សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​ជិត​១០នាក់​ទៅ​កម្ពុជា

ដោយ មាន ឫទ្ធិ
2024.11.26
សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​ជិត​១០នាក់​ទៅ​កម្ពុជា (ពីឆ្វេង) ជនភៀសខ្លួន​នយោបាយខ្មែរ​ លោក មាន ចាន់ថុន លោកស្រី វ៉ន ច័ន្ទរចនា លោកស្រី ស៊ឹង គន្ធា លោកស្រី យ៉ិន ចន្ធូ លោកស្រី ហុង អាន លោក ប៉ែន ច័ន្ទសង្គ្រាម ដែលត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​បញ្ជូនទៅ​កម្ពុជា​ កាលពីថ្ងៃទី២៥ វិច្ឆិកា ២០២៤។
រូប៖ ហ្វេសប៊ុក

[អាន​អត្ថបទ​ជា​ភាសា​អង់គ្លេស៖ Thailand deports 5 Cambodian opposition party activists]

សកម្មជន​បក្ស​ប្រឆាំង​ឱ្យដឹង​ថា សមត្ថកិច្ចថៃ​បាន​សម្រេច​បញ្ជូន​ជនភៀសខ្លួន​នយោបាយខ្មែរ​ ជិត ១០នាក់​ទៅ​កម្ពុជា​វិញ តាមសំណើ​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ថ្កោលទោស និង​ចាត់ទុក​ទង្វើ​នេះ​ថា បំពាន​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ រំលោភ​សិទ្ធិមនុស្ស ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាលដោះលែង​ពួកគេ​ដោយ​ឥតលក្ខខណ្ឌ។

ទោះបីជា​មន្ត្រីសិទ្ធិមនុស្ស និង​មន្ត្រី​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​(UNHCR) ខិតខំ​ជួយ​អន្តរាគមន៍​ក្តី ក៏​អាជ្ញាធរថៃ​នៅតែ​បញ្ជូនសកម្មជន​បក្សប្រឆាំង​ទៅកម្ពុជា​ទាំង​បង្ខំ តាមសំណើ​របស់​អាជ្ញាធរ​កម្ពុជា។

សកម្មជនបក្សប្រឆាំង​ដែល​ជាជនភៀសខ្លួន​នៅ​ប្រទេសថៃ គឺ​លោក ជាតិ ខេមរា ប្រាប់​វិទ្យុអាស៊ីសេរី​ថា ប៉ូលិស​អន្តោប្រវេសន៍ថៃ​​ម្នាក់​នៅ​ខេត្ត​បទុមថានី (Pathum Thani) ប្រាប់​ឱ្យ​លោក​ដឹង​តាម​ទូរស័ព្ទ​ថា សមត្ថកិច្ច​បាន​ដឹក​ពួកគេ​ទៅដល់​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​កម្ពុជា​ហើយ​ នៅ​វេលាម៉ោង​៣ទៀបភ្លឺ នា​ថ្ងៃទី២៥ ខែ​វិច្ឆិកា ក្រោយ​ពេល​មេប៉ូលិស​ថៃ​បាន​សម្រេច​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ​ទៅ​កម្ពុជា​វិញ។ លោក​ចាត់ទុក​ការ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ទៅ​កម្ពុជាវិញ​ នៅពេលនេះ​ថា ជា​ការគំរាមកំហែង​ឆ្លងដែន ដើម្បី​បំបិទមាត់​អ្នករិះគន់​នៅ​ក្រៅ​ប្រទេស ដោយ​មិន​អាច​​ទទួល​យក​បាន​ទេ។

