សហរដ្ឋអាមេរិក​ផ្ដល់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ​ដល់​កញ្ញា ឈឹម ស៊ីថរ

ដោយ ម៉ៅ សុធានី
2023.02.01
Share on WhatsApp
Share on WhatsApp
សហរដ្ឋអាមេរិក​ផ្ដល់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ​ដល់​កញ្ញា ឈឹម ស៊ីថរ កញ្ញា ឈឹម ស៊ីថរ ប្រធាន​​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Nagaworld) ហៅ​កាត់​ថា អិល.អា.អេស.យូ (L.R.S.U) ពេលនៅមានសេរីភាព កាល​ពី​ថ្ងៃ​ទី១៧ ខែមិថុនា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក បាន​ផ្ដល់​ពាន​រង្វាន់​ការពារ​សិទ្ធិមនុស្ស ឆ្នាំ២០២២ ដល់​មេដឹកនាំ​សហជីព​ណាហ្គាវើលដ៍ អិល.អរ.អេស.យូ (LRSU) កញ្ញា ឈឹម ស៊ីថរ។ សមាជិក​សហជីព​ណាហ្គាវើលដ៍ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យល់​ឃើញ​ថា ពាន​រង្វាន់​នេះ គឺជា​សក្ខីកម្ម និង​ជា​ការ​លើក​ទឹក​ចិត្ត​បន្ថែម ដល់​ការ​តស៊ូ​មតិ​របស់​ក្រុម​សហជីព ដើម្បី​លើក​កម្ពស់​សិទ្ធិមនុស្ស​ជា​សកល។

បើ​ទោះបីជា​រដ្ឋាភិបាល​កម្ពុជា គំរាម​កំហែង​ទៅ​លើ​សមាជិក​សហជីព​ណាហ្គាវើលដ៏​ក្ដី ក៏​ប៉ុន្តែ​បណ្ដា​ប្រទេស​នាំ​មុខ​លទ្ធិប្រជាធិបតេយ្យ និង​ស្ថាប័ន​អន្តរជាតិ​នៅ​តែ​ផ្ដល់ តម្លៃ​ដល់​ការ​តស៊ូ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ការងារ របស់​ក្រុម​កូដករ​ណាហ្គាវើលដ៏ (Naga World)ក្រសួង​ការ​បរទេស​អាមេរិក កាល​ពីថ្ងៃទី១ ខែកុម្ភៈ បាន​ប្រកាស​ផ្ដល់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស ឆ្នាំ២០២២ ដល់​កញ្ញា ឈឹម ស៊ីថរ ក្នុង​ចំណោម​អ្នក​ការពារ​សិទ្ធិមនុស្ស​៩​នាក់​ផ្សេង​ទៀត មក​ពី​ប្រទេស​ផ្សេងៗ​សរុប​១០ប្រទេស។ ក្រសួង​ការបរទេស​អាមេរិក​បញ្ជាក់​ថា ម្ចាស់​ពាន​រង្វាន់​ឆ្នាំ​នេះ បាន​បង្ហាញ​ពី​ភាព​ជា​អ្នក​ដឹកនាំ និង​មាន​ក្ដី​ក្លាហាន​ក្នុង​ការ​ជំរុញ កិច្ច​ការពារ​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន។ អ្នក​ទាំង​នោះ​ក៏​ចូលរួម​បង្ហាញ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន និង​បាន​រួម​គ្នា​បង្កើត​សកម្មភាព​ការពារ​បរិស្ថាន កែប្រែ​អភិបាលកិច្ច​ឲ្យ​បាន​ល្អ និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​បំបាត់​អំពើ​និទ្ទណ្ឌភាព។

ជុំវិញ​រឿង​នេះ សមាជិក​សហជីព LRSU ម្នាក់ គឺ​កញ្ញា ច័ន្ទ ស្រីរ័ត្ន ប្រាប់​វិទ្យុអាស៊ីសេរី​ថា កញ្ញា​រីក​រាយ​ចំពោះ​ការ​ផ្ដល់​ពាន​រង្វាន់ អ្នក​ការពារ​សិទ្ធិមនុស្ស​ដល់​កញ្ញា ឈឹម ស៊ីថរ។ កញ្ញា​បន្ថែម​ថា ពាន​រង្វាន់​ពី​រដ្ឋាភិបាល​អាមេរិក​នេះ មិន​ត្រឹម​តែ​ជា​ការ​ផ្ដល់​កិត្តិយស​ដល់ កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ជាប់​ឃុំ​ដោយ​អយុត្តិធម៌​នោះ​ទេ ក៏​ប៉ុន្តែ​វា​ក៏​ជា​សារ​ដាស់​តឿន​ឱ្យ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​ការងារ ឆាប់​ផ្ដល់​ដំណោះ​ស្រាយ​ការងារ​ដល់​ក្រុម​កូដករ​ណាហ្គាវើលដ៏​ផង​ដែរ។ កញ្ញា ច័ន្ទ ស្រីរ័ត្ន ក៏​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លាប​ពណ៌ និង​គំរាម​កំហែង​មក​លើ​ក្រុម​កូដករ ណាហ្គាវើលដ៏ ព្រោះ​ក្រុម​កូដករ​មិន​បាន​ពាក់ព័ន្ធ​ជា​មួយ​គណបក្ស​នយោបាយ​ណា​មួយ ដូច​ជា​ការ​ចោទ​ប្រកាន់​ពី​ក្រុម​អាជ្ញាធរ​នោះ​ឡើយ។

កញ្ញា ច័ន្ទ ស្រីរ័ត្ន៖ «ខ្ញុំ​សង្ឃឹម​ថា ពាន​រង្វាន់​នេះ​នឹង​ដាស់​សតិ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ឱ្យ​គាត់​ដោះស្រាយ​វិវាទ​ការងារ​នៅ​ណាហ្គាវើលដ៏​នេះ ព្រោះ​អូស​បន្លាយ​ពេល​មួយ​ឆ្នាំ​ជាង​ហើយ ហើយ​គាត់​អត់​ត្រូវ​ធ្វើ​អត់​ដឹង​អត់​ឭ​អ៊ីចឹង​ទេ ព្រោះ​អី​វិវាទ​របស់​កម្មករ​គាត់ បែរ​ជា​ធ្វើ​មិន​ដឹង​មិន​ឭ ហើយ​បែរ​ជា​ឱ្យ​ថៅកែ​ណាហ្គាវើលដ៏​ហ្នឹង រំលោភ​ច្បាប់​ប្រទេស​ខ្លួន​ឯង​បាន​សព្វ​គ្រប់​បែប​យ៉ាង»

ការ​ផ្ដល់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​អបអរ​ខួប​លើក​ទី៧៥ នៃ​ទិវា​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​ខួប​លើក​ទី២៥ នៃ​ទិវា​សេចក្ដី​ប្រកាស​អំពី​សិទ្ធិ​អ្នក​ការពារ​សិទ្ធិមនុស្ស របស់​អង្គការ​សហប្រជាជាតិ។ ក្រៅពី កញ្ញា ឈឹម ស៊ីថរ ថ្នាក់​ដឹកនាំ​ដែល​ជា​សកម្មជន​លើក​កម្ពស់​សិទ្ធិមនុស្ស​មក​ពី​ប្រទេស​៩ផ្សេង​ទៀត ដូចជា ប្រទេស បង់ក្លាដេស (Bangladesh) ប្រេស៊ីល (Brazil) អ៊ីរ៉ាក់ (Iraq) អ៊ីរ៉ង់ (Iran) ជាដើម ក៏​ទទួល​បាន​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​នេះ​ផង​ដែរ។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក ផ្ដល់​ពាន​រង្វាន់​នេះ​ទៅ​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស ដោយ​ផ្អែក​ទៅ​លើ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​ពួកគេ ក្នុង​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស សិទ្ធិ​ការងារ លទ្ធិ​ប្រជាធិបតេយ្យ និង​កិច្ច​ការពារ​បរិស្ថាន​ជាដើម។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​កញ្ញា ឈឹម ស៊ីថរ ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ពាក់ព័ន្ធ​នឹង​អំពើ​កូដកម្ម​អហិង្សា​របស់​ក្រុម​កូដករ​ណាហ្គាវើលដ៍។ អាជ្ញាធរ​បាន​ចាប់​មេ​សហជីព​រូប​នេះ​ដាក់​ពន្ធនាគារ​លើក​ទី​មួយ កាល​ពី​ខែមករា ហើយ​ក៏​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ខែមីនា មុន​នឹង​ចាប់​ខ្លួន​កញ្ញា​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃទី២៦ វិច្ឆិកា ២០២២។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) និង​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) វាយ​តម្លៃ​ថា ក្រៅ​ពី​ករណី​រំលោភ​សិទ្ធិ​ការងារ​ហើយ​នោះ ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​គំរូ​នៃ​ការ​រើសអើង និង​ការ​សង​សឹក​ដែល​មាន​ចរិត​នយោបាយ​ប្រឆាំង​នឹង​មេ​ដឹក​នាំ​សហជីព​ទាំង​ឡាយ ដែល​ព្យាយាម​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​ទទួល​ខុស​ត្រូវ ចំពោះ​ភាព​បរាជ័យ​នៃ​ការ​គោរព​សិទ្ធិ​កម្មករ​ផង​ដែរ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់​ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅថ្ងៃទី២ ខែកុម្ភៈ ដោយសារ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​មិន​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​សហព័ន្ធ​សហជីព​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ដល់​កញ្ញា ឈឹម ស៊ីថរ នេះ គឺជា​ការ​ទទួល​ស្គាល់​ពី​ភាព​ក្លាហាន ហ៊ាន​ប្រឈម​នឹង​ហានិភ័យ របស់​ក្រុម​កូដករ​ណាហ្គាវើលដ៏ ក្នុង​ការ​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​ការងារ។ អ្នក​ស្រី​បន្ថែម​ថា ការ​ទាមទារ​របស់​ក្រុម​កូដករ​កន្លង​មក គឺ​មាន​គោល​បំណង​ទាមទារ​ឱ្យ​ថៅកែ​ណាហ្គាវើលដ៏ គោរព​សិទ្ធិ​ការងារ​តែ​ប៉ុណ្ណោះ ដូច្នេះ​រដ្ឋាភិបាល និង​ក្រសួង​ការងារ ត្រូវ​មាន​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថៅកែ​កាស៊ីណូ​ណាហ្គាវើលដ៏ ហើយ​បញ្ឈប់​ការ​គំរាម​កំហែង​មក​លើ​ក្រុម​កូដករ។

អ្នកស្រី អ៊ូ ទេពផល្លីន៖ «ពាន​នេះ ជា​ការ​គាំទ្រ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ទៅ​ដល់​សកម្មជន ដ៏ទៃ​ទៀត​ថា យើង​បាន​ធ្វើ​រឿង​ត្រឹម​ត្រូវ ហើយ​យើង​បាន​បន្សល់​នូវ​ការ​ចងចាំ​មួយ​ដ៏​ល្អ សម្រាប់​ពិភពលោក​យើង​ទាំង​អស់​គ្នា ក្នុង​នាម​យើង​កើត​មក​ជា​មនុស្ស ហើយ​យើង​ធ្វើ​បាន​ក្នុង​នាម​យើង​ជា​សកម្មជន​ហ្នឹង​ហើយ មិន​ចាំ​បាច់​ទាល់​តែ​មាន​លុយ មាន​ទ្រព្យ ទើប​យើង​អាច​ធ្វើ​ល្អ​បាន​ទេ។ រឿង​ហ្នឹង​ក៏​យើង​អាច​ធ្វើ​ល្អ​បាន ពិភពលោក​ក៏​គោរព​យើង​បាន​ដែរ»

ក្រៅ​ពី​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក ក៏​ធ្លាប់​បាន​ផ្ដល់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ឆ្នើម ដល់​កញ្ញា ឈឹម ស៊ីថរ ផង​ដែរ កាល​ពី​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី១០ ធ្នូ ២០២២ កន្លង​ទៅ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ តែង​តែ​ទទូច​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង កញ្ញា ឈឹម ស៊ីថរ ហើយ​ត្រូវ​ចាត់​វិធានការណ៍​ច្បាប់​ទៅ​លើ​ថៅកែ ណាហ្គាវើលដ៏ ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​ការងារ ក៏​ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ ក្រុម​កូដករ​ណាហ្គាវើលដ៏​នៅ​តែ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ណា​មួយ​ពី​រដ្ឋាភិបាល​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។