មេសហជីពកញ្ញា ឈឹម ស៊ីថរ ត្រូវបានជ្រើសរើសឲ្យទទួលពានរង្វាន់របស់រដ្ឋាភិបាលស៊ុយអែត
2023.03.18

ប្រធានសហជីពកម្មករណាហ្គាវើល អិល.អរ.អេស.យូ (LRSU) កញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ត្រូវបានវេទិកាប្រវត្តិសាស្ត្ររស់ (The Living History Forum) នៅប្រទេសស៊ុយអែត ចេញលិខិតជ្រើសតាំងជាបេក្ខជនសម្រាប់ទទួលពានរង្វាន់អន្តរជាតិ ឌឹ ភើ អេងងើ (The Per Anger Prize) របស់រដ្ឋាភិបាលស៊ុយអែត (Sweden)។ កូដករណាហ្គាវើលដ៍ និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា នេះគឺជាការទទួលស្គាល់ការលះបង់របស់កញ្ញា ឈឹម ស៊ីថរ និងជាការផ្ដល់ក្ដីសង្ឃឹមដល់ក្រុមកូដករ។
វេទិកាប្រវត្តិសាស្ត្ររស់ ឬហៅជាភាសាអង់គ្លេស The Living History Forum ជាភ្នាក់ងាររដ្ឋាភិបាលស៊ុយអែត (Sweden) ដែលធ្វើការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសមភាពរបស់មនុស្សជាតិនោះ នៅថ្ងៃទី១៧ ខែមីនា បានចេញលិខិតជ្រើសរើសប្រធានសហជីពណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ សម្រាប់ជាបេក្ខជនម្នាក់ក្នុងការទទួលបានពានរង្វាន់អន្តរជាតិ ឌឹ ភើ អេងងើ (The Per Anger Prize) ឆ្នាំ២០២៣ ដោយផ្អែកទៅលើហេតុផលថា កញ្ញាបានផ្ដួចផ្ដើមគំនិតលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ បន្ថែមពីលើនេះ នាយិកានៃវេទិកាប្រវត្តិសាស្ត្ររស់ អ្នកស្រី ភេត្រា ម៉ាសេឡឹស (Petra Marselius) ក៏បានចែងនៅលើលិខិតនោះថា កិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់កញ្ញា ឈឹម ស៊ីថរ ដើម្បីសេរីភាព និងភាពស្មើគ្នារបស់មនុស្សជាតិ នៅក្នុងពិភពលោក គឺជារឿងគួរឲ្យកោតសរសើរបំផុត។
កូដករណាហ្គាវើលដ៏ អ្នកនាង ម៉ម សុវុឌ្ឍិន ប្រាប់វិទ្យុអាស៊ីសេរីថា ការជ្រើសរើសកញ្ញា ឈឹម ស៊ីថរ សម្រាប់ការទទួលពានរង្វាន់អន្តរជាតិ ឌឹ ភើ អេងងើ (The Per Anger Prize) មិនត្រឹមតែជាការផ្ដល់កិត្តិយសទៅដល់កញ្ញា ឈឹម ស៊ីថរ តែប៉ុណ្ណោះទេ តែក៏ជាការទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមកូដករណាហ្គាវើលដ៏ ផងដែរ។ អ្នកនាង ម៉ម សុវុឌ្ឍិន បន្ថែមថា រដ្ឋាភិបាលកម្ពុជាគួរដោះលែងកញ្ញា ឈឹម ស៊ីថរ ឱ្យបានឆាប់ដើម្បីផ្ដល់យុត្តិធម៌ដល់កញ្ញា ជាជាងព្យាយាមបំភ្លៃការពិត និងបន្តលាបពណ៌ក្រុមកូដករណាហ្គាវើលដ៏ ខណៈបណ្ដាប្រទេសប្រជាធិបតេយ្យបានដឹងការពិតពីការធ្វើទុក្ខបុកម្នេញមកលើក្រុមកូដករ ពីសំណាក់រដ្ឋាភិបាល។
អ្នកនាង ម៉ម សុវុឌ្ឍិន៖ «យើងសំណូមពរទៅឱ្យក្រសួងការបរទេស ដែលមានតួនាទីនៅក្នុងស្រុកខ្មែរហ្នឹង គួរតែឱ្យតម្លៃការគោរពសិទ្ធិមនុស្សផង កុំអាដែងគេឱ្យអីប្រជាជនខ្លួនឯង បដិសេធច្រានចោលៗអ៊ីចឹង វាអត់មានថាទំនួលខុសត្រូវ យើងសុខចិត្តយកអាចំណុចខ្វះខាតហ្នឹងមកឱ្យក្រសួងពាក់ព័ន្ធកែលម្អឡើងវិញ ព្រោះយើងមិនអាចមើលឃើញខ្លួនឯងល្អរហូតទេ»។
កាលពីពេលថ្មីៗនេះ មេដឹកនាំសហជីពកញ្ញា ឈឹម ស៊ីថរ ក៏ទើបទទួលបាន ខណៈកញ្ញាកំពុងបន្តជាប់ឃុំ នៅពន្ធនាគារព្រៃសនៅឡើយ។ ពានរង្វាន់២ទៀត ដែលមេដឹកនាំសហជីពនេះទទួលបានកន្លងមកនោះគឺ ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សពីក្រសួងការបរទេសសហរដ្ឋអាមេរិក និងពានរង្វាន់អ្នកការពារសិទ្ធិមនុស្សឆ្នើមប្រចាំឆ្នាំ២០២២ ពីក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា។