លោក ជាតិ ខេមរា«គេប្រាប់​ថាអ្នកធំ​នឹង​អ្នកធំ​ គឺ​គេ​ពិភាក្សា​គ្នា​ មានន័យ​ថា​អ្នកធំកម្ពុជា​និង​អ្នកធំ​របស់​ថៃ​ថា​ចាប់​(សកម្មជន​ភៀសខ្លួន)បាន​ត្រូវតែ​បញ្ជូន​ទៅ​ខេត្តស្រះកែវ​ដែល​គេ​ងាយ​ធ្វើការ​បញ្ជូន​ទៅ​កម្ពុជា​វិញ។ ខ្ញុំ​ព្រួយបារម្ភ​ថា​លោក ហ៊ុន សែន មិន​លើកលែង​ដល់​ពួកគាត់​ទេ បើ​ជាប់គុក​ក៏​លក្ខណៈ​ពិបាក​ជាង​គេ​ដែរ»។

ចំណែក​តំណាងស្រ្តី​ថ្ងៃ​សុក្រ​លោកស្រី ព្រំ ចាន់ថា ដែល​កំពុង​ឃ្លាំមើល​សវនាការ​ប្រធាន​បក្ស​កម្លាំងជាតិ​នៅ​រសៀស​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ប្រាប់​វិទ្យុអាស៊ីសេរី​ថា ប៉ូលិស​បាន​ប្រាប់​លោកស្រី​ថា​សកម្មជន​ដែល​ចាប់​បញ្ជូន​ពី​ថៃ​បាន​ដឹក​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​ហើយ។ បន្ទាប់មក​ប៉ូលិស​រូបនោះ​បាន​ហៅ​ទូរស័ព្ទ​ឱ្យ​លោកស្រី​ទៅ​យក​ចៅប្រុស​របស់​លោកស្រី ហុង អាន ត្រឡប់​ទៅ​ផ្ទះ​វិញ។ ទោះយ៉ាងណា លោកស្រី​ពុំទាន់​ដឹង​ថា តុលាការ​ចោទ​ប្រកាន់​សកម្មជន​ទាំងនោះ​ពាក់ព័ន្ធ​រឿង​អ្វី​នៅ​ឡើយ​ទេ។

លោកស្រី ព្រំ ចាន់ថា«អយុត្តិធម៌​ណាស់​សម្រាប់​ពួកគាត់ អត់​មាន​ទោស​អ្វី​ទាំងអស់ សមត្ថកិច្ច​ចាប់​ពួកគាត់​បញ្ជូន​ពី​ថៃ​មក​ ថែមទាំង​ក្មេង​អត់​គ្រប់​អាយុ​ទៀត ប៉ុន្តែ​សមត្ថកិច្ច​បាន​ឱ្យ​សាច់ញាតិ​មក​ទទួល​យក​ទៅ​ផ្ទះ​ជួប​ម្តាយ​វិញ ពីព្រោះ​យាយ​របស់​ក្មេង​នៅក្នុងដៃ​តុលាការ ប្រហែល​អាច​បញ្ជូន​ទៅ​គុក​ព្រៃស​ហើយ​មើលទៅ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​លោក ឆាយ គឹមខឿន និង​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក សិទ្ធិ ឡោះ ដើម្បី​សុំការ​បញ្ជាក់​ជុំវិញ​រឿងនេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា។ ចំណែក​អ្នកនាំពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ​លោក អ៊ី រិន្ទ ក៏​មិន​អាច​ទាក់ទង​បានដែរ។

