ក្រសួង​ការ​បរទេស​​​អាមេរិក​ថា​​​​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០២៣ នៅតែ​អាក្រក់​ដដែល

ដោយ មាន ឫទ្ធិ
2024.04.23

ក្រសួង​ការ​បរទេស​អាមេរិក​ថា ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០២៣ នៅ​តែ​អាក្រក់​ដូច​ឆ្នាំ​កន្លង​ទៅ ខណៈ​សហរដ្ឋអាមេរិក​អំពាវនាវ​​ឱ្យ​រដ្ឋាភិបាល​កម្ពុជា លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​យុត្តិធម៌​សម្រាប់​មនុស្ស​គ្រប់​រូប។ មន្ត្រី​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរ​តែ​ឆ្លើយ​តប​ជា​វិជ្ជមាន​តាម​រយៈ​ការ​ស្ដារ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ។

ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី២២ មេសា​ បាន​ចេញ​របាយការណ៍​ ឆ្នាំ ២០២៣ ស្ដី​​ពី​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា ដោយ​បាន​រក​ឃើញ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​សំខាន់ៗ រួម​មាន​ ការ​ធ្វើ​ទារុណកម្ម ឬ​អំពើ​ឃោរឃៅ អមនុស្សធម៌ ការ​ព្យាបាទ ឬ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ពេល​កន្លង​មក​នេះ។

របាយ​ការណ៍​អះអាង​ថា មាន​ករណី​ដក​ហូត​ជីវិត​មនុស្ស​តាម​ទំនើង​ចិត្ត និង​ការ​សម្លាប់​ដោយសារ​ហេតុផល​នយោបាយ​ ឬ​ដោយ​ ខុស​ច្បាប់​ ឬ​ដោយ​ចេតនា​នយោបាយ​ និង​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​​​ជា​ដើម។ ជាក់​ស្ដែង​រដ្ឋាភិបាល​នៅ​តែ​មិន​ទាន់​បង្ហាញ​ពី​លទ្ធផល​ស៊ើបអង្កេត​ទៅ​លើ​សកម្មជន​​នយោបាយ​ថៃ លោក វ៉ាន់ ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចាប់​ពង្រាត់ ចាប់​តាំង​ពី​ឆ្នាំ២០២០ មក។

របាយការណ៍​ដដែល​ថា ការ​ធ្វើ​ទារុណកម្ម​ ការ​ប្រព្រឹត្ត​ឃោរឃៅ អមនុស្សធម៌ ឬ​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ និង​ការ​ធ្វើ​បាប ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត ត្រូវ​បាន​រក​ឃើញ​ក្នុង​ឆ្នាំ​មុន។ ជាក់​ស្ដែង​មាន​ករណី​ចំនួន​បួន​ត្រូវ​បាន​កត់​ត្រា​អំពី​ការ​ធ្វើ​ទារុណកម្ម​ចាប់​ពី​ខែ​មករា​ដល់​ខែមិថុនា ដែល​ពាក់ព័ន្ធ​នឹង​សមាជិក​នៃ​ក្រុម​នយោបាយ​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិ​មនុស្ស។ បន្ថែម​ពី​នេះ​ សមាជិក​នៃ​អ្នក​ទោស​ក្នុង​ពន្ធនាគារ ជា​ពិសេស សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្យ ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​នៅ​ក្នុង​ពន្ធនាគារ។

របាយ​ការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា លក្ខខណ្ឌ​រស់​នៅ​របស់​អ្នក​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ នៅ​តែ​អាក្រក់​ដដែល ដោយ​សារ​តែ​ដោយសារ​ភាព​ចង្អៀត​ណែន ការ​រំលោភ​បំពាន​លើ​រាង​កាយ កង្វះ​អនាម័យ អាហារ​មិន​គ្រប់គ្រាន់ កង្វះ​ទឹក​ស្អាត និង​អំពើ​ពុក​រលួយ​ដែល​កំពុង​កើតឡើង​ ហើយ​គិត​ត្រឹម​ខែកក្កដា ឆ្នាំ២០២៣ មាន​អ្នក​ទោស​ច្រើន​ជាង ៤ម៉ឺន (៤៥.000) នាក់​រស់​នៅ​ក្នុង​ពន្ធនាគារ ២៨កន្លែង ដែល​អាច​មាន​សមត្ថភាព​ផ្ទុក​អ្នក​ទោស​ត្រឹម​តែ​ជាង ១ម៉ឺន (១១.០០០) នាក់​ប៉ុណ្ណោះ ។

ចំណែក​ករណី​ចាប់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​កត់ត្រា​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ថា មាន​ករណី​ចាប់​ខ្លួន​តាម​ទំនើង​ចិត្ត​ចំនួន ៤០ លើ​សកម្មជន​នយោបាយ​ចំនួន ២៨នាក់ មនុស្ស​ចំនួន ១១ ដែល​ត្រូវ​បាន​ដក​ហូត​ដី​ធ្លី និង​សមាជិក​សហជីព​ម្នាក់។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ទៀត បាន​កត់ត្រា​ការ​ចាប់​ខ្លួន​ខុស​ច្បាប់​ចំនួន ២នាក់ និង​ការ​ឃុំ​ខ្លួន​ខុស​ច្បាប់ ៥នាក់។ អង្គការ​សិទ្ធិ​មនុស្ស​បាន​ប៉ាន់​ប្រមាណ​ថា ចំនួន​ពិត​ប្រាកដ​នៃ​ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​គឺ​មាន​ច្រើន​ជាង​នេះ ប៉ុន្តែ​ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច​នៃ​ការ​សងសឹក​ទៅ​លើ​ជនរងគ្រោះ និង​ក្រុម​គ្រួសារ​របស់​ពួកគេ ទើប​មិន​ការ​រាយការណ៍​ករណី​បន្ថែម​ទៀត។

របាយការណ៍​ដដែល​ថា ពលរដ្ឋ​មិន​អាច​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ក្ដី​ជា​សាធារណៈ​ដោយ​យុត្តិធម៌​នោះ​ទេ គឺ​ដោយ​សារ​តែ​រដ្ឋាភិបាល​ជាទូទៅ​មិន​បាន​គោរព​ឯករាជភាព​របស់​តុលាការ និង​មាន​ភាព​លម្អៀង។ ការ​សម្រេច​ចិត្ត​របស់​តុលាការ ជា​រឿយៗ ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ។ ចាប់​ពី​មន្ត្រី​តុលាការ​រហូត​ដល់​ប្រធាន​តុលាការ​កំពូល គឺ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច។ អ្នក​សង្កេត​ការណ៍​វាយ​តម្លៃ​ថា មាន​តែ​បុគ្គល​ដែល​មាន​ទំនាក់ទំនង​ខ្លាំង​ជា​មួយ​គណបក្ស​ប្រជាជន ឬ​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់ ដែល​បាន​ទទួល​ការ​តែង​តាំង​ជា​មន្ត្រី​តុលាការ។ អំពើ​ពុក​រលួយ​ក្នុង​ចំណោម​ចៅក្រម ព្រះរាជ​អាជ្ញា និង​មន្ត្រី​តុលាការ​បាន​រីក​រាល​ដាល។ ស្ថាប័ន​តុលាការ​គ្មាន​ប្រសិទ្ធ​ភាព និង​មិន​អាច​ធានា​បាន​នូវ​ដំណើរ​ការ​ត្រឹមត្រូវ ឬ​ការ​កាត់​ក្ដី​ដោយ​យុត្តិធម៌។ ករណី​ខ្លះ​ត្រូវ​បាន​កំណត់​ លទ្ធផល​ជា​មុន ជា​ពិសេស​ករណី​ដែល​ពាក់ព័ន្ធ​នឹង​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ដោយ​រដ្ឋាភិបាល​កាល​ឆ្នាំ ២០១៧។

ចំណែក​ការ​សងសឹក​ដោយ​ហេតុ​ផល​នយោបាយ​ប្រឆាំង និង​អ្នក​នៅ​ក្រៅ​ប្រទេស ក៏​កើត​មាន​ជា​ហូរហែ​ផង​ដែរ ក្រោម​ការ​ដឹក​នាំ​របស់​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន និង​កូន​ប្រុស​ច្បង​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ឆ្នាំ២០២៣ កន្លង​ទៅ​នេះ។ ករណី​ទាំង​នេះ រួម​មាន ការ​សម្លាប់ ការ​ចាប់​ពង្រត់ ការ​បង្ខំ​ឱ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ឬ​អំពើ​ហិង្សា​ ឬ​ការ​គំរាម​កំហែង ទៅ​លើ​សកម្មជន​នយោបាយ និង​អ្នក​មិន​គាំទ្រ​រដ្ឋាភិបាល ដែល​រស់​នៅ​ក្រៅ​ប្រទេស ជា​ពិសេស ប្រទេស​ថៃ​ជា​ដើម។

ក្រៅ​ពី​នេះ រដ្ឋាភិបាល​កម្ពុជា ក៏​បាន​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ តាម​រយៈ​ការ​ប្រើ​ប្រាស់​ក្រមព្រហ្មទណ្ឌ ដើម្បី​បង្ក្រាប​អ្នក​រិះគន់ ជា​ពិសេស បទ​ញុះញង់ បទ​ប្រមាថ​ព្រះមហាក្សត្រ និង​បទ​បរិហារកេរ្តិ៍​ជា​ដើម។ រដ្ឋាភិបាល​ក៏​បាន​ប្រើ​អំពើ​ហិង្សា និង​យាយី​ដល់​អ្នក​សារព័ត៌មាន​ផង​ដែរ​ និង​រួម​ទាំង​ការ​ដក​អាជ្ញាប័ណ្ណ​លើ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ជា​ដើម។

ចំណែក​សេរីភាព​ក្នុង​ការ​ចូល​រួម​ក្នុង​ដំណើរ​ការ​នយោបាយ គឺ​មាន​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង។ រដ្ឋាភិបាល​កម្ពុជា​បាន​ហាមឃាត់​គណបក្ស​ភ្លើង​ទៀន​ដែល​មាន​ពលរដ្ឋ​គាំទ្រ​រាប់​លាន​នាក់​មិន​ឱ្យ​ប្រជែង​ជា​មួយ​គណបក្ស​កាន់​អំណាច និង​យ៉ាង​ហោច​ណាស់​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​៣៨ នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​អ្នក​បោះ​ឆ្នោត​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជា​ដើម។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ឆ្លើយ​តប​បញ្ហា​នេះ ពី​អ្នក​នាំ​ពាក្យ ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សន្ទរី បាន​ទេ នៅ​ថ្ងៃ​ទី២៣ ខែមេសា។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​ នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចេញ​របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​នេះ​គឺ ដូច​ជា​ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​កន្លង​មក ហើយ​រដ្ឋាភិបាល​គួរ​ឆ្លើយ​តប​ជា​វិជ្ជមាន តាម​រយៈ​ការ​ស្ដារ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ។

លោក អំ សំអាត «ការ​ដែល​ច្រាន​ចោល​នៃ​របាយការណ៍ ឬ​អនុសាសន៍​របស់​គេ​មួយ​ចំនួន​ហ្នឹង វា​មិន​មែន​ជា​ការ​ល្អ​ទេ គិត​ថា កម្ពុជា​យើង​គួរ​ពិនិត្យ​នៅ​ចំណុច​ខ្វះខាត​ខ្វះ​ចន្លោះ ដែល​យើង​មិន​ទាន់​បាន​បំពេញ ហើយ​យើង​ធ្វើ​ការ​កែ​លំអ​លើ​បញ្ហា​សិទ្ធិ​មនុស្ស ដើម្បី​លើក​កម្ពស់​ទៅ​លើ​សិទ្ធិ​មនុស្ស​ទៅ​វា​ល្អ​ជា​ជាង​ការ​ការ​ច្រាន​ចោល និង​ការ​បដិសេធ​ចោល ហើយ​ក៏​ផល​ចំណេញ​របស់​កម្ពុជា​ផង​ដែរ»

ក្រសួង​ការ​បរទេស​អាមេរិក ក៏​បាន​រក​ឃើញ​ដែរ​ថា អំពើ​ពុករលួយ និង​កង្វះ​តម្លាភាព​ក្នុង​រដ្ឋាភិបាល​ កង្វះ​ការ​សហការ​របស់​អាជ្ញាធរ​រដ្ឋ​ជា​មួយ​អង្គការ​ជាតិ និង​អន្តរជាតិ​ជា​ដើម ហើយ​នៅ​ក្នុង​ករណី​មួយ​ចំនួន​មាន​ការ​បំភិត​បំភ័យ ដោយ​មន្ត្រី​រដ្ឋាភិបាល​ទៅ​លើ​អ្នក​ស៊ើបអង្កេត​សិទ្ធិមនុស្ស។ ចំណែក​ការ​រើស​អើង​ និង​ការ​រំលោភ​បំពាន​សង្គម​វិញ ដូច​ជា ការ​រំលោភ​សេពសន្ថវៈ អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​បំពាន​សិទ្ធិ​លើ​ជន​ជាតិ​ដើម​ភាគ​តិច ការ​ជួញដូរ​មនុស្ស ការ​រំលោភ​បំពាន​សិទ្ធិ​កុមារ និង​មិន​ការពារ​សហជីព​ជា​ដើម នៅ​តែ​កើត​មាន ក្នុង​ឆ្នាំ២០២៣៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។