សង្គម​ស៊ីវិល​២០​ស្ថាប័ន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​ដើម្បី​យុត្តិធម៌​សង្គម

ដោយ ជាតិ ចំណាន
2023.12.04
សង្គម​ស៊ីវិល​២០​ស្ថាប័ន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​ដើម្បី​យុត្តិធម៌​សង្គម យុវជនចូលរួម​ជាមួយក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២០​ស្ថាប័ន​រួមគ្នា​ធ្វើ​យុទ្ធនាការ​១៦​ថ្ងៃ ក្រោម​ប្រធានបទ «គ្មាន​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្ត្រី ដើម្បី​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម» នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៣ ធ្នូ​ ២០២៣។
Photo: RFA

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២០​ស្ថាប័ន​រួមគ្នា​ធ្វើ​យុទ្ធនាការ​១៦​ថ្ងៃ ក្រោម​ប្រធានបទ «គ្មាន​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្ត្រី ដើម្បី​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម» ក្នុង​គោលបំណង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លុបបំបាត់​ការប្រើ​អំពើ​ហិង្សា​គ្រប់​ទម្រង់ និង​គ្រប់​វិស័យ​ការងារ​លើ​ស្ត្រី ។ ក្រុម​ស្ត្រី​ដែល​រង​ការរំលោភ​សិទ្ធិមនុស្ស និង​ការ​បៀតបៀន​រាងកាយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​បញ្ហា​ទាំងអស់​នេះ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​បញ្ឈប់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។

អង្គការ​សមាគម សមាជិក​សហជីព និង​អ្នកធ្វើការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រមាណ​៥០០​នាក់ ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សម្ដែង​មតិ​ឡើង​ពី​បញ្ហា​ប្រឈម​របស់​ស្ត្រី និង​ក្មេងស្រី​ដែល​កំពុង​កើតមាន​នៅក្នុង​កន្លែង​ការងារ និង​ការ​តស៊ូ​មតិ​ដើម្បី​យុត្តិធម៌​សង្គម។

យុទ្ធនាការ ១៦​ថ្ងៃ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​ធ្វើឡើង​ក្រោម​ការ​សហការ​គ្នា​រវាង​អង្គការ សមាគម សហជីព ចំនួន​២០​ស្ថាប័ន រួមមាន សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) រួម​ទាំង​អង្គការ សហជីព​មួយ​ចំនួន​ទៀត។

តំណាង​កូដករ​ណាហ្គាវើលដ៍ លោកស្រី សុខ រតនា លើកឡើង​ថា ការ​ទាមទារ​រក​ដំណោះស្រាយ​ការងារ​របស់​ក្រុម​កូដករ​ជា​ស្ត្រី​រយៈពេល​ជិត ៣​ឆ្នាំ​មក​នេះ​ធ្វើ​ឱ្យ​ស្ត្រី​មួយចំនួន​រង​ការប្រើ​អំពើ​ហិង្សា ការ​វាយដំ ទាត់​ធាក់​ពី​កម្លាំង​អាជ្ញាធរ​រហូត​បែក​មុខ បែក​មាត់ និង​ធ្វើ​ឱ្យ​លោកស្រី​បាត់បង់​កូន​ក្នុង​ផ្ទៃ​ផង​ដែរ។ លោក​ស្ត្រី​បន្ត​ថា គឺជា​រឿង​អយុត្តិធម៌ និង​ឈឺចាប់​នៅ​ពេល​ដែល​ស្ត្រី​រង​ការ​វាយ​ដំ​ដោយ​គ្រាន់តែ​ពួកគាត់​ទាមទារ​រក​ដំណោះស្រាយ​ការងារ​ពី​ថៅកែ​បន​ល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍​តែ​ប៉ុណ្ណោះ។

លោកស្រី សុខ រតនា៖ «ខ្ញុំ​សង្ឃឹមថា​សារ​សំឡេង​របស់ខ្ញុំ​លឺ​ទៅដល់​អ្នក​ដែល​ធ្លាប់​ពាក់ព័ន្ធ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​ស្ត្រី និង​កុមារ​ដែល​កំពុងតែ​ទាមទារ​សិទ្ធិ នៅ​កន្លែងធ្វើការ​ក្ដី​សិទ្ធិ​ដីធ្លី​ក្ដី និង​ពាក់ព័ន្ធ​សិទ្ធ​ផ្សេងៗ​ខ្ញុំ​សង្ឃឹមថា​គាត់​នឹង​បញ្ឈប់​ការប្រើប្រាស់​អំពើ​ហិង្សា​នេះ​ជាបន្ទាន់»

