ សាលា​រាជធានី​ភ្នំពេញ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ចំរ៉ុង និង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ និង​ជា​មនុស្ស​ជំនិត​លោក ហ៊ុន ម៉ាណែត គឺ​លោក ហេង សួរ ព្រមទាំង​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋាភិបាល បាន​ព្យាយាម​បង្កើន​វោហារ ទូរស័ព្ទ​គំរាមកំហែង និង​លាប​ពណ៌ ឬ​ចោទ​ប្រកាន់​លើ​ក្រុម​កូដករ​ថា ធ្វើ​ការ​តវ៉ា​ខុស​ច្បាប់ និង​ស៊ីឈ្នួល​សម្ដែង​ធ្វើ​កូដកម្ម​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។