ទោះជាយ៉ាងណារដ្ឋាភិបាលកម្ពុជា តែងតែមិនត្រេកអរ ចំពោះការផ្ដល់ពានរង្វាន់ដល់មេសហជីពរូបនេះឡើយ និងតែងតែការពារទង្វើរបស់ខ្លួនថា ការចាប់ឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ គឺជាអនុវត្តច្បាប់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក អាន សុខឃឿន ដើម្បីសុំការបកស្រាយបានឡើយ នៅថ្ងៃទី១៧ ខែមីនា ដោយទូរស័ព្ទចូល ប៉ុន្តែមិនមានអ្នកទទួល។
តុលាការក្រុងភ្នំពេញ បានចោទប្រកាន់កញ្ញា ឈឹម ស៊ីថរ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ពាក់ព័ន្ធនឹងការធ្វើកូដកម្មអហិង្សារបស់ក្រុមកូដករណាហ្គាវើលដ៍។ អាជ្ញាធរបានចាប់មេសហជីពរូបនេះដាក់ពន្ធនាគារលើកទីមួយ កាលពីខែមករា ឆ្នាំ២០២២ ហើយក៏បានដោះលែងឱ្យនៅក្រៅឃុំនៅខែមីនា មុននឹងចាប់ខ្លួនកញ្ញាជាថ្មីម្ដងទៀត នៅថ្ងៃទី២៦ វិច្ឆិកា ២០២២។ គិតមកដល់ពេលនេះ កញ្ញាកំពុងជាប់ឃុំក្នុងពន្ធនាគារជិត៤ខែហើយ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចាត់ទុកថា ក្រៅពីករណីរំលោភសិទ្ធិការងារហើយនោះ ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ក៏បានឆ្លុះបញ្ចាំងពីការរើសអើង និងការសងសឹកដែលមានចរិតនយោបាយប្រឆាំងនឹងមេដឹកនាំសហជីពទាំងឡាយ ដែលព្យាយាមជំរុញរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនឱ្យទទួលខុសត្រូវចំពោះភាពបរាជ័យនៃការគោរពសិទ្ធិកម្មករ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត យល់ឃើញថា ការផ្ដល់ពានរង្វាន់ពីប្រទេសនាំមុខលទ្ធិប្រជាធិបតេយ្យដល់កញ្ញា ឈឹម ស៊ីថរ មិនត្រឹមតែផ្ដល់កិត្តិយសទៅដល់កញ្ញាផ្ទាល់នោះទេ ប៉ុន្តែក៏ជាសារលើកទឹកចិត្តទៅដល់ថ្នាក់ដឹកនាំសហជីព និងអ្នកការពារសិទ្ធិមនុស្សដ៏ទៃទៀត ដែលកំពុងបំពេញការងារលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។ លោកបន្ថែមថា កញ្ញា ឈឹម ស៊ីថរ សាកសមទទួលបានពានរង្វាន់អន្តរជាតិ ឌឹ ភើ អេងងើ ព្រោះកញ្ញាជាថ្នាក់ដឹកនាំសហជីពគំរូ ដែលមានភាពក្លាហានតវ៉ាឱ្យថៅកែណាហ្គាវើលដ៏ គោរពច្បាប់ការងារ និងការពារផលប្រយោជន៍ដល់ក្រុមកម្មករ។
លោក អំ សំអាត៖ «គេផ្ដល់នេះគឺជានិមិត្តសញ្ញាមួយដែលបង្ហាញអំពីការផ្ដល់តម្លៃ និងកិត្តិយសសម្រាប់អ្នកដែលសកម្មក្នុងការចូលរួមកិច្ចការពារសិទ្ធិមនុស្ស ឬកម្មករ ឬក៏តំណាងមេដឹកនាំសហជីព ដែលបម្រើផលប្រយោជន៍សម្រាប់និយោជិក អាហ្នឹងមានតម្លៃមិនអាចកាត់ថ្លៃបាន»។
កន្លងមក ក្រុមអង្គការសិទ្ធិមនុស្ស និងសហជីពជាតិ-អន្តរជាតិ ព្រមទាំងប្រទេសប្រជាធិបតេយ្យធំៗ ដូចជា សហរដ្ឋអាមេរិក (United State) និងប្រទេសអូស្ត្រាលី (Australia) ជាដើម បានទាមទារឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដោះលែង កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ ព្រោះនាងពុំបានប្រព្រឹត្តកំហុសឡើយ ហើយរដ្ឋាភិបាល ត្រូវចាត់វិធានការច្បាប់ទៅលើថៅកែណាហ្គាវើលដ៍ ដើម្បីលើកកម្ពស់ការគោរពសិទ្ធិការងារវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។