អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច

ដោយ ទីន ហ្សាការីយ៉ា
2024.09.12
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច លោក លី យ៉ុងផាត់ ជា​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា
រូប៖ ហ្វេសប៊ុកសមាគមឧកញ៉ាកម្ពុជា

សហរដ្ឋ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម បង្កក ទ្រព្យសម្បត្តិ​លើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ម្នាក់ ដែល​ស្និទ្ធ​លោក ហ៊ុន សែន គឺ​លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក​ចំនួន៥ របស់លោក។

ក្រសួង​រតនាគារ​ជាតិ​អាមេរិក លើក​ហេតុផល​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​ដោយសារ​តែ​លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក​ពាក់​ព័ន្ធនឹង​អំពើ​ជួញ​ដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ គ្រីបតូ (Cryptocurrency)

អ្នក​អត្ថាធិប្បាយ​នយោបាយ​លើកឡើង​ថា​ អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច។

លោក គឹម សុខ មានប្រសាសន៍ថា សហ​រដ្ឋ​អាមេរិក​សម្រេច​ចិត្ត​ដាក់​ទណ្ឌកម្ម​លោក ឧកញ៉ា លី យ៉ុងផាត់ នេះ​ គឺ​ដើម្បី​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ជាពិសេស ​លោក ហ៊ុន សែន ​ថា ការ​ដឹកនាំ​របស់​ត្រកូល​ ហ៊ុន ដែល​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​នេះ អាមេរិក ​និង​សហគមន៍​អន្តរជាតិ​ផង នឹង​មិន​លើក​លែង​ឱ្យ​នោះ​ទេ។ លោក​បន្ថែម​ថា សហរដ្ឋ​អាមេរិក ក៏​នឹង​សម្លឹង​មើល​ឧកញ៉ា​ផ្សេង​ទៀត ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​រក​ស៊ី​ទុច្ចរិត ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ដែរ។

សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១២ កញ្ញា បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ គឺ​លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក​ចំនួន៥ រួមមាន​ក្រុមហ៊ុន L.Y.P Group, រមណីយដ្ឋាន​អូស្មាច់ (O-Smach Resort), សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel), រមណីយដ្ឋាន​កោះកុង (Koh Kong Resort), និង សណ្ឋាគារ​ភ្នំពេញ។

មន្ត្រី​ក្រសួង​រតនាគារ​ជាតិ​អាមេរិក លើក​ហេតុផល​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​ដោយសារ​តែ​លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ (Online) និង​រូបិយប័ណ្ណ​គ្រីបតូ (Cryptocurrency)។ លោក លី យ៉ុងផាត់ គឺជា​មនុស្ស​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ដែល​ក្ដោបក្ដាប់​ជំនួញ​ធំៗ នៅ​កម្ពុជា។ ក្រុមហ៊ុន​របស់​លោក ក៏​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​រំលោភ​យក​ដី​ពី​ប្រជាពលរដ្ឋ នៅ​ខែត្រ​កោះកុង​ជា​ច្រើន​ទៀត​ដែរ។ ក្រៅពី​លោក​កាន់​កាប់​ជំនួញ​ ដែល​មាន​ត្រកូល​ ហ៊ុន​ ការពារ​នោះ​ លោក​ ក៏​ជា​មនុស្ស​ ដែល​លោក ហ៊ុន សែន ទុក​ចិត្ត​ឱ្យ​កាន់​តួនាទី​ជា​ប្រធាន​ហិរញ្ញវត្ថុ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​នេះ។

ក្រៅ​ពី​កាន់​កាប់​មុខ​ជំនួញ ​ដែល​មាន​ទ្រព្យសម្បត្តិ​មហាសាល​នេះ លោក លី យ៉ុងផាត់ គឺ​ជា​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា ដែល​ជា​ក្រុម​សមាជិក​សម្រាប់​លោក លី យ៉ុងផាត់ ប្រមូល​លុយ​ពី​ឧកញ៉ា​ទាំង​នេះ យក​ទៅ​ផ្គត់ផ្គង់​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​ត្រកូល ហ៊ុន។ ទំនង​ជា​លោក​បាន​ជួយ​ជ្រោមជ្រែង​គណបក្ស និង​រដ្ឋាភិបាល​ត្រកូល ហ៊ុន នេះហើយ ទើប​លោក​ទទួល​បាន​គោរមងារ​ខ្ពស់​បំផុត​ជា​លោក​អ្នកឧកញ៉ា ក្នុង​ពេល​លោក​មាន​រហស្សនាម​ថា ជា «ស្ដេច​កោះកុង» និង​មាន​ឈ្មោះ​ដើម ផាត់ ស៊ុផាផា (Phat Suphapha) មាន​សញ្ជាតិ​ខ្មែរ-ថៃ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក លី យ៉ុងផាត់ ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១២ កញ្ញា។ រីឯ​ប្រធាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ក៏​វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​សួរ​អំពី​រឿង​នេះ​បាន​នៅ​ឡើយ​ដែរ។

ប្រធាន​ចលនា ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មួរ សុខហួរ មាន​ប្រសាសន៍​ថា របប​ផ្ដាច់ការ​អាច​ដក​ដង្ហើម​សេដ្ឋកិច្ច​បាន ដោយសារ​ក្រុម​ឈ្មួញ​ទុច្ចរិត។ អ្នកស្រី​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​លោក លី យ៉ុង ផាត់ នេះ ក៏​ការ​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​របស់​ត្រកូល ហ៊ុន ដែរ។

មុន​ពេល​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​លោក លី យ៉ុងផាត់ នេះ អាមេរិក ក៏​ធ្លាប់​ចេញ​របាយការណ៍​ព្រមាន​ជា​មុន​ដែរ​ថា កម្ពុជា​ជា​ទីតាំង​ទីផ្សារ​ជួញដូរ​មនុស្ស និងការ​រកស៊ី​ឆបោក​តាម​អនឡាញ។

របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​នៅ​លើ​ពិភពលោក​ប្រចាំ​ឆ្នាំ២០២៤ របស់​ក្រសួង​ការ​បរទេស​អាមេរិក ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៤ ខែមិថុនា រក​ឃើញ​ថា អំពើ​ពុករលួយ និង​ការ​សមគំនិត​ពី​សំណាក់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស នៅតែ​រីក​រាលដាល​ខ្លាំង។ នេះ​ក៏​រាប់​បញ្ចូល​ទាំង​ការ​កេងប្រវ័ញ្ច​លើ​ជនរងគ្រោះ​រាប់​ម៉ឺន​នាក់​ក្នុង​ឧក្រិដ្ឋកម្ម​បង្ខាំង​មនុស្ស​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​ដែរ។

ក្រសួង​ការ​បរទេស​អាមេរិក កាល​ពី​ថ្ងៃ​ទី១២ កញ្ញា ក៏​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ការ​ដោះស្រាយ​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ គឺ​ជា​បញ្ហា​អាទិភាព​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាមេរិក ផ្អែក​លើ​ច្បាប់​ទណ្ឌកម្ម គ្លូបល មែគនីតស្គី (Global Magnitsky)។ សកម្មភាព​ថ្ងៃនេះ ឬ​ការ​ដាក់​ទណ្ឌកម្ម​លើ​លោក លី យ៉ុងផាត់ នេះ មាន​គោល​បំណង​លើក​កម្ពស់​គណនេយ្យ​សង្គម និង​បញ្ឈប់​នូវ​រាល់​សកម្មភាព​ជួញ​ដូរ​មនុស្ស និង​ការ​រំលោភ​បំពាន​ផ្សេងទៀត។

សហរដ្ឋអាមេរិក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​ការ​ដោះលែង ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍ និង​ការពារ​មនុស្ស​ទាំង​អស់ ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​ខ្លួន​ នៅ​ក្នុង​មជ្ឈមណ្ឌល ឬ​ទី​ឃុំឃាំង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឹណេត ហើយ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ទទួល​ខុស​ត្រូវ ចំពោះ​អំពើ​ដ៏​អាក្រក់​ទាំង​អស់​នេះ។

គិត​មក​ដល់​ពេល​នេះ​មន្ត្រី​យោធា​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ចំនួន​ ៥​នាក់ ហើយ​បាន​ជាប់​ក្នុង​បញ្ជីខ្មៅ​របស់​សហរដ្ឋអាមេរិក​។ អ្នក​ទាំង​រួមមាន​ មេកង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នាយ​ឧត្ដមសេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​ទឹក នាយ​ឧត្ដមនាវី ទៀ វិញ និង​អគ្គនាយក​នៃ​នាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ នាយ​ឧត្ដមសេនីយ៍ ចៅ ភិរុណ និង​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ល្បី​ឈ្មោះ​ឧកញ៉ា ទ្រី ភាព៕

សម្រាប់លោកអ្នកនាងកញ្ញា ដែលចង់អានព័ត៌មានទាក់ទងរឿងនេះជាភាសាអង់គ្លេស សូមចុចលើចំណងជើងពណ៌ខៀវនេះ៖ US sanctions powerful Cambodian casino tycoon

The sanctions targeted Ly Yong Phat for alleged abuses of trafficked workers at online scam centers.

The United States on Thursday imposed sanctions on Cambodian casino tycoon Ly Yong Phat and his LYP Group conglomerate for alleged abuses related to the treatment of trafficked workers in online scam centers. 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។