ក្រុមមន្រ្តីសិទ្ធិមនុស្ស អ.ស.ប អំពាវនាវដល់រដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណឲ្យវិទ្យុ VOD ឡើងវិញ នៅមុនពេលបោះឆ្នោត
2023.02.20

អ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបីរូប ទាមទារឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជា បើកឲ្យវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ដំណើការឡើងវិញ នៅមុនពេលបោះឆ្នោតជាតិមកដល់ ជាបន្ទាន់។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំងនេះ ព្រួយបារម្ភថា ការដែលរដ្ឋាភិបាល ដកអាជ្ញាប័ណ្ណវិទ្យុវីអូឌី ដែលធ្វើឡើងមិនត្រឹមត្រូវតាមច្បាប់ និងយ៉ាងតក់ក្រហល់បែបនេះ នឹង ប៉ះពាល់ដល់ដំណើការបោះឆ្នោតជាតិដ៏សំខាន់ ដែលនឹងមកដល់នាពេលខាងមុខ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្ស ដែលចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នាកាលពីថ្ងៃទី២០ ខែកុម្ភៈ ម្សិលមិញ រួមមាន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សអ្នកស្រី ម៉ារី ឡូឡ័រ (Mary Lawlor) និងអ្នករាយការណ៍ពិសេសស្ដីពីការលើកកម្ពស់ និងការពារសិទ្ធិបញ្ចេញមតិ អ្នកស្រី អាយរិន ខាន (Irene Khan)។
មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់ទាំងបីរូបបន្ថែមថា ការបិទវិទ្យុសំឡេងប្រជាធិបេយ្យវីអូឌីនេះ ធ្វើឱ្យកម្ពុជាលែងមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ពួកគេ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យមើលរឿងដកអាជ្ញាប័ណ្ណនេះ និងពិចារណាផ្លាស់ប្ដូរសេចក្ដីសម្រេចចិត្តឡើងវិញជាបន្ទាន់។
មន្រ្តីជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បញ្ជាក់ទៀតថា៖ «ក្នុងដំណាក់កាលដ៏សំខាន់នេះ កម្ពុជាត្រូវការសង្គមស៊ីវិលមួយដ៏រស់រវើស និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រូមទាំងសារព័ត៌មានដែលរាយការណ៍ពីគោលនយោបាយរបស់រដ្ឋាភិបាល»។
មន្រ្តីសិទ្ធិមនុស្សទាំងបីរូបព្រមានទៀតថា៖ «ពិភពលោកកំពុងសម្លឹងមើលកម្ពុជានៅមុនពេលការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០២៣»។
ការទាមទាររបស់មន្រ្តីសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ នៅស្របពេលលោក ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីថ្ងៃទី២០ ខែកុម្ភៈថា លោកមិនផ្ដល់អាជ្ញាប័ណ្ណឲ្យវិទ្យុវីអូឌីនេះ ដំណើរការវិញឡើយ។ លោកថែមទាំងប្រកាសថា មិនបាច់ទៅពឹងពាក់បរទេសឲ្យមកអន្តរាគមន៍រឿងនេះទេ ដោយលោកចោទថា ការផ្សព្វផ្សាយរបស់វិទ្យុវីអូឌីនេះ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសឱពុក កូនលោក និងជាការបំបែកបំបាក់ផ្ទៃក្នុងគណៈរដ្ឋមន្រ្តីរបស់លោក។
ទោះបីជាយ៉ាងនេះក្ដី អ្នកវិភាគនយោបាយ លោក គឹម សុខ អះអាងថា លោក ហ៊ុន សែន មានផែនការជាក់លាក់ក្នុងការបិទវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌីនេះ។ លោកបញ្ជាក់ថា បើកាលណាទុកវិទ្យុឯករាជ្យមួយនេះឲ្យដំណើរការនោះវិទ្យុនេះ នឹងរាយការណ៍អំពីភាពមិនប្រក្រតីនៃការបោះឆ្នោតនៅខែកក្កដាខាងមុខ។ លោកបន្ថែមថា វិទ្យុនេះ ក៏នឹងរាយការណ៍អំពីពលរដ្ឋរងគ្រោះពីបញ្ហាផ្សេងៗ នៅពាសពេញប្រទេសដែរ ដែលបញ្ហានេះ លោកហ៊ុន សែន ចង់បិទបាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។