សមត្ថកិច្ចខេត្តតាកែវ ដោះលែងអ្នកសារព័ត៌មាន ២នាក់ ក្រោយធ្វើការអប់រំ
2024.05.15
សមត្ថកិច្ចខេត្តតាកែវ បានដោះលែងអ្នកសារព័ត៌មាន២នាក់ ក្រោយពីចោទប្រកាន់ថា បានផ្សាយព័ត៌មានខុសពីការពិត ពាក់ព័ន្ធករណីបូមទឹកដាក់ស្រែ នៅស្រុកអង្គរបូរី បន្ទាប់ពីបានធ្វើកិច្ចសន្យាអប់រំ។
ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តតាកែវ លោក ឯក ឆេងហួត ប្រាប់កាសែតក្នុងស្រុកហ្វ្រេសញូវ (Fresh News) នៅថ្ងៃទី១៥ ខែឧសភា ថា អ្នកសារព័ត៌មាន ២នាក់នោះ មានម្នាក់ឈ្មោះលួសសេង បានដោះលែងវិញហើយ ក្រោយពីរដ្ឋបាលខេត្ត បានដកពាក្យបណ្ដឹង ពាក់ព័ន្ធនឹងការចោទថា បានផ្សាយព័ត៌មានញុះញង់បង្កឲ្យមានចលាចល។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក លួស សេង ដើម្បីសុំការឆ្លើយបំភ្លឺរឿងចោទប្រកាន់ពីបទផ្សាយព័ត៌មានញុះញង់បង្កឲ្យមានចលាចលនោះបានទ។
ប៉ុន្តែ នាយកប្រតិបត្តិសម្ព័ន្ធសារព័ត៌មានកម្ពុជា លោក ណុប វី ប្រាប់វិទ្យុអាស៊ីសេរីមុនការផ្សាយនេះបន្តិចថា ការចាប់ខ្លួនអ្នកសារព័ត៌មាន មិនមែនជារឿងល្អទេ ព្រោះនាំឲ្យអ្នកសារព័ត៌មានផ្សេងៗ ទៀត មិនហ៊ានចូលរួមផ្សព្វផ្សាយព័ត៌មានអវិជ្ជមានក្នុងសង្គម។
លោក ណុប វី៖ «សំរាប់ខ្ញុំការឃុំឃាំងនិងការចាប់ខ្លួននេះ មិនល្អទេ សំរាប់ការអនុវត្តបន្តទៅមុខទៀត ដោយសារតែធ្វើឲ្យអ្នកសារពត៌មានផ្សេងទៀន មិនហ៊ានចូលផ្សព្វផ្សាយពីបញ្ហាសង្គម ឲ្យថ្នាក់ដឹកនាំបានដឹង។ កាលណាមិនហ៊ានទទួលយកចំណុចអវិជ្ជមាន ដើម្បីយកផ្សព្វផ្សាយ ដោះស្រាយផ្ទៀងផ្ទាត់ទេ នាំឲ្យប៉ះពាល់ដល់ការជំរុញអភិបាលកិច្ចល្អ ដែលជាការប្តេជ្ញារបស់រដ្ឋាភិបាល»។
អ្នកសារពត៌មាន ២រូបនេះ បានរាយការណ៍ និងផ្សព្វផ្សាយជាវីដេអូ ករណីគ្មានទឹកក្នុងស្រែនៅស្រុកអង្គរបូរី ហើយម្ចាស់ស្ថានីយ៍បូមទឹក ៧មករា ឃុំបាស្រែ បានយកថ្លៃសេវាទឹក តម្លៃ ៣០ម៉ឺនរៀល ក្នុងមួយហិកតារ ក៏ប៉ុន្តែមិនព្រមបូមទឹកជូនកសិករធ្វើស្រែ នៅភូមិទួលសាំង ឃុំអង្គរបូរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។