ដោយឡែក​តំណាង​សកម្មជន​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី ថ្លែង​ថា កញ្ញា​កើត​ក្នុង​សម័យ​ដែល​រដ្ឋាភិបាល​លើក​ស្លាក​អរគុណ​សន្តិភាព​នៅ​គ្រប់ទិសទី ប៉ុន្តែ​បែរជា​មាន​ពលរដ្ឋ សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន​ជា​ស្ត្រី​រង​ការប្រើ​អំពើ​ហិង្សា ព្រមទាំង​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ក្នុង​សម័យ​សន្តិភាព​ទៅវិញ។

កញ្ញា ភួន កែវរស្មី៖ «ខណៈ​ពេល​ដែល​ពួក​យើង​កំពុងធ្វើការ​ដើម្បី​សង្គមជាតិ​មួយ​នេះ​ដោយ​ស្មោះត្រង់​ដោយ​សុចរិត​ដោយ​ភាព​ស្អាតស្អំ​យើង​ត្រូវ​បាន​គេ​ចោទប្រកាន់​ជា​ជន​ក្បត់ជាតិ ជា​អ្នក​រួមគំនិត​ក្បត់​ជា​អ្នក​ញុះញង់ និង​បទល្មើស​ផ្សេងៗ​ទៀត​ដែល​ជា​រឿង​អយុត្តិធម៌​មែនទែន​មកដល់​ពួកយើង​ហើយ​ជាពិសេស​នៅ​ក្នុង​នាម​យើង​ជា​ស្ត្រី ប៉ុន្តែ​យើង​នៅតែ​ជម្នះ យើង​នៅតែ​មាន​ភាព​ក្លាហាន​នៅក្នុង​ការចូលរួម​ធ្វើ​ការងារ​សង្គម»

នៅក្នុង​វេទិកា​នេះ ក៏​មាន​តំណាង​យុវជន​ស្ត្រី​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ វិស័យ​សំណង់ វិស័យ​វាយ​ន​ភណ្ឌ វិស័យ​ទេសចរណ៍ អ្នក​ធ្វើ​ការងារ​នៅ​តាម​ផ្ទះ និង​កម្មករ​ឡឥដ្ឋ និង​វិស័យ​មួយ​ចំនួន​ទៀត​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ដែល​កំពុង​កើតមាន​ដូចជា​ការរំលោភ​សិទ្ធិ​ការងារ ការ​បំបិទ​សិទ្ធិ​ពលរដ្ឋ​មិនឱ្យ​និយាយ​ពី​បញ្ហា​សង្គម ការ​ហាមឃាត់​អាជីវករ​មិន​ឱ្យ​លក់ដូរ​នៅ​ទីប្រជុំជន​ដោយ​ប្រើ​អំពើ​ហិង្សា និង​ស្ត្រី​មួយចំនួន​រង​ការ​បៀតបៀន​នៅ​កន្លែង​ការងារ​ជាដើម។

ឆ្លើយតប​បញ្ហា​នេះ​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា រដ្ឋាភិបាល​បាន​ប្រឹងប្រែង​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​នៅ​តាម​បណ្ដា​រោងចក្រ​សហគ្រាស ។ ប៉ុន្តែ​អ្នកស្រី​ទទួល​ស្គាល់​ថា បញ្ហា​រំលោភ​សិទ្ធ និង​ការប្រើ​អំពើ​ហិង្សា​នៅតែ​កើតមាន។

អ្នកស្រី ជូ ប៊ុនអេង៖ «ហើយ​រដ្ឋាភិបាល​នៅក្នុង​អាណត្តិ​ទី​៧​ក៏​នៅតែ​មាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​នៅក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឬមួយ​ក៏​បង្ក្រាប​រាល់​បទល្មើស​ដែល​មាន​នៅក្នុង​សង្គម​អ៊ីចឹង​នៅក្នុង​អំពើ​ហិង្សា​នៅក្នុង​សង្គម​ឬមួយ​អំពើ​ហិង្សា​ទៅលើ​ស្ត្រី ការ​បៀតបៀន​លើ​ស្ត្រី និង​កុមារ​អីហ្នឹង​ជា​អត្ថិភាព​បាន​ដាក់​ចូល​នៅ​ក្នុង​ផែនការ»