សមត្ថកិច្ចថៃ​បាន​ឡោមព័ទ្ធ​ចាប់ខ្លួន​សកម្មជន​នយោបាយ ៧នាក់​ដល់​ក្នុង​បន្ទប់ជួល នៅ​ម្តុំ​ស៊ីមាំមឿង (Si Mum Muang) ខេត្ត​បទុមថានី (Pathum Thani) កាល​ពី​ល្ងាច​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា។ ជនភៀសខ្លួន​ដែល​ទទួល​ស្គាល់​ដោយ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ប្រចាំប្រទេសថៃ (UNHCR) ទាំងនោះ រួមមាន​លោក លោក ប៉ែន ច័ន្ទសង្គ្រាម លោកស្រី ហុង អាន ជាមួយ​ចៅប្រុស​អាយុ​៧ឆ្នាំ លោក មាន ចាន់ថុន លោកស្រី យ៉ិន ចន្ធូ ព្រមទាំង​ពលរដ្ឋខ្មែរក្រោម​គឺ​លោកស្រី ស៊ឹង គន្ធា រួមជាមួយ​កូនស្រី​ម្នាក់ផង​ដែរ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​លទ្ធិប្រជាធិបតេយ្យខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី (Australia) លោក ស៊ឹង សែនករុណា មើលឃើញ​ថា ការចាប់​សកម្មជននយោបាយ​ដែល​ជាជនភៀសខ្លួន​ជា​បន្តបន្ទាប់​មក​នេះ ជា​ការ​ធ្វើទុក្ខបុកម្នេញ និង​គំរាមកំហែង​ឆ្លងដែន។ លោកបញ្ជាក់​ថា សកម្មជន​នយោបាយ​បក្សប្រឆាំងទាំងនោះ​រត់គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាលកម្ពុជា​ទៅ​ជ្រកកោន​នៅ​ប្រទេស​ថៃ​ ដើម្បី​រក្សា​សុវត្ថិភាព​ត្រូវតែ​ទទួល​បាន​ការពារពារ​ដោយ​មិន​ត្រូវ​ចាប់បញ្ជូន​ពួកគាត់​ទាំង​តក់ក្រហល់ និង​គ្មាន​ឆ្លង​កាត់​នីតិវិធី​ផ្លូវច្បាប់​ដូច្នេះ​ទេ។ លោកមើលឃើញ​ថា ការ​និរទេស​ពួកគាត់​នេះ​គឺ​ជា​ទម្រង់គាប​សង្កត់​ឆ្លងដែន និង​រំលោភលើ​ច្បាប់​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ។

លោក ស៊ឹង សែនករុណា«វា​ជា​រឿងមួយ​អមនុស្សធម៌ គ្មាន​គុណធម៌​មែនទែន ដែលប្រទេសថៃ​បែរជា​ទៅ​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ចាប់​ពលរដ្ឋខ្មែរដែល​ជា​សកម្មជន​នយោបាយ​បញ្ជូន​​ត្រឡប់ទៅ​ ប្រទេស​កំណើត​វិញ ដោយ​មិន​គោរព​សិទ្ធិមនុស្ស សិទ្ធជនភៀសខ្លួន​ដែល​ខ្លួន​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ដែរ។ ខ្ញុំ​មាន​ការសោកស្តាយ​យ៉ាង​ខ្លាំង និង​ថ្កោលទោស​រដ្ឋាភិបាល​ថៃ ​ហើយ​ត្រូវតែ​បញ្ឈប់​ការយាយី ការធ្វើទុក្ខបុកម្នេញ កុំឱ្យ​​ក្លាយ​​ជា​​រដ្ឋាភិបាល​​មួយដែល​​ជា​ដៃជើង​បម្រើ​​​របបក្រុងភ្នំពេញ​ដែរ»។

សព្វថ្ងៃ​មាន​ជនភៀសខ្លួនខ្មែរ​នៅ​ប្រទេស​ថៃជិត​១០០នាក់។ ពួកគាត់​ជា​សកម្មជន​នយោបាយ​បក្សប្រឆាំង សកម្មជន​ធ្វើការងារ​សង្គម និង​សកម្មជន​ដីធ្លី​ជាដើម។ 

មន្រ្តីសិទ្ធិមនុស្ស និង​គណបក្សប្រឆាំង​មើលឃើញ​ថា ជនភៀសខ្លួន​បាន​រងការធ្វើទុក្ខបុកម្នេញ ចាប់ខ្លួន​ដាក់​ពន្ធនាគារ និង​បញ្ជូន​ទៅ​ប្រទេសកម្ពុជា​ជា​បន្តបន្ទាប់។ ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ​ត្រូវ​ងាកមក​គោរព​សិទ្ធិមនុស្ស និង​បញ្ឈប់​ការធ្វើទុក្ខបុកម្នេញ​លើ​ជនភៀសខ្លួន​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។