USAID លើកកង្វល់រឿងសិទ្ធិមនុស្សជាមួយនាយករដ្ឋមន្ត្រីកម្ពុជា
2024.10.24
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID) លើកឡើងអំពីកង្វល់មួយចំនួនពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត ស្របពេលនៃការប្រកាសផ្ដល់មូលនិធិលើសពី ៥០លានដុល្លារដល់កម្ពុជា។
នាយិកានៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិសកល (USAID) អ្នកស្រី សាមែនថា ផៅវ័រ (Samantha Power) មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ តុលា ថា ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃដដែលនោះ អ្នកស្រីបានលើកឡើងអំពីកង្វល់មួយចំនួន ដូចជា ការគំរាមកំហែងលើសិទ្ធិជាមូលដ្ឋាន និងការចាប់ខ្លួនដោយមិនត្រឹមត្រូវជាដើម ក្នុងនោះសហរដ្ឋអាមេរិកតាមដានយ៉ាងដិតដល់ចំពោះករណីចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា។ អ្នកស្រីក៏បានលើកឡើងអំពីករណីរសើបៗជាច្រើនទៀតទៅកាន់លោក ហ៊ុន ម៉ាណែត ប៉ុន្តែអ្នកស្រីមិននិយាយលម្អិតអំពីចំណុចទាំងនោះទេ ដោយអ្នកស្រីគ្រាន់តែបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រចំពោះដំណោះស្រាយជាវិជ្ជមានចំពោះករណីទាំងនោះ។
អ្នកស្រី សាមែនថា ផៅវ័រ ឱ្យដឹងទៀតថា លោក ហ៊ុន ម៉ាណែត បានបង្ហាញអំពីមហិច្ឆតាទាក់ទាញអ្នកវិនិយោគបរទេសឱ្យបានកាន់តែមកកាន់កម្ពុជា។ អ្នកស្រីបានគូសបញ្ជាក់ថា វិនិយោគិនអាមេរិក និងក្រុមហ៊ុនបរទេស ពិតជាមើលឃើញពីឱកាសមែន ប៉ុន្តែដើម្បីមកវិនិយោគនៅកម្ពុជាបាន ពួកគេចង់ឃើញរដ្ឋាភិបាលកម្ពុជាធ្វើឱ្យប្រសើរឡើងប្រកបដោយផ្លែផ្កានៃបរិយាកាសវិនិយោគ ទប់ស្កាត់អំពើពុករលួយ គោរពសិទ្ធិការងារ ព្រមទាំងដោះស្រាយបញ្ហាប្រតិបត្តិការឆបោកតាមអនឡាញ ដែលកំពុងប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសាកសួរអំពីរឿងនេះបានទេ កាលពីថ្ងៃទី២៣ តុលា។
អ្នកស្រី Samantha Power មកបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា គឺនៅថ្ងៃទី២២ និង ២៣ តុលា។ អ្នកស្រីជានាយិកាគ្រប់គ្រង USAID សាកល ដំបូងគេ ដែលមកកាន់ប្រទេសកម្ពុជា ខណៈពីមុនមក អ្នកស្រីធ្លាប់មកកម្ពុជា ៣លើករួចមកហើយ ប៉ុន្តែមិនមែនមកផ្លូវការក្នុងតួនាទីមួយនេះទេ។ ក្នុងដំណើរទស្សនកិច្ចនេះ អ្នកស្រីបានជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហជីព និងសិស្សានុសិស្ស។
ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយដល់កម្ពុជាជាង ៣ពាន់លានដុល្លារ ដើម្បីវឌ្ឍនភាពរបស់កម្ពុជា ក្នុងនោះជំនួយមួយផ្នែកផ្ដោតលើការពង្រឹងវិស័យអប់រំ និងសុខាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។