ជុំវិញ​បញ្ហា​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត កត់សំគាល់​ថា បញ្ហា​ការរំលោភ​សិទ្ធិមនុស្ស ការប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ដែល​ជា​សកម្មជន​នយោបាយ និង​អ្នកការពារ​សិទ្ធិមនុស្ស​ដែល​ជា​ស្ត្រី​នៅតែ​បន្ត​កើតឡើង​។ លោក​បន្ត​ថា រដ្ឋាភិបាល​តែងតែ​ទុក​ឱ្យ​ក្រុម​ស្ត្រី​ទាំងនោះ​តែ​រង​ការប្រើ​អំពើ​ហិង្សា និង​បៀតបៀន​ផ្លូវភេទ​ពី​កម្លាំង​សន្តិសុខ ឬ​ប្រជា​ការពារ​ប៉ុន្តែ រដ្ឋាភិបាល​បែរជា​មិន​រក​យុត្តិធម៌​ជូន​ពួកគាត់។

លោក អំ សំអាត៖ «ហើយក៏​ប្រើប្រាស់​អំពើ​ហិង្សា​មិនដែល​ឃើញ​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​ទេ ផ្ទុយទៅវិញ​កូដករ​ណាហ្គាវើលដ៍ ឬ​អ្នក​ដែល​តវ៉ា​ហ្នឹង ត្រូវ​រង​បណ្ដឹង​ពី​ខាង​សន្តិសុខ​ទៅវិញ​អាហ្នឹង​យើង​ឃើញ​មាន ហើយ​អត់​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ទៅទៀត​អាហ្នឹង​វា​ឃើញ​ថា ការ​លើកទឹកចិត្ត​មួយ​ដែល​បន្ត​មាន​អំពើ​ហិង្សា​ហ្នឹង​ជា​បន្ត​ទៀត»

យុទ្ធនាការ​១៦​ថ្ងៃ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១០ ធ្នូ ខាងមុខ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ។ ពួកគាត់​ស្នើ​ទៅ​រដ្ឋាភិបាល​ចំនួន​១៦​ចំណុច​ដើម្បី​ទប់ស្កាត់​ការប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​គ្រប់​និន្នាការ​ក្នុង​នោះ​រួមមាន ចាត់វិធានការ​ជាក់លាក់ និង​បញ្ឈប់​ការប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​ដែល​ជា​អ្នកការពារ​សិទ្ធិមនុស្ស សិទ្ធិ​ដីធ្លី សិទ្ធិ​បរិស្ថាន និង​សិទ្ធិ​ការងារ ។ យន្តការ​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ពី​ការ​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​រៀបចំ​ផ្ដល់​កន្លែង​លក់ដូរ​ដល់​អ្នក​លក់ដូរ​ជា​លក្ខណៈ​គ្រួសារ ជាពិសេស​រដ្ឋាភិបាល​គួរតែ​ត្រួត​ពិនិត្យ​នៅ​តាម​រោងចក្រ​ឡឥដ្ឋ រោងចក្រ​កាត់ដេរ​ដើម្បី​ទប់ស្កាត់​ការរំលោភ​សិទ្ធិ​ការងារ​។ ក្រៅ​ពី​នេះ​រដ្ឋាភិបាល​ត្រូវ​ពន្លឿ​ន​ការចុះបញ្ជី​ពលរដ្ឋ​ដែល​ធ្វើការ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​សម្រួល ដល់​លក្ខខណ្ឌ​ការងារ​ឱ្យ​ថៅកែ​បង់ប្រាក់​ភាគទាន​ទៅ​បបរ​បេឡា​សន្តិសុខ​ជាតិ ទើប​កម្មករ​ជា​ស្ត្រី​ដែល​មាន ផ្ទៃពោះ​ទាំងនោះ​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៧០​ភាគរយ​នៃ​ប្រាក់ខែ​ជាប់​វិភាគទាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។