មេធាវី ២​រូប​ជួប​កញ្ញា ឈឹម ស៊ីថរ នៅ​គុក​ព្រៃស​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា

ដោយ សេក បណ្ឌិត
2022.11.29
Share on WhatsApp
Share on WhatsApp
មេធាវី ២​រូប​ជួប​កញ្ញា ឈឹម ស៊ីថរ នៅ​គុក​ព្រៃស​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ថ្នាក់ដឹកនាំ​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ។
Photo Provided

មេធាវី​ចំនួន ២​រូប​នៃ​អង្គការ​លីកាដូ (LICADHO) បាន​ចូល​ជួប​កញ្ញា ឈឹម ស៊ីថរ ក្នុង​គុក​ព្រៃ​ស​នៅ​រសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា ដើម្បី​សួរ​សុខ​កញ្ញា និង​បន្ត​ការពារ​សិទ្ធិ​ឱ្យ​កញ្ញា​តាម​នីតិវិធី។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ព្រួយ​បារម្ភ​អំពី​សុខភាព​របស់​កញ្ញា ឈឹម ស៊ីថរ ព្រោះ​ក្រោយពេល​តុលាការ​ឃុំខ្លួន​កញ្ញា អស់​រយៈពេល ២​ថ្ងៃ​មកនេះ គឺ​កញ្ញា​គេង​មិន​លក់​នោះ​ទេ​។ លោក អំ សំអាត បន្ត​ថា​ការ​ចាប់ខ្លួន​កញ្ញា ឈឹម ស៊ីថរ ឡើងវិញ​ក្រោម​បទចោទប្រកាន់​ថា កញ្ញា​បាន​ល្មើស​បម្រាម​តុលាការ​នេះ​គឺ​មិន​ត្រឹមត្រូវ​តាម​អង្គហេតុ​ច្បាប់​នោះ​ទេ ព្រោះ​កញ្ញា និង​មេធាវី ពុំដែល​បាន​ទទួល​សាលដីកា​សម្រេច​ពី​តុលាការ​រឿង​ឱ្យ​កញ្ញា ឈឹម ស៊ីថរ ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ និង​មិន​អនុញ្ញាត​ឱ្យ​កញ្ញា ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​នោះ​ទេ។

លោក អំ សំអាត នៅតែ​ចាត់ទុក​ការ​ឃាត់ខ្លួន​នេះ​ថា ជា​ការ​សម្លុត​គំរាមកំហែង បំបាក់​ស្មារតី​ក្រុម​សហជីព​ឯករាជ្យ​ដែល​សកម្ម និង​ជា​ការ​ព្រមាន​ដល់​ក្រុម​កូដ​ករ​ដែល​នៅ​បន្ត​ធ្វើ​ការ​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​នៅ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍។

លោក អំ សំអាត៖ «យើង​សង្គម​ស៊ីវិល​នៅ​ពេល​នេះ​មើលឃើញ​កញ្ញា ឈឹម ស៊ីថរ មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ថា បាន​គេច​វេះ ឬ​មិន​គោរព​តាម​ដីកា​សម្រេច​របស់​តុលាការ​ដោយ​ដាក់​កញ្ញា ឈឹម ស៊ីថរ ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​នោះ​ទេ ព្រោះ​កញ្ញា ឈឹម ស៊ីថរ និង​មេធាវី​របស់​គាត់​មិន​ដែល​ឃើញ ក៏​មិនដែល​បាន​ទទួល​នៃ​ដីកា​សម្រេច​ដាក់​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​នេះ​ដែរ​។ អ៊ីចឹង វា​ស្មើនឹង​អត់​មាន​ដីកា ព្រោះ​គាត់​មិន​បាន​ដឹង ដោយសារតែ​ចំណុច​ហ្នឹងហើយ​បាន​គាត់​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស ដោយសារតែ​គាត់​មិនបាន​ដឹង​អំពី​លក្ខខណ្ឌ​នៃ​ការ​ដាក់​គាត់​ឱ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ ជាពិសេស​នៅ​ចំណុច​មិន​ឱ្យ​ចាក​ចេញទៅ​ក្រៅប្រទេស​។ អ៊ីចឹង ការ​ចោទប្រកាន់​ហ្នឹង​ជា​រឿង​មួយ​មិន​ត្រឹមត្រូវ​ទេ​។ សូម​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ សម្រាប់​មេដឹកនាំ​សហជីព​ដែល​ឯករាជ្យ និង​សកម្ម​ក្នុង​ការពារ​ដល់ បុគ្គលិក ឬ​កម្មករ ដើម្បី​លើកកម្ពស់ សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ ជាពិសេស​កញ្ញា ឈឹម ស៊ីថរ ដែល​តែងតែ​សកម្ម​ក្នុង​កិច្ចការពារ​ទៅលើ​បុគ្គលិក និង​អតីត​បុគ្គលិក​ណាហ្គាវើលដ៍ សូម​ឱ្យ​មានការ​ដោះលែង​ជាបន្ទាន់ លើ​កញ្ញា ឈឹម ស៊ីថរ។ អ្វី​ដែល​សំខាន់​គឺ​ងាក​ទៅ​រក​ការ​ដោះស្រាយ ដើម្បី​បញ្ចប់​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​បុគ្គលិក​ណាហ្គាវើលដ៍ ដែល​កំពុង​ធ្វើ​កូដកម្ម​វា​ជា​រឿង​ចាំបាច់​បំផុត​ដែល​ត្រូវធ្វើ​នោះ​បាទ»

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កញ្ញា ឈឹម ស៊ីថរ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ពោល​ក្រោយពេល​កញ្ញា​ត្រឡប់​ពី​ប្រទេស​អូស្ត្រាលី។

អង្គការ សមាគម សហជីព និង​សហគមន៍​ជិត ១​រយ​ស្ថាប័ន (៦៩) បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ស្នើ​ដល់​តុលាការ ដោះលែង​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ជា​បន្ទាន់​។ អង្គការ សមាគម​ទាំងនោះ​រួមមាន​ជាអាទិ៍ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អង្គការ​លីកាដូ (LICADHO) មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ជាដើម អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ឈប់​ភ័យខ្លាច​នូវ​វត្តមាន​ភាព​ក្លាហាន និង​ភាពរឹងមាំ​របស់​កញ្ញា ឈឹម ស៊ីថរ និង​ស្នើ​ឱ្យ​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បំភិតបំភ័យ​ប្រធាន និង​សមាជិក​សហជីព​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។