អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ជួប​លោក កឹម សុខា និង​ភាគី​ពាក់ព័ន្ធ

ដោយ សុជីវី
2022.08.17
Share on WhatsApp
Share on WhatsApp
អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ជួប​លោក កឹម សុខា និង​ភាគី​ពាក់ព័ន្ធ (ពាក់មួកពណ៌ស) លោក វិទិត មុនតាប៊ន(Vitit Muntarbhorn) ចុះ​ទៅ​សង្កេត​មើល​ផ្ទាល់នូវ​ការ​ធ្វើ​កូដកម្ម ទាមទារ​ដំណោះស្រាយ​ការងារ​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ នៅ​ថ្ងៃ​ទី១៧ ខែសីហា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន(Vitit Muntarbhorn) បាន​ជួប​មេ​បក្ស​ប្រឆាំង គឺ​លោក កឹម សុខា និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល ដើម្បី​ប្រមូល​ព័ត៌មាន​សម្រាប់​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​ថែមទាំង​បាន​ចុះ​សង្កេត​ផ្ទាល់​ដល់​កន្លែង​នៃ​ការ​ធ្វើ​កូដកម្ម ទាមទារ​ដំណោះស្រាយ​ការងារ របស់​បុគ្គលិក​ក្រុមហ៊ុន ណាហ្គាវើលដ៍​ផង​ដែរ។ មន្ត្រី​អង្គការ​ស៊ីវិល សង្កេត​ឃើញ​ថា បំពេញ​ទស្សនកិច្ច​ផ្លូវការ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ពេលនេះ កើត​ឡើង​ខណៈ​មាន​ការ​រិះគន់​ថា រដ្ឋាភិបាល​កំពុង​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​រង​ការ​ចោទ​ថា ក្បត់​ជាតិ បាន​ប្រាប់​ទៅ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ពី​សំណុំរឿង​ក្ដី​របស់​លោក ដែល​តុលាការ​បាន អូស​បន្លាយ អស់​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ។ លោក កឹម សុខា ឲ្យ​ដឹង​តាម​រយៈ​ហ្វេសប៊ុក​របស់​លោក​ថ្ងៃ​ទី១៧ ខែសីហា ថា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បាន​ទៅ​ជួប​លោក​នៅ​ផ្ទះ​របស់​លោក កាល​ពី​ថ្ងៃ​ទី១៦ ខែសីហា ដើម្បី​សំដែង​ការ​គួរ​សម និង​ចង់​ដឹង​ពី​ការវិវឌ្ឍ​សំណុំរឿង​របស់​លោក។ ទោះ​យ៉ាង​ណា​ក្ដី លោក កឹម សុខា មិន​បាន​បញ្ជាក់​ឲ្យ​ស៊ី​ជម្រៅ​ពី​ខ្លឹមសារ​ជំនួប​នោះ​ទេ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អតីត ប្រធាន​ខុទ្ទកាល័យ​លោក កឹម សុខា គឺ មុត ចន្ថា បាន​ទេ នៅ​ថ្ងៃ​ទី១៧ ខែសីហា។

ក្រៅពី​ជួប​មេ​បក្ស​ប្រឆាំង លោក វិទិត មុនតាប៊ន បាន​ដឹកនាំ​ក្រុម​ការងារ​ជួប​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី១៧ ខែសីហា។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ឲ្យ​វិទ្យុអាស៊ីសេរី​ដឹង​ថា ជំនួប​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល បាន​បំភ្លឺ​នូវ​ចម្ងល់​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ដែល​ចង់​ដឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​បន្ត​ថា ការ​បំពេញ​ទស្សនកិច្ច​របស់ លោក វិទិត មុនតាប៊ន ជា​ការ​បំពេញ​ការងារ​ធម្មតា​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រមូល​ព័ត៌មាន​សម្រាប់​ធ្វើ​របាយការណ៍​របស់​ខ្លួន​ប៉ុណ្ណោះ៖ «ជា​ធម្មតា ដែល​តំណាង​អ្នក​រាយការណ៍​ពិសេស​សិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ​តែងតែ​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​ប្រទេស ដែល​លោក ទទួល បន្ទុក ម្ដង ឬ​ពីរ​ដង ក្នុង​មួយ​ឆ្នាំ។ រដ្ឋាភិបាល ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ លើក​ឡើង​ពី​សមិទ្ធផល នៃ​ភាព​រីកចម្រើន នៃ​ការ​អនុវត្ត​រដ្ឋាភិបាល នៅ​ក្នុង​ការពារ​លើក​ស្ទួយ​សិទ្ធិមនុស្ស»

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី២៦ ខែសីហា ដើម្បី​ជួប​ភាគី​ពាក់ព័ន្ធ រួម​មាន រដ្ឋាភិបាល អង្គការសង្គម​ស៊ីវិល គណបក្ស​នយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស។

មន្ត្រី​ផ្នែក​ព័ត៌មាន​សាធារណៈ​នៃ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកនាង អាមែនដា ហ្វីហ្សឺរ (Amanda Fisher) ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា លោក​សាស្ត្រាចារ្យ វិទិត មុនតាប៊ន នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ចុង​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រមូល​ព័ត៌មាន ឬ​លោក​ជួប​ភាគី​ពាក់ព័ន្ធ​នានា អ្នក​រាយការណ៍​ពិសេស​រូប​នេះ មិន​និយាយ​អ្វី​ជា​សាធារណៈ​នោះ​ទេ។

មុន​ពេល​ជួប​លោក កឹម សុខា និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល លោក វិទិត មុនតាប៊ន ក៏​បាន​ជួប​ជជែក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​ការពារ​សិទ្ធិមនុស្ស ដើម្បី​ជជែក​ពី​បញ្ហា​សិទ្ធិមនុស្ស។

ក្រៅ​ពី​នេះ លោក វិទិត មុនតាប៊ន ក៏​ចុះ​ទៅ​សង្កេត​ផ្ទាល់ ការ​ធ្វើ​កូដកម្ម ទាមទារ​ដំណោះស្រាយ​ការងារ របស់​បុគ្គលិក​ក្រុមហ៊ុន ណាហ្គាវើលដ៍​ផង​ដែរ នៅ​ថ្ងៃ​ទី១៧ ខែសីហា។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេតឃើញ ការ​មក​បំពេញ​ទស្សនកិច្ច​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ពេលនេះ មិនមែន​ជា​រឿង​ចៃដន្យ​ទេ ប៉ុន្តែ ដំណើរ​ទស្សនកិច្ច​នេះ​ស្រប​ពេល ដែល​កម្ពុជា​មាន​ពិន្ទុ​មិន​សូវ​ល្អ​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស។ លោក​យល់​ថា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ គួរ​សើរើ ឬ​ពិនិត្យ​ឡើង​វិញ​ពី​បញ្ហា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សិទ្ធិ​ការងារ និង​សិទ្ធិ​នយោបាយ ដែល​កំពុង​រង​ផល​ប៉ះពាល់ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ទាន់​ដោះ​ស្រាយ​នៅ​ឡើយ៖ «មាន​បញ្ហា​ឈឺ​ក្បាល​ជា​ច្រើន ដែល​ត្រូវ​ពាក់ព័ន្ធ ទៅ​លើ​ការ​តាមដាន​រឿង​ធំៗ ចាស់ រឿង​ចាស់​មិន​ទាន់​ចប់​ផង ឥឡូវ​មាន​រឿង​ថ្មី​ទៀត ដែល​កើត​ឡើង ដែល​ត្រូវ​សិក្សា និង​ពិភាក្សា ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​នៅ​ក្នុង​ប្រទេស​កម្ពុជា»

លោក វិទិត មុនតាប៊ន តែង​រំលឹក ទៅ​រដ្ឋាភិបាល ហ៊ុន សែន ជា​ញយ​ដង ដោយ​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​បើក​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ។

ការ​បំពេញ​ទស្សនកិច្ច​ជាង ១០ថ្ងៃ នៃ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ពេល​នេះ ដើម្បី​ប្រមូល​ព័ត៌មាន និង​ស្វែងយល់​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក វិទិត មុនតាប៊ន នឹង​ឡើង​ថ្លែងការណ៍​ពី​អ្វី ដែល​លោក​រក​ឃើញ​នេះ ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នា​ក្នុង​ខែតុលា